សៀមរាបៈ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ (SAI) ដែលមាន​តម្លៃ​ប្រមាណ​​ ១ ១០០​ លាន​ដុល្លារ​អាមេរិក ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ ហើយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា នេះ​ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​មួយ ដែល​កើតចេញពី​សុខ​សន្តិ​ភាព និង​ចំណងមិត្តភាព​ដែក​​ថែប​កម្ពុជា​-​ចិន​។​​


អាកាសយានដ្ឋាន​អន្តរជាតិ​​សៀមរាប​អង្គរ មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិសាស្ត្រ ឃុំ​តា​យ៉​ក ស្រុក​សូទ្រនិគម និង​ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង​ដែលមាន​ចម្ងាយ​ប្រមាណ​ជាង ៤០ ​គីឡូម៉ែត្រ​ពី​រមណីយដ្ឋាន​អង្គរ និង​ប្រមាណ​ជាង ៥០ ​គីឡូម៉ែត្រ​ពី​ទីប្រជុំជន​ក្រុង​សៀមរាប​។​​

លោក​ ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​នា​ព្រឹក​ថ្ងៃទី ​១៦ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​ ថា អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​​អង្គរ​នេះ ផ្តើមចេញ​សុទ្ធសាធ​ពី​គោលនយោបាយ​នៃ​ចំណង​មិត្ត​ភាព​ដែកថែប និង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ត្បូង​ពេជ្រ កម្ពុជា​-​ចិន ក្រោម​ក្របខ័ណ្ឌ​នៃ​គំនិត​ផ្ដួចផ្ដើម ខ្សែក្រវាត់ និង​ផ្លូវ (BRI) និង​គំនិត​ផ្ដួចផ្ដើម​ពី​ប្រមុខ​ដឹកនាំ​រដ្ឋា​​ភិ​បាល​នៃ​ប្រទេស​ទាំង ​២​។​


​លោក​បន្តថា នៅ​ឆ្នាំ​ ២០១៩ ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប​បានទទួល​អ្ន​ក​ដំណើរ​តាមផ្លូវ​អាកាស ចំនួន ៣,៩ ​លាន​នាក់ និង​ទទួល​ជើងហោះហើរ​ជិត ៤០​ពាន់​ជើង (​ទ្វេ​ទិស​) ដែល​ក្នុង​ ១ ​ថ្ងៃ​មាន​ជើងហោះហើរ​ប្រមាណ​ជាង​ ១០០ ​ជើង​។ 

​លោក​បាន​ថ្លែងថា​៖ «​ទោះបី​នាពេល​បច្ចុប្បន្ននេះ​មាន​ជើងហោះហើរ​ប្រចាំថ្ងៃ​ត្រឹមតែ ៣៤ ​ជើង ឬ​ស្មើ ៣២% នៃ​ឆ្នាំ​ ២០១៩ តែ​យើង​សង្ឃឹមថា ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​សន្លាង​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ នឹងមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ក៏ដូចជា​ទាក់ទាញ​ជើងយន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជាពិសេស​ជើង​ហោះ​​ហើរ​ពី​ប្រទេស​ចិន ដែល​អាចធ្វើឱ្យ​វិស័យ​អាកាសចរណ៍​នៅ​ប្រទេស​កម្ពុជា​ត្រឡប់​មករក​ប្រក្រតីភាព​វិញ​នាពេល​ឆាប់ៗ​នេះ​»​។​


​បើតាម​ការលើកឡើងរ​ប​ស់លោក ម៉ៅ ហាវ​ណ្ណា​ល់ ក្នុង​រយៈពេល ១០ ​ខែ (​មករា​-​តុលា​) ឆ្នាំ​ ២០២៣ នេះ ការ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​នៅ​កម្ពុជា​ទទួល​អ្នកដំណើរ​តាមផ្លូវ​អាកាស​ចំនួន​ជាង​ ៤ ​លាន​នាក់ ដែលមាន​ការកើនឡើង​ចំនួន​ ១៤៤% ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២​។  រីឯ​ជើង​​ហោះហើរ​មាន​ចំនួន​ជាង​ ៤១ ​ពាន់​ជើង កើនឡើង​ចំនួន ៩៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២ កន្លងទៅ​។

​លោក​បាន​ថ្លែងថា៖ «​ជារួម យើង​អាច​សន្មត​បាន​ថា វិស័យ​ឧស្សាហកម្ម​តាមផ្លូវ​អាកាស​នៅ​កម្ពុជា​បាន​ស្ដារឡើងវិញ​ជាង ៥៥% បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​ ២០១៩ មុន​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩​។ មួយវិញទៀត កម្ពុជា​បាននិងកំពុង​សាងសង់​អាកាស​​យានដ្ឋាន​អន្តរជាតិ​ចំនួន​ ២​ ទៀតផង​ដែរ គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​តារា​សាគរ និង​លើក​កម្រិតស្តង់ដា​អាកាស​យានដ្ឋាន​អន្តរជាតិ​ចំនួន ​១ គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​»​។​

​លោក ម៉ៅ ហាវ​ណ្ណា​ល់​បាន​បន្តថា​៖ «​ជាមួយគ្នានេះ យើង​ក៏មាន​គម្រោង​អភិវឌ្ឍន៍​អាកាស​យានដ្ឋាន​មណ្ឌលគិរី​ថ្មី និង​អាកាសយានដ្ឋាន​កោះ​រ៉ុ​ង ក៏​ស្ថិតនៅក្នុង​របៀបវារៈ​ផែនការអភិវឌ្ឍន៍​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​»​។​

​នៅក្នុង​ពិធី​ប្រកា​សម្ពោធ​អា​កាស​យានដ្ឋាន​អន្តរជាតិ​សៀម​រាប​អង្គរ លោក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា នេះ​ជាស​មិទ្ធ​ផល​ប្រវត្តិសាស្ត្រ​មួយ​ដែលជា​ព្រលានយន្តហោះ​មាន​លក្ខណៈ​ទំនើប​ដែល​អាច​ទទួល​ជើងយន្តហោះ​ច្រើន ហើយ​វា​ក៏​មិនមែនជា​សមិទ្ធផល​សម្រាប់​ប​ច្ចុ​ប្បន្ន​កាល​ទេ តែ​វា​ក៏​ជាការ​ត្រៀមលក្ខណៈ​សម្រាប់​អ​នា​​គ​ត​ផងដែរ​។ លោក​ក៏បាន​ពន្យល់​ដែរ អាកាសយានដ្ឋាន​អន្តរជាតិ​​សៀមរាប​អង្គរ ត្រូវបាន​សាង​​សង់​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​សង្គ្រាម​ចុងក្រោយ ដែល​ត្រូវ​បានបញ្ចប់​ដោយ​នយោបាយ​ឈ្នះ ឈ្នះ របស់លោក ហ៊ុន​ សែន អតីត​នាយករដ្ឋមន្ត្រី និង​ឈរលើ​ចក្ខុវិស័យ​វែងឆ្ងាយ​ចំនួន​​ ២ របស់លោក​ហ៊ុន សែន​ផង​ដែរនោះ​គឺ​ការអភិរក្ស និង​ការអភិវឌ្ឍ​។​

ទិដ្ឋភាព​អាកាសយានដ្ឋាន​អន្តរជាតិសៀមរាប​អង្គរ​ ដែល​ទើប​ត្រូវបានបើកសម្ពោធ។ រូបថត STPM

លោក​ក៏បាន​បញ្ជាក់ដែរថា​៖ «​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​នេះ គឺជា​ផ្លែផ្កា​ដែល​កើតចេញពី​សុខសន្តិភាព និង​ជា​សមិទ្ធផល​លេចធ្លោ​ថ្មី​បន្ថែមទៀត​នៃ​ចំណងមិត្តភាព​ដែកថែប​កម្ពុជា​-​ចិន បន្ទាប់ពី​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ដែលជា​ផ្លូវ​ល្បឿន​លឿន​ជាងគេ​នៅ​កម្ពុជា​ដែល​បានដាក់​ឱ្យប្រើ​ប្រាស់​កាលពី​ចុងឆ្នាំ ​២០២២ ​កន្លងទៅនេះ​»​។ 

​លោក​បាន​បន្ត​ដែរ​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ នឹង​ក្លាយជា​សក្តានុពល​ស្រូប​ទាញ​ដ៏​ខ្លាំង​ក្លា និង​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប និយាយ​ដោយឡែក ព្រមទាំង​វិស័យ​ទេសចរណ៍​ទូទាំងប្រទេស និយាយ​ជារួម ជាពិសេស​នឹង​អាច​ទាក់ទាញ​ដល់​វិនិយោគិន ក៏ដូចជា​ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ​។​

​លោកនាយក​រដ្ឋមន្ត្រី​លើកឡើង​ដែរ​ថា តាមរយៈ​យុទ្ធ​សា​ស្ត្រ​ទាក់ទាញ​ទេសចរ​ក្រោម​ប្រធានបទ​ «​ទស្សនា​កម្ពុជា​ឆ្នាំ​ ២០២៤» ទេសចរ​ចិន នឹង​មកលេង​កម្សាន្ត​ច្រើន​នៅ​កម្ពុ​ជានា​ឆ្នាំ​ ២០២៤ ខាងមុខនេះ​។

​កត្តា​នេះ ទាមទារ​ឱ្យ​កម្ពុជា​ត្រូវ​រៀបចំ​កែសម្រួល និង​ត្រៀម​គ្រប់ផ្នែក​ដើម្បី​ទទួល​ទេសចរ​ទាំង​​នោះ​។ កម្ពុជា​គ្រោង​ពង្រីក​ឱ្យប្រើ​បណ្ណ​ព្រំដែន ដើម្បី​ទេសចរ​ងាយ​ចូលមក​ទស្សនា​ខេត្ត​​សៀមរាប ដោយ​មិនចាំបាច់​ប្រើ​លិខិតឆ្លងដែន​ (PASSPORT)​ ទេ​។​

​លោក​មានប្រសាសន៍ថា​៖ «​យើង​សង្ឃឹមថា ឆ្នាំ​ ២០២៤ ​ជា​ឆ្នាំ​នៃ​ការចាប់ផ្តើម​ជំរុញ​ការ​រស់​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប និង​ជា​មូល​​ដ្ឋា​ន​សម្រាប់​ការពង្រីក​វិស័យ​ទេសចរណ៍​នៅ​ទូទាំងប្រទេស ក៏ដូចជា​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​ផ្សេងៗ​ទៀតផង​ដែរ​»​។​

​ឆ្លៀតឱកាស​នោះដែរ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ខេត្តសៀមរាប ត្រូវខិតខំ​ក្នុងការ​ការពារ​សន្តិសុខ​សណ្ដាប់​ធ្នាប់ នៅ​តំបន់​ជុំវិញ​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ និង​ក្នុង​ខេត្តសៀមរាប​ទាំងមូល​ផងដែរ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅក្នុង​ខេត្ត​នេះ​។​

​លោក​ថ្លែងថា​៖«​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវធ្វើ​យ៉ាងណា​ឱ្យមាន​សុវត្ថិភាព សន្តិសុខ នៅក្នុង​តំបន់​ជុំវិញ​ព្រលាន​ថ្មី​នេះ ក៏ដូចជា​ក្នុង​ខេត្ត​ឱ្យមាន​ដំណើរ​ការ​បានល្អ ធានា​សន្តិសុខ សុវត្ថិភាព ស្ថិរភាព​ជូន​ទេស​​ចរ​របស់​យើង​នៅក្នុង​ខេត្ត​កិច្ច​ការ​នេះ​សំខាន់​ណាស់​»​។​

​លោក​ក៏បាន​លើកឡើង​ពី​គម្រោង​សំខាន់ៗ​មួយចំនួន​ផង​ដែរ​ទាក់ទង​នឹង​ការភ្ជាប់​ជាមួយនឹង​ព្រលានយន្តហោះ​ថ្មី​នេះ ក្នុងនោះ​មានដូចជា ការរៀបចំ​ប្រព័ន្ធ​ត្រួតពិនិត្យ​អ្នកដំណើរ​ចូលដល់​កម្ពុជា តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​នឹង​ដាក់ឱ្យអនុវត្ត​មុនគេ​នៅ​អាកាសយាន​​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​នៅ​ចុងឆ្នាំ ​២០២៣​ នេះ​។​

​គម្រោង​ពង្រីក​ការដាក់​ឱ្យប្រើ​បណ្ណ​ព្រំដែន ដើម្បី​ទេសចរ​ងាយ​ចូលមក​ទស្សនា​ខេត្ត​សៀមរាប ដោយ​មិនចាំបាច់​ប្រើ​លិខិតឆ្លងដែន (PASSPORT), គម្រោង​ធ្វើ​រថភ្លើង​
​កម្រិត​ស្រា​លពី​អាកាសយាន​​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​អង្គរ ទៅ​ក្រុង​សៀមរាប​ដើម្បី​ងាយ​​ស្រួល​ធ្វើដំណើរ​ឱ្យបាន​លឿន ជាដើម​។​

​ដោយឡែក នៅ​ថ្ងៃ​ដដែល​នោះដែរ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត ​បាន​ជួបពិភាក្សា​ការងារ​ជាមួយនឹង​លោក​វ៉ាង អ៊ី​ប៉ (Wang Yubo) អភិបាល​​ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​​ប្រជាមានិត​ចិន​។  

តាមរយៈ​តេ​ឡេ​ក្រាម លោក ហ៊ុន ម៉ា​ណែ​ត​,​ អភិបាលខេត្ត​យូ​ណាន បាន​លើកឡើងថា ខេត្ត​យូ​ណាន​បាន​យកចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុងការ​អភិវឌ្ឍ​អាកាស​យានដ្ឋាន​នេះ​ទ្បើង​ក្នុង​ក្របខ័ណ្ឌ​នៃ​ការវិនិយោគ​គម្រោង​អាកាស​យានដ្ឋាន​អន្តរជាតិ​លើកដំបូង​បំផុត​ក្រោម «​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​» និង​ជា​អាកាស​​យានដ្ឋាន​អន្តរជាតិ ដែល​ត្រូវបាន​អនុវត្ត​ដោយ​សហគ្រាស​ចិន​នៅក្រៅ​ប្រទេស តាមរបៀប «​សាងសង់ អាជីវកម្ម និង​ផ្ទេរ (BOT Project)»​។​

​សូម​ជម្រាប​ផងដែរ​ថា អាកាស​​យានដ្ឋាន​នេះ​មាន​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​គ្រប់​លក្ខខណ្ឌ​តាម​ស្តង់​ដា​អន្តរជាតិ​លំដាប់​/​ប្រភេទ​ ៤ ​អ៊ី (4E) ដែល​អាច​បម្រើការ​ហោះហើរ​របស់​យន្តហោះ​ស្ទើរ​គ្រប់​ប្រភេទ ​(​ក្នុងដំណាក់កាល​ទី​ ១)​ ចាប់ពី​អាកាសយានប្រភេទ​តូច រហូតដល់​ប្រភេទ​ធំៗ ក៏ដូចជា​សម្រាប់​ទទួល​ជើង​ហោះហើរ​ក្នុង​តំបន់ និង​ជើង​​ហោះហើរ​ឆ្ងាយៗ​៕