ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញឱ្យមាន​វិធានការ​តឹង​រុឹង​ឱ្យ​ដូច​ភ្លៀងរលឹម ក្នុងការ​បង្ក្រាប និង​ទប់ស្កាត់​ភាព​អសន្តិសុខ​សង្គម​តួយ៉ាង​ការបាញ់​បោះ​សេរី និង​បញ្ហា​គ្រឿងញៀន ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ខណៈ​មន្ត្រីនគរបាល​ដែល​ពាក់ព័ន្ធ​ការបាញ់បោះ​សេរី​នៅ​គិរី​រម្យ​ត្រូវបាន​បណ្តេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ​។​


ក្នុងឱកាស​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​​ «​ស្ពាន​នាគ​ភ្លោះ​កោះនរា និង​ស្ពានបេតុង​ខ្សែកាប​ត​ភ្ជាប់​តំបន់​អភិវឌ្ឍន៍​កោះ​ន​រា​ទៅ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​» កាលពី​ថ្ងៃទី​ ១៥ ខែវិច្ឆិកា លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ជា​សាធារណៈ​ថា​៖ «​សូម​សរសើរ​សមត្ថកិច្ច ឥឡូវនេះ​ឃើញ​វិន័យ​តឹង​ពី​ម្សិល​ឃើញ​មាននៅ​គិរី​រម្យ​នោះ សួរ​ចុះ​សួរ​ឡើង ស្រាវជ្រាវ​ចុះឡើង​ជា​អកុសល​រកឃើញថា​នៅក្នុង​កម្លាំង​សមត្ថកិច្ច ត្រូវតែ​កាត់បន្ថយ​ដូចជា​ចាត់វិធានការ​តឹង​រុឹ​ង​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ ដូចជា ៤​ នាក់ នេះ​ជា​គំរូ​»​។​

លោក​សង្កត់ធ្ងន់ថា កិច្ចការ​បង្ក្រាប​បទល្មើស​បង្ក​អសន្តិសុខ​នេះ​ត្រូវតែមាន​ការពង្រឹង​តួយ៉ាង​បញ្ហា​គ្រឿងញៀន បងធំ បងតូច នៅតាម​ភូមិ ឃុំ​-​សង្កាត់ ជាដើម ដើម្បី​អាច​គ្រប់គ្រង​សណ្តាប់ធ្នាប់​សាធារណៈ​បានល្អ​។ លោក​បន្តថា កិច្ចការងារ​នេះ ត្រូវ​បន្ត​ធ្វើជា​យន្តការ​ដូចជា​ភ្លៀងរលឹម តិចក្តី ច្រើនក្តី ប៉ុន្តែ​ត្រូវតែ​ពង្រឹង​មិនត្រូវ​ធ្វើឡើង​តែមួយ​ឆាវ​ឡើយ ដើម្បី​ទៅរក​ការ​មាន​ម្ចាស់ការ​អាច​គ្រប់​​គ្រង​អំពើ​អសន្តិសុខ​ទាំងនេះ​បាន​។​


​គួរ​បញ្ជាក់ថា អ្នកពាក់ព័ន្ធ​​ ៤ ​​រូប ក្នុងករណី​បាញ់បោះ​សេរី​នៅផ្ទះ​លម្ហែ​លើ​ខ្នងភ្នំ​គិរី​រម្យ ភូមិ​ថ្មី ​(​ចម្ការ​តែ​) ​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កន្លង​ទៅបាន​ចូលខ្លួន​ទៅ​សារភាព​កំហុស​នៅ​ស្នង​ការ​នគរបាល​ខេត្តកំពង់ស្ពឺ​រួច​ហើយដោយ​ភ្ជាប់​ជាមួយ​កាំភ្លើង​ខ្លី ៣​ ដើម​។

ចំណែក​ម្ចាស់ផ្ទះ​លម្ហែ​ឈ្មោះ​កង តារា​វិឆៃ ហៅ កង ឆាយ កំពុង​រត់គេចខ្លួន ខណៈ​កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ស៊ើប​ចាប់ខ្លួន​។ តាម​ចម្លើយ​របស់​ជន​ពាក់ព័ន្ធ​ទាំង​ ៤ រូប​បាន​សារភាពថា នៅ​ថ្ងៃកើតហេតុ ១១ វិច្ឆិកា ២០២៣ ​ពួកគេ​បាន​បាញ់កាំភ្លើង​ជិត ៣០​ គ្រាប់ ខណៈ​សមត្ថកិច្ច​បានរ​ក​ឃើញ​សម្បក​គ្រាប់​ចំនួន ២០០ ​គ្រាប់ ដែល​សមត្ថកិច្ច​សន្និដ្ឋាន​ជំហាន​ដំបូង​ថា នៅ​ទីតាំង​ខាងលើ​ធ្លាប់​មានការ​បាញ់បោះ​សេរី​។​


​ជុំវិញ​បញ្ហា​នេះ លោក ​ហួត ​ហាក់ រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច លើកឡើងថា ការអំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​ជុំវិញ​ការបង្ក្រាប​ការបាញ់បោះ​សេរី​ជាដើម​នេះ ជា​វិធានការ​ម៉ឺងម៉ាត់​ដើម្បី​គ្រប់​គ្រង​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​កម្ពុជា ដែល​ទាមទារ​មូលដ្ឋាន​ ៣ ពោលគឺ ភាពស្ងប់ស្ងាត់ ភាព​ស្អាតបាត និង​ភាព​សុខ​សុវត្ថិភាព ដែល​បាន​ធានា​តាមរយៈ​រដ្ឋ​ធម្ម​នុ​ញ្ញ​ជាតិ​។​

​លោក​ថ្លែងថា​៖ «​ការអំពាវនាវ​នេះ​ជា​ផ្នែក​មួយ​នៃ​វិធានការ​នា​នា​ក្នុង​ការពង្រឹង​លើ​ការអនុវត្ត​ច្បាប់​របស់​ប្រទេស​។ ដោយ​កម្ពុ​​ជា​យើង​ជា​ប្រទេស​នីតិរដ្ឋ ដូច្នេះ​ទាមទារ​គោរព​ឱ្យបាន​ម៉ឺងម៉ាត់​ទៅតាម​រដ្ឋធម្មនុញ្ញ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ដែលមាន​ជា​ធរមាន​ហើយ​ក្នុងនោះ​ក៏មាន​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​សន្តិសុខ​សណ្តាប់​ធ្នាប់​ផងដែរ​»​។​

​លោក​រដ្ឋមន្ត្រីក្រសួង​អធិការកិច្ចសង្កត់ធ្ងន់ថា ការបង្ក្រាប និង​ការ​ទប់ស្កាត់​ការប្រើប្រាស់​អំណាច​ហួស​ដែន​កំណត់​របស់​មន្ត្រី​មានអំណាច​ជា​រឿង​សំខាន់ និង​ជា​គោលដៅ​របស់​រដ្ឋាភិបាល​ផង ដើម្បី​អាចឱ្យ​មាន​មន្ត្រី​ផ្តល់​សេវាសាធារណៈ​ល្អ​ដល់​ពលរដ្ឋ​ជាជាង​ប្រើ​អំណាច​បំពាន​សិទ្ធិ​ពលរដ្ឋ​។​

​លោក​បន្តថា សម្រាប់ក្រសួង​​អធិការកិច្ច​ក៏មាន​ចំណែក​ក្នុង​កិច្ចការ​នេះដែរ ពោលគឺ​ធានា​មិនឱ្យ​មន្ត្រី​អនុវត្តន៍​ច្បាប់ ជាពិសេស​មន្ត្រី​តាម​មូលដ្ឋាន ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់ និង​រំលោភ​អំណាច​ជាដើម​។​

​សម្រាប់​លោក ប៉ា ច័ន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ គាំទ្រ​លើ​ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​បង្ក្រាប​ទៅលើ​មន្ត្រី​មានអំណាច ដែល​ប្រើ​អំណាច ប្រើ​អំពើ​ផ្តេសផ្តាស​តួ​យ៉ាង​ការបាញ់​កម្សាន្ត​លេង​រាប់រយ​គ្រាប់​នៅ​ថ្ងៃ​ខួបកំណើត​ខ្លួន ជា​ទង្វើ​អសីលធម៌​ហើយ​ប្រាស​ចាក​ច្បាប់សង្គម​។

លោក​ស្នើ​ឱ្យមាន​ការដាក់ទោសទណ្ឌ​ទៅតាម​ច្បាប់​កំណត់​ចំពោះ​មន្ត្រី​មានអំណាច​ដែល​ប្រព្រឹត្ត​ខុសច្បាប់ តួយ៉ាង​ករណី​បាញ់បោះ​សេរី​នេះ​ជាដើម ដែលជា​គំរូ​សម្រាប់​មន្ត្រី​មានអំណាច​ដទៃទៀត ដើម្បី​កុំឱ្យ​ចេះតែ​ប្រើ​អំណាច​ផ្តេសផ្តាស​រំលោភ​លើ​សិទ្ធិ​អ្នកដទៃ​។​

​គួរ​ជម្រាបជូន​ថា នៅក្នុង​អា​ណ​ត្តិ​ទី​៧ នៃ​រាជរដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​លោក​ ហ៊ុន ម៉ា​ណែ​ត ​មាន​គោលដៅ​ពង្រឹង​សណ្តាប់ធ្នាប់​សាធារណៈ សន្តិសុខ​សង្គម​ ការពង្រឹង​យន្តការ​ភូមិ​-​ឃុំ សង្កាត់​មាន​សុវត្ថិភាព ពង្រឹង​វិន័យ​មន្ត្រី​រាជការ និង​លើកកម្ពស់​អភិ​បាល​កិច្ច​ជាដើម​៕