​ភ្នំពេញៈ អ្នកវិភាគ​លើកឡើងថា កម្ពុជា​ក្នុងពេល​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ​​ ២០២២ ​បាន​ខិតខំ​ស្វះស្វែង​វិធីសាស្ត្រ​នានា​ក្នុង​ការបង្កើត​ទំនុកចិត្ត​រវាង​អាស៊ាន និង​មី​យ៉ាន់​ម៉ា ខណៈ​ឥណ្ឌូនេស៊ី ដែលជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២៣ ក៏បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចរចា​ផ្ទាល់​ជាច្រើនលើក​ច្រើនសា​ក្នុងការ​ដោះ​ស្រាយ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​។ ទោះយ៉ាងណា វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​នៅតែ​បន្ត​អូសបន្លាយ​មកដល់ពេលនេះ​។ អ្នកវិភាគ​ក៏បាន​លើកឡើង​ដែរ​ថា មាន​កត្តា​ធំ​ ២ ​ដែលនាំឱ្យ​វិបត្តិ​ប្រ​ទេស​នេះ​បន្ត​អូសបន្លាយ​។​


វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​បាន​បន្ត​អូសបន្លាយ ដែល​មកដល់​ពេល​នេះ​មាន​រយៈពេល​ជិត​ ៣ ​ឆ្នាំ​ហើយ ចាប់តាំងពី​ឆ្នាំ ​២០២១ ក្រោយ​ពេលដែល​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ជាប់ឆ្នោត​ដែល​ដឹកនាំ​ដោយ​លោកស្រី អ៊ុង​សាន ស៊ូ​ជី (Aung San Suu Kyi)​។​

​អំឡុង​ពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​ ២០២២ លោក ហ៊ុន សែន អតីត​នាយក​​រដ្ឋមន្ត្រី​ក៏​ធ្លាប់បាន​លើកឡើងថា ត្រឹម​រយៈពេល ១ ​ឆ្នាំ​ក្នុងឋានៈ​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នេះ វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​មិនអាច​ដោះស្រាយ​ឱ្យ​ចប់​ទាំងស្រុង​បានទេ ព្រោះ​វា​ជា​បញ្ហា​សាំញ៉ាំ ដែល​គ្រប់គ្រង​ដោយ​យោធា​អស់​រយៈពេល​ ៧០ ​ឆ្នាំ​កន្លងមកហើយ​។​


​លោក ថុង ម៉េង​ដា​វិត ប្រធាន​​ផ្នែក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី (AVI) បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា កម្ពុជា​បាន​បំពេញ​តួនាទី និង​កាតព្វកិច្ច​ជា​ប្រធាន​អាស៊ាន​បាន​យ៉ាង​ល្អ ហើយ​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​នានា គឺ​សុទ្ធតែ​ទទួលបាន​ជោគ​​ជ័យ និង​ទទួល​បានការ​កោត​​សរសើរ​ពី​ប្រទេស​ដទៃ​ផងដែរ​។​

​លោកបាន​ថ្លែង​ទៀតថា​៖ «​កម្ពុជា​បាន​ខិតខំ​ស្វះ​ស្វែងរក​វិធីសាស្ត្រ​នានា​ក្នុងការ​បង្កើត​ទំនុកចិត្ត​រវាង​អាស៊ាន និង​មី​​យ៉ាន់​ម៉ា ក៏ដូចជា​រវាង​រដ្ឋា​ភិ​បាល​យោធា និង​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ក្រោម​ក្របខ័ណ្ឌ​ទ្វេភាគី និង​អាស៊ាន ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ទទួល​យក​ការអនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ឬ​កុងសង់ស៊ីស​ ៥ ​ចំណុច និង​ជា​លទ្ធផល រដ្ឋា​ភិ​បាល​យោធា ក៏បាន​ដោះលែង​អ្នកទោស​ជាច្រើន​»​។


​លោក ថុង ម៉េង​ដា​វិត លើកឡើងថា សម្រាប់​ឥណ្ឌូនេស៊ី​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ហាក់បីដូចជា​ផ្តោត​សំខាន់​លើ​ការពង្រីក​កំណើនសេដ្ឋកិច្ច និង​កិច្ចសហ ប្រតិបត្តិការ​ស​ន្តិ​សុខ​នៅក្នុង​តំបន់ ក៏ប៉ុន្តែ​ឥណ្ឌូនេស៊ី​ក៏បាន​ដាក់ចេញ​យុទ្ធ​សាស្ត្រ​ចរចា​ផ្ទាល់​ជាច្រើន​លើក​ច្រើនសា និង​សន្យាថា ​នឹង​បង្កើត​យន្តការ​ត្រ​យ​កា (Troika) ​ថ្មី​មួយ​ដែលមាន​ភាគី​ ៣​ ប្រទេស​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​នៅ​មី​យ៉ាន់​ម៉ា ក៏ប៉ុន្តែ​បញ្ហា​នេះ​ទាមទារ​ឱ្យមាន​ការប្តេជ្ញាចិត្ត​ទាំងសងខាង ដើម្បី​ឈានទៅរក​ការស្វែងរក​សន្តិភាព និង​ដំណោះស្រាយ​នយោបាយ​ដ៏​មាន​ប្រសិទ្ធភាព​នៅ​មី​យ៉ាន់​ម៉ា​។​

​បច្ចុប្បន្ននេះ ប្រទេស​ឥណ្ឌូនេស៊ី​ ជិត​នឹង​ផុត​អាណត្តិ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២៣ ហើយ​ឋានៈ​ជា​ប្រធាន​អាស៊ាន​បន្ទាប់​ក៏ត្រូវ​បានប្រគល់​ទៅឱ្យ​ប្រទេស​ឡាវ​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២៤ រួចហើយ​ដែរ​កាល​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាល​​ពី​ដើមខែ​កញ្ញា នៅ​រដ្ឋធានី​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូនេស៊ី​។​

​លោក រ៉ូ វណ្ណៈ សហ​ស្ថាប​និក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​​កម្ពុជា ថ្លែងថា មាន​កត្តា​ធំ​ ២ ដែល​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ាប​ន្ត​អូសបន្លាយ​។ ទី​១ ​គឺ​កត្តានយោបាយ​អំណាច​ផ្ទៃក្នុង​រវាង​ការរស់រានមានជីវិត​របប (regime survival) របស់​ក្រុម​យោធា​ដែល​ក្តោប​ក្តាប់​អំណាច​ទ័ព​រឹងមាំ ដែល​ហាក់​បាត់បង់​ប្រយោជន៍ និង​ការរស់រានមានជីវិត​របប​យោធា​ក្រោម​រដ្ឋា​ភិ​បាល​ស៊ីវិល​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ដែល​ធ្វើ​កំណែ​ទម្រង់​រដ្ឋ នយោបាយ និង​សេដ្ឋកិច្ច ដែល​ការធ្វើ​កំណែ​​ទម្រង់​នេះ​មាន​ផល​ជះ​អ​វិ​ជ្ជ
​មាន​ដល់​ក្រុម​យោធា​។ នេះ​ជាការ​ប្រកួតប្រជែង​ផ្ទៃក្នុង​មី​យ៉ាន់​ម៉ា រវាង​ក្រុម​អភិរក្សនិយម​យោធា និង​ក្រុម​កំណែទម្រង់​និយម​ស៊ីវិល ដែល​មិនអាច​រក​ច្រកចេញ​បាន​។​

លោក​ថ្លែងថា​៖ «​កត្តា​ទី​២ គឺ​ការប្រែប្រួល​អំណាច​ភូមិសាស្ត្រ​នយោបាយ​ដ៏​សំខាន់​ក្នុង​តំបន់ និង​ពិភពលោក​។ ការ​រះ​ឡើង​របស់​ចិន​ជា​មហាអំណាច​នៅក្នុង​តំបន់ និង​ពិភពលោក ដែល​គ្រប់គ្រង​បែប​អាជ្ញានិយម (authoritarianism) ប្រជែង​សណ្តាប់ធ្នាប់​សេរី​ដែល​គ្រប់គ្រង​ដោយ​អាមេរិក ដែល​កំពុង​ចុះខ្សោយ​អំណាច​»​។ 

​លោក រ៉ូ វណ្ណៈ ថ្លែងថា​៖ «​ការ​ប្រែប្រួល​តុល្យភាព​អំណាច និង​ប៉ូល​អំណាច​ពី​ឯក​ប៉ូល​ត្រួតត្រា​ផ្តាច់មុខ​ដោយ​អាមេរិក​ចាប់តាំងពី​ការបញ្ចប់​ទៅ​នៃ​សង្គ្រាមត្រជាក់​រហូតដល់​ឆ្នាំ​ ២០១៦ មកកាន់​ពិភពលោក​ពហុ​ប៉ូល ដែលមាន​មហា​អំណាច​ដទៃទៀត ដូចជា​ចិន រុស្ស៊ី ជាដើម ធ្វើឱ្យមាន​ជម្លោះ និង​សង្គ្រាម​ជា​បន្តបន្ទាប់ ជា​ពិសេស​និន្នាការ​ទៅរក​ការ​គ្រប់​គ្រង​ផ្តាច់ការ យោធានិយម ដូច​ករណី​ភូមា ជា​ឧទាហរណ៍​។ ការ​​ពាក់ព័ន្ធ​នៃ​ផលប្រយោជន៍​របស់​មហា​អំណាច​នៅក្នុង​ជម្លោះ​ភូមា ជា​កត្តា​សំខាន់​ដែល​ភូមា​មិនអាច​បញ្ចប់​ជម្លោះ​ដោយ​ឆាប់ៗ​បានទេ​»​។​

​ចំណែក លោក យង់ ពៅ អគ្គ​លេខាធិការ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជាថ្លែងថា កម្ពុជា​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​មានការ «​ប្រឹងប្រែង​មែនទែន​» ហើយ​បាន​បង្កើត​អភិក្រម​ថ្មី​ដែល​អ្នកការទូត និង​អ្នក​ន​យោ​​បាយ​ការបរទេស​អន្តរជាតិ​មិនសូវ​សាទរ គឺ​អភិក្រម​ដែល​លោក ហ៊ុន សែន អតីត​នាយក​​រដ្ឋមន្ត្រី ប្រថុយប្រថាន​ទៅ​ទី​ក្រុង​ណៃ​ពិដោ (Naypyitaw)​ ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ជួប​​សន្ទនា​ជាមួយ​អ្នកនយោបាយ​គូបដិបក្ខ​។​ យ៉ាងហោចណាស់​លោក​ក៏បាន​ជួប​មេដឹកនាំ​យោ​ធា​មី​យ៉ាន់​ម៉ា លោក​ មីន អ៊ុង​ឡាំង (Min Aung Hlaing)​ ដែលជា​អ្នកដឹកនាំ​នយោបាយ​ដ៏​សំខាន់​បើទោះជា​ផ្នែក​យោធា​ក៏ដោយ​។​

​លោក​បន្តថា លោក ហ៊ុន សែន ទៅកាន់​មី​យ៉ាន់​ម៉ា​នៅពេលនោះ មានបំណង​ជួប​គ្រប់​ដៃគូ​សន្ទនា​ទាំងអស់​។ ក៏ប៉ុន្តែ​ដោយសារ​ស្ថាន​ភាពមិន​អនុ​ញ្ញាត​លោក​មិនអាច​ជួប​គ្រប់​គូសន្ទនា​បានទេ​។ ទោះ​យ៉ាង​ណា​កម្ពុជា​បាន​ប្រឹងប្រែង​អស់​លទ្ធភាព​។ កម្ពុជា​ក៏បាន​ស្នើ​តែងតាំង​ប្រេសិត​ពិសេស លោក ប្រាក់ សុខុន អតីត​រដ្ឋ​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា និង​ជា​ប្រេសិត​ពិសេស​របស់​អាស៊ាន​ហើយ​បាន​បំពេញ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​ដោយ​ជួប​អ្នកនយោបាយ​មី​យ៉ាន់​ម៉ា​ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​ស្វែងយល់​ពី​បញ្ហា​គន្លឹះៗ​ក៏ដូចជា​ការជំរុញឱ្យ​មានការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥ ចំណុច​របស់​អាស៊ាន ឬ​ហៅថា កុងសង់ស៊ីស​ដែល​មី​យ៉ាន់​ម៉ា​បាន​ព្រមព្រៀង​ជាមួយ​អាស៊ាន​តាំងពី​ឆ្នាំ​ ២០២១​។​

​លោក យង់ ពៅ បញ្ជាក់ថា​៖ «​អ៊ីចឹង​នេះ​ជា​អ្វីដែល​កម្ពុជា​បាន​ប្រឹងប្រែង​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​។ កម្ពុជា​ប្រឹង​​ប្រែង​ដោយសារតែ​កម្ពុជា​បាន​យល់ច្បាស់​ពី​ទុក្ខលំបាក​នៃ​សង្គ្រាម​ដែល​កម្ពុជា​បាន​ឆ្លង​កាត់​។ អ៊ីចឹង​ហើយ កម្ពុជា​យល់​ពី​ទុក្ខលំបាក​នេះ​។ អ៊ីចឹង​កម្ពុជា​ប្រឹងប្រែង ទី​១​។ ទី​២ កម្ពុជា​បានទទួល​បាន​សន្តិ​ភាព​ដោយសារតែ​សហគមន៍​អន្តរជាតិ​ជួយ​ជ្រោមជ្រែង​រួម​នឹង​ឆន្ទៈ​នយោបាយ​របស់​អ្នក​​នយោបាយ​ផ្ទៃក្នុង​»​។​

​លោក យង់ ពៅ ថ្លែងថា វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​នេះ គឺ​មិនទាន់មាន​សញ្ញាណ​វិជ្ជមាន​ទេ គឺ​ហាក់ដូចជា​នៅ​ទ្រឹង​ក្នុងខណៈដែល​ស្ថានភាព​ពិភពលោក​កំពុងតែ​ក្ដៅ​រោលរាល​នៅ​តំបន់​ផ្សេងៗ​ទៀត​ផ្ដើម​ពី​តំបន់​អ៊ុយ​ក្រែ​ន នៅ​អឺរ៉ុប​ខាងកើត ឥឡូវ​មកដល់​មជ្ឈិមបូព៌ា​បន្ថែមទៀត ដោយ​ជម្លោះ​រវាង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រា​​អែល​នៅ​តំបន់​ហ្គា​ហ្សា ​(Gaza) កាន់តែ​ក្តៅគគុក​ថែមទៀត​។ ប្រទេស​មហាអំណាច​បាន​ដាក់​ទម្ងន់​យុទ្ធសាស្ត្រ​នៅ​ទីនោះ​ខ្លាំង​ជាពិសេស​បស្ចិម​លោក​។​

​លោក​ថ្លែងថា​៖ «​អ៊ីចឹង​បញ្ហា​មី​យ៉ាន់​ម៉ា​ហាក់​នៅ​ទ្រឹង​ហើយ​ប្រទេស​អាស៊ាន​ដែលមាន​គំនិត ផ្ដួចផ្ដើម​ចង់​មាន​ដំណោះស្រាយ​បញ្ហា​មី​យ៉ាន់​ម៉ា​នេះ​មាន​កម្ពុជា និង​ប្រទេស​ថៃ​ដែល​ដុតដៃ​ដុតជើង​ទៅលើ​កិច្ចការ​មី​យ៉ាន់​ម៉ា​នេះ​។ តែ​ទោះយ៉ាងណា អា​ស៊ាន​ត្រូវការ​កុងសង់ស៊ីស​»​។​

​កាលពី​ថ្ងៃទី​ ១៧ ខែតុលា អាស៊ាន​បានចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោលទោស​ការទម្លាក់​គ្រាប់បែក​លើ​ទីតាំង​ជំរំ​ជនភៀសខ្លួន​ក្នុង​រដ្ឋកា​ឈិន (Kachin) នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​បាន​បណ្តាលឱ្យ​ជន​ស៊ីវិល​ដែល​ត្រូវបាន​រាយការណ៍​ថា មាន​ចំនួន ២៨ នាក់​បាន​ស្លាប់ ដែល​ក្នុងនោះ​មាន​កុមារ​យ៉ាងតិច ១២ នាក់​ផង និង​បណ្តាលឱ្យ​មនុស្ស​ចំនួន ៥៧ នាក់ ផ្សេងទៀត​បាន​រងរបួស​។​

​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤៣ កាលពីដើម​ខែកញ្ញា ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) ក្នុងឋានៈ​ឥណ្ឌូនេស៊ី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២៣ ក៏បាន​ពិភាក្សា​អំពី​ការវិវឌ្ឍ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ជាពិសេស​ការអនុវត្ត​កុងសង់ស៊ីស​ ៥ ​ចំណុច​។​

​ក្រោយ​កិច្ចប្រជុំ​កំពូល​នេះ ប្រធាន​អង្គប្រជុំ​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍ ដោយបាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការបន្ត​កើនឡើង​នៃ​អំពើហិង្សា ដែលនាំឱ្យ​បន្ត​អូសបន្លាយ​នូវ​ការឈឺចាប់​ដល់​ប្រជាជន​មី​យ៉ាន់​ម៉ា វិបត្តិ​មនុស្សធម៌ ការបំផ្លិចបំផ្លាញ​ផ្ទះសំបែង និង​អគារ​សាធារណៈ ដូចជា​សាលារៀន មន្ទីរពេទ្យ ផ្សារ ព្រះវិហារ និង​វត្ត​អារាម និង​ផលប៉ះពាល់​អវិជ្ជមាន​លើ​ស្ថិរភាព​ក្នុង​តំបន់ ជាពិសេស​នៅតាម​តំបន់​ព្រំដែន​។​

​សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា​៖ «​យើង​បញ្ជាក់​សារជាថ្មី​នូវ​ជំហរ​របស់​យើង​ថា កុងសង់ស៊ីស​ទាំង​ ៥ ​ចំណុច​នេះ​នៅតែ​ជា​ឯកសារយោង​ដ៏​មាន​សារៈសំខាន់​របស់​អាស៊ាន​ក្នុងការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​។ ក្នុងន័យនេះ យើង​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការមិន​មានការ​រីកចម្រើន​ជា​ដុំកំភួន​ក្នុងការ​អនុវត្ត​កុងសង់ស៊ីស​នេះ​ពី​សំណាក់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា បើទោះបីជា​មានការ​ប្តេជ្ញា​ចិត្ត​របស់ខ្លួន​ចំពោះ​កុងសង់ស៊ីស​នេះ​កាលពី​ខែមេសា​ឆ្នាំ ​២០២១ ក៏ដោយ​»​។​

​អង្គប្រជុំ​បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រធាន​អាស៊ាន កិច្ចសហការ និង​ការចូលរួម​យ៉ាង​ធំធេង និង​ប្រកបដោយ​បរិ​យាប​ន្ន​របស់​ការិយាល័យ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មី​យ៉ាន់​ម៉ា​ក្នុងការ​ធានា​នូវ​វឌ្ឍនភាព​ជាក់ស្តែង​លើ​ការអនុវត្ត​កង់​សង់​ស៊ី​ស​នេះ និង​ស្វាគមន៍​ចំពោះ​របាយការណ៍ និង​ការវាយតម្លៃ​គ្រប់​ជ្រុងជ្រោយ​របស់​ប្រធាន​អាស៊ាន​។​

​គួរ​រំ​ឮ​កថា ក្រោយពី​កម្ពុជា​បាន​ចូលកាន់​ដំណែង​ជា​ប្រធាន​អាស៊ាន​បាន ​១​ សប្តាហ៍​លោក ហ៊ុន សែន បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​រយៈពេល​ ២ ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​ ៧-៨ ខែមករា ឆ្នាំ ​២០២២​ ដោយបាន​ជួប​ជាមួយ​មេដឹកនាំ​យោធា លោក មីន អ៊ុង​ឡាំង ក្នុង​គោលបំណង​ចូលរួមចំណែក​បញ្ចៀស​ប្រទេស​នេះ​ពី​អំពើហិង្សា និង​សង្គ្រាមស៊ីវិល​តាមរយៈ​បទ​ឈប់​បាញ់ ព្រមទាំង​វិបត្តិ​មនុស្សធម៌​តាមរយៈ​ការផ្តល់​ជំនួយ​ដល់​អ្នក​ដែល​ត្រូវការ​ដោយ​គ្មាន​ការរើសអើង​។​

​ខណៈ​ក៏មាន​ការរិះគន់​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុង​ការជួប​ជាមួយ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​នេះ លោក ហ៊ុន សែន បាន​អះអាង​នៅក្នុង​ពិធី​មួយ​នៅ​ខែកុម្ភៈ ឆ្នាំ​ ២០២២ ថា លោក​ក៏​ទទួលបាន​ការគាំទ្រ​ជាច្រើន​ផងដែរ​ពី​ដំណើរ​ទស្សនកិច្ច​នេះ ព្រោះ​វា​ជា​វិធីសាស្ត្រ ក្នុងការ​បញ្ចៀស​មិនឱ្យ​មាន​មនុស្ស​ស្លាប់​។​

​ក្នុង​ខែឧសភា ឆ្នាំ​ ២០២២ លោក ហ៊ុន សែន បាន​ជួបពិភាក្សា​ជាមួយ លោក មីន អ៊ុង​ឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​មី​យ៉ាន់​ម៉ា ម្តងទៀត​តាម​ប្រព័ន្ធ​វីដេអូ​ពី​ភូមិគ្រឹះ​របស់លោក​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយបាន​ជជែក​គ្នា​ក្នុងការ​ឆ្ពោះទៅរក​កា​រព​ន្លឿ​ន​ការអនុវត្ត​កុងសង់ស៊ីស​ ៥​ ចំណុច​នេះ​។​

ក្រោយ​មក​នៅ​ខែ​មិថុនា ឆ្នាំ ២០២២ លោក ហ៊ុន សែន បាន​សរសេរ​លិខិត​ទៅ​កាន់​លោក មីន អ៊ុងឡាំង ដោយ​ស្នើ​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា 
​រូបនេះ​ពិចារណា​ឡើងវិញ ចំពោះ​ផែនការ​អនុវត្ត​ការកាត់ទោស​ប្រហារជីវិត​ដល់​ក្រុមប្រឆាំង ហើយ​លោក ហ៊ុន សែន ក៏បាន​បង្ហាញ​ពី​បំណងប្រាថ្នា​ក្នុង​ការជួយ​ប្រទេស​នេះ​ឱ្យសម្រេចបាន​នូវ​សន្តិភាព និង​ការផ្សះផ្សា​ជាតិ​។​

​លោក​បញ្ជាក់​ក្នុង​លិខិត​នេះ​ថា ការផ្ដន្ទាទោស និង​ផែនការ​ប្រហារជីវិត​លើ​បុគ្គល​មួយចំនួន​ដែល​ប្រឆាំងនឹង​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​មី​យ៉ាន់​ម៉ា​បាន​បង្កឱ្យមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ក្នុងចំណោម​រដ្ឋ​សមាជិក​អាស៊ាន ក៏ដូចជា​ដៃគូ​ខាងក្រៅ​របស់​អាស៊ាន​។​

​រហូតមកដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២២ អាជ្ញាធរ​មី​យ៉ាន់​ម៉ា​បាន​ដោះលែង​អ្នកទោសនយោបាយ​ទ្រង់ទ្រាយ​ធំ​ដែលមាន​ចំនួន​ជិត​ ៦ ០០០ ​នាក់ ដែល​ក្នុងនោះ​ក៏មាន​លោក Sean Turnell សាស្ត្រាចារ្យ​សេដ្ឋកិច្ច​អូស្ត្រាលី និង​ជាទី​ប្រឹក្សា​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ផងដែរ​។ អ្នកទោស​ចំនួន​ជិត ៦ ០០០ នាក់​នេះ​ត្រូវបាន​ចាប់ខ្លួន​ក្នុងអំឡុងពេល​មាន​ភាពចលាចល​នយោបាយ​ដែល​បាន​កើតឡើង បន្ទាប់ពី​មាន​រដ្ឋប្រហារ​យោធា​។​

លោក ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បង្ហោះ​សារ​នៅក្នុង​តេ​ឡេ​ក្រាម (Telegram) កាលពី​ថ្ងៃទី​ ១ ខែវិច្ឆិកាថា​៖ «​និយាយ​ពី​នយោបាយ​ឈ្នះ​ឈ្នះ យើង​ប្រាកដជា​នឹកឃើញ​ភ្លាម​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​បិតា​ស្ថាបនិក​និង​ប្រតិបត្តិ​ករ​ផ្ទាល់​ក្នុង​បេសកកម្ម​ស្វែងរក​សន្តិភាព​និង​ការផ្សះផ្សា​ជាតិ​ជូន​មាតុភូមិ​កម្ពុជា​។ នយោបាយ​ឈ្នះ​ឈ្នះ ដែលជា​រូបមន្ត​ដ៏​ស័ក្តិសិទ្ធិ​និង​ជា​ស្នាដៃឯក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​ដែល​បានអូសបន្លាយ​ជិត ​៣ ​ទសវត្សរ៍​និង​ដែល​បាន​រុញច្រាន​ប្រទេស​ឱ្យ​ធ្លាក់​ចូលក្នុង​របប​វាលពិឃាដ​ដ៏​មហា​ប្រល័យ​»​។

​លោក​បន្ថែមថា ពិភពលោក​ដែល​កំពុង​ព្យាយាម​ដោយ​លំបាក​បំផុត​ក្នុងការ​បញ្ចប់សង្គ្រាម ជាពិសេស​ប្រទេស​ដែល​កំពុងមាន​សង្គ្រាម​ដោយផ្ទាល់​គួរតែ​មក​សិក្សា​ពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​កម្ពុជា​ដែលជា​រូបមន្ត​ដ៏​ស័ក្តិសិទ្ធិ​និង​ល្អ​ឯក​ក្នុងការ​បញ្ចប់សង្គ្រាម​ដោយ​មិនមាន​អ្នកចាញ់​៕