
លោក សែម សុវណ្ណនី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ទទួលដំណើរមកដល់របស់កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ ៧២៩ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ៨២៨។ រូបថត ក្រសួងការពារជាតិ
កងកម្លាំងវិស្វកម្មព្រលានយន្តហោះ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះរបស់កម្ពុជាចំនួន ៩០ នាក់ បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយសម្រេចបាននូវជោគជ័យនៅក្នុងដំណើរបំពេញបេសកកម្មរក្សាសន្តិភាពនៅក្រៅប្រទេស ក្រោមឆត្រអង្គការសហប្រជាជាតិ (UN)។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព លោក សែម សុវណ្ណនី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ទទួលដំណើរមកដល់របស់កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ ៧២៩ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ៨២៨ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី។ នេះបើតាមការជូនដំណឹងរបស់ក្រសួងការពារជាតិតាមបណ្តាញសង្គមហ្វេសប៊ុក។
កម្លាំងដែលមកដល់មាតុភូមិនាពេលនេះ មានចំនួនសរុប ៩០ នាក់ ក្នុងនោះ ៦៧ នាក់ ជាកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ ៧២៩ ដែលបានបំពេញបេសកកម្មនៅតំបន់គីដាល់ និង ២៣ នាក់ ជាកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ៨២៨ ដែលបានបំពេញបេសកកម្មនៅទីក្រុងហ្គាវ នៃសាធារណរដ្ឋម៉ាលី។
នាឱកាសនោះដែរ លោក សែម សុវណ្ណនី បាននាំយកពាក្យពេចន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិលោក ទៀ សីហា ដែលបានអញ្ជើញចូលកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន នៅឯប្រទេសឥណ្ឌូនេស៊ី ជូនចំពោះកងកម្លាំងទាំងអស់ផងដែរ។
លោក សែម សុវណ្ណនី បញ្ជាក់ថា៖«កិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច ការគោរព និងការចូលរួមបេសកកម្មនេះ គឺជាការរួមចំណែកជាមគ្គុទេសក៍សម្រាប់ជំនាន់ក្រោយ ដើម្បីសន្តិភាពពិភពលោក»។ កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ ៧២៩ និង កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ៨២៨ មិនត្រឹមតែជាកងយោធពលខេមរភូមិន្ទប៉ុណ្ណោះទេ អ្នកក៏ជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ លើសពីនោះ អ្នកក៏ជានិមិត្តរូបនៃភាពក្លាហានក្នុងការចូលរួមចំណែកបំពេញភារកិច្ចក្នុងប្រទេសដែលរងជម្លោះ និងអស្ថិរភាព»។
ពិធីទទួលដំណើរនាពេលនេះ គឺជាការទទួលបណ្តោះអាសន្ន ត្បិតនឹងមានពិធីទទួលជាផ្លូវការ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បន្ទាប់ពីកងកម្លាំងទាំងអស់បានមកដល់នាពេលខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា នេះជាការមកដល់លើកទី២ បន្ទាប់ពីកងនាំមុខបានមកដល់មាតុភូមិ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដែលពេលនោះ កងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ចំនួន ៥៣ នាក់ បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជា ក្រោយសម្រេចបាននូវជោគជ័យ នៅក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋម៉ាលី៕

កងកម្លាំងវិស្វកម្មព្រលានយន្តហោះ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះរបស់កម្ពុជាចំនួន ៩០ នាក់។រូបថត ក្រសួងការពារជាតិ

កងកម្លាំងវិស្វកម្មព្រលានយន្តហោះ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះរបស់កម្ពុជាចំនួន ៩០ នាក់។រូបថត ក្រសួងការពារជាតិ