​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បានធ្វើ​ការជំរុញ​ទៅកាន់​សភាពាណិជ្ជកម្ម​ស​ហ​ភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​(EuroCham Cambodia) ​ឱ្យជួយ​ទាក់ទាញ​អ្នក​ធុរកិច្ច ឬ​ក្រុមហ៊ុន​អឺរ៉ុប​ដែល​កំពុង​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​តំបន់​អាស៊ី​ឱ្យ​ងាក​មក​ចាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត​។ 
 
​ការស្នើ​របស់​ភាគី​កម្ពុជា បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Tassilo BRINZER ប្រធានសភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ខណៈដែល​លោក​បាន​ដឹកនាំ​គណៈប្រតិភូ​ចូលជួប ​សម្តែង​ការគួរ​សមនៅ​ទីស្តីការក្រសួង​ការងារ កាល​ថ្ងៃទី​ ១៦ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។  
​នេះ​បើ​យោងតាម​ការជូនដំណឹង​របស់​ក្រសួង​ការងារ​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​។​
 
​ក្រសួង​ការងារបានឱ្យដឹងថា នាឱកាស​នោះ លោក​រដ្ឋមន្ត្រី ហេង សួរ បាន​ស្វាគមន៍​ចំពោះ​ការជួបពិភាក្សា​ការងារ​របស់​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ខណៈ​លោក​ក៏បាន​លើកឡើង​ពី​កិច្ចការងារ​អាទិភាពរ​បស់​ក្រសួង​ក្នុង​អាណត្តិ​ទី​៧ ដែល​សំដៅ​បន្ត​លើកកម្ពស់​លក្ខខណ្ឌ​ការងារ និង​ទំនាក់ទំនង​វិជ្ជាជីវៈ ឱ្យ​កាន់តែ​ប្រសើរឡើង​។​
 
​លោក​បន្តថា​៖ «​ក្នុង​អាណត្តិ​ទី​៧​ នេះ រាជរដ្ឋាភិបាល​នឹង​បន្ត​លើកកម្ពស់​លក្ខខណ្ឌ​ការងារ ក្នុង​គោលបំណង​បង្កើតឱ្យមាន​បរិយាកាស​នៃ​ការវិនិយោគ​ដែលមាន​ស្រាប់​កាន់​តែមាន​ភាពប្រសើរឡើង​ជា​លំដាប់ និង​ការទាក់ទាញ​វិនិយោគ​ថ្មី​បន្ថែមទៀត ជាពិសេស​ការវិនិយោគ​របស់​ក្រុមហ៊ុន​អឺរ៉ុប​»​។​
 
​រដ្ឋមន្ត្រីក្រសួង​ការងារ ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា ក្រសួង​នឹង​ខិតខំ​ពង្រឹង និង​លើកកម្ពស់​សមត្ថភាពរ​បស់​បុគ្គលិក​ក្នុង​រោងចក្រ សហគ្រាស និង​ការហ្វឹកហ្វឺន​កូនជាង​ដែលជា​ចំណុច​គន្លឹះ​នៃ​ការបង្កើន​ផលិតភាព​ការងារ​ខ្ពស់​ដែល​អ្នកវិនិយោគ​ចង់បា​ន​ផងដែរ​។   

​ជាការ​ឆ្លើយតប លោក Tassilo BRINZER ប្រធានសភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​គាំទ្រ​ចំពោះ​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ ខណៈ​លោក​ថា​បរិយាកាស​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​លក្ខខណ្ឌ​ការងារ​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​។  
 
​លោក​បានបញ្ជាក់​បន្ថែម​ថា​៖ «​វា​ជា​តួនាទី​របស់​សភាពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​កម្ពុជា ដើម្បី​បង្ហាញ​ដល់​អ្នកវិនិយោគ​របស់​អឺរ៉ុប​ដែល​កំពុងមាន​វត្តមាន​នៅ​តំបន់​អាស៊ី ឱ្យ​ងាក​មក​ចាប់អារម្មណ៍​ការវិនិយោគ​នៅ​កម្ពុជា​»​។​
 
​ជុំវិញ​រឿងនេះ​ដែរ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​លោក ហុង វណ្ណៈ បាន​ថ្លែងថា ការជំរុញ​ការបង្ហាញ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​របស់​ក្រសួង​ការងារ ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទា​ក់​ទាញ​វិនិយោគ​អន្តរជាតិ គឺជា​រឿង​សមស្រប និង​គួរឱ្យ​សាទរ ដែល​នឹង​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា​។​
 
​យ៉ាងណាមិញ លោក​ថា​៖ «​ជា​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល ឬ​ក្រសួង​គួរ​ធ្វើ​បន្ថែមទៀត ដើម្បី​ផ្តល់​ទំនុកចិត្ត​សម្រាប់​អ្នកវិនិយោគ​ទាំង​ជាតិ និង​អន្តរជាតិ គឺ​ចាំបាច់​ត្រូវមាន​កិច្ចសន្ទនា​ច្បាស់លាស់ តាមរយៈ​ការជំរុញ​កិច្ចសហការ​ជាមួយ​វិនិយោគិន បង្ហាញ​ពី​សុទិដ្ឋិនិយម​ពី​កម្ពុជា និង​បង្ហាញ​ពី​សក្តានុពល​នូវ​វិស័យ​អាទិភាព​ដល់​វិនិយោគិន​បរទេស​ទាំងនោះ ថា​យើង​ពិតជា​មាន​ផែនការ​ច្បាស់លាស់ ដើម្បី​ធានា​សុខុមាលភាព​របស់​កម្ពុ​ជា​រយៈពេល​វែង​»​។​
 
​នៅក្នុង​ជំនួប​ខាងលើ ក្រសួង​ការងារ​-​សភាពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ក៏បាន​បង្ហាញ​សុទ្ធិ​ដ្ឋិ​និយម​ថា នឹង​ពង្រឹង​កិច្ចសហការ​បន្តបន្ទាប់​ទៀត ដើម្បី​ជំរុញ​ឱ្យលក្ខខណ្ឌ​ការងារ និង​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅក្នុង​រោងចក្រ​សហគ្រាស​កាន់តែ​ប្រសើរឡើង​មួយកម្រិត​បន្ថែមទៀត​ក្នុង​គោលបំណង​ធ្វើឱ្យ​កម្ពុ​ជាមាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង​សម្រាប់​ការវិនិយោគ​ជាតិ និង​អន្តរជាតិ​ឱ្យ​ខ្លាំង​ថែមទៀត​៕