អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​បន្ត​ធ្វើការ​រំឭក​ជាថ្មីទៀត ដល់​ម្ចាស់​យានយន្ត​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​ទាំងអស់ ឱ្យ​រួសរាន់​ទៅ​បង់ពន្ធ​ឱ្យបាន​ទាន់ពេលវេលា យ៉ាងយូរ​ត្រឹម​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ជា​កំហិត​។ 
 
​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ ស្តីពី​ការ​រំឭក​លើក​ទី​២ ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​សម្រាប់​ឆ្នាំ​ ២០២៣ ​នេះ ចុះ​ថ្ងៃទី​ ១៦ ខែវិច្ឆិកា បានឱ្យដឹងថា ដោយ​អនុលោម​តាម​ប្រកាស ឆ្នាំ​ ២០១៨ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្តីពី​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ គ្រប់​ប្រភេទ​ប្រចាំឆ្នាំ និង​សេចក្តីណែនាំ ឆ្នាំ​ ២០១៩ ការប្រមូល​ពន្ធ​នេះ​នឹងត្រូវ​បិទ​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣ ខាងមុខ​។ 
 
​យ៉ាងណាមិញ ពន្ធដារ​សង្កេតឃើញថា រហូតមកទល់​ពេលនេះ មាន​ម្ចាស់​យានយន្ត​ភាគច្រើន​បានប្រកាស​បង់ពន្ធ​រួចរាល់​ខណៈដែល​ម្ចាស់​យានយន្ត​មួយចំនួនទៀត​នៅ​មិនទាន់បាន​បង់ពន្ធ​ប្រភេទ​នេះ​នៅឡើយ​។  


​ក្នុងន័យនេះ ៖«​ពន្ធដារ បាន​ក្រើនរំឭក​ដល់​ម្ចាស់​យានយន្ត​ទាំងអស់​ដែល​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​មេត្តា​រួសរាន់​អញ្ជើញ​មក​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​ឱ្យបាន​ទាន់ពេលវេលា ត្រឹម​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ដោយ​ភ្ជាប់​មកជា​មួយ​នូវ អត្តសញ្ញាណ​បណ្ណ បណ្ណ​សម្គាល់​យានយន្ត និង​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ដែល​ចេញ​ដោយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​នៅ​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ឬ​នៅ​ធនាគារ​ដែល​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​»​។​
 
​ចំពោះ​ការបង់ពន្ធ​នេះដែរ ម្ចាស់​យានយន្ត​អាច​បង់​តាមរយៈ​កម្មវិធី «GDT Taxpayer App» ដែល​អាច​ទាញយក​ចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់​យានយន្ត​ដែល​ធ្លាប់បាន​ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​កន្លងមក​»​។

​ដោយឡែក យានយន្ត​ដែលជា​កម្មសិទ្ធិ​របស់​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ ឬ​ទីភ្នាក់ងារ សហប្រតិបត្តិការ​បច្ចេក​ទេស​របស់​រដ្ឋាភិបាល​នានា ត្រូវ​ស្នើសុំ​មក​អគ្គនាយកដ្ឋាន​ពន្ធ​ដារ ដើម្បី​ទទួលបាន​នូវ​លតា​ប​ត្រ​បង់ពន្ធ​ (​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ​)​។  


​ពន្ធដារ​បញ្ជាក់ថា​៖ «​ចំពោះ​យានយន្ត​របស់​ក្រសួង​-​ស្ថាប័ន ឬ​អង្គភាព​ដែល​ត្រូវ​ទទួលបាន​លតា​ប​ត្រ​ពន្ធ​លើ មធ្យោបាយ​ដឹកជញ្ជូន​(​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ ឬ​បង់​តាម​អាណត្តិ​បើកប្រាក់​) ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​បញ្ជី​សារពើ​ភណ្ឌ យានយន្ត​ទ្រព្យសម្បត្តិ​រដ្ឋ (​តារាង​កើនឡើង និង​ថយចុះ​ទ្រព្យសម្បត្តិ​រដ្ឋ​ប្រចាំឆ្នាំ​) ដែល​បាន​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច​»​។​
 
​ក្នុងករណី​ខកខាន​មិនបាន​បង់ពន្ធ​ទាន់ពេលវេលា​កំណត់​ខាងលើ ម្ចាស់​យានយន្ត​នឹងត្រូវ​ទទួលរង​នូវ​ពន្ធ​បន្ថែម ចំពោះ​ការយឺតយ៉ាវ តាមច្បាប់​ស្តីពី​សារពើពន្ធ​ជា​ធរមាន​។​

ជាងនេះទៀត អង្គភាព​ពន្ធដារ នឹង​សហការ​ជាមួយ​អាជ្ញា​ធរមាន សមត្ថកិច្ច ជាពិសេស​នគរ​បាលច​រាច​រណ៍ និង​កងរាជអាវុធហត្ថ ដើម្បី​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​ប្រមូល​ពន្ធ​នេះ​នៅតាម​ដងផ្លូវ​នានា បន្ទាប់ពី​បិទ​បញ្ចប់​ការប្រមូល​ពន្ធ​នៅ​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។ 



​ហេតុនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​សង្ឃឹម​យ៉ាង​មុតមាំ​ថា បន្ទាប់ពី​ទទួលបាន​សេចក្ដីជូនដំណឹង​នេះ ម្ចាស់​យានយន្ត​ទាំងអស់​ពិតជា​នឹង​យកចិត្តទុកដាក់ និង​អញ្ជើញ​មក​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ឱ្យបាន​ទាន់ពេលវេលា​កំណត់​ខាងលើ​ជាពុំខាន​។ 

​សូមបញ្ជាក់ថា របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី ​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​បង្ហាញថា គិត​ត្រឹម​ថ្ងៃទី​ ១២ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ មាន​យានយន្ត​ចំនួន ១៥ ៥១៥ គ្រឿង​បាន​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន សម្រាប់​ឆ្នាំ​ ២០២៣ តាម​កម្មវិធី GDT Taxpayer App ដែល​ចំនួន​នេះ​មានការ​កើនឡើង​លើស​ឆ្នាំ​២០២២ ដល់​ទៅ ៧៥%​។

ការកើនឡើង​នៃ​ចំនួន​អ្នក​បង់ពន្ធ តាម​កម្មវិធី GDT Taxpayer App នេះ បានបញ្ជាក់​ឱ្យឃើញ​ពី​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​អគ្គនាយកដ្ឋាន ពន្ធដារ និង​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​កម្មវិធី ដែល​អាច​កាត់បន្ថយ​ការ​រអ៊ូរទាំ​លើ​ការចំណាយ​ពេលវេលា​រង់​ចាំ​យូរ ធ្វើដំណើរ​ឆ្ងាយ​ជាដើម ក្នុងការ​បង់ពន្ធ​៕