​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ធនធាន​វិសាល​គម​ន៍​ហ្វ្រេ​កង់​ស៍​វិទ្យុ​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក​.​ប​.​ទ​. សហការ​ជាមួយ​ក្រុមការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ក​.​ប​.​ទ​. បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ការរៀបចំ ការគ្រប់គ្រង និង​ការបែងចែក​វិសាល​គម​ន៍​ហ្វ្រេ​កង់​ស៍​វិទ្យុ ដើម្បី​ពង្រឹង​ការគ្រប់គ្រង​និង​ការប្រើប្រាស់​ធនធាន​កម្រ​របស់​ជាតិ​។​
 
​វិសាល​គម​ន៍​ហ្វ្រេ​កង់​ស៍​វិទ្យុ គឺជា​ធនធាន​របស់រ​ដ្ឋ​ដែល​ពុំ​ត្រូវ​ធ្វើជា​កម្មវត្ថុ​នៃ​ការលក់​ទិញ ប៉ុន្តែ​អាច​ធ្វើជា​កម្មវត្ថុ​នៃ​ការជួល ឬ​ការផ្តល់​សិទ្ធិ​ប្រើប្រាស់​តាមរយៈ​ការផ្តល់​អាជ្ញា​បណ្ណ ស្របតាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​នេះ និង​បទ​ប្បញត្តិ​ផ្សេងទៀត ដែល​ស្ថិតនៅក្រោម ក​.​ប​.​ទ​។ ក​.​ប​.​ទ មាន​តួនាទី​រៀបចំ​ផែនការ​ជាតិ​វិសាល​គម​ន៍​ហ្វ្រេ​កង់​ស៍​វិទ្យុ ដោយ​ត្រូវ​កំណត់​ចំណុច​មួយចំនួន​ជាអាទិ៍ គឺ​ការរៀបចំ​តារាង​បែងចែក​ហ្វ្រេ​កង់​ស៍​វិទ្យុ និង​ការប្រើប្រាស់​បន្ទោ​​រ ហ្វ្រេ​កង់​ស៍​វិទ្យុ និង​វិធានការ​ទប់ស្កាត់​ការឆ្លង​រំខាន​ការទទួល​ស៊ី​ញ៉ា​ល់​ជាដើម​។​
 
​សិក្ខាសាលា​ខាងលើត្រូវបាន​រៀបចំឡើង កាលពី​ថ្ងៃទី​ ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅ​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រី ក​.​ប​.​ទ​. និង​មានការ​អញ្ជើញ​ចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប ប្រធាន​អង្គភាព​និង​មន្ត្រីរាជការ​ក្រោម​ឱវាទ ក​.​ប​.​ទ​. ព្រមទាំង​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​ទាំង ​២៤ សរុប​ប្រមាណ ១២៧​ នាក់​។ 
 
​ក្រសួង​ប្រៃសណីយ៍ បានឱ្យដឹងថា សិក្ខាសាលា​នេះ​រៀបចំឡើង​ដើម្បី​ផ្សព្វផ្សាយ​អនុក្រឹត្យ​ខាងលើ ដែល​អនុក្រឹត្យ​នេះ មាន​គោលដៅ​កំណត់​អំពី​គោលការណ៍ វិធាន និង​សមត្ថកិច្ច​នៃ​ការគ្រប់គ្រង​វិសាល​គម​ន៍​ហ្វ្រេ​កង់​ស៍​វិទ្យុ និង​បន្ទារ​ហ្វ្រេ​កង់​ស៍​វិទ្យុ​សម្រាប់​ផ្កាយរណប​និង​គន្លង​ផ្កាយរណប​។​
 
​ការកំណត់​នេះដែរ ក្នុង​គោលបំណង​រៀបចំ បែងចែក និង​ប្រើប្រាស់​ហ្វ្រេ​កង់​ស៍​វិទ្យុ​ឱ្យមាន​ប្រសិទ្ធភាព​និង​ស័ក្តិ​សិទ្ធ​ភាព ដើម្បី​ពង្រឹង​ការគ្រប់គ្រង​និង​ការប្រើប្រាស់​ធនធាន​កម្រ​របស់​ជាតិ ការចូលរួម​ប្រកួតប្រជែង​ដោយស្មោះ​ត្រង់​និង​ស្របច្បាប់ និង​ការរួមចំណែក​ដល់​ការ​កៀរគរ​ចំណូល​ជាតិ​។​
 
​នៅក្នុង​ឱកាស​នោះ លោក ជា វ៉ាន់​ដេ​ត បាន​ចែករំលែក​ពី​បញ្ហា​ប្រឈម និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​ព្រមទាំង​សារ​:​សំខាន់​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​នៅតាម​បណ្តា​បុរី​ក្នុង​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ឌីជីថល និង​គុណភាព​សេវា​ទូរគមនាគមន៍​ឱ្យ​កាន់តែ​ប្រសើរឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ដ៏​ខ្លាំងក្លា​នៃ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ប្រើប្រាស់​សេវា​អ៊ីនធឺណិត ជាពិសេស​អ៊ីនធឺណិត​តាម​ទូរស័ព្ទ​ចល័ត​។  
 
​ជាមួយគ្នានេះ លោក​បាន​ថ្លែងថា​៖ «​វិសាល​គម​ន៍​ហ្វ្រេ​កង់​ស៍​វិទ្យុ​ជា​ធនធាន​កម្រ​របស់​ជាតិ​មួយ​ដែល​ត្រូវមាន​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​គ្រប់គ្រង​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការប្រើប្រាស់​ធនធាន​កម្រ​មួយ​នេះ​មាន​ប្រសិទ្ធភាព ស័ក្តិ​សិទ្ធ​ភាព ផ្តល់​ចំណូល​ជាតិ និង​ចូលរួមចំណែក​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជា​អតិបរមា​»​។

លោក​បាន​រំលេច​ថា ធនធាន​កម្រ​របស់​ជាតិ​នេះ​នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ ដែល​គាំទ្រ​យ៉ាងសកម្ម​ដល់​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល តាមរយៈ​ការប្រើប្រាស់​ធនធាន​ដ៏​មាន​សារៈសំខាន់​នេះ​ក្នុង​ការពង្រីក​វិសាលភាព​គ្របដណ្តប់​នៃ​សេវា​ទូរស័ព្ទ និង​អ៊ីនធឺណិត​ល្បឿន​លឿន គាំទ្រ​ដល់​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ដែលជា​យន្តការ​សំខាន់​ក្នុង​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល​នៃ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​
 
​លើសពីនេះទៅទៀត​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ដើម្បី​ជំរុញ​ការអនុវត្ត​អនុក្រឹត្យ​នេះ​ឱ្យមាន​ប្រសិទ្ធភាព ទាមទារ​ឱ្យ​មន្ត្រី​របស់​ក្រសួង​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​ដែល​ពាក់ព័ន្ធ​ទាំងអស់​យល់ច្បាស់​ពី​ខ្លឹមសារ​សំខាន់ៗ​នៃ​អនុក្រឹត្យ​នេះ​។ លោក​ក៏​ស​ង្ឈឹ​ម​ថា​គ្រប់​តួអង្គ​ពាក់ព័ន្ធ​បាន​យល់​ក្នុង​រូបភាព​តែមួយ​អំពី​ខ្លឹមសារ​អនុក្រឹត្យ ងាយស្រួល​ត្រៀមខ្លួន​ចូលរួម​អនុវត្តន៍​និង​សហការ អនុវត្ត​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​ជា​អតិបរមា​៕