ដើម្បី​គ្រប់គ្រង​ប្រព័ន្ធផ្សព្វផ្សាយ​ឱ្យមាន​សណ្តាប់ធ្នាប់ និងពង្រឹង​គុណភាព​ព័ត៌មាន ក្រសួង​ព័ត៌មាន បាននិងកំពុង​ធ្វើបច្ចុប្បន្នភាព​ការគ្រប់គ្រង និងការធ្វើ​អាជីវកម្ម​លើវិស័យ​ព័ត៌មាន​និងសោតទស្សន៍ និងបានតម្រូវ​ឱ្យ​អង្គភាព​ដែលធ្វើ​អាជីវកម្ម​ដោយគ្មាន​ច្បាប់​អនុញ្ញាត ត្រូវមក​សុំអាជ្ញាបណ្ណ​ប្រកប​អាជីវកម្ម។


 បើតាម​សេចក្តី​ជូនដំណឹង​ក្រសួង​ព័ត៌មាន ដែលបាន​ជម្រាបជូន​ដល់ម្ចាស់​អង្គភាព​អាជីវកម្ម​លើវិស័យ​ព័ត៌មាន និងសោតទស្សន៍ ចុះថ្ងៃ​ទី១៦ ខែវិច្ឆិកា​នេះ សង្កេតឃើញ​ថា​កន្លងមក អង្គភាព​ប្រព័ន្ធផ្សព្វផ្សាយ​មួយចំនួន បានអនុវត្ត​ត្រឹមត្រូវ​តាមក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន និងបានចុះ​បញ្ជី​ធ្វើអាជីវកម្ម​តាមបទ​ប្បញ្ញត្តិ​ច្បាប់ និងលិខិត​បទដ្ឋាន​គតិយុត្ត​ជាធរមាន។

 ក្រសួងបន្ត​ថា៖«ដោយឡែក ម្ចាស់​អង្គភាព​អាជីវកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​បាននិង កំពុង​ធ្វើអាជីវកម្ម​ដោយមិនមាន​អាជ្ញាបណ្ណ​ប្រកប​អាជីវកម្ម​ពីក្រសួង​ព័ត៌មាន ហើយបាន​និងកំពុង​ប្រព្រឹត្ត​នូវទង្វើ​ដែលបំពាន​ក្រម​សីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន បង្កឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម កិត្យានុភាព និងសេចក្តី​ថ្លៃថ្នូរ​របស់​អ្នកសារព័ត៌មាន​ទូទៅ ព្រមទាំង​ធ្វើឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​ស្ថាប័ន​ព័ត៌មាន»។


 ដើម្បីគ្រប់គ្រង​ប្រព័ន្ធផ្សព្វផ្សាយ​ឱ្យមាន សណ្តាប់ធ្នាប់​និងពង្រឹង​គុណភាព​ព័ត៌មាន និងដើម្បី​ធានាបាន​នូវសន្តិសុខ​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ និងកិត្យានុភាព​ស្ថាប័ន​ព័ត៌មាន​កម្ពុជា ក្រសួង​ព័ត៌មាន ធ្វើណែនាំ​មួយចំនួន។ ក្នុងនោះ​រួមមាន ១ ចំពោះ​អង្គភាព​អាជីវកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែលកំពុង​ធ្វើ​អាជីវកម្ម​ដោយគ្មានច្បាប់​អនុញ្ញាត ដូចជា កាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី គេហទំព័រ និងប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អនឡាញ ត្រូវមក​សុំ​អាជ្ញាបណ្ណ ប្រកប​អាជីវកម្ម​ពីក្រសួង​ព័ត៌មាន ដោយទុក​រយៈពេល ៣ ខែ​គិតចាប់ពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ជាកំហិត។

ផុត​រយៈពេល​នេះ អង្គភាព​ប្រព័ន្ធផ្សព្វផ្សាយ​ណាដែល​នៅតែបន្ត​ធ្វើអាជីវកម្ម​ផ្សព្វផ្សាយ​ដោយគ្មាន​អាជ្ញាបណ្ណ​ពីក្រសួង​ព័ត៌មាន នឹងត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខច្បាប់។ 


២ សមាគម​អ្នកសារព័ត៌មាន ម្ចាស់​អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន​ទាំងអស់ ត្រូវអនុវត្ត​តាមច្បាប់​ស្តី​ពីរបប​សារព័ត៌មាន និងក្រម​សីលធម៌​វិជ្ជាជីវៈឱ្យបាន​ខ្ជាប់ខ្ជួន។ ករណី​ម្ចាស់​អង្គភាព ប្រព័ន្ធ​ផ្សព្វផ្សាយ ឬអ្នកសារព័ត៌មាន​ណាដែលនៅ​តែបំពាន​ក្រម​សីលធម៌​វិជ្ជាជីវៈ និងធ្វើ​ឱ្យប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម កិត្យានុភាព និងសណ្តាប់ធ្នាប់​ស្ថាប័ន​ព័ត៌មាន ក្រសួងព័ត៌មាន​នឹងដក​ហូត​អាជ្ញាបណ្ណ បញ្ឈប់ការ​ធ្វើអាជីវកម្ម​ជាស្ថាពរ និងចាត់វិធានការ​តាមនីតិវិធី​ច្បាប់។

 ៣ សមាគម​អ្នកសារព័ត៌មាន ម្ចាស់​អង្គភាព​អាជីវកម្ម​លើ​វិស័យព័ត៌មាន​និងសោតទស្សន៍​ដែលទទួលបាន​ការអនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​ពីក្រសួងព័ត៌មាន​ដូចជា កាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី គេហទំព័រ ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អនឡាញ វិទ្យុ ទូរទស្សន៍​គ្រប់ប្រភេទ ដូចជា ស្ថានីយ​ទូរទស្សន៍ ទូរទស្សន៍​ផ្កាយ​រណប (DTH) ទូរទស្សន៍​ប្រភេទ OTT និង IPTV ជាដើម និងអង្គភាព​អាជីវកម្ម​លើវិស័យ​ព័ត៌មាន​និងសោតទស្សន៍​ដទៃទៀត ដែលបាន​ទទួល​អាជ្ញាបណ្ណ​ពីក្រសួង​ព័ត៌មាន​រួចហើយ ត្រូវធ្វើ​របាយការណ៍​អំពី​ស្ថានភាព​អាជីវកម្ម​របស់​ខ្លួន ដែលកំពុង​ដំណើរការ ឬមិនដំណើរការ និងចំនួន​បុគ្គលិក កម្មករ​យោជិត​នៅតាម​អង្គភាព​នីមួយៗ ឱ្យបាន​ច្បាស់លាស់ រួចផ្ញើ​មកអគ្គនាយកដ្ឋានព័ត៌មាន​និងសោតទស្សន៍ ចាប់ពីថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ជាកំហិត។ ក្រសួងព័ត៌មាន​នឹងចាត់​មន្ត្រី​ជំនាញ​ចុះធ្វើការ​ពិនិត្យផ្ទៀងផ្ទាត់​ទិន្នន័យ​បច្ចុប្បន្នភាព​ជាក់ស្តែង ដែលម្ចាស់​អង្គភាព​អាជីវកម្ម​នីមួយៗបានផ្ញើ​មកក្រសួង​ព័ត៌មាន។

 សេចក្តី​ជូនដំណឹង​សង្កត់ធ្ងន់​ថា ក្រសួង​ព័ត៌មាន នឹង​លុប​អាជ្ញាបណ្ណ​អាជីវកម្ម​លើវិស័យ​ព័ត៌មាន​និងសោតទស្សន៍ ដោយ​ស្វ័យប្រវត្តិ​ប្រសិនបើ​ម្ចាស់​អាជ្ញាបណ្ណ​មិនដំណើរការ ឬឈប់​ធ្វើអាជីវកម្ម​តាម​លក្ខខណ្ឌ​មួយចំនួន។

រាល់ការផ្តល់​បណ្ណ​សម្គាល់​អ្នកសារព័ត៌មាន ត្រូវចេញ​ដោយ​ក្រសួង​ព័ត៌មាន និងមិនអនុញ្ញាត​ឱ្យប្រើប្រាស់​បណ្ណ​ដែលចេញ​ដោយអង្គភាព​សារព័ត៌មាន​ទៀតឡើយ។ ក្រសួង​តម្រូវ​ឱ្យ​អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវស្នើ​សុំ​ប្តូរ​បណ្ណ​សម្គាល់ថ្មី។

សម្រាប់​នីតិវិធី​ក្នុងការផ្ដល់​បណ្ណ​សម្គាល់​អ្នកសារព័ត៌មាន ក្រសួង​នឹងរៀបចំ​ចេញ​បណ្ណតាម​ប្រព័ន្ធ​អនឡាញ​ដោយភ្ជាប់មក​ជាមួយ QR Code បង្ហាញ​ទិន្នន័យ​អត្តសញ្ញាណ​បុគ្គល​ជាអ្នក​សារព័ត៌មាន ដែលអាច​ស្កេន​បានតាមរយៈ​ថ្នាល់ផ្ទៀងផ្ទាត់​ឯកសារ ដើម្បី​ចៀសវាង​ការក្លែងបន្លំ​បណ្ណសម្គាល់​អ្នកសារព័ត៌មាន និងអាចគ្រប់គ្រង​ទិន្នន័យ​អ្នកសារព័ត៌មាន​បានច្បាស់លាស់។ នេះបើ​តាមសេចក្តី​ជូនដំណឹង​ខាងលើ៕