រដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក បានឯកភាពគ្នាលើកិច្ចសហការរវាងប្រទេសទាំងពីរ ដើម្បីឆ្លើយតបការបង្ក្រាប និងសង្គ្រោះនៃការជួញដូរមនុស្ស ជាពិសេសបណ្តុះបណ្តាលពង្រឹងសមត្ថភាពក្នុងការអនុវត្តទៅដល់សមត្ថកិច្ចគ្រប់ផ្នែកដែលពាក់ព័ន្ធ ដើម្បីយល់ដឹង និងសហការគ្នាកាន់តែល្អប្រសើរ លើការកំណត់អត្តសញ្ញាណការបង្ក្រាប សង្គ្រោះ ការផ្តន្ទាទោស ការផ្តល់សេវា និងសមាហរណកម្មជនរងគ្រោះ ឱ្យបានកាន់តែល្អប្រសើរ។
ការឯកភាពនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងលោកស្រី ស៊ិនឌី ដាយ័រ (Ms. Cindy Dyer) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំការិយាល័យត្រួតពិនិត្យ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅក្រសួងការបរទេសសហរដ្ឋអាមេរិក និងជាអ្នកទទួលបន្ទុកសរសេររបាយការណ៍វាយតម្លៃប្រចាំឆ្នាំ។ នេះបើយោងតាមក្រសួងមហាផ្ទៃបានបង្ហោះខ្លឹមសារនៃជំនួប កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣។
នាឱកាសនោះ លោកស្រី ជូ ប៊ុនអេង បានលើកឡើងពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជាសេនាធិការ និងជាយន្តការអន្តរក្រសួង ស្ថាប័ន និងបើកទូលាយ ក្នុងកិច្ចសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន និងបានទទួលលទ្ធផលគួរឱ្យកត់សម្គាល់។
លោកស្រីបន្តថា កិច្ចពិភាក្សានៅពេលនេះ គឺជាជំហាននៃការរីកចម្រើនក្នុងកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្នុងបរិបទការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
ជាការឆ្លើយលោកស្រី ស៊ិនឌី ដាយ័រ បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ឱកាសឱ្យលោកស្រីបានមកជួបពិភាក្សាដោយផ្ទាល់ជាមួយក្រសួង ស្ថាប័នជំនាញសំខាន់ៗ និងអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដែលធ្វើឱ្យលោកស្រីយល់កាន់តែច្បាស់អំពីស្ថានភាពពិតនៅកម្ពុជា។
លោកស្រីបញ្ជាក់ថា៖ «មុននឹងមកដល់កម្ពុជា លោកស្រីបានជួបពិភាក្សា និងសិក្សាស្វែងយល់ពីប្រទេសមួយចំនួន ដែលលោកស្រីកត់សម្គាល់ឃើញថា ភាពប្រឈមនឹងបទល្មើសជួញដូរមនុស្សតាមប្រព័ន្ធអនឡាញនេះ មានភាពស្មុគស្មាញ ប្រហាក់ប្រហែលគ្នា។ ហើយលោកស្រីក៏ទទួលស្គាល់ថា នេះជាបទល្មើសបែបថ្មី ដែលប៉ះពាល់ទៅគ្រប់ប្រទេស មិនមែនតែកម្ពុជានោះទេ»។
ជាមួយគ្នានោះ លោកស្រីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបើកទូលាយឱ្យមានកិច្ចសហការ ដើម្បីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងបានសន្យាថានឹងពិនិត្យឡើងវិញនូវការវាយតម្លៃដែលធ្វើឡើងកន្លងមកនេះ និងខិតខំបន្តប្រមូលទិន្នន័យឱ្យបានពេញលេញ។
គួររំឭកថា ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣ បានចេញផ្សាយរបាយការណ៍ស្តីពីការជួញដូរមនុស្ស ដោយផ្តោតទៅលើពលកម្មដោយចាប់បង្ខំ និងការជួញដូរក្មេងប្រុស ដែលបានកើនឡើងគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបង្ហាញថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេសចំនួន ២៤ ដែលជាប់ចំណាត់ថ្នាក់ កម្រិតទី៣ ដែលជាចំណាត់ថ្នាក់ដ៏អាក្រក់បំផុត ដោយសារមិនបានប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការជួញដូរ។
ទោះជាបែបនេះក្តីរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបភ្លាមៗ និងបានចាត់ទុករបាយការណ៍របស់សហរដ្ឋអាមេរិកនេះ មិនបានឆ្លុះបញ្ចាំងពីការពិត ខណៈកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការជួញដូរមនុស្សយ៉ាងសកម្មបំផុត៕