ស្ថាប័នមានសមត្ថកិច្ច ដាក់ចេញនូវវិធានការណែនាំមួយចំនួន ដើម្បីរក្សាទឹកទូទាំងប្រទេស ខណៈនឹងមានបាតុភូតឡើងកម្តៅនៅចុងឆ្នាំនេះ និងបានអំពាវនាវអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមចាត់វិធានការ សហការថែរក្សាទឹកទុកឱ្យបានល្អ និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្សព្វផ្សាយឡើងវិញ នូវសេចក្តីជូនដំណឹងស្តីពីការចាត់វិធានការថែរក្សាទឹកទុកនៅទូទាំងប្រទេស របស់ក្រសួងធនធានទឹកនិងឧតុនិយម ដោយបញ្ជាក់ថា យោងតាមការព្យាករអាកាសធាតុលើកទី៣សម្រាប់ឆ្នាំ ២០២៣ និងការតាមដាននូវការវិវត្តនៃស្ថានភាពអាកាសធាតុជាសកល តំបន់ បាតុភូតអែលនីណូ (El Nino) បានបង្កើនឥទ្ធិពលជាសកល ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ ២០២៣ ដែលមានអត្រាមធ្យមភាគ អែលនីណូនឹងកើនឡើងដល់ ១០០ ភាគរយ និងធ្វើឱ្យមានការកើនឡើងកម្ដៅ ១ អង្សាសេ។ ដោយឡែកនៅកម្ពុជាទទួលរងនូវបាតុភូត អែលនីណូ (El Nino)នេះប្រមាណ ៣០ ភាគរយ។
ក្រសួងធនធានទឹកបញ្ជាក់ថា ក្នុងអំឡុងពេលនេះ កម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធ នៃសម្ពាធខ្ពស់ ពីប្រទេសចិនជាមួយនឹងការចាប់ផ្តើមទទួលនូវរបបខ្យល់មូសុងឦសាន ហើយខ្យល់ចាប់ផ្តើម បក់មកពីទិសខាងជើង អាកាសធាតុ ចាប់ផ្តើមក្តៅ ដែលជាសញ្ញានៃការបញ្ចប់រដូវវស្សា។
លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី ១៨ ខែវិច្ឆិកានេះថា តាមរយៈសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនេះ ទើបគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អំពាវនាវជាថ្មីបងប្អូនប្រជាពលរដ្ឌ រួមទាំងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តតាមការជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម។
លោកបានបញ្ជាក់ថា៖ «ដូចយើងដឹង នៅក្នុងសេចក្តីជូនដំណឹងនេះ បានស្នើឱ្យពលរដ្ឋចូលរួមចាត់វិធានការ សហការថែរក្សាទឹកទុកឱ្យបានល្អ និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេស បណ្តាតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក»។
សូមជម្រាបថា ក្រសួងធនធានទឹក បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធរួមទាំងពលរដ្ឋផងនោះ ពិនិត្យ និងវាយតម្លៃលើសក្ដានុពលទឹកដែលមាន ហើយត្រូវរៀបចំផែនការប្រើប្រាស់ទឹកជាពីរផ្នែកសំខាន់ៗ ទី១ សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ (អាទិភាព) ទី២) សម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រូវរដូវប្រាំងអាចធ្វើបានតែ ១ ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២ បើទោះបីទឹកនៅបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនមានទឹកធម្មជាតិក៏ដោយ៕