​រដ្ឋាភិបាល​អូស្ត្រាលី បាននិងកំពុង​ជួយ​រុញ​កម្ពុជា​ឱ្យសម្រេចបាន​នូវ​ចក្ខុវិស័យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ ប្រកបដោយ​ភាព​ធន់ បរិ​យាប​ន្ន និង​និរន្តរភាព តាមរយៈ​ការគាំទ្រ និង​គម្រោង​អភិវឌ្ឍន៍​នានា​របស់ខ្លួន​។​
 
​យោងសេចក្តី​ប្រកាស​ព័ត៌មាន​រួម ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១៧ ​ខែវិច្ឆិកា បានឱ្យដឹងថា តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដ៏​ធំ​របស់​ប្រទេស​អូស្ត្រាលី​គឺ កម្មវិធី​ភាពជា​ដៃគូ កម្ពុជា​-​អូស្ត្រាលី សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​ធន់ (CAPRED) កំពុងធ្វើការ​ជា​ដៃគូ​ជាមួយ​ក្រុម​អ្នកស្រាវជ្រាវ​កម្ពុជា​សំខាន់ៗ មកពី​វិទ្យាស្ថាន​បណ្តុះបណ្តាល និង ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ឧបសគ្គ​មួយចំនួន​។ 


​ក្នុង​សេចក្តីប្រកាស​នេះ ក៏បាន​លើក​ឡើងជា​សំណួរ​ថា តើ​ការរីកលូតលាស់​សេដ្ឋកិច្ចកម្ពុជា​អាច​កើតមានឡើង​ប្រកបដោយ​ភាព​ធន់ បរិ​យាប​ន្ន និង​និរន្តរភាព​បាន​ដោយ​របៀប​ណា​? តើ​មាន​ឧបសគ្គ និង​កាលានុវត្តភាព​អ្វីខ្លះ​នាពេលខាងមុខ ខណៈដែល​កម្ពុជា​ចង់​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​?
 
​គួររំឭកថា គំនិត​ផ្តួចផ្តើម​រួម​លើ​ការសិក្សា​ស្រាវជ្រាវ​ស្តីអំពី «​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​ ២០៣០" ការវាយតម្លៃ​លើ​គោលដៅ​កម្ពុជា ក្នុងការ​ប្រែក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ សម្រាប់​ការរីកចម្រើន​ប្រកបដោយ​ភាព​ធន់ បរិ​យាប​ន្ន និង​និរន្តរភាព ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ដោយ​ឆ្លើយតប​នឹង​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទៅកាន់​វិទ្យាស្ថាន CDRI ក្នុងអំឡុង​សន្និសីទ​ចក្ខុវិស័យ​ប្រចាំឆ្នាំ​របស់​កម្ពុជា កាលពី​ខែតុលា ឆ្នាំ​ ២០២២​។ 

ការសិក្សា​ស្រាវជ្រាវ​នេះ កំពុង​វាយតម្លៃ​ទៅលើ​សក្តានុពល​កំណើនរ​យៈ​ពេល​វែង​របស់​កម្ពុ​ជា និង​កំណត់​គោលនយោបាយ​នានា​ដ៏​ល្អប្រសើរ ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ឱ្យសម្រេចបាន​នូវ​ភាព​រីកចម្រើន​ប្រកបដោយ​ភាព​ធន់ បរិ​យាប​ន្ន និង​និរន្តរភាព​។​
 
​វិទ្យាស្ថាន CDRI បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់ ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​មកពី​ខាង​រាជរដ្ឋាភិបាល​កម្ពុជា ដៃគូ​អភិវឌ្ឍន៍ សមាគម​ធុរកិច្ច វិទ្យាស្ថាន​ស្រាវជ្រាវ និង​សង្គម​ស៊ីវិល​។ 
 
​ក្រៅពី​ការប្រមូល​ទិន្នន័យ និង​ការវិភាគ CDRI ក៏​កំពុង​ពិនិត្យឡើងវិញ​ទៅលើ​គោលនយោបាយ​ស៊ីជម្រៅ និង​ពិចារណា​លើ​ផលប៉ះពាល់​សង្គម ដូចជា ការចូលរួម​ពី​ផ្នែក​យេនឌ័រ និង​ផលប៉ះពាល់​លើ​អាកាសធាតុ​ដែល​ជះឥទ្ធិពល​ដល់​ការរីកលូតលាស់​នេះ​។ 


​លោក ចា​ស្ទី​ន វ៉ា​យ​អេ​ត ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍​នៅក្នុង​សេចក្តីប្រកាស​រួម​ថា «​ប្រទេស​កម្ពុជា​បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​វិបត្តិ​សកល​ដែល​កើតឡើង​នាពេល​ថ្មីៗ​នេះ រួមមាន ជំងឺ​រាតត្បាត​កូ​វីដ ​១៩ និង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ការស្រាវជ្រាវ​នេះ មាន​សារៈសំខាន់​ក្នុងការ​បង្ហាញ​ពី​របៀប​ដែល​កម្ពុជា អាច​ត្រលប់មក​ស្ថានភាព​បច្ចុប្បន្ន​វិញ និង​ការ​ជម្នះ​រាល់​ឧបសគ្គ​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០»​។​
 
​ជាមួយគ្នានេះ​លោកស្រី អេង នេត្រា នាយិការ​ប្រតិបត្តិ នៃ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា មានប្រសាសន៍​ដែរ​ថា ប្រទេស​កម្ពុជា​កំពុង​ឈរ​នៅ​ចំនុច​សំខាន់​មួយ​ក្នុង​ការធ្វើ​បរិវត្ត​កម្ម នៃ​ការអភិវឌ្ឍ​រយៈពេល​វែង​របស់ខ្លួន​។

លោកស្រី​បន្តថា នៅពេលដែល​យើង​ឆ្លងកាត់​នូវ​ភាពស្មុគស្មាញ​នៃ​ពិភពលោក​ក្រោយ​ជំងឺ​រាតត្បាត វិទ្យាស្ថាន CDRI នៅតែ​បន្ត​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ដំណើរការ​សកម្មភាព​សិក្សា​ស្រាវជ្រាវ និង​វិភាគ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ និង​ស៊ីជម្រៅ ដើម្បី​រួមចំណែក​ដល់​ការកសាង​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រទេស​ឱ្យមាន​ចីរភាព​។  
 
​លោកស្រី​បាន​បញ្ជាក់ថា​៖ «​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០៣០ បង្កប់​នូវ​មហិច្ឆតា​ដ៏​ជ្រាលជ្រៅ និង​ចក្ខុវិស័យ​នៃ​អនាគត​ដ៏​រុងរឿង​។ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ យើង​ខិតខំ​ផ្តល់នូវ​ការវិភាគ​ប្រកបដោយ​ភាព​ឯករាជ្យ ស៊ីជម្រៅ គុណភាព​ខ្ពស់ និង​មាន​ឥទ្ធិពល ដើម្បី​តម្រង់ផ្លូវ​ប្រទេស​កម្ពុជា​ឆ្ពោះទៅរក​គោលដៅ​របស់ខ្លួន ស្របពេល​មានការ​ផ្លាស់ប្តូរ​ទិដ្ឋភាព ក្នុង​តំបន់ និង​ពិភពលោក​»​។​
 
​ការរកឃើញ​ជាបឋម​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ នឹង​លើក​យកមក​ពិភាក្សា​ក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​នាពេលខាងមុខ​នេះ នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខណៈដែល​របាយការណ៍​ស្រាវជ្រាវ​ចុងក្រោយ​នឹង​ត្រូវបាន​ផ្សព្វផ្សាយ​នៅក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ ២០២៤៕​