ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បានស្នើ​សុំ​អង្គការ​យូណេស្កូ បញ្ជូន​អ្នកជំនាញ​បច្ចេកទេស ដើម្បី​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជា​ពី​ការងារ ការប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​វត្ថុ​បុរាណ ការត្រៀម​រៀបចំ​ចុះបញ្ជី​និង​ការការពារ បេតិកភណ្ឌ​នូវ​មរតក​រូបី​និង​អរូបី ជាដើម​។​


ព្រះរាជសំណើ​របស់​ព្រះករុណា ព្រះមហាក្សត្រ​នេះ ទ្រង់​បានលើកឡើង​នៅ​អំឡុង​ពេលដែល​ព្រះអង្គ បាន​យាង​ចូលរួម​នៅក្នុង​សន្និសីទ​អន្តររដ្ឋាភិបាល​លើក​ទី​៤ ស្ដីពី​អង្គរ ទីក្រុង​ប៉ារីស ថ្ងៃទី​ ១៥ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ តប​តាម​ការ​សូម​យាង​របស់​លោកស្រី អូ​ដ្រេ អា​ហ្ស៊ី​ឡាយ (Audrey Azoulay) អគ្គនាយិកា​អង្គការ យូណេស្កូ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ១៧ ខែវិច្ឆិកា ឆ្នាំ ​២០២៣​។​

នៅក្នុង​ជំនួប​សវនាកា​រ​មុន​ពិធី​បើក​សន្និសីទ​នេះ ព្រះករុណា ព្រះមហាក្សត្រ បាន​មាន​ព្រះរាជបន្ទូល ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ​យូណេស្កូ ដែល​បានផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ នាពេល​កន្លងមក​។ 


ព្រះមហាក្សត្រ បាន​គូសបញ្ជាក់​នូវ​តួនាទី​យ៉ាងសំខាន់​របស់​អង្គការ​យូណេស្កូ នៅ​កម្ពុជា និង​ជោគជ័យ​នៃ​យន្តការ​អន្តររដ្ឋាភិបាល​ស្ដីពី​ការអភិរក្ស​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​តំបន់​អង្គរ (ICC Angkor) ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៣ ក្រោម​ព្រះរាជតម្រិះ​ផ្តួចផ្តើម និង​ព្រះរាជ​អំពាវនាវ របស់ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ «​ព្រះ​បរម​រតន​កោដ្ឋ​»​។​

​ព្រះមហាក្សត្រ បាន​មាន​ព្រះរាជបន្ទូល​ទៀតថា គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ផ្តោតទៅលើ​ការអប់រំ និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស ជាពិសេស លើ​ជំនាញ​ដូនតា​ខ្មែរ ការប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​វត្ថុ​បុរាណ ការត្រៀម​រៀបចំ​ចុះបញ្ជី បេតិកភណ្ឌ​នូវ​មរតក​រូបី​និង​អរូបី​របស់​កម្ពុជា​នាពេល​អនាគត ការបង្កើត​ក្របខ័ណ្ឌ​ច្បាប់​ដើម្បី​រក្សា​ការពារ នូវ​តម្លៃ​អង្គរ ការប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ និង​បាន​ស្នើសុំ​អង្គការ​យូណេស្កូ​បញ្ជូន​អ្នកជំនាញ​បច្ចេកទេស​មក​កម្ពុជា ដើម្បី​ផ្ដល់​ការគាំទ្រ​និង​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​ទាំងនេះ​។​


​ជា​កិច្ច​ឆ្លើយតប លោកស្រី អូ អា​ហ្ស៊ី​ឡាយ បាន​គាំទ្រ​ព្រះរាជសំណើ​ទាំងឡាយ​របស់ ព្រះករុណា ព្រះមហាក្សត្រ ព្រមទាំង​ប្ដេជ្ញា​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា ដែលជា​សមត្ថភាព និង​ជា​កាតព្វកិច្ច​របស់​អង្គការ​យូណេស្កូ ដើម្បី​លើកកម្ពស់​គុណ​តម្លៃ​នៃ​បេតិកភណ្ឌ​មនុស្សជាតិ ថែរក្សា​ការពារ សហគមន៍​មូលដ្ឋាន រក្សា​លំនឹង​រំហូរ​ទេសចរ​តាមរយៈ​ការគ្រប់គ្រង​ឆ្លាត​វៃ ក៏ដូចជា​ថែរក្សា​នូវ​តម្លៃ​សក្ការៈ​នៃ​រមណីយដ្ឋាន​ប្រាសាទ​អង្គរ និង​តំបន់​បេតិកភណ្ឌ​ផ្សេងៗ​ទៀត​។​

បន្ទាប់មក នា​ពិធី​បើក​សន្និសីទ​អន្តររដ្ឋាភិបាល​លើក​ទី​៤​ស្ដីពី​អង្គរ នៅក្នុង​ព្រះរាជ​សុន្ទរកថា​គន្លឹះ ទ្រង់​បាន​ថ្លែងអំណរគុណ​ចំពោះ​សហប្រធាន​បារាំង និង ជប៉ុន ព្រមទាំង​ប្រទេស​សមាជិក​ទាំងអស់ (ICC Angkor ជាពិសេស សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ សាធារណរដ្ឋ​ប្រជាមានិត​ចិន សាធារណរដ្ឋ​កូរ៉េ សាធារណរដ្ឋ​ឥណ្ឌា សាធារណរដ្ឋ​ម៉ី​តា​លី សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស និង​អង្គការ​យូណេស្កូ ដែល​បាន​ផ្តល់នូវ​គំរូ​នៃ​ការអនុវត្ត​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​ដ៏ អស្ចារ្យ​ប្រកបដោយ​ប្រសិទ្ធភាព និង​សាទរ​ការបន្ត​អាណត្តិ​របស់​គណៈកម្មាធិកា​រ​សម្របសម្រួល​អន្តរ​ជាតិ ក្នុង​ទម្រង់​បច្ចុប្បន្ន​សម្រាប់​រយៈពេល​ ១០​ ឆ្នាំ​បន្តទៀត​។

ព្រះករុណា ព្រះមហាក្សត្រ ក៏បាន​សព្វព្រះរាជហឫទ័យ​ថ្លែង​ព្រះរាជបន្ទូល​ស្វាគមន៍​ចំពោះ​សេចក្តីសម្រេច​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ដែល​បានបង្ហាញ​ពី​ឆន្ទៈ​យ៉ាង​មោះមុត​ក្នុង​ការផ្តល់​អាទិភាព លើ​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅក្នុង​ផែនការ​សកម្មភាព​រប​ស់រាជ​រដ្ឋាភិបាល និង​បាន​អំពាវនាវ​ដល់​អង្គការ​យូណេស្កូ​ឱ្យចូល​រួមចំណែក​ក្នុងការ​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ថ្មីៗ​៕