ក្រសួងបរិស្ថាន និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឯកភាពធ្វើការរៀបចំ នីតិវិធីប្រតិបត្តិស្ដង់ដា (SOP) សម្រាប់ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីធានាដល់ការគ្រប់គ្រងឱ្យបានគង់វង្សនូវព្រៃឈើ សត្វព្រៃ ព្រមទាំងធនធានធម្មជាតិដទៃទៀត។
ការឯកភាពនេះ ធ្វើឡើងក្នុងពេលលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបពិភាក្សាការងារជាមួយ លោក សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅឯបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣។ នេះបើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន។
ប្រភពដដែលបានឱ្យដឹងថា បន្ទាប់ពីកិច្ចពិភាក្សា និងមានការឯកភាពនូវគោលគំនិត គោលជំហររឹងមាំ ក្នុងកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរួចមក លោក អ៊ាង សុផល្លែត អមដំណើរដោយ លោក សៅ សុខា និងសហការី បានធ្វើការត្រួតពិនិត្យកម្លាំងកងរាជអាវុធហត្ថ និងគ្រឿងបំពាក់មធ្យោបាយ ដែលត្រៀមសម្រាប់កិច្ចអន្តរាគមន៍ទូទាំងប្រទេស។
នាឱកាសនោះ សៅ សុខា បានលើកឡើងថា៖«កងរាជអាវុធហត្ថបានត្រៀមកម្លាំង មធ្យោបាយ សម្រាប់អន្តរាគមន៍តាមការស្នើសុំពីក្រសួងមានសមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត ក្នុងករណីមានបទល្មើសមានការលំបាកដែលក្រសួងជំនាញ ឬអាជ្ញាធរដែនដីមិនអាចបង្ក្រាបឬទប់ស្កាត់បាន ដោយសារខ្វះកម្លាំង ឬមធ្យោបាយ។ល។ »។
លោក សៅ សុខា ធ្លាប់សង្កត់ធ្ងន់ថា ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ មិនមានការយោគយល់ឬលើកលែងនោះឡើយគឺរាល់បទល្មើសត្រូវតែបង្ក្រាប ហើយអំពើល្អត្រូវតែការពារ។ លោកថា៖«រាល់អន្តរាគមន៍របស់មន្ត្រីណាក៏ដោយរាប់ទាំងអ្នកមានបុណ្យស័ក្តិ អ្នកមានលុយ និងអ្នកណាយកឈ្មោះមេដឹកនាំទៅប្រើ លោកស្នើសុំឱ្យកត់ឈ្មោះ និងរាយការណ៍ជូនមកគណៈកម្មការជាតិ ដើម្បីជាមូលដ្ឋានក្នុងការបង្ក្រាប និងរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលចាត់វិធានការតាមផ្លូវច្បាប់ ព្រោះទាំងអស់គ្នាត្រូវស្មើមុខចំពោះច្បាប់»។
«ចាប់ពីពេលនេះតទៅ យើងនិយាយពីការអនុវត្តច្បាប់ មិនអាចយកលេសថា មានបងប្អូនជាអ្នកធំនេះ ឬអ្នកធំនោះ ...មើលច្បាប់ទៅ បើចង់ចាញ់ឈ្នះ ទៅប្តឹងផ្តល់គ្នានៅក្នុងតុលាការ។ ចំពោះមធ្យោបាយប្រព្រឹត្តបទល្មើស ត្រូវតែចាប់យកមករក្សាទុក និងរឹបអូសតាមច្បាប់ ទុកជាទ្រពសម្បត្តិរដ្ឋទាំងអស់។
បើត្រឹមត្រូវយើងត្រូវការពារ ខុសប្រឆាំងដាច់ខាត ដើម្បីការពារថែរក្សាធនធានធម្មជាតិយើងរួមទាំងព្រៃឈើដីព្រៃឱ្យនៅគង់វង្សរាប់ជំនាន់។ សូមស្នើគ្រប់ខេត្តទាំងអស់ ធ្វើការផ្សព្វផ្សាយបញ្ហានេះឱ្យបានច្បាស់»។ នេះការបញ្ជាក់បន្ថែមរបស់លោក សៅ សុខា។
គួររំឭកថា លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ បានសម្រេចបង្កើតគណៈកម្មការជាតិទប់ស្កាត់បង្ក្រាប បទល្មើសធនធានធម្មជាតិតាមរយៈសេចក្តីសម្រេចលេខ ១២៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រីកវិសាលភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិទូទាំងប្រទេស។
ជាមួយគ្នានេះ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អាណត្តិទី៧ ក៏បានសម្រេចជាគោលការណ៍ គឺចំពោះមុខរក្សាគ្រប់យន្តការ ដែលមានស្រាប់ និងពង្រឹងការអនុវត្តរាល់សារាចរណែនាំរបស់រាជរដ្ឋាភិបាលជាធរមាន ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
បើតាមសេចក្តីសម្រេចនេះ គណៈកម្មការនេះមានភារកិច្ច ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដូចជា ការកាប់ព្រៃឈើ ការដឹកឈើ និងការនាំចេញ ឈើខុសច្បាប់ ការចាប់សត្វព្រៃ និងការនាំចេញសត្វព្រៃខុសច្បាប់ ការកាប់រានទន្ទ្រានយកដីរដ្ឋ ព្រមទាំងការរុករករ៉ែដោយខុសច្បាប់នៅទូទាំងប្រទេស៕