អគ្គស្នងការរងនគរបាលជាតិ ជំរុញឱ្យមន្ត្រីនគរបាលជំនាញ ដែលទទួលបានការបណ្តុះបណ្តាលពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ ខិតខំធ្វើយ៉ាងណាឱ្យបទល្មើសមានការថយចុះ តាមរយៈបង្កើនសមត្ថភាព ប្រសិទ្ធភាព ក្នុងការគ្រប់គ្រង តាមដាន និងកសាងវិធានការទប់ស្កាត់បទល្មើស។
ក្នុងពិធីបិទវគ្គបំប៉នជំនាញ ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌ E-Crime ដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត កាលពីថ្ងៃទី ១៧ ខែវិចិ្ឆកា អគ្គស្នងការរងនគរបាលជាតិ លោក ឆាយ គឹមខឿន បានថ្លែងទៅកាន់សិក្ខាកាមទាំងអស់ត្រូវសហការគ្នា ខិតខំធ្វើយ៉ាងណាឱ្យបទល្មើសមានការថយចុះ ត្រូវគ្រប់គ្រងនិងតាមដានទិន្នន័យ ក្នុងការបម្រើឱ្យការវិភាគឧក្រិដ្ឋវិទ្យា ដើម្បីឈានដល់ការបង្ក្រាបបទល្មើស។ នេះបើតាមហ្វេសប៊ុករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក ឆាយ គឹមខឿន ថ្លែងថា៖ «ជាទូទៅឯកទេសជំនាញរបស់នគរបាលយុត្តិធម៌ គឺត្រូវមានជំនាញមួយដែលជាជំនាញគន្លឹះផ្នែកឧក្រិដ្ឋវិទ្យាក្នុងការតាមដានស៊ើបអង្កេតបទល្មើសឧក្រិដ្ឋធំៗ និងត្រូវប្រើប្រាស់បញ្ញាញាណ ទេពកោសល្យ បច្ចេកទេសបូករួមនិងទ្រឹស្តី របស់នគរបាលកោសល្យវិច័យបច្ចេកទេសវិទ្យាសាស្ត្រជាមូលដ្ឋានផងដែរ ដើម្បីបំពេញនីតិវិធីបញ្ជូនជនសង្ស័យទៅកាន់តុលាការ»។
ក្នុងឱកាសនោះ លោកក៏ណែនាំដល់ស្នងការរងរាជធានី-ខេត្តត្រូវយកចំណេះជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលទៅបង្ហាត់បង្រៀនដល់បងប្អូនបន្ត ហើយបើមានចំណុចណាមិនទាន់ច្បាស់លាស់ អាចទំនាក់ទំនងសួរនាំពីគ្រូឧទ្ទេសផ្ទាល់។
សូមបញ្ជាក់ថា វគ្គបំប៉នជំនាញស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌ (E-Crime) នេះមានរយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលមានសិក្ខាកាមជាមន្ត្រីនគរបាលជាតិមកពីបណ្តានាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន ១៧៤ រូប(ស្រី ២៣ រូប)។
ពាក់ព័ន្ធកិច្ចការសន្តិសុខនេះដែរ លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការកែសម្រួលសមាសភាពថ្នាក់ដឹកនាំ និងក្រុមចំណុះលេខាធិការដ្ឋានសម្រាប់គាំទ្រការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣។
ដើម្បីឆ្លើយតបជាមួយនឹងស្ថានភាពបច្ចុប្បន្នទាំងអស់នេះ និងសុវត្ថិភាពរបស់សង្គម រាជរដ្ឋាភិបាល បានដាក់ចេញនូវលក្ខណសម្បត្តិនៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយមានលក្ខណសម្បត្តិចំនួន ៧ចំណុចរួមមាន ១ ការផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ២ គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ៣ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ៤ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងក្មេងទំនើង។ លក្ខណសម្បត្តិទី ៥ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព ៦ មានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ និង ៧ ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕