ភ្នំពេញៈ មន្រ្តីជំនាញនៃ​អាជ្ញាធរ​មីន តែងតែ​​​ចុះ​ផ្សព្វ​ផ្សាយ អប់​រំ​ទៅ​ដល់​ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​សហ​គមន៍​នៅ​តាម​តំបន់​រង​ផល​ប៉ះ​ពាល់​ខ្ពស់ ឱ្យ​យល់​ដឹ​ង​ពី​គ្រោះ​ថ្នាក់​ដោយ​សារ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ ខណៈ​ដែ​ល​ការ​ផ្សព្វ​ផ្សាយ​នេះ គ្រោងធ្វើ​​ទៅ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ចំនួន ១,៤​លាន​នាក់​។


លោកទេសរដ្ឋមន្រ្តី​ លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ១៩ ខែ​វិច្ឆិកា​ថា ការ​ផ្សព្វ​ផ្សាយ​អប់​រំ​នេះ ​​អាជ្ញាធរ​មីន​បាន​ចុះ​ផ្ទាល់ ដោយ​កំណត់​នៅ​តាម​សហគមន៍​ដែល​រ​ង​ផល​ប៉ះ​ពាល់​ខ្ពស់​ដោយ​សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ឆ្នាំ​ ២០២៣​ នេះ អាជ្ញាធរមីន​បាន​កំណត់​តំបន់​សហគមន៍​ដែល​រង​ផល​ប៉ះ​ពា​ល់​ខ្ពស់​ដែល​ត្រូវ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អប់​រំ​ឱ្យ​យល់​ដឹង​អំពី​គ្រោះថ្នាក់​ដោយ​សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៅ​ក្នុង​ខេត្ត​គោលដៅ​មួយ​ចំនួន​រួម​មាន​៖ ព្រះវិហារ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​​ពោធិ៍សាត់​ជា​ដើម​។
 
ជាមួយគ្នា ​លោក​ក៏បានបញ្ជាក់ដែរ​ថា កម្ម​វិធី​អប់​រំ​ឱ្យ​មាន​ការ​យល់​ដឹង​ពី​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក៏​ត្រូវ​បា​ន​រៀប​ចំ​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​សិស្សានុសិស្ស​ចាប់​ពី​បឋម​សិក្សា រហូត​ទៅ​ដល់​អនុវិទ្យាល័​យ និ​ង​មហាវិទ្យាល័យ​ផង​ដែរ​។


លោកបាន​​មានប្រសាសន៍​​ថា៖​ «​អ៊ីចឹង​! ការ​អប់​រំ​យល់​ដឹង​​ពី​គ្រោះថ្នាក់​ដោយ​សារ​មីន​នេះ គឺ​បាន​ធ្វើ​ជា​ប្រ​ចាំ​​ហើយ​ពី​សំណាក់​លោកគ្រូ​អ្នកគ្រូ​ទៅ​តាម​កម្មវិធី​សិក្សា​អប់​រំ​របស់​គាត់​ហ្នឹង ​ហើយ​ដោយ​ឡែក​យើង​ក៏​បា​ន​ចុះ​ផ្សព្វ​ផ្សាយ​អប់​រំ​នៅ​តាម​ភូមិ​បន្ថែម​ទៀត នៅ​ពេល​មាន​ប្រតិបត្តិករ​ចុះ​មក​បោស​​សម្អាត​មីន​ម្ដងៗ​»​។

បើ​តាម​លោក លី ធុជ បញ្ជាក់​ថា ក្នុង​ឆ្នាំ​នេះ អាជ្ញាធរមីន ​គ្រោង​ផ្សព្វ​ផ្សាយ​ដល់​ប្រជាពលរដ្ឋ​សិស្សា​នុសិស្ស និង​សហគមន៍​នៅ​តាម​តំបន់​គោលដៅ​ដែល​រង​ផល​ប៉ះ​ពាល់​ខ្ពស់ ឱ្យ​បាន​ចំនួន ១,៤​ លាន​នាក់​។


លោក​ថា​៖ «​ដូច្នេះ​ការ​ងារ​ផ្សព្វ​ផ្សាយ​យល់​ដឹង​អំពី​មីន វា​ជាកិ​ច្ច​ការ​ចាំ​បាច់​មួយ ដែល​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​កម្ពុជា តាម​រយៈ​ការ​មិន​ឱ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​មីនបន្តទៀត​​»​។​

​ទោះបី​កម្ពុជា​គ្រោង​បញ្ចប់​ការ​ងារ​បោសសម្អាត​មីន​ឱ្យ​អស់​នៅ​ត្រឹមឆ្នាំ​​ ២០២៥​ ក៏​ដោយ ប៉ុន្តែ​ការ​ងារ​ផ្សព្វ​ផ្សាយ និង​​អប់​រំ នៅ​តែ​ជា​ការ​ងារ​អាទិភាព​មួយ​ ក្នុង​ការ​ចូល​រួម​ចំណែក​ទប់​ស្កាត់​កាត់​បន្ថយ​ជន​រង​គ្រោះ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់គោ​លដៅ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ពី​គ្រោះថ្នាក់​ដោយ​សារ​​មីន និង​គ្រាប់យុ​ទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​។ នេះបើ​តាម​​លោក លី ធុជ។

សូមបញ្ជាក់ដែរថា កាល​​ពី​ថ្ងៃ​ទី​ ១៧ ខែ​វិច្ឆិកា ​មន្រ្តីនៃ​អាជ្ញាធរ​មីន​ បាន​ចុះ​ផ្សព្វ​ផ្សាយ​អប់​រំ​ការ​យល់​ដឹង​អំពី​គ្រោះថ្នាក់​ដោយ​សារ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ និង​ដំឡើង​​ផ្ទាំង​ប៉ាណូ នៅ​សាលា​បឋម​សិក្សា​កណ្តាល ភូមិ​កណ្តាល ឃុំ​អន្លុង់​រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ក្នុង​គោល​បំណង​ឱ្យ​ប្រជាពលរដ្ឋ សិស្សា​នុសិស្ស  និង​សហគមន៍​យល់​ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​មាន​ជន​រង​គ្រោះ​ថ្នាក់ដោ​យ​សារ​គ្រាប់​ទាំង​នោះ​បន្ត​ទៀត។

ទាក់ទងនឹង​បញ្ហាមីន និង​គ្រាប់មិនទាន់​ផ្ទុះនេះដែរ​ លោក ហេង រតនា អគ្គនាយក​មជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) បាន​ឱ្យសរសេរលើ​ហ្វេសប៊ុក​របស់​លោកកាលពីថ្ងៃទី ​១៦ ខែវិច្ឆិកា​ថា អង្គភាព​ស៊ីម៉ាក់ ​បាន​ត្រៀម​ចាត់​បញ្ជូន​មន្ត្រី​​ ៥ ​រូប​ សម្រាប់​ទៅ​​វគ្គ​ហ្វឹក​ហ្វឺន​​នៅ​ប្រទេស​ជប៉ុន។

លោកបន្តថា ការបញ្ជូននេះ ដើម្បី​ពង្រឹង​សមត្ថភាព​លើ​ការ​រៀប​ចំ​និង​គ្រប់​គ្រង «​សារម​ន្ទីរ​តេជោ​សន្តិភាព» ​​ព្រោះ​សារមន្ទីរនេះ ​ជា​កន្លែង​តាំង​បង្ហាញ​ពិព័រណ៍រូបភាព ខ្លឹមសា​រ​ឯកសារ វត្ថុ​តាង និង​សាក្សី​អម​ជា​មួយ​ប្រវត្តិ​សាស្រ្ត​ឈឺ​ចាប់​ខ្លោច​ផ្សា និង​ការ​បំផ្លិច​បំផ្លាញ​នា​នា​ដោយ​សារ​សង្គ្រាម​ សម្រាប់​​បម្រើ​ការ​អប់​រំ​ផ្ស​ព្វ​ផ្សាយ​ទៅ​កាន់​ស្រទាប់​យុវជន​ជំនាន់​ក្រោយៗ​។

លោក​បញ្ជាក់​ថា​៖ «​គម្រោង​កា​រកសាង​សារ​មន្ទីរ តេជោសន្តិភាព ពិត​ជា​មាន​សារៈ​សំខា​ន់​ណាស់ ដើម្បី​បន្ត​អប់​រំ​ផ្សព្វ​ផ្សាយ​ពី​គុណ​តម្លៃ​នៃស​ន្តិភាព​»​។

លោក​ ហេង រតនា បាន​​លើកឡើង​​ថា ជាក់​ស្តែង​ប្រទេស​ក្នុង​តំបន់​អាស៊ី​មាន​ចំនួន ​១៨ សុទ្ធ​តែ​មាន​សារ​មន្ទីរ​សន្តិ​ភាព​ ក្នុង​នោះ​ប្រ​ទេស​ជ​ប៉ុន​មាន​ចំនួន៨៥​កន្លែង កូរ៉េ​ខាង​ត្បូង​មាន​ចំនួន ២០​ កន្លែង និង​ចិន​មាន​ចំនួន ១៤​ កន្លែង​។
 
លោក​​ថា ​​ការ​អប់​រំផ្ស​ព្វ​ផ្សាយ​ពី​តម្លៃ​សន្តិភាព​ដល់​ស្រទាប់​យុវជន សិស្ស​​និសិ្សត ​បាន​និង​បន្ត​ជំរុញ​យ៉ាង​ខ្លាំង​ក្លា​នៅ​ជប៉ុន​ដោយ​ក្នុង ​១ ​ឆ្នាំៗ​តាម​សារ​មន្ទីរ​សន្តិភាព​នីមួយៗ​ទទួល​បាន​ដំណើរ​ទស្សនកិច្ច​ពីសា​លា​បឋម ឬ​សា​លា​​មធ្យម​សិក្សា​ប្រមាណ​ជាង ២ ០០០​ សាលា​រៀន និង​មាន​អ្នក​ចូលទ​ស្សនា​ជាទូ​​ទៅ​មាន​ចំនួន​ជាង ១ ​លាន​នាក់​៕