ភ្នំពេញៈ​ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​អគ្គ​ស្ថានីយ​វិទ្យុ​ និង​ទូរទស្សន៍​មជ្ឈិម​ចិន រួម​ជា​មួយ​ស្ថានទូត​ចិនប្រចាំ​នៅ​កម្ពុជា​បាន​សហការ​រៀបចំ​ពិធី​សម្ពោធ​ «​ដំណើរ​ភាពយន្ត​ចល័ត​កម្ពុជា​-​ចិន​ ដ៏​ឆ្នើម​លើក​ទី​៧» ឆ្នាំ​ ២០២៣ ដើម្បី​ជំរុញ​ការផ្លាស់ប្ដូរ​លើ​វិស័យ​វប្បធម៌ សិល្បៈ និង​ភាពយន្ត​រវាង​ប្រទេស​ទាំង​​ ២​។​

​ពិធី​សម្ពោធ​ភាពយន្ត​ចល័ត​នេះ ត្រូវបាន​រៀបចំឡើង ​កាលពី​ថ្ងៃទី​ ១៧ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ នៅ​ខេត្តសៀមរាប ​ក្រោម​អធិបតីភាព​លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប​, លោក Hu Jinjun អគ្គនាយករង​នៃ​អគ្គ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​​ចិន និង​លោក Liu Zhijie ប្រធានការិយាល័យ កុងស៊ុល​​ចិន​ប្រចាំ​ខេត្តសៀមរាប ព្រម​ទាំង​វត្តមាន​តំណាង​អង្គភាព​មន្ទីរ និស្សិត និង​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​សរុប​ជាង ​១០០​ នាក់​។​

​យោងតាម​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាល​ខេត្តសៀមរាប​នៅ​ថ្ងៃទី​ ១៨ ខែវិច្ឆិកា បានឱ្យដឹងថា ព្រឹត្តិ​ការណ៍​នេះ​រៀបចំឡើង​ក្នុង​បំណង​ពង្រឹង និង​ផ្លាស់ប្តូរ​វប្បធម៌​រវាង​ចិន និង​កម្ពុជា ក្នុងន័យ​ឱ្យ​ប្រជា​ជនកម្ពុជា​បាន​សិក្សា​ស្វែងយល់​ពី​វប្បធម៌​ប្រពៃណី ប្រវត្តិសាស្ត្រ និង​ស្ថានភាព​បច្ចុប្បន្ន​របស់​ប្រទេស​ចិន ក៏ដូចជា ដើម្បី​អប​អរសាទរ​ខួប​លើក​៦៥ នៃ​ការ​​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ចិន ហើយក៏​ជា​ឆ្នាំ​មិត្តភាព​កម្ពុជា​-​ចិន​ផងដែរ​។​


​លោកស្រី យូ សុភា បាន​ថ្លែងថា ព្រឹ​តិ្ត​ការណ៍​នៃ​ដំណើរ​ភាព​​យន្ត​ចល័ត​កម្ពុជា​-​ចិន នឹង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្គាល់​ចិន​បាន​កាន់តែច្រើន និង​មាន​ទំនាក់​ទំនង​ជាមួយគ្នា​បាន​កាន់តែ​ល្អប្រសើរ​ថែមទៀត ព្រោះថា ភាព​យន្ត​សិល្បៈ​សម្រាប់​ផ្សារភ្ជាប់​វប្បធម៌​ប្រកបដោយ​ប្រសិទ្ធភាព និង​ជា​ភ្នាក់ងារ​ដ៏​សំខាន់​ក្នុងការ​បណ្តុះបណ្តាល​ចិត្ត និង​គំនិត​របស់​មនុស្ស​។​

​លោកស្រី​បន្តថា​៖ «​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​ចិន តាម​ប្រវត្តិ​នៃ​ទំនាក់ទំនង​គឺជា​ប្រទេស​មិត្ត​​ភក្តិ​ដ៏​កម្សត់កម្រ​នឹង​គ្នា​តាំងពី​សម័យ​ចក្រភព​ខ្មែរ​ដ៏​យូរលង់​រហូត​បច្ចុប្បន្ន ដែលមាន​ចម្លាក់​ជា​ភ័ស្តុតាង​នៅលើ​ជញ្ជាំង​នៃ​ប្រាសាទ​បាយ័ន និង​ប្រាង្គ​ប្រាសាទ​មួយចំនួនទៀត ដូច​មាន​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​របស់​ជីវ​តាក្វាន់​»​។​


​លោកស្រី​បាន​បន្ថែមថា ប្រទេស​ទាំង​ ២ ​ក៏​តែង​បាន​ជួយ​គ្នា​ទៅវិញទៅមក ស្ទើរ​គ្រប់​កាលៈទេសៈ​ទាំង​វិស័យសេដ្ឋកិច្ច សង្គម​កិច្ច វប្បធម៌ និង​សាសនា​។  

​តាម​ប្រភព​ដដែល លោក ​Hu Jinjun បាន​ថ្លែងថា ព្រឹត្តិការណ៍​នេះ​មិន​គ្រាន់តែ​ធ្វើឱ្យ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ក្នុង​តំបន់​មាន​ភាព​សម្បូរបែប​ប៉ុណ្ណោះ​ទេ ក៏​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ វប្បធម៌ មនុស្ស​ជាតិ និង​អភិវឌ្ឍន៍​ទំនើប​រវាង​ប្រទេស​ចិន និង​កម្ពុជា​ផងដែរ​។​

​សូម​រំឭកថា កាលពី​ខែតុលា ឆ្នាំនេះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត និង​ប្រធានាធិបតី​ចិន លោក​ ស៊ី ជិន​ភីង ដែល​បាន​ចូល​រួម​វេទិកា​កំពូល ​«​ខ្សែក្រវាត់ និង​ផ្លូវ​»​ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​លើក​ទី៣ ​នា​ប្រទេស​ចិន​ បានចេញ​សេចក្ដី​ប្រ​កាស​រួម​ថា ​«​ឆ្នាំ​ ២០២៤ ជា​ឆ្នាំ​ផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​រវាង​ចិន និង​កម្ពុជា​»​។​

​ជុំវិញ​ការប្រកាស​នេះ លោក Hu Jinjun បានបង្ហាញ​ការជឿ​ជាក់​ថា កិច្ចសហប្រតិបត្តិការ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​ទាំង​ ២ ​នឹង​ត្រូវបាន​ពង្រឹង​ថែមទៀត​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍ នេះ​បានចាប់ផ្ដើម​តាំងពី​ឆ្នាំ​ ២០១៦ ​មក​ម្ល៉េះ ដោយ​ក្រុមការងារ​ចាក់​បញ្ចាំងភាពយន្ត​បាន​ចូល​ជ្រៅ​ទៅគ្រប់​ភូមិ​ស្រុក ក្រុង ខេត្ត នៅ​កម្ពុជា ហើយ​បាន​បញ្ចាំងភាពយន្ត​ជាង ​១០០​ លើក​មកហើយ​សម្រាប់​ប្រជាជន​កម្ពុ​ជាជាង​​ ១ សែន​នាក់​បាន​ទស្សនា ដោយ​ឥតគិតថ្លៃ​៕