ភ្នំពេញៈ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យយុវជនរួសរាន់ទៅចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ នៅតាមវិទ្យាស្ថានបច្ចេកទេសតាមបណ្តាខេត្តនានាទូទាំងប្រទេសបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យកាលពីសប្តាហ៍មុន។
លោក កត្តា អ៊ន បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ថា វិទ្យាស្ថានបច្ចេកទេសដែលស្ថិតនៅក្រោមក្រសួងការងារ បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចុះឈ្មោះត្រៀមមេរៀនសម្ភារ និងសម្អាតបរិស្ថានជុំវិញកន្លែងសិក្សាដើម្បីបើកទ្វារស្វាគមន៍យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចូលរួមវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ។
លោកថ្លែងថា៖«គ្រប់បណ្តាវិទ្យាស្ថានបច្ចេកទេសទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការសម្អាតបរិស្ថានជុំវិញទីធ្លាសាលារបស់ខ្លួនឱ្យមានរបៀបរៀបរយ ដើម្បីស្វាគមន៍បងប្អូនដែលជាយុវជនដែលមកចុះឈ្មោះ ក៏ដូចជាចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាលអាណត្តិថ្មី»។
លោក កត្តា អ៊ន បន្តថា៖ «សូមលើកទឹកចិត្តឱ្យមានការចូលរួមទាំងសិស្ស និងគ្រូក៏ដូចជាគណៈគ្រប់គ្រងវិទ្យាស្ថាន និងសាលា ដែលបានដុតដៃដុតជើងរៀបចំសណ្តាប់ធ្នាប់ សោភណភាពសាលារបស់ខ្លួនសម្រាប់ទទួលប្អូនៗយុវជន ដែលបាននិងកំពុងចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស»។
បើតាមអ្នកនាំពាក្យក្រសួងការងារ ការសិក្សារៀនសូត្រនេះ គឺមិនបង់ប្រាក់ ហើយសម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ថែមទាំងនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ ០០០០ រៀល ថែមទៀតផងដែរ ដែលលោកកត្តា អ៊ន លើកឡើងថា នេះជាឱកាសមាសដែលរាជរដ្ឋាភិបាលផ្តល់ជូនយុវជន និងគិតគូរដល់អនាគតយុវជន និងប្រជាជន។
លោក តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសហព័ន្ធឧស្សាហកម្មយានយន្តនៅកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៩ ខែវិច្ឆិកាថា ការខ្វះខាតកម្លាំងពលកម្មជំនាញ អាចជាឧបសគ្គមួយដែរសម្រាប់ការអនុវត្តផែនទី បង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា។ ដូចនេះ គោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលនេះ នឹងអាចដោះស្រាយបញ្ហាមួយនេះបាន។
លោកនិយាយថា៖«កត្តាដែលនាំឱ្យមានការខ្វះខាតផ្នែកកម្លាំងពលកម្មជំនាញនេះ ដោយសារនៅក្នុងប្រព័ន្ធអប់រំរបស់កម្ពុជាមិនបានបញ្ចូលការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) តាំងពីកម្រិតវិទ្យាល័យ។ ឥឡូវនេះយើងឃើញថា ក្រសួងការងារបានចាប់ផ្តើមអនុវត្តគោលនយោបាយដ៏សំខាន់មួយនេះហើយ ជាអ្វីដែលវិស័យឯកជនយើងចង់បាន។ ដូច្នេះសូមប្អូនៗរួសរាន់ឡើងចាប់យកឱកាសនេះឱ្យជាប់ដើម្បីអនាគតខ្លួនឯងផង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិយើងផង»។
លោក តាន់ មុនីវណ្ណ បន្ថែមថា បើសិនជាអាច សាកលវិទ្យាល័យនានាគួរតែរៀបចំឱ្យមានជំនាញ TVET នេះ ហើយសាលា TVET របស់រដ្ឋ គួរតែបន្តកិច្ចសហការជាមួយវិស័យឯកជន ដើម្បីជំរុញការអភិវឌ្ឍលើជំនាញនេះ។
ចំណែកលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានយល់ឃើញដែរថា ការដាក់ចេញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី ៧ នេះ គឺជាឱកាសល្អបំផុត សម្រាប់យុវជនខ្មែរដែលត្រូវតែចាប់យកឱកាសនេះឱ្យបាន។
លោកថ្លែងថា៖ «ខ្ញុំសូមអំពាវនាវឱ្យយុវជនគោលដៅ រួសរាន់ចុះឈ្មោះចូលរៀនព្រោះការបណ្តុះបណ្តាលនេះ នឹងនាំឱ្យយុវជនក្រុមគោលដៅ មានជំនាញច្បាស់លាស់ដើម្បី
ទទួលបានឱកាសការងារសមរម្យ។ វាជាការផ្តល់ឱ្យនូវជំនាញ បំណិនមួយច្បាស់លាស់ម្រាប់ជីវិតផងដែរ»។
លោក គិន ភា បន្ថែមថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសគឺជាយន្តការមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ជីវភាពរបស់ពលរដ្ឋក្រីក្រ និងងាយរងហានិភ័យដើម្បីប្រែក្លាយពីកម្លាំងពលកម្មអតិពលកម្មក្នុងទីផ្សារទៅជាកម្លាំងពលកម្មដែលមានជំនាញដើម្បីបង្កើនផលិតភាពក្នុងចង្វាក់ផលិតកម្មរបស់រោងចក្រសហគ្រាស ក៏ដូចជាការត្រៀមកម្លាំងពលកម្មទាក់ទាញអ្នកវិនិយោគថ្មីៗបន្ថែម។
សូមបញ្ជាក់ថកាលពីថ្ងៃទី ១៤ វិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ហើយលោកក៏បានអំពាវនាវឱ្យសិក្ខាកាមទាំងអស់ដាក់ចិត្ត ក្នុងការរៀនសូត្រ ដើម្បីបានគុណភាព និងជំនាញការងារពិតប្រាកដ៕