ភ្នំពេញៈ​ សន្និសីទ​អន្តររដ្ឋាភិបាល​លើក​ទី​៤ ​ស្តីពី​រមណីយ​ដ្ឋា​ន​អង្គរ​-​សំបូរ​ព្រៃ​គុក របស់​អង្គការ​យូណេស្កូ បានសម្រេច​ដាក់ចេញ​នូវ​ផែនការ​បង្កើន​ការ​​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ឥទ្ធិពល​បម្រែបម្រួល​អាកាសធាតុ​សម្រាប់​តំបន់​ទាំង​ ២ ជាពិសេស​ការអភិរក្ស​តម្លៃ​អង្គរ ថែរក្សា​ធនធានធម្មជាតិ អភិវឌ្ឍ​សហ​គម​ន៍​មូលដ្ឋាន លើកកម្ពស់​ប្រាង្គ​ប្រាសាទ និង​សកម្មភាព​ទេស​​ចរណ៍​ដោយ​ស្មារតី​ទទួលខុស​​ត្រូវ ក៏ដូចជា​បង្កើន​សមត្ថ​ភាព​អ្នកជំនាញ​។​


​យោងតាម​សេចក្តីប្រកាស​​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ថ្ងៃទី ​១៨ ខែវិច្ឆិកា បាន​លើកឡើងថា ការ​ដាក់ចេញ​ផែនការ​នេះ ធ្វើឡើង​តាមរយៈ​សន្និសីទ​អន្តររដ្ឋាភិបាល​លើក​ទី​៤ ស្តីពី​រមណីយដ្ឋាន​អង្គរ​-​សំបូរ​ព្រៃ​គុក នៅ​ទីស្នាក់ការ​​អង្គការ​យូណេស្កូ នាទី​ក្រុង​ប៉ា​​រី​ស​ប្រទេស​បារាំង​។​

​សន្និសីទ​អន្តររដ្ឋាភិបាល​នេះ ក៏មាន​ព្រះរាជ​វត្តមាន​របស់​ព្រះករុណា ព្រះបាទ​នរោត្តម​ សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា​,​លោកស្រី Audrey  Azoulay អគ្គនាយិការ​អង្គការ​យូណេស្កូ​,​លោកស្រី Rima Abdul Malak រដ្ឋមន្ត្រីក្រសួង​វប្បធម៌​បារាំង​, លោក Komura Masahiro អនុរដ្ឋមន្ត្រី​ក្រសួង​កិច្ច​​ការបរទេស​ជប៉ុន​, លោកស្រី​ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​មន្ត្រី​នៃ​បណ្តា​ប្រទេស​សមាជិក​អាយ​ស៊ី​ស៊ី​-​អង្គរ និង​ប្រទេស​ផ្សេងៗ​ទៀតផង​ដែរ​។


​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា សន្និសីទ​នេះ​ធ្វើឡើង​ក្នុងន័យ​ពិនិត្យ​ពី​វឌ្ឍនភាព​លើ​ការងារ​អភិវឌ្ឍ និង​អភិរក្ស​រមណីយដ្ឋាន​អង្គរ​​សំបូរ​ព្រៃ​គុក រយៈពេល ៣០​ឆ្នាំ​កន្លងមកនេះ ព្រមទាំង​សម្រាប់​ដាក់ចេញ​ផែនការ​សកម្មភាព​សម្រាប់​ការងារ​ទៅ​ ១០ ​ឆ្នាំ​ខាងមុខ​។​

​យោងតាម​ប្រភព​ដដែល សន្និសីទ​នេះ​ក៏បាន​ដាក់ចេញ​ការងារ ១ ​ទសវត្សរ៍​ទៅមុខទៀត​ទៅលើ​ការបង្កើន​ការ​អភិ​វ​ឌ្ឍ​ប្រកបដោយ​ចីរភាព ការពារ​អភិរក្ស​តម្លៃ​ជា​សកល​របស់​អង្គរ គិតគូរ​ពី​ការ​បម្រែបម្រួល​អាកាសធាតុ ការពារ​បរិស្ថាន ទេសភាព​វប្បធម៌ ធនធាន​ធម្ម​​ជាតិ អភិវឌ្ឍ​សហគមន៍​មូល​ដ្ឋា​ន ថែរក្សា​ប្រាង្គ​ប្រាសាទ និង​សកម្មភាព​ទេសចរណ៍​ប្រកប​ដោយ​ភាព​ទទួលខុសត្រូវ​។ ជា​ពិសេស​បង្កើន​សមត្ថភាព​អ្នក​ជំនាញ​ខ្មែរ​តាមរយៈ​ការបណ្តុះ​បណ្តាល​សិក្ខាសាលា​អាហារូបករណ៍​នៅ​បរទេស ការសិក្សា​នៅនឹងកន្លែង និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ក្នុង​ការងារ​អភិរក្ស​ជាដើម​។​


​លើសពីនេះ នឹងមាន​ការធ្វើ​បច្ចុប្បន្នភាព​ឯកសារ​ធម្មនុញ្ញ​អង្គរ​ដោយ​ផ្តោតលើ​ការងារ​អភិ​​រក្ស និង​អភិវឌ្ឍន៍​ប្រកបដោយ​ចី​រ​ភាព មិន​ត្រឹមតែ​ក្នុង​តំបន់​អង្គរ​ឡើយ តែ​ក៏​សម្រាប់​តំបន់​ប្រវត្តិ​សាស្ត្រ​ផ្សេងៗ​ទៀត​ជាមួយនឹង​ការបង្កើត​គោលនយោបាយ​ដោយ​បញ្ចូល​ភាពជា​បុរាណ​ស្ថាន ភាពជា​ពិសិដ្ឋ​របស់​សាសនា ការប្រែប្រួល​ក្រុង​សៀមរាប និង​ការវិវឌ្ឍ​វិស័យ​ទេសចរណ៍​។​

​សេចក្តីប្រកាស​បានបញ្ជាក់​ថា​៖ «​សន្និសីទ​អន្តររដ្ឋាភិបាល​លើក​ទី​៤ ក៏បាន​លើកឡើង​ពី​ការរៀបចំ​យុទ្ធសាស្ត្រ​សមស្រប​សម្រាប់​សហគម​ន៍​មូលដ្ឋាន​ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច និង​វប្បធម៌ បង្កើន​ប្រាក់​ចំណូល​ក្នុង​សកម្មភាព​កសិកម្ម សិប្បកម្ម តាមរយៈ​ការបណ្តុះ​បណ្តាល ការផ្តល់​សម្ភារ និង​ហេដ្ឋារចនាសម្ព័ន្ធ​សមស្រប ព្រមទាំង​ពង្រឹង​ភាពជា​ដៃគូ​រវាង​ស្ថាប័ន​សាធារណៈ និង​ស្ថាប័នឯកជន​»​។​

​សន្និសីទ​ដដែល​នេះ​ក៏បាន​វាយតម្លៃ​ខ្ពស់​ទៅលើ​កិច្ចខិតខំ​របស់​សហគម​ន៍​អន្តរជាតិ​ពាក់ព័ន្ធ​ការប្រឆាំង​ការ​លួច​គាស់កកាយ ការជួញដូរ​សម្បត្តិ​វប្បធម៌​ខុស​​ច្បាប់ ក៏ដូចជា​ការប្រមូល​ត្រឡប់មកវិញ​នូវ​វត្ថុ​បុរាណ​ខ្មែរ​ដែល​បាន​បាត់បង់ កាលពី​សម័យ​សង្គ្រាម និង​បាន​ឯកភាព​ពង្រឹង​វិសាលភាព​របស់​មជ្ឈមណ្ឌល​ឯកសារ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​ឱ្យមាន​ស្តង់ដា​អន្តរជាតិ​ផងដែរ​។​

​លោក​ ឈ​ត ប៊ុន​ថង មន្ត្រី​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង អប់រំ វប្បធម៌ និង​ទេសចរណ៍​នៃ​រាជបណ្ឌិត្យសភាកម្ពុជា យល់ថា ផែនការ​ដាក់ចេញ​សម្រាប់​ការងារ ១០ ​ឆ្នាំ​របស់​គណៈកម្មាធិកា​រ​អន្តររដ្ឋាភិបាល​នេះ​ជា​ផែន​ការល្អ​មួយ​សម្រាប់​ការ​​ងារ​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​អង្គរ និង​សំបូរ​​ព្រៃ​គុក ដែល​កន្លងមក​ការងារ​របស់​គណៈកម្មាធិកា​រ​នេះ​បាន​បំពេញ​យ៉ាង​ល្អ ជា​ចំណែក​សំខាន់​ក្នុងការ​ការពារ​សម្បត្តិ​បេ​តិ​ភណ្ឌ​កម្ពុជា និង​ពិភពលោក​។​

​លោក​បាន​ថ្លែង​ប្រាប់ថា​៖ «​កិច្ចការ​ទាំងនេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការពារ​អត្ត​សញ្ញាណ​ជាតិ​របស់​កម្ពុជា ក៏ដូចជា​ប្រភព​ចំណូល​ជាតិ​មួយ​សំខាន់​ពី​ទេសចរណ៍វប្បធម៌ និង​ការសិក្សា​ស្រាវជ្រាវ ហើយ​ជាការ​ផ្សព្វផ្សាយ​ទៅកាន់​ពិភព​លោក​ពី​អរិយធម៌​ខ្មែរ​ដែល​បាន​បន្សល់ទុក​ពី​ដូនតា​។ មួយវិញទៀត​នេះ​ជា​កាតព្វកិច្ច​មិនអាច​ខ្វះ​បាន​របស់​យើង​ក្នុងការ​ការ​ពារ និង​អភិរក្ស​សម្បត្តិ​ដូនតា​ទាំង​មរតក​រូបី និង​អរូបី​»​។​

​លើសពីនេះ​លោក ឈ​ត ប៊ុន​ថង​បាន​សង្កេតឃើញថា កន្លងមក កិច្ចសហប្រតិបត្តិការ​អភិរក្ស​របស់​គណៈកម្មាធិកា​រ​អន្តរ​រដ្ឋា​​ភិ​បាល ដែលមាន​ការចូលរួម​ពី​អង្គការ​យូណេស្កូ​នេះ​មាន​រចនា​សម្ព័ន្ធ​ច្បាស់លាស់ ក៏ដូចជា​មានអំណាច​ដើម្បី​ការអភិរក្ស​ប្រកប​​ដោយ​ការយកចិត្តទុកដាក់​ខ្ពស់ ជា​ភាព​គំរូ​មួយ​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ យោងតាម​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន ម៉ា​ណែ​ត នឹង​អញ្ជើញ​ថ្វាយ​ព្រះ​វ​ន្ទ​ន​កិច្ច ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ស្តេចយាង​មាតុភូមិ​និវត្តន៍​ពី​សាធារណរដ្ឋ​បា​​រាំង នា​ថ្ងៃទី​ ១៩ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។​

​សូម​រំឭក​ដែរ​ថា ព្រះមហា​ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តេចយាង​ទៅ​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវការ ដើម្បី​ចូលរួម​សន្និសីទ​អន្តររដ្ឋាភិបាល​លើក​ទី​ ៤ ស្តីពី​ការអភិរក្ស​រមណីយ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​តំបន់​អង្គរ ដែល​ត្រូវបាន​រៀបចំឡើង​ក្នុងឱកាស​សម័យប្រជុំ​លើក​ទី​ ៤២ នៃ​សន្និសីទ​អង្គការ​យូណេស្កូ នៅ​ទីក្រុង​ប៉ារីស សាធារណរដ្ឋ​បារាំង​កាលពី​ថ្ងៃទី​ ១២ ខែ​វិ​ច្ឆិ​កា​កន្លងទៅ​៕

ព្រះមហា​ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តេចយាង​ទៅ​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវការ ដើម្បី​ចូលរួម​សន្និសីទ​អន្តររដ្ឋាភិបាល​លើក​ទី​ ៤ ស្តីពី​ការអភិរក្ស​រមណីយ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​តំបន់​អង្គរ ក្នុងឱកាស​សម័យប្រជុំ​លើក​ទី​ ៤២ នៃ​សន្និសីទ​អង្គការ​យូណេស្កូ នៅ​ទីក្រុង​ប៉ារីស សាធារណរដ្ឋ​បារាំង​កាលពី​ថ្ងៃទី​ ១២ ខែ​វិ​ច្ឆិ​កា។ រូប Simona-Mirela Miculescu