​ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​លោក ចាន់ យុ​ត្ថា បាន​អំពាវនាវ​ជាថ្មីទៀត​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ចាត់វិធានការ​សហការ​ថែរក្សា​ទឹក​ទុក​ប្រើប្រាស់ ដោយ​សន្សំសំចៃ​ក្នុង​កម្រិត​ខ្ពស់ ខណៈដែល​រដូវប្រាំង​ឆ្នាំនេះ អាកាស​​ធាតុ​នឹង​ឡើងក​ម្តៅ​ខ្លាំង​ជាង​ឆ្នាំមុនៗ ដោយសារ​បាតុភូត​អែល​នី​ណូ (El Nino)​។​


​លោក ចាន់ យុ​ត្ថា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​​ ១៩ ខែវិច្ឆិកាថា ក្រសួង​ធនធានទឹក បានចេញ​សេចក្តីជូនដំណឹង​ម្តង​រួចមក​ហើយដោយ​សូមឱ្យ​ប្រជាពលរដ្ឋ​ចូលរួម ចាត់វិធានការ សហ​ការថែរក្សា​ទឹក​ទុកឱ្យ​បានល្អ​និង​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​ក្នុង​កម្រិត​ខ្ពស់​ជាពិសេស​បណ្តា​តំបន់​ជនបទ​ដាច់ស្រយាល ដែល​នៅ​ឆ្ងាយ​ពី​ប្រភពទឹក​។​

​លោក​បញ្ជាក់ថា​៖ «​និយាយ​ជារួម រហូតមកដល់​ពេលនេះ​បាតុភូត​អែល​នី​ណូ (El Nino) ស្ថិតនៅក្នុង​កម្រិត​ ១០០​ ភាគរយ​នៅឡើយ​។ យើង​ឃើញ​រលក​កម្ដៅ​បាន​រុញ​ទៅដល់​អូស្ត្រាលី និង​ឥណ្ឌូនេស៊ី តែ​សម្រាប់​តំបន់​យើង​នេះ មិនទាន់​នៅឡើយ​ទេ ប៉ុន្តែ​សីតុណ្ហភាព​នៅក្នុង​រដូវ​ប្រាំង​ខាងមុខនេះ នឹង​បន្ត​កើនឡើង ជាពិសេស​នៅ​អំឡុង​ខែមីនា និង​មេសា ដែល​អា​កាស​ធាតុ​អាច​នឹង​ក្តៅ​ស្ងួត​ហួតហែង​ជាង​ឆ្នាំ​កន្លងទៅ​»​។​


​លោក​បញ្ជាក់ថា​៖ «​ហេតុដូចនេះ ទើប​ក្រសួង​ជូនដំណឹង​ដល់​ផ្នែក​ពាក់ព័ន្ធ​ក្នុងការ​ត្រៀម​រក្សា​ទឹក​ទុក ទី​១​ សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ និង​ត្រូវ​គ្រប់គ្រង​ទឹក​ដែល​នៅមាន​ឱ្យបាន​ល្អ ចៀសវាង​ការ​បូម​បាច​ពង្រីក​បន្ថែម និង​ទី​២ ​ប្រើ​ឱ្យចំ​ទិសដៅ គឺ​ការប្រើប្រាស់​សម្រាប់​ដាំ​ដុះ​ដំណាំ​នានា​។ ដូច្នេះ​យើង​ត្រៀម​ទៅលើ​ការងារ​អាទិភាព​ទាំងនេះ​»​។​

​ដោយសារតែ​បញ្ហា​អាកាសធាតុ​ប្រែ​ប្រួល​នេះហើយ​លោក យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​​ប្រមាញ់ និង​នេសាទ បាន​ចែករំលែក​ពី​របៀប​បង្កបង្កើនផល​ស្រូវ​ដោយ​កាត់​បន្ថយ​ការប្រើប្រាស់​ទឹក និង​ផលប៉ះពាល់​ដល់ក​ម្តៅ​ផែនដី​។​


​លោក យ៉ង សាំង​កុមារ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​ថ្ងៃទី​ ១៨ ខែវិច្ឆិកាថា​៖ «​ខ្ញុំ​ចាប់ផ្តើម​ជំរុញ​ឡើងវិញ​នូវ​ការអនុវត្ត​គោលការណ៍ និង​បច្ចេក​ទេស​គ្រប់គ្រង​ទឹក​តាមរបៀប​ស្ងួត​សើម (AWD) ដែលជា​គោលការណ៍​សំខាន់​មួយ​ប្រព័ន្ធ​ប្រពលវប្បកម្ម​ស្រូវ​ដោយ​និរន្តរភាព​ដែល​ខ្ញុំ​ធ្លាប់បាន​ជំរុញ​តាំងពី​ឆ្នាំ​ ២០០០»​។​

​លោក​បាន​លើកឡើងថា ការគ្រប់គ្រង​ទឹក​ដោយ​ទុកឱ្យ​ស្រែ​មាន​ស្ថានភាព​ស្ងួត​សើម​នាំមក​នូវ​ផលប្រយោជន៍​ដូចជា ទី​១ ជួយផ្តល់​អុក​ស៊ី​ហ្ស៊ែន​ដល់​ដី​ដែល​ជួយ​ឱ្យ​ឫស​ស្រូវ និង​ស្រូវ​ដុះ​លូតលាស់​ល្អ​ហើយ​ជួយ​កាត់បន្ថយ​បញ្ហា​ជំងឺ​ឬ​ការ​បំផ្លាញ​ផ្សេងៗ​កាត់បន្ថយ​ការប្រើប្រាស់​ទឹក និង​ចំណាយ​លើ​ការបូមទឹក និង​កាត់​​បន្ថយ​ការ​បញ្ច​ញ​ឧស្ម័ន​មេតាន CH4 ដែលជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​នាំមក​នូវ​កំ​​ណើ​នក​ម្តៅ​ផែនដី​។​

​លោក យ៉ង សាំង​កុមារ បាន​ប្រាប់​បន្ថែម​នៅ​ថ្ងៃទី​ ១៩ ខែវិច្ឆិកា​ថា​៖ «​យើង​នឹង​ខិតខំ​រៀបចំ​ឱ្យមាន​កសិករ​គំរូ​ក្នុងការ​អនុវត្ត​គោលការណ៍​នេះ និង​គោល​ការណ៍​សំខាន់ៗ​ផ្សេងទៀត​ឱ្យបាន​ច្រើន​កន្លែង ដែលជា​ចំណុច​ចាប់ផ្តើម​នៃ​ការជំរុញ​ការងារ​នេះ​ឱ្យបាន​ទូទាំងប្រទេស​ជាពិសេស​នៅ​រដូវប្រាំង និង​តំបន់​ដែលមាន​ប្រព័ន្ធ​ស្រោចស្រព​»​។​

​ចំពោះ​ការកើតឡើង​នៃ​បាតុភូត​អែល​នី​ណូ​ (El Nino)​ នេះដែរ គណៈ​​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​កាលពី​ថ្ងៃទី ​១៧ ខែវិច្ឆិកា ​ក៏បាន​អំពាវ​នាវ​ប្រជាពលរដ្ឋ រួមទាំង​អ្នកពាក់ព័ន្ធ​ទាំងអស់ ចូលរួម​អនុវត្តតាម​ការជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។

​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​​មហន្តរាយ​ក៏បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ ឱ្យ​ពិនិត្យ និង​វាយតម្លៃ​លើ​សក្ដានុពល​ទឹក​ដែលមាន​ដោយ​ត្រូវ​រៀបចំ​ផែនការ​ប្រើប្រាស់​ទឹកជា ​២​ ផ្នែក​សំខាន់ៗ​ដូច​ជា សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ (​អាទិភាព​) និង​សម្រាប់​បម្រើឱ្យ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង​អាចធ្វើ​បានតែ​ ១ ​ដង​ប៉ុណ្ណោះ ដោយ​មិន​អាចធ្វើ​ស្រូវប្រាំង​លើក​ទី២​ បានទេ បើទោះបី​ទឹក​នៅ​បណ្តា​អាង​ដែល​បាន​រក្សាទុក និង​កន្លែង​មួយចំនួន​មាន​ទឹកធម្មជាតិ​ក៏ដោយ​។​

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក សុទ្ធ គឹម​កុល​មុន្នី បាន​ប្រាប់​ឱ្យដឹងថា គណៈ​​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អំពាវនាវ​ជាថ្មី​ដល់​ប្រជាពលរដ្ឋ រួមទាំង​អ្នកពាក់ព័ន្ធ​ទាំងអស់ ចូលរួម​អនុវត្តតាម​ការជូនដំណឹង​របស់​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម​។ 

​លោក​ថ្លែងថា​៖ «​តាមរយៈ​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​នេះ ទើប​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​​រាយ បាន​អំពាវនាវ​ជាថ្មី​ឱ្យ​ពលរដ្ឋ​ថែ​​រក្សា​ទឹក​ទុក ដូចគ្នា​ទៅនឹង​ក្រសួង​បានស្នើ​ឱ្យ​ពលរដ្ឋ​ចូលរួម ចាត់វិធានការ សហការ​ថែរក្សា​ទឹក​ទុកឱ្យ​បានល្អ និង​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​ក្នុង​កម្រិត​ខ្ពស់ ជាពិសេស​បណ្តា​តំបន់​ជនបទ​ដាច់ស្រយាល ដែល​នៅ​ឆ្ងាយ​ពី​ប្រភពទឹក​»​។​

​យោងតាម​ការ​ព្យាករ​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បញ្ជាក់ថា សម្រាប់​ឆ្នាំ​ ២០២៣ បាតុភូត​អែល​នី​ណូ​ (El Nino)​ បាន​បង្កើន​ឥទ្ធិ​ពល​ជា​សកល​ចាប់ពី​ខែកញ្ញា​ដល់​ខែធ្នូ ឆ្នាំ​ ២០២៣ ដែលមាន​អត្រា​មធ្យមភាគ អែល​នី​ណូ​កើនឡើង ដល់​ ១០០ ​ភាគ​រយ និង​ធ្វើឱ្យមាន​ការកើនឡើង​ក​ម្ដៅ​ ១​ អង្សា​សេ​។ ដោយឡែក កម្ពុជា​ទទួលរង​បាតុភូត អែល​នី​ណូ (El Nino)​ នេះ​ប្រមាណ​ ៣០ ​ភាគរយ​៕​