​ក្រចេះៈ ប្រធាន​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​លោក វី​ល ផាក​ស៍ បាន​លើកឡើងថា ក្នុង​រយៈ​​ពេល​​ ១​​ ទសវត្សរ៍​កន្លងទៅ ប្រ​ទេស​កម្ពុជា​ បានបង្ហាញ​ពី​ការ​​ប្តេជ្ញាចិត្ត​ក្នុងការ​ពង្រឹង​សិទ្ធិ​កុមារ ខណៈ​នៅ​ឆ្នាំ ​២០២៣ ​នេះ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​នឹង​បង្កើន​សំឡេង​របស់​កុមារ និង​យុវជន ក្នុងនាម​ជា​អ្នកស្វែងរក​មតិ​គាំទ្រ​សិទ្ធិ​កុមារ​នៅ​កម្ពុជា​។​


​លោក​បាន​ថ្លែង​បែបនេះ​កាលពី​ថ្ងៃទី ​១៧ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ នៅក្នុង​ពិធី​អបអរសាទរ​ទិវា​កុមារ​ពិភពលោក​ឆ្នាំ​ ២០២៣​ ដែល​ប្រារព្ធ​ឡើង​រយៈពេល​ ៣ ​ថ្ងៃ គឺ​ពី​ថ្ងៃទី​១៧ ដល់​ ១៩ ខែវិច្ឆិកា នៅ​ខេត្តក្រចេះ ស្រប​ពេលដែល​ទិវា​នេះ​តែង​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ​នៅ​ទូទាំង​សកលលោក​នា​ថ្ងៃទី​ ២០ ខែវិច្ឆិកា​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​ស្តីពី​កុមារ និង​យុវជន​ស្វែងរក​មតិ​គាំទ្រ​សម្រាប់​សិទ្ធិ​កុមារ និង​សកម្មភាព​ឆ្លើយ​តប​នឹង​វិបត្តិ​អាកាសធាតុ​ក្នុង​ទិវា​កុមារ​ពិភពលោក​នៅ​កម្ពុជា​បានលើកឡើង​ថា នៅ​ឆ្នាំនេះ យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា នឹង​បង្កើន​សំឡេង​របស់​កុមារ និង​យុវជន ក្នុងនាម​ជា​អ្នកស្វែងរក​មតិ​គាំទ្រ​សិទ្ធិ​កុមារ​នៅក្នុង​ប្រទេស​កម្ពុជា​។​


​លោក វី​ល ផាក​ស៍ បាន​ថ្លែង​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​ទិវា​កុមារ​ពិភពលោក​នៅ​ខេត្តក្រចេះ​ថា​៖ «​យើង​កំពុង​ស្ថិតនៅ​ខេត្តក្រចេះ​ដើម្បី​អបអរសាទរ​ចំពោះ​សក្ដា​នុ​ពល និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ដើម្បី​គាំទ្រ​កុមារ និង​យុវជន​នៅ​កម្ពុជា​។ ប៉ុន្តែ​ថ្ងៃនេះ​ក៏​រំឭក​យើង​ពី​បញ្ហា​ប្រឈម​ដ៏​ពិបាកៗ​ដែល​កុមារ​កំពុង​ជួបប្រទះ​ដូចជា​ការរង​គ្រោះ​ពី​កំណើន​នៃ​ជម្លោះ និង​គ្រោះមហន្តរាយ​បរិ​ស្ថាន​នៅ​ទូទាំង​ពិភពលោក​»​។​

​លោក​បាន​បន្តថា ព្រឹត្តិការណ៍​នេះ​បានផ្ដល់​ឱកាស​ដើម្បី​បង្កើត​ភាពជា​ដៃគូ​ថ្មីៗ​ជាមួយ​បណ្ដាញ​យុវជន សិល្បករ និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​បានមក​រួម​កម្លាំង​គ្នា​លើកកម្ពស់​ការយល់ដឹង​ពី​សិទ្ធិ​កុមារ​។ តាមរយៈ​ការចូលរួម​និង​បរិ​យាប​ន្ន​យុវជន​ដែល​ទាំង​​អស់​គ្នា​ទទួលបាន​ផលប្រយោជន៍​ពី​សក្ដានុពល​មិនគួរ​ឱ្យ​ជឿ​របស់​ពួកគេ​ក្នុងនាម​ជា​អ្នកបង្កើត​ការផ្លាស់ប្ដូរ​វិជ្ជមាន​ស​ម្រា​ប់​អភិ​វ​ឌ្ឍ​សង្គម​។​


​លោក វី​ល ផាក​ស៍ បាន​បន្ថែមថា​៖ «​ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​កន្លងទៅ​ប្រទេស​កម្ពុជា​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ក្នុងការ​ពង្រឹង​សិទ្ធិ​កុមារ​។ បញ្ហា​ប្រឈម​នៅតែមាន​ក្នុងប្រទេស ហើយ​យូ​នី​សេ​ហ្វ​មានការ​ប្តេជ្ញាចិត្ត​ពេញលេញ​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនេះ ដោយ​លើកកម្ពស់​សិទ្ធិ និង​ពង្រឹង​សុខុមាលភាព​របស់​កុមារ​ដែល​ងាយ​រងគ្រោះ​បំផុត​»​។​

​ទាក់ទិន​នឹង​ការលើកកម្ពស់​សិទ្ធិ​កុមារ​នេះ លោក ស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា  ​បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៩ ខែវិច្ឆិកា​ថា ក្រសួង​អប់រំ​តែង​យកចិត្តទុកដាក់​ឱ្យមាន​ការចូល​រៀន​របស់​សិ​ស្សានុសិស្ស​ដែល​គ្រប់​អាយុ ​៦ ​ឆ្នាំ​តាមរយៈ​កិច្ចសហការ​និង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​សហគមន៍​ដើម្បី​ជំរុញ​ឱ្យ​ពួកគេ​ចូលរៀន​បាន​គ្រប់គ្នា​។​

​លោកស្រី​បាន​បន្តថា បន្ទាប់ពី​ចូលរៀន​ហើយ​នោះ​ក្រសួង​ក៏បាន​អនុវត្ត​កម្មវិធី​ស្បៀង​អា​​ហារ​សម្រាប់​ពេលព្រឹក និង​ថ្ងៃ​ត្រង់​ដល់​សិស្សានុសិស្ស ដើម្បី​ជំរុញឱ្យមាន​ការចូល​រៀន​សូត្រ​ឱ្យបាន​គ្រប់ៗ​គ្នា​ផងដែរ​។​

​លោកស្រី​បាន​ថ្លែងថា​៖ «​ក្រសួង​ក៏បាន​រៀបចំ​កម្មវិធីសិក្សា​សម្រាប់​ជនជាតិភាគតិច​ឱ្យបាន​ចូលរួម​រៀន​ដែលជា​ស្ពាន​ដើម្បីឱ្យ​ក្មេងៗ​ដែល​គាត់​អត់​ចេះ​ភាសា​ខ្មែរ ដូចជា​ជនជាតិ​ព្នង និង​ចា​​រាយ​ជាដើម​ចូលរៀន​ថ្នាក់​ទី​១ ទី​២​ ឬ​ទី​៣​ ជា​ភាសា​កំណើត​របស់គាត់​និង​ការចាប់ផ្តើម​រៀន​ភាសា​ខ្មែរ​ពេញលេញ​ពី​ថ្នាក់​ទី​ ៤»​។​

​បើតាម​លោកស្រី ឃួន វិច្ឆិកា ក្រសួង​អប់រំ​បាន​យកចិត្ត​ទុក​​ដាក់​លើ​កុមារ​ដែលមាន​ពិការ​ភាព កុមារ​កម្សោយ​សតិបញ្ញា​និង​កុមារ​គ​ថ្លង់​ឱ្យ​ពួកគេ​បាន​ចូលរៀន​ដូច​កុមារ​ផ្សេងៗ​ដែរ​។​

​ទាក់ទង​នឹង​ទិវា​កុមារ​ពិភពលោក​នេះដែរ តាម​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​សង្គមកិច្ច​បានឱ្យដឹង​ដែរ​ថា នៅ​ថ្ងៃទី​ ១៧ ខែវិច្ឆិកា​នោះ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ក្រសួងបរិស្ថាន ក៏បាន​ចូលរួម​ក្នុង​ទិវា​នេះ​ផងដែរ​ដើម្បី​អបអរសាទរ​ចំពោះ​សក្តានុពល និង​កិច្ចខិតខំ​ប្រឹង​ប្រែង​ដើម្បី​ភាពជោគជ័យ​របស់​កុមារ និង​យុវជន​នៅ​កម្ពុជា​។​

​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក​ ហ៊ុន សែន ធ្លាប់បាន​លើកឡើងថា កុមារ ​គឺជា​ធនធាន​មិនអាច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​។ ក្នុង​គ្រប់​ដំណាក់កាល​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុ​កោណ​រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​យក​មនុស្ស​ជា​វិស័យ​អាទិភាព​គ្រឹះ​ដ៏​សំខាន់​ក្នុង​ការកសាង​មូលធន​មនុស្ស​ប្រកប​ដោយ​សក្តានុពល​សម្រាប់​ការអភិវឌ្ឍ​កម្ពុជា​នាពេល​អនាគត​។​

​លោក​បាន​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​យ៉ាង​ពេញលេញ និង​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ក្នុងការ​លើកកម្ពស់​សិទ្ធិ​និង​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ​ដោយ​ធ្វើយ៉ាងណា​ឱ្យ​កុមារ ក្រុមគ្រួសារ​និង​សហគមន៍​ទទួលបាន​នូវ​គុណភាព​និង​គុណ​តម្លៃ​នៃ​ការ​រស់នៅក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និង​សុវត្ថិភាព​ស្របតាម​រដ្ឋ​ធម្មនុញ្ញ​និង​គោលការណ៍​នីតិរដ្ឋ​...»៕