ភ្នំពេញៈ ក្នុងជំនួប​រវាង​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​នៃ​ស្ថានទូត​សហរដ្ឋ​អា​​មេ​រិ​ក​ប្រចាំ​កម្ពុជា​បាន​ពិភាក្សាគ្នា​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ ខណៈដែល​ភាគី​សហរដ្ឋអាមេរិក រំពឹងថា នឹងមាន​យុវជន​កម្ពុជា​កាន់តែច្រើន​ចាប់យក​ឱកាស​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​របស់ខ្លួន​។​


​ជំនួប​នេះ​បានរៀបចំ​ឡើង​ក្រោម​វត្តមាន​លោក​ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រ​​សួង​អប់រំ ជាមួយ​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ១៧ ខែវិច្ឆិកា ឆ្នាំ​​ ២០២៣ ដោយបាន​ពិភាក្សា លើ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ក្នុង​ការងារ​អប់រំ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​អប់រំ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី ​១៨ ខែវិច្ឆិកា​។​

​តាម​ប្រភព​ដដែល នៅក្នុង​ជំនួប​នោះ លោក W. Patrick Murphy​ បាន​លើកយក​បទពិសោធន៍​ដែល​ទទួល​បាន​ពី​ការអនុវត្ត​គម្រោង​អប់រំ​ជាច្រើន​នៅ​កម្ពុជា​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​​សហរដ្ឋអាមេរិក និង​បានផ្ដល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​អាហារូបករណ៍ Fulbright របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អា​​មេ​រិ​ក​។​


​លោក​បាន​ថ្លែងថា​៖ «​ការផ្ដល់​អាហារូបករណ៍​របស់រ​ដ្ឋា​ភិ​បាល​សហរដ្ឋអាមេរិក​នឹង​រំពឹងថា មាន​យុវជន​កម្ពុជា​កាន់តែច្រើន​ចាប់យក​ឱកាស​ទៅ​បន្ត​ការសិក្សា​នៅ​សហរដ្ឋអាមេរិក​»​។​

​ឆ្លើយតប​នឹង​ការលើកឡើង​នេះ លោក ​ហង់​ជួន ណា​រ៉ុ​ន បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការគាំទ្រ​លើ​វិស័យ​អប់រំ​កម្ពុជា​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដែល​បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ស្របតាម​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​នីតិកាល​ទី​ ៧ ដែល​កំណត់​យក​ការអភិវឌ្ឍ​ធនធានមនុស្ស​ជា​គោលដៅ​អាទិភាព​។​


​លោក​បាន​បញ្ជាក់ថា​៖ «​វិស័យ​អប់រំ​កម្ពុជា កំពុង​ផ្ដោត​យកចិត្តទុកដាក់​លើ​ការពង្រឹង​គុណភាព​អប់រំ​តាំងពី​វ័យក្មេង និង​កម្មវិធី​ផ្ដល់​ប្រឹក្សា​អាជីព ក្លិប​សិក្សា​បន្ថែម​កម្មវិធី​ក្រៅ​ម៉ោង​សិក្សា​ផ្សារភ្ជាប់​ជាមួយ​ពុទ្ធសាសនា​ដើម្បី​អប់រំ​ចរិយា​ធម៌ និង​សុជីវធម៌​តប​តាម​អនុ​សាសន៍​របស់​នាយករ​ដ្ឋ​មន្ត្រី​កម្ពុជា​»​។​

​លោក​បាន​បន្ថែមថា ក្រសួង​អប់រំ បានកំណត់​ធ្វើកំណែទម្រង់​សាលា​តាមរយៈ​ការជំរុញ​ការអនុវត្ត​សុខភាព​សិក្សា​ពង្រឹង​ការគ្រប់គ្រង​តាម​សាលារៀន​ឆ្ពោះទៅ​លើកកម្ពស់​លទ្ធផល​សិក្សា​របស់​សិស្ស​ព្រមទាំង​បានធ្វើ​ចំណាត់ថ្នាក់​សាលារៀន​គំរូ​តាម​ស្តង់ដា​នៅ​ទូទាំងប្រទេស​ផងដែរ​។​

​ទាក់ទង​នឹង​រឿងនេះ លោក យង់ ​ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃទី​ ១៩ ខែវិច្ឆិកា​ថា កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក​លើ​វិស័យ​អប់រំ​ធន​ធាន​មនុស្ស គឺជា​សហការ​មួយ​ដ៏​ល្អ​ព្រោះ​សហរដ្ឋអាមេរិក​ជា​ប្រទេស​មហា​អំ​ណា​ច​ទី​ ១ ដែល​ការរីកចម្រើន​គ្រប់​វិស័យ​ទាំងអស់ ជាពិសេស​វិស័យ​វិទ្យា​សាស្ត្រ និង​នវានុវត្តន៍ ដែល​សូម្បីតែ​ថ្នាក់ដឹកនាំ​របស់​កម្ពុជា​បច្ចុប្បន្ន ក៏បាន​បញ្ចប់​ការសិក្សា​ពី​សហរដ្ឋអាមេរិក​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​នេះ​ជា​កិច្ច​សហប្រតិបត្តិការ​មួយ​ដែល​លើក​គុណ​តម្លៃ​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ស្របពេល​កម្ពុជា​យើង​កំពុង​ត្រូវការ​ហើយ​ការបន្ត​នេះ យើង​ពិតជា​សាទរ​ដែល​សហរដ្ឋ​មេ​រិ​កបាន​ផ្ដល់ឱកាស​កាន់តែ​ច្រើន​ជូន​យុវជន​យើង​ដើម្បី​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អភិវឌ្ឍន៍​»​។​

​បើតាម​លោក យង់ ពៅ យុវជន​ខ្មែរ ដែល​បាន​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក ពួកគាត់​នឹង​ទទួលបាន​ឱកាសល្អ​សម្រាប់​ការសិក្សា​ទៅលើ​វិស័យ​វិទ្យាសាស្ត្រ និង​វិស័យ​អប់រំ​ដែលមាន​កម្រិត​ខ្ពស់ ជាពិសេស​វិស័យសេដ្ឋកិច្ច និង​សេរីភាព​ប្រជាធិបតេយ្យ ក្នុងប្រទេស​មហាអំណាច​ទី ​១​ លើ​ពិភពលោក​។​

​ចំណែក​លោកស្រី អ៊ុក ឆា​យ៉ា​វី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯក​រាជ្យ បាន​ថ្លែង​ដែរ​ថា សហរដ្ឋអាមេរិក​បន្ត​ផ្ដល់ឱកាស​កាន់តែច្រើន​ដល់​យុវជន​ខ្មែរ​ទៅ​សិក្សា​នៅ​ប្រទេស​របស់ខ្លួន​ដែលជា​ការរួមចំណែក​ល្អ​មែនទែន​ដើម្បីឱ្យ​យុវជន​ខ្មែរ​ជា​អ្នក​បន្តវេន​ជំនាន់​ក្រោយ​បានឃើញ​ពី​ការអភិវឌ្ឍ និង​របៀប​ដឹកនាំ​របស់​ប្រទេស​មហា​-​អំណាច ជាពិសេស​គឺ​ការលើកកម្ពស់​សិទ្ធិសេរីភាព និង​ប្រជាធិបតេយ្យ​។​

​លោកស្រី​បាន​បញ្ជាក់ថា​៖«​យើង​គាំទ្រ​ដែល​សហរដ្ឋអាមេរិក និង​ក្រសួង​អប់រំ​បាន​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​គ្នា​លើ​វិស័យ​អប់រំ ជា​ពិ​សេស​ឱ្យ​យុវជន​យើង​បាន​ទៅ​ឃើញ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព ឬ​ការងារ​ផ្សេងៗ ប៉ុន្តែ​សុំ​អ្នក​ដែល​បាន​ទៅ​រៀន​ហ្នឹង ពេល​ត្រឡប់មកវិញ​ប្រើ​ប្រាស់​ចំណេះ​ឱ្យមាន​តម្លៃ​»៕