ភ្នំពេញៈ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា ការសម្រេច​ឱ្យ​កីឡាករ ដែល​ដណ្តើមបាន​មេដាយ​ចំនួន ​២៦​ រូប ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ដោយ​ស្វ័យប្រវត្តិ គឺជា​យន្តការ​លើកទឹកចិត្ត​របស់​រដ្ឋាភិបាល និង​ជំរុញ​ដល់​ការអភិវឌ្ឍ​វិស័យ​កីឡា​កម្ពុជា​។​


​លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ នៅ​ថ្ងៃទី​ ២០ ខែវិច្ឆិកា បាន​ប្រាប់ថា ការសម្រេច​ឱ្យ​កីឡាករ កីឡាការិនី​ចំនួន ២៦ ​រូប ដែល​បាន​ដណ្តើម​មេដាយមាស មេដាយប្រាក់ និង​សំរឹទ្ធ នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម កន្លងទៅនេះ ជាប់​បាក់​ឌុប​ដោយ​ស្វ័យប្រវត្តិ គឺជា​ការលើកទឹកចិត្ត​ចំពោះ​ការខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​ក្នុង​រយៈពេល ៣ ​ទៅ​ ៤​ ឆ្នាំ​កន្លងទៅនេះ បើទោះជា​ស្ថិតក្នុង​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ ផងដែរ​។​

លោកស្រី​បន្តថា​៖ «​តាមរយៈ​ការខិតខំ​ប្រែង​របស់​កីឡាករ​ទាំងអស់​យ៉ាងសកម្ម និង​ស្វិតស្វាញ​នេះហើយ ទើប​ធ្វើឱ្យ​កម្ពុជា​អាច​ទទួលបាន​មេដាយ​លំដាប់​ទី​៤ ​ក្នុងចំណោម​ប្រទេស​ ដែល​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម ដូច្នេះហើយ​ការអនុញ្ញាតឱ្យ​ជាប់​នេះ គឺជា​ឆន្ទា​នុ​សិទ្ធ​របស់​រដ្ឋាភិបាល​»​។​


លោកស្រី​បាន​បន្ថែមថា​៖ «​នេះ​ក៏ដូចជា​ការចូលរួម​ជំរុញ​វិស័យ​កីឡា ថា​មិនមែន​ចូលរួម​គ្រាន់តែ​ការលើកទឹកចិត្ត​ប្អូនៗ​កីឡាករ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ចូលរួម​លើកទឹកចិត្ត​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុងការ​រួមចំណែក​លើក​ម្ព​ស់​កិត្យានុភាព​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទាំង​បច្ចុប្បន្ន និង​អនាគត​ផងដែរ​»​។​

ជោគជ័យ​របស់​កីឡា​ស៊ី​ហ្គេម​កន្លងមកនេះ មិន​ត្រឹមតែ​បានធ្វើឱ្យ​ពលរដ្ឋ​កម្ពុជា​សាទរ​ចំពោះ​ជោគជ័យ​របស់ខ្លួន​ទេ តែ​ក៏​ទទួល​បានការ​សាទរ​ពី​កម្រិត​តំបន់ និង​ពិភពលោក​ទៀតផង​។ ដូច្នេះ​ម្ចាស់​មេដាយ​ទាំង ​២៦ ​រូបនេះ គឺជា​តួអង្គ​សំខាន់​ក្នុង​ព្រឹត្តិការណ៍​នេះ ខណៈ​ក្រសួង​ក៏​រំពឹងថា ពួកគាត់​នឹងចូលរួម​ប្រកួត​នៅ​ថ្ងៃ​អនាគត​បន្តទៀត ពិសេស​អាច​ធ្វើជា​គ្រូ​បណ្តុះបណ្តាល​អ្នកជំនាន់ក្រោយ​ក្នុង​វិស័យ​កីឡា សំដៅ​អភិវឌ្ឍ​សមត្ថភាព​ផ្នែក​កីឡា​បន្ថែមទៀត​។ លោកស្រី ឃួន វិច្ឆិកា បានបញ្ជាក់​យ៉ាង​ដូច្នេះ​។​


លោកស្រី​បាន​បន្តថា​៖ «​ហេតុនេះ ការលើកទឹកចិត្ត​ដល់​កីឡាករ​ទាំង​ ២៦ ​រូបនេះ មិន​ត្រឹមតែ​ជួយ​លើកស្ទួយ​វិស័យ​កីឡា​ប៉ុណ្ណោះ​ទេ ក៏​ជាការ​រួមចំណែក​ដល់​ការ​ឈានទៅ​សម្រេច​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ​២០៥០ ខណៈ​ក្រសួង​ក៏​សូម​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​កម្ពុជា​ទាំងអស់​បន្ត​ខិតខំ​ប្រឹងប្រែង​លើកស្ទួយ​កម្ពុជា​លើ​គ្រប់​វិស័យ​បន្ថែម​ទៀតផង​»​។​

​សូម​បញ្ជាក់ដែរថា​ក្នុង​ពិធី​អបអរសាទរ​ជោគជ័យ​នៃ​ការរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម កាល​ថ្ងៃទី​ ១៧ ខែវិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ចារ​ឯកភាព លើកសំណើ​របស់លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ដោយ​សម្រេច​ឱ្យ​កីឡាករ​-​កីឡាការិនី ដែល​ដណ្តើមបាន​មេដាយ​ជូន​ជាតិ​មាតុភូមិ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ដោយ​ស្វ័យប្រវត្តិ​។​

លោក ហ៊ុន ម៉ា​ណែ​ត ថ្លែង​នាឱកាស​នោះដែរ​ថា លោក​ចាត់ទុក​ការសម្រេច​នេះ គឺជា​ការ​សមស្រប​មួយ ដើម្បី​តបស្នង​លើ​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ​-​កីឡាការិនី​កម្ពុជា ដែល​ខិតខំ​រហូត​ដណ្ដើមបាន​មេដាយមាស ប្រាក់ សំរឹទ្ធ ជូន​ប្រទេសជាតិ​។​

ជាងនេះទៀត លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ដែរថា ការលើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី ដែល​ត្រូវ​ប្រឡង​បាក់​ឌុប តាមរយៈ​ការឱ្យ​ជាប់​ដោយ​ស្វ័យប្រវត្តិ​នេះ មិនមែនជា​លើក​ទី​១​ទេ កាលពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ លោក​ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​ក៏​ធ្លាប់​សម្រេច​ឱ្យ​កីឡាករ​កីឡាការិនី​ចំនួន ៨ ​នាក់ ជាប់​បាក់​ឌុប ដោយ​ស្វ័យប្រវត្តិ​ផងដែរ​។​

សូម​រំឭក​ដែរ​ថា ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ កាលពី​ថ្ងៃទី​៦-៧​ ខែវិច្ឆិកា មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន ១៣៧ ៤១២​ នាក់ ស្រី​ ៧៣ ២៧៨ ​នាក់​។​

តាម​ការគ្រោងទុក​លទ្ធ​ផល​ប្រឡង​នឹងត្រូវ​ប្រកាស នៅតាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល នៅ​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា និង​នៅតាម​មណ្ឌល​ប្រឡង ក្នុង​ខេត្ត​ផ្សេងទៀត នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣៕