ភ្នំពេញៈ ​លោកស្រី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា បាន​លើកឡើងថា ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ មាន​ឆន្ទៈ​នយោបាយ​មោះ​មុត​ក្នុងការ​លើកទឹកចិត្ត ជំរុញ​លើកកម្ពស់ និង​ពង្រឹង​តួនាទី​ស្ត្រី សំដៅ​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍ​ន៍ប្រកបដោយ​ចីរភាព និង​ចក្ខុវិស័យ​ឆ្នាំ​២០៣០ និង​២០៥០​។


​នៅ​ក្នុងនោះ​រដ្ឋសភា​បានអនុម័ត​ច្បាប់​ដែលមាន​លក្ខណៈ​ទូលំទូលាយ និង​គ្របដណ្តប់​ក្នុងការ​បញ្ជ្រាប​សមភាព​យេនឌ័រ​នៅក្នុង​គោលនយោបាយ សាធារណៈ និង​ច្បាប់ ដែល​គិតគូរ​ពី​បញ្ហា​ប្រឈម​របស់​ស្ត្រី​។

​លោកស្រី ឃួន សុ​ដា​រី បាន​ថ្លែង​បែបនេះ នៅក្នុង​វេទិកា​ថ្នាក់ជាតិ ស្តីពី «​ស្ត្រី​ក្នុង​ភាពជា​អ្នកដឹកនាំ​និង​អភិបាលកិច្ច​»​ក្រោម​ប្រធានបទ «​ស្ត្រី​ក្នុង​ថា្នក់​ជាតិ​ធ្វើ​សេចក្តីសម្រេច​ក្នុង​វិស័យ​នយោបាយ​និង​សាធារណៈ​» នា​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដែល​វេទិកា​នេះ រៀបចំឡើង​ដោយ​ក្រសួង​កិច្ចការនារី​។


​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋសភា លោកស្រី ឃួន សុ​ដា​រី បាន​ថ្លែងថា ៖ «​រដ្ឋសភា​បាន​កំពុង​ជំរុញ​យ៉ាងខ្លាំង​នូវ​បុព្វហេតុ​សមភាព​យេនឌ័រ និង​ការពង្រឹង​សមត្ថភាពរ​បស់​ស្ត្រី​តាមរយៈ​គំនិត​ផ្តួចផ្តើម​ និង​វេទិកាសភា​ជាច្រើន​របស់​ក្រុម​សភាជាតិ​កម្ពុជា​នៃ​អ្នកនយោបាយ​សភា​ស្ត្រី ព្រមទាំង​ចូលរួម​យ៉ាងសកម្ម​ក្នុង​យន្តការ​ថ្នាក់ជាតិ និង​អន្តរជាតិ​ជាច្រើន​ទៀតផង​ដែរ​»​។​

​ក្នុង​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​នូវ​មរតក​ដ៏​ថ្លៃថ្លា​នេះ តាមរយៈ​ការជំរុញ និង​លើកកម្ពស់​បន្ថែមទៀត​ ដល់​តួនាទី​របស់​ស្ត្រី ដោយ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ​ធ្លាប់បាន​លើកឡើងថា «​ពិភពលោក​នឹង​កាន់​តែមាន​សុវត្ថិភាព​ស្រស់បំព្រង​និង​កក់ក្តៅ​ជាង​មុន ប្រសិនបើ​មាន​ស្ត្រី​ក្លាយជា​អ្នកដឹកនាំ​កាន់តែច្រើន​»​។ 


​សូម​បញ្ជាក់ដែរថា យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដើម្បី​កំណើន​ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព សំដៅ​ដល់​ការកសាង​មូលដ្ឋានគ្រឹះ​ឆ្ពោះទៅ​សម្រេចបាន​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ ដោយ​ផ្តោតលើ​អាទិភាព​គន្លឹះ​ចំនួន​៥​គឺ​៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​។

​លោកស្រី ឃួន សុ​ដា​រី បាន​បញ្ជាក់ថា ៖ «​នេះ​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​បានបង្ហាញ​យ៉ាងច្បាស់​ពី​ការបន្ត​យកចិត្តទុកដាក់ របស់​រាជរដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ​»​។

​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋសភា ទោះជា​មាន​កិច្ចខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​កិច្ចការ​សមភាព​យេនឌ័រ​យ៉ាងណាក៏ដោយ ក៏​នៅតែមាន​បញ្ហា​ប្រឈម​ជាច្រើន​ជាពិសេស​ចំនួន​ស្ត្រី​ ក្នុង​វិស័យ​នយោបាយ និង​សាធារណៈ​។

​ជាក់ស្តែង យោងតាម​របាយការណ៍​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០២៣ បាន​បង្ហាញថា នៅ​ទូទាំង​សកលលោក ស្ត្រី​នៅក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​មាន​ប្រមាណ ២៦,៧% និង​ក្នុង​ជួរ​រដ្ឋាភិបាល មាន​ប្រមាណ​៣៥,៥%​ប៉ុណ្ណោះ។ 

​ចំណែក​នៅ​កម្ពុជា រដ្ឋសភា​នីតិកាល​ទី​៧​នេះ តំណាង​ស្ត្រី​នៅក្នុង​តំណែង​ថ្នាក់ដឹកនាំ​កំពូល​ដែល​សមាជិក​ព្រឹទ្ធសភា​ជា​ស្ត្រី មាន​អត្រា​កើនឡើង​ប្រមាណ​ពី​ ១៤,៧៥% ដល់ ​១៦,១៣% ប៉ុន្តែ​ចំនួន​សមាជិក​រដ្ឋសភា​ជា​ស្ត្រី​មាន​អត្រា​ធ្លាក់ចុះ​ពី ២០,៨% មក ១៣,៦%​ វិញ​។ 

​ចំណែក​អត្រា​ស្ត្រី​នៅក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ ហាក់​មិនមាន​ការប្រែប្រួល​ខ្លាំងក្លា​នោះទេ គឺមាន​ប្រមាណ​ ១៥%​ ប៉ុណ្ណោះ​។ ចំនួន​ស្ត្រី​នៅក្នុង​កម្រិត​ថ្នាក់ក្រោម​ជាតិ មាន​សញ្ញាណ​វិជ្ជមាន​គួរឱ្យកត់សម្គាល់​។ ជាក់ស្តែង ការចូលរួម​របស់​ស្ត្រី​នៅ​ថ្នាក់​មេឃុំ ចៅសង្កាត់​និង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ មានការ​កើនឡើង​ពី ១៣០​ នាក់ (​ប្រមាណ ៨%) ដល់ ១៧៦​នាក់ (​ប្រមាណ​ជា​ ១១%) ក្នុង​អាណត្តិ​ទី​៥ ពី​ឆ្នាំ​២០២២-២០២៧​។​

​តាមរយៈ​សេចក្តីជូនដំណឹង​ដដែល​នេះ លោកស្រី អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី ក៏បាន​បញ្ជាក់ដែរថា កម្ពុជា​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​១០ ក្នុង​ពិភពលោក​ ដែល​សម្រេច​គោលដៅ​អភិវឌ្ឍ​ន៍សហស្សវត្ស​រ៍លើ​សុខភាព​មាតា ដែល​ក្នុងនោះ​អត្រា​មរណភាព​មាតា​ បាន​ធ្លាក់ចុះ​ពី​ ៤៧២​ ក្នុង​ឆ្នាំ​២០០៥ ដល់​ ១៥៤ នៅក្នុង​ចំណោម​ ១ ​សែន​កំណើត​រស់នៅ​ឆ្នាំ​២០២២​។

​លោកស្រី​បន្តថា យោងតាម​វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ ២០២២​កម្ពុ​ជា មាន​លំដាប់​លេខ​៤១ ក្នុងចំណោម​ ១៤៦​ ប្រទេស ជា​កម្មសិទ្ធិ​ឬ​គ្រប់គ្រង​ដោយ​ស្ត្រី នៅតាម​សហគ្រាស​ធុន​តូច​និង​មធ្យម (SMEs) ដែលជា​អត្រា​ខ្ពស់​ក្នុង​តំបន់​។ 

​លោកស្រី អុឹង កន្ថាផាវី ថ្លែងថា​៖ «​ស្ត្រី​កម្ពុជា​ផ្តល់​តម្លៃ​និង​ទទួលស្គាល់​នៅ​សហគមន៍​អន្តរជាតិ​សម្រាប់​ការចូលរួម​ថែរក្សា​សុវត្ថិភាព​និង​សន្តិភាព​។ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុងចំណោម​ប្រទេស​អាស៊ាន​និង​ទី​១៣ ក្នុងចំណោម​ ១២០​ប្រទេស ដែល​បាន​បញ្ជូនទាហាន​ស្ត្រី​ក្នុងការ​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​»​។​

​ទោះជា​បែបនេះ​ក្តី លោកស្រី ឃួន សុ​ដា​រី បានលើកឡើង​នាឱកាស​នោះដែរ​ថា ការវិវឌ្ឍ​​នេះ​សបញ្ជាក់​ឱ្យឃើញថា នៅ​កម្ពុជា ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ​និង​នីតិប្រតិបត្តិ មាន​ឆន្ទៈ​នយោបាយ​ពិតប្រាកដ​ក្នុងការ​លើកទឹកចិត្ត ជំរុញ​លើកកម្ពស់ និង​ពង្រឹង​តួនាទី​ស្ត្រី សំដៅ​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ចក្ខុវិស័យ​ឆ្នាំ​២០៣០​និង​ឆ្នាំ​២០៥០៕