សៀមរាបៈលោក​ស្រី ​ឱ វណ្ណឌី​ន រដ្ឋលេ​ខាធិ​ការ​ក្រសួង​សុខាភិ​បាល ​បាន​ចុះ​ពង្រឹង​គុណភា​ព​សេវា​សុខាភិ​បាល​ក្នុង​មណ្ឌល​សុខ​ភាព​ចំនួន ​៨ កន្លែង ​នៅ​ក្នុងខេត្ត​សៀមរា​ប ខណៈ​ការងារ​ចុះ​ពង្រឹង​សេវា​នេះ​​នឹង​បន្ត​រៀប​ចំ​ធ្វើឡើង​នៅ​តាម​មណ្ឌល​សុខ​ភាព​ផ្សេងៗ​ទៀត ​ក្នុង​ខេត្ត​ចំនួន​ ១៣​។​


​លោក​ស្រី ​ឱ វណ្ណឌី​ន បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃទី​២០ ​ខែវិច្ឆិកា​ថា ការ​ចុះពង្រឹង​សេវា​នេះ ​បាន​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៩​ ខែវិច្ឆិកា​ ដោយ​លោក​ស្រី​បាន​ចុះ​តាម​មណ្ឌល​សុខ​ភាព​ចំនួន​៨ ក្នុង​ខេត្ត​សៀម​រាប​។​

​មណ្ឌល​សុខភា​ព​ទាំងនោះ​រួមមាន​​ មណ្ឌល​សុខភាព​ច​ន្លា​ស់​ដៃ​, មណ្ឌល​សុខ​ភាព​ រោង​គោ​,​មណ្ឌល​សុខ​ភាព ស្រីស្នំ​, មណ្ឌល​សុខភា​ព មោង​,​មណ្ឌល​សុខ​ភាព ​សំរោង​, មណ្ឌល​សុខ​ភាព ពពេល​, មណ្ឌល​សុខ​ភាព​ កៀន​សង្កែ ​និង​មណ្ឌល​សុខភាព ស​ង្វើ​យ​។​


​លោក​ស្រី ឱ​ វណ្ណឌី​ន បាន​ឱ្យដឹង​ដែរ​ថា៖«​សកម្ម​ភាពចុះ​​ពង្រឹង​គុណភាព​សេវា​មណ្ឌល​សុខ​ភាព​នេះ ​ផ្តោត​សំខាន់​ទៅ​លើ​កិច្ចការ​មួយ​ចំនួន​ក្នុង​ការ​ជំរុញ​ បង្កើន​ការថែ​ទាំ​សុខភា​ព​បឋម​ (PHC-BIF) នៅតា​ម​មូលដ្ឋាន​សុខាភិ​បាល​សា​ធារណៈ និង​នៅ​ក្នុង​សហ​គមន៍និង​ការជំ​រុញ​លើក​កម្ពស់​គុណភា​ព សុវត្ថិ​ភាព​អ្នក​ជំងឺ ​និង​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​ជំងឺ​តាម​ប្រព័ន្ធ​អន​ឡាញ​»​។​

​ក្រៅ​ពី​នេះ ចុះ​ពង្រឹង​គុណ​ភាព​សេវា​មណ្ឌល​សុខ​ភាព​ ក៏​ផ្តោត​ទៅ​លើ​កិច្ចការ​ជំរុញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ បរិស្ថាន​ក្នុង​និង​ជុំវិញ​មណ្ឌល​សុខ​ភាព ​បង្កើន​បដិ​សណ្ឋារ​កិច្ច​ក្នុង​ការ​ផ្តល់​សេវា​ថែទាំ​ដល់​អ្នក​ជំងឺ ​ការគ្រប់គ្រ​ង​ធនធាន​មនុស្ស និង​ការ​គ្រប់​គ្រង​ឱសថ ​សម្ភារ​បរិក្ខារ​ពេទ្យ​និង​ការ​ពង្រឹង​សមត្ថ​ភាព​បច្ចេក​ទេស​ និង​ការប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជី​ថល ជា​ពិសេស​ជំរុញ​ការ​បំពេញ​ការងា​រ ​គោរព​ក្រ​មសីលធម៌​វិជ្ជាជីវៈ​ពេទ្យ ​និង​មាន​វត្តមាន​ប្រចាំ​ការ​ ២៤​ ម៉ោង​/៧​ ថ្ងៃ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ស្រី ​ឱ វណ្ណ​ឌីន​។​


​ទាក់ទង​នឹង​ការចុះ​ពិនិត្យ​ និង​ពង្រឹង​សេវា​សុខាភិ​បាល​នេះ​ដែរ​មន្ត្រីជាន់​ខ្ពស់​នៃ​ក្រសួង​សុខាភិ​បាល​ដដែល​ បាន​ ឱ្យ​ដឹង​ដែរ​ថា ​មន្ត្រី​ក្រសួង​នឹង​ចាប់​ផ្ដើម​បន្ត​ចុះ​ជួយ​គាំទ្រ​ជំរុញ​ និង​ពង្រឹង​ការអ​នុវត្ត​ស្ត​ង់ដា​នៃ​ការទទួល​ស្គាល់​គុណ​ភាព​សេវា​នៅតាម​មណ្ឌល​សុខ​ភាព​មួយ​ចំនួន​ទៀត​ក្នុង​ខេត្ត១៣​ផ្សេង​ដែរ ​រួមមាន​ ខេត្ត​ព្រៃវែ​ង ស្វាយ​រៀង ត្បូង​ឃ្មុំ ​ក្រចេះ ស្ទឹង​ត្រែង មណ្ឌល​គិរី ​រត​នគិរី កំពង់​ចាម កំ​ពង់ធំ សៀម​រាប ​ព្រះវិហារ​ ឧត្តរ​មាន​ជ័យ និង​ខេត្ត​បន្ទាយ​មាន​ជ័យ​។​

​លោក​ស្រី ​ឱ វណ្ណឌី​ន​ បាន​បញ្ជាក់ថា​ ៖ «​ការ​ចុះជួយ​គាំទ្រនិង​ពង្រឹង​មណ្ឌល​សុខភា​ព​ក្នុង​ខេត្ត​ទាំង​នោះគឺ​​ដើម្បី​ពិនិត្យ ​និង​ពិភាក្សា​​ពី​ផែនការ​ ការទ​ទួលខុស​ត្រូវ ​តួនាទី​ភារកិ​ច្ច​រួម និង​ការ​ពិនិត្យ​បញ្ជី​ផ្ទៀងផ្ទា​ត់​ព័ត៌មាន​មណ្ឌល​សុខភា​ព​សម្រាប់​យក​មក​អនុវត្ត​»​។​

​យោង​តាម​ក្រសួង​សុខាភិបា​ល គិត​មក​ដល់ពេ​ល​នេះ ​មន្ត្រី​ក្រសួងសុ​ខាភិបា​ល បាន​ចុះ​ពង្រឹង​គុណភា​ព​សេវា​នៅ​តាម​មណ្ឌល​សុខភា​ព​នៅក្នុ​ង​ខេត្ត​ចំនួន​ ៣ រួមមាន​ ខេត្ត​សៀមរា​ប មាន​មណ្ឌល​សុខ​ភាព​ចំនួន ៨​កន្លែង​, ខេត្ត​រ​តនគិ​រី មាន​មណ្ឌល​សុខ​ភាព​ចំនួន ៩ ​កន្លែង​ និង​ខេត្ត​ឧត្តរ​មាន​ជ័យ​មាន​មណ្ឌល​សុខ​ភាព​ចំនួន ៩​ កន្លែង​។ ក្រៅពី​ការ​ពង្រឹង​គុណ​ភា​ព​​សេវា​នៅក្នុង​​មណ្ឌល​សុខភា​ព ​ក្រសួង​ក៏បាន​ចុះ​ពង្រឹងគុ​ណភា​ព​សេវា​នៅតា​ម​មន្ទី​រពេទ្យ​បង្អែក​ខេត្ត​នានា​ផង​ដែរ​ដូច​ជា ​ខេត្ត​ត្បូង​ឃ្មុំ ព្រះ​វិហារ ​កំពត ​និង​ខេត្ត​កែប ​៕