ភ្នំពេញៈ ថ្វីបើ​មិនទាន់​អាច​ដឹងបាន​ពី​ចំនួន​អ្នកធ្វើ​អត្តឃាត​ថា​មាន​ប៉ុន្មាន​នាក់ ឬ​អ្នក​ត្រូវបាន​ជួយសង្គ្រោះ​ពី​ការធ្វើអត្តឃាត​មាន​ប៉ុន្មាន​នាក់​ក្នុង​ ១​ ​ខែ ឬក៏​ក្នុង ​១ ​ឆ្នាំ​ក្ដី ប៉ុន្តែ​បើ​យោងតាម​ការផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​គេ​តែង​ឃើញ​ជា​ញឹកញាប់​អំពី​ករណី​ធ្វើអត្តឃាត ឬ​ការធ្វើឃាត​ខ្លួនឯង​ដោយមាន​ទាំង​សកម្មភាព​លោតទឹក ការចងក រីឯ​ជនរងគ្រោះ​មាន​ទាំង​ក្មេងៗ​រហូតដល់​មនុស្ស​ចាស់​ ឬ​អ្នកមាន​ឋានៈ​ក្នុងសង្គម​ទៀតផង​។​


​ចំណែកឯ​មូលហេតុ​វិញ​ក៏មាន​ផ្សេងៗ​គ្នា​ផងដែរ​។ តួយ៉ាង​កាលពី​ខែតុលា មាន​ក្មេងប្រុស​អាយុ​ ១០​ ឆ្នាំ​ម្នាក់ រស់នៅ​ភូមិ​​សំឡី​ខាងជើង ឃុំ​សំឡី ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង​បាន​ចងក​សម្លាប់ខ្លួន​។​ «​ខ្ញុំ​ស្រឡាញ់​កូន​ខ្លាំងណាស់​កូន​កំពុងតែ​រៀន​អង់គ្លេស​ពូកែ ខ្ញុំ​ឃើញ​កូន​រៀន​ពូកែ​បែបនេះ​សប្បាយចិត្ត​។ ពេល​ខ្ញុំ​មកពី​ធ្វើការ​ឃើញ​កូន​ខ្ញុំ​មាន​កម្លាំងចិត្ត តែ​ឥឡូវ​កូន​ស្លាប់ចោល ខ្ញុំ​គ្មាន​កម្លាំង​ធ្វើការ​ទេ ខ្ញុំ​ទឹកភ្នែក​រាល់ថ្ងៃ​ហ្នឹង​»​។ នេះ​ជាស​ម្តី លោក អ៊ុត សារី ជា​ឪពុក​ក្មេងរងគ្រោះ​រស់​នៅ​ភូមិ​សំឡី​ខាងជើង ឃុំ​សំឡី ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង​។​

​លោក​បាន​រៀបរាប់ថា កូនប្រុស​របស់លោក​អាយុ​ ១០ ​ឆ្នាំ រៀន​ថ្នាក់​ទី​៥ ហើយក៏​ជា​កូនពៅ និង​កូនច្បង​ជា​កូនស្រី​។ នៅវេលា​ថ្ងៃត្រង់​ក្នុង​ខែតុលា កូនប្រុស​របស់លោក​បាន​មើល​ទូរទស្សន៍​ជាមួយ​បងស្រី​គេ ហើយ​នៅពេល​កំពុង​មើល​ទូរទស្សន៍​គេ​ក៏បាន​អង្គុយ​លើ​ភ្លៅ​បងស្រី​។​


​លោក ​សារី ប្រាប់​បន្តថា ពេលនោះ​បងស្រី​គេ​បាន​ប្រាប់​ប្អូន​ថា​កុំ​អង្គុយ​លើ​ភ្លៅ​អី​។ គ្រាន់តែ​និយាយ​ប៉ុណ្ណឹង​ក៏​ស្រាប់តែ​កូន​ប្រុស​លោក​បាន​ស្ទុះ​ដើរ​ចេញពីផ្ទះ​បាត់​តែម្តង​។ រីឯ​កូនស្រី​លោក​ក៏​មិនបាន​ចាប់អារម្មណ៍​ថា​ប្អូន​ខ្លួន​ទៅ​ចងក​សម្លាប់ខ្លួន​ដែរ​។ ការចងក​នេះ​គេ​ប្រើ​ខ្សែពួរ​ដែល​លោក​ទុក​នៅ​ក្រោលគោ ហើយ​លោក​ក៏​មិន​នឹកស្មានថា​នឹង​កើតមាន​រឿង​បែបនេះ​ដែរ​។​

​លោក​បាន​ថ្លែងថា លោក​មិនអាច​និយាយបានថា ជាហេតុ​ចៃដន្យ​ខាង​ផ្លូវ​ងងឹត​អី​ទេ តែបើ​តាម​លោក​សង្កេត រាល់ថ្ងៃ​ឃើញថា កាលពី​នៅរស់ គឺ​កូនលោក​ឧស្សាហ៍​មើល​ទូរស័ព្ទ​ណាស់​។​


«​ករណីនេះ​ខ្ញុំ​ក៏​ចង់​ផ្ញើ​សារ​ដល់​បងប្អូន​ដែលមាន​កូន​សូម​ព្យាយាម​សាកសួរ​កូន ដើម្បី​ដឹង​ពី​អារម្មណ៍​របស់គាត់​ថា គាត់​កំពុង​ត្រូវការ​អ្វី​សូម​បង្កើតឱ្យមាន​ពេលវេលា​នៅ​ជាមួយ​កូន​ឱ្យបាន​ច្រើន​»​។​

​ដោយ​មិន​គិតពី​ករណី​ស្លាប់​គឺ​គិត​ចាប់តាំងពី​ដើមឆ្នាំ​ ២០២៣ ​ដល់​ខែតុលា មាន​មនុស្ស​ ៣៦ ​នាក់ ​ត្រូវបាន​រកឃើញថា ប៉ុន​ប៉ង​ធ្វើអត្តឃាត​ក្នុងចំណោម​មនុស្ស ​៦៥៣ ​នាក់ ដែល​បានទទួល​ការពិគ្រោះ​យោបល់​ផ្លូវ​ចិត្ត​។ នេះ​បើ​យោងតាម​ទិន្នន័យ​ដែល ​ភ្នំពេញ ​ប៉ុស្តិ៍​ ទទួលបាន​ពី​អង្គការ Child Helpline Cambodia នៅក្នុង​ខែវិច្ឆិកា​នេះ​។​

​អ្នកស្រី​ ធន ស្រី​ពៅ ជា​ប្រធាន​​ផ្នែក​ពិគ្រោះ​យោបល់​នៃ​អង្គ​ការ Child Helpline Cambodia​ បានឱ្យដឹងថា គិតពី​ដើម​​ខែមករា ដល់​ខែតុលា ឆ្នាំ​ ២០២៣ គឺ​អ្នកមាន​បញ្ហា​ផ្លូវចិត្ត​ចំនួន​ ៦៥៣ ​នាក់​ បានមក​ទទួល​សេវា​ពិគ្រោះ​យោបល់​បន្សាប​វិបត្តិ​ផ្លូវចិត្ត​នៅ​អង្គការ​របស់​អ្នកស្រី​។​ក្នុងចំណោម​មនុស្ស​ ៦៥៣ ​នាក់​គឺមាន​ ៣៦ ​នាក់​ជា​គោលដៅ​ប៉ុនប៉ង​ធ្វើអត្តឃាត​ដែលមាន​វ័យ​ចាប់ពី ​១៥ ឆ្នាំ ដល់​អាយុ​ជាង​ ២៥​ ឆ្នាំ​។ ក្នុងនោះ​មាន​អ្នកខ្លះ​មិនមែន​ទើបតែ​ចង់​ធ្វើអត្តឃាត​លើក​ទី១ ​ទេ គឺ​គាត់​មានគំនិត​បែបនេះ​ច្រើនដង​ក្នុង​ដំណើរ​ជីវិត​របស់​ពួកគាត់ មុនពេល​មក​ពិគ្រោះ​យោបល់​។​

​អ្នកស្រី ស្រី​ពៅ បាន​លើកយក​សម្រង់​សម្តី​របស់​អ្នក​ចង់​ធ្វើអត្តឃាត​ម្នា​ក់ថា​៖ «​ខ្ញុំ​ហត់​ណាស់ ជីវិត​របស់ខ្ញុំ​មានតែ​ភាពលំបាក ហត់នឿយ និង​ការ​អត់ទ្រាំ​។ ខ្ញុំ​ហត់នឿយ និង​លាក់បាំង​ការពិត ខ្ញុំ​រស់នៅក្នុង​ជីវិត​ដែល​សម្តែង​។ ខ្ញុំ​ទ្រាំ​ទៅមុខ​លែងរួច​ហើយ ពេលខ្លះ​ខ្ញុំ​ចង់តែ​គិត​ខ្លី​ម្ដងៗ ខ្ញុំ​មិន​ចង់ឱ្យ​នរណាម្នាក់​មក​លំបាក​ជាមួយ​ខ្ញុំ​ទេ​។ ខ្ញុំ​មិន​សេសសល់​អ្វី​ទៀត​ទេ អស់ហើយ​បង ហើយ​ជីវិត​ខ្ញុំ​ឥឡូវនេះ​ងងឹតឈឹង​។ ខ្ញុំ​ធ្វើ​អ្វី​តែងតែ​ខុស គ្មាន​នរណា​យល់ចិត្ត​ខ្ញុំ​ទេ រាល់ពេល​ខ្ញុំ​និយាយ គេ​តែងតែ​បន្ទោស​ខ្ញុំ​ថែម​»​។​

​បើតាម​អ្នកស្រី ធន ស្រី​ពៅ អង្គការ ​Child Helpline Cambodia ទទួល​ពិគ្រោះ​យោបល់​ដល់​អ្នកមាន​វិបត្តិ​ផ្លូវចិត្ត​ដោយ​ប្រើ​ខ្សែ​ទូរស័ព្ទ​ហៅចូល​លេខ​ ១២៨០ ឬ​ Facebook page childhelpline Cambodia ដោយ​មិន​គិតថ្លៃ​ទេ​។

អ្នកស្រីបានឱ្យដឹងថា តាមរយៈ​ម​ធ្យោ​បាយ​ទំនាក់ទំនង​ទាំងនេះ​ពួក​គាត់​អាចទាក់ទង​មក​អង្គការ​ហើយ​អាច​លើក​បង្ហាញ​ពី​ក្តីកង្វល់​របស់គាត់​គ្រប់យ៉ាង​មក​ពិគ្រោះ​យោបល់​បាន ហើយ​រាល់​ការជជែក​គឺ​ត្រូវបាន​រក្សា​ការសម្ងាត់​។​

​ជា​អ្នក​ដែល​ធ្លាប់បាន​ជួប​ផ្ទាល់​ជាមួយ​អ្នកមាន​វិបត្តិ​ផ្លូវចិត្ត​ផង​នោះ អ្នកស្រី ធន ស្រី​ពៅ បានឱ្យដឹងថា បច្ចុប្បន្ន​អ្នកស្រី​មើលឃើញថា ស្ថានភាព​ផ្លូវចិត្ត​ទាំង​កុមារ ទាំង​យុវវ័យ​រហូតដល់​មនុ​ស្ស​ធំ​ពេញវ័យ គឺ​ហាក់បីដូចជា​កម្លាំងចិត្ត​ពួកគាត់​មាន​ភាព​ទន់ខ្សោយ​។​

​រីឯ​មូលហេតុ​ដោយសារ​មាន​សម្ពាធ​ច្រើន​ពី​បញ្ហា​ជុំវិញខ្លួន​ពួកគាត់​។ ឧទាហរណ៍​ថា បើជា​ក្មេងៗ គឺ​គាត់​មាន​បញ្ហា​ក្នុង​ក្រុម​គ្រួសារ ឬ​ជាមួយ​មិត្តភក្តិ​ហើយ​មិនអាច​រក​វិធី​ដោះស្រាយ​ដោយ​ខ្លួនឯងបាន​។ ប៉ុន្តែ​ចំពោះ​មនុស្សពេញវ័យ គឺ​វិបត្តិ​ផ្លូវចិត្ត​ពាក់ព័ន្ធ​នឹង​បញ្ហា​សេដ្ឋកិច្ច បញ្ហា​រកាំ​​រ​កូ​ស​ក្នុង​គ្រួសារ ដូចជា​អំពើហិង្សា ស្ថានភាព​បំណុល ដែលមាន​មនុស្ស​ជាច្រើន​ទាល់ច្រក​ហើយ​បាន​ប៉ុនប៉ង​ធ្វើ​អត្ដ​ឃាត​ដើម្បី​បញ្ចប់​បញ្ហា​។​

​អ្នកស្រី​បានបញ្ជាក់​ថា​៖ «​ខ្ញុំ​ជួប​ជាមួយ​អ្នកទទួល​សេវា​ខ្ញុំ​ច្រើន​នាក់​ណាស់​ដែល​គាត់​មានគ្រួសារ​ចាប់ពី​វ័យ​ ៣០​ ឆ្នាំ​ឡើងទៅ​។ ចំពោះ​មូលហេតុ​ ១ ​នៃ​ការ​​ធ្វើឱ្យ​ពួកគាត់​មានគំនិត​ចង់​សម្លាប់ខ្លួន គឺ​បញ្ហា​ជំពាក់​បំណុល​គេ​នេះឯង​»​។​

​អ្នកស្រី ធន ស្រី​ពៅ បាន​បន្ថែមថា អង្គការ​អ្នកស្រី​មាន​បម្រើសេវា​ពិគ្រោះ​យោបល់​បឋម​ដោយមាន​អ្នកជំនាញ​ពិគ្រោះ​យោបល់​ដែលមាន​ក្រម​សីលធម៌​វិជ្ជាជីវៈ​។ ដូច្នេះ​អ្នក​ជំនាញ​នឹង​ផ្តល់​ការពិគ្រោះ​យោបល់ និង​គាំទ្រ​ហើយនឹង​ពិនិត្យ​មើលថា តើ​ស្ថានភាព​របស់​អ្នក​មក​ទទួល​សេវា​កំពុងស្ថិត​នៅក្នុង​ក​ម្រិ​ត​បែប​ម៉េច​?

​ប្រសិនបើ​ការពិគ្រោះ​យោបល់​បឋម​យើង​គិតថា អាច​នឹង​ជួយ​ឱ្យ​គាត់​បាន​ប្រសើរ​ឡើងវិញ​ គឺ​យើង​បន្ត​ធ្វើការ​ជាមួយ​គាត់​។ តែបើ​យើង​រកឃើញថា​ស្ថានភាព​ផ្លូវចិត្ត​ប៉ះទង្គិច​ខ្លាំង យើង​ក៏​បញ្ជូន​ពួកគាត់​ទៅរក​សេវា​ព្យាបាល​ផ្លូវចិត្ត​ណាមួយ​តាមរយៈ​អ្នកជំនាញ​ចិត្តសាស្ត្រ​ឬក៏​គ្រូពេទ្យ​វិកល​វិទ្យា​ជាដើម​។​

​ទោះយ៉ាងណា​អ្នកស្រី ធន ស្រី​ពៅ បាន​ណែនាំ​ដល់​អ្នក​ដែល​សង្ស័យថា ខ្លួន​មាន​ជំងឺផ្លូវចិត្ត​គួរតែ​ឧស្សាហ៍​ពិនិត្យមើល​អា​​រ​ម្មណ៍​ផ្លូវចិត្ត​របស់ខ្លួន​ឯង ដូច​​ជាការ​ឆែក​សុខភាព​ផ្លូវកាយ​តាមរយៈ​សំណួរ​ខ្លះៗ​ថា តើ​ពេលនេះ​ខ្លួន​មាន​អារម្មណ៍​បែបណា​? តើ​អារម្មណ៍​នោះ​វា​បានធ្វើឱ្យ​យើង​មានការ​លំបាក​អ្វីខ្លះ​ហើយ​វា​ខ្លាំង​ប៉ុនណា​?​និង​តើ​ខ្ញុំ​កំពុង​ត្រូវការ​អ្វី​ជាមួយនឹង​អារម្មណ៍​នេះ​?

​ពាក់ព័ន្ធ​នឹង​វិបត្តិ​ផ្លូវចិត្ត​ដែល​នាំ​ដល់​ការ​សម្លាប់ខ្លួន​នេះ លោក វេជ្ជបណ្ឌិត​យឹម សុ​បុត្រា ប្រធាន​ផ្នែក​សុខភាព​ផ្លូវចិត្ត និង​ការ​​បំពាន​គ្រឿងញៀន​នៃ​មន្ទីរពេទ្យ​​មិត្តភាព​ខ្មែរ​-​សូ​វៀត បានឱ្យដឹងថា ជាទូទៅ​ការធ្វើអត្តឃាត​ភាគច្រើន គេ​ឃើញ​នៅលើ​ជំងឺ​បាក់​ទឹកចិត្ត​។

យើង​អាច​និយាយបានថា ៧០​ ភាគរយ​នៃ​ជំងឺ​ផ្លូវ​​ចិត្ត ជាដើម​ហេតុនាំឱ្យ​មានកា​រ​ធ្វើអត្តឃាត​។ ចំពោះ​រូបភាព​នៃ​អំពើ​អត្តឃាត​មាន​ច្រើន ដូចជា ករណី​លោតទឹក​ពីលើ​ស្ពាន ឬ​ពីលើ​អគារ​ខ្ពស់ៗ ការចងក និង​លេបថ្នាំ​សម្លាប់ខ្លួន​ជាដើម​។​ល​។​

​លោក​បាន​បន្តថា រីឯ​ការធ្វើអត្តឃាត​សាហាវៗ មានដូចជា ការបាញ់​សម្លាប់ខ្លួន និង​ការ​​យក​កាំបិត​ចាក់​ខ្លួនឯង​តែម្តង​។ ​នេះ​ជា​ជំងឺ​បាក់​ទឹកចិត្ត​មួយ​ដ៏​ធ្ងន់ធ្ងរ និង​ស្រួចស្រាល់​ខ្លាំង​។​ ជំងឺ​បាក់​ទឹកចិត្ត​វា​មាន​ប្រភេទ មាន​កម្រិត​របស់​វា តែ​ក៏​មិនមែន​គ្រប់​តែ​ជំងឺ​បាក់​ទឹកចិត្ត​អ្នកជំងឺ​សុទ្ធតែ​សម្លាប់ខ្លួន​ដែរ មានន័យថា ជំងឺ​បាក់​ទឹកចិត្ត​ធ្ងន់​​ធ្ង​រ ទើប​ឈានទៅដល់​សម្លាប់​ខ្លួនឯង​។​

​លោក​ថ្លែងថា​៖ «​ជំងឺ​បាក់​ទឹកចិត្ត​តែងតែ​លាក់ខ្លួន ឬ​ហៅថា​ឃាតករ​លាក់​មុខ ពីព្រោះ​កាលណា​គាត់​មាន​ជំងឺ​បាក់​ទឹកចិត្ត​ហ្នឹង គាត់​មិន​ចង់​រស់ ហើយ​គាត់​មិន​ស្វែងរក​ពេទ្យ​ព្យាបាល​អី​ទេ ព្រោះ​ចិត្ត​គាត់​ចង់តែ​ស្លាប់​ទៅហើយ អ៊ីចឹង​អាហ្នឹង​វា​មានការ​លំបាក​ចំពោះ​អ្នកមាន​បញ្ហា​បែប​ហ្នឹង​»​។​

​បើតាម​លោក​វេជ្ជបណ្ឌិត សុ​បុត្រា សភាព​អ្នកជំងឺ​បាក់​ទឹកចិត្ត​ដែល​លោក​ជួបប្រទះ​ញឹក​ញាប់​ជាងគេ​គឺជា​យុវភាព​ដែល​អាច​រាប់​ចាប់ពី​មនុស្សពេញវ័យ​ឡើង​។ ចំពោះ​អាយុ​វិញ​ភាគច្រើន​ចាប់ពី ​១៨ ​ឆ្នាំ​រហូតដល់​អាយុ​ ៤០​ ឆ្នាំ ប៉ុន្តែ​ក៏​មិនមែន​មានន័យថា កុមារ និង​វ័យ​ជំទង់​អត់​មាន​ករណី​នេះដែរ ហើយ​មនុស្ស​ចាស់​ក៏មាន​ការសម្លាប់​ខ្លួន​ដែរ បន្ទាប់ពី​បាក់​ទឹកចិត្ត​។​

​លោក​បាន​បន្តថា អ្នកខ្លះ​មាន​ជំងឺ​បាក់​ទឹកចិត្ត​ហើយ​ពោលថា​ចង់​ស្លាប់ តែ​ក្នុង​ខ្លួន​មិនទាន់​ចង់​ស្លាប់​ដូច​មាត់​ទេ គាត់​គ្រាន់តែ​គំរាម​ឱ្យគេ​ចាប់អារម្មណ៍​តែប៉ុណ្ណោះ​។ ឧទាហរណ៍​ថា គាត់​ប្រុង​លេបថ្នាំ ដល់​តែ​លេប​ជ្រុល​ទៅ​ក៏​ស្លាប់ ឯ​អ្នក​ខ្លះទៅ​ឈរលើ​អគារ​ប្រុង​ថា លោត​ដើម្បី​ឱ្យគេ​ជួយ តែ​ចៃដន្យ​ពេល​គាត់​លោត​មក​ស្លាប់​មែន​ក៏មានដែរ​។ របៀបនេះ​គេ​ហៅថា ការ​គ្រោះ​​ថ្នាក់​ក្នុងពេល​គាត់​មិនទាន់​សម្រេចចិត្ត​ច្បាស់លាស់​។​

​លោក​បាន​បញ្ជាក់ថា អ្នកមាន​ជំងឺ​បាក់​ទឹកចិត្ត គឺ​កើតឡើង​ពី​បរិយាកាស​នៅ​ជុំវិញខ្លួន​នេះ​ឯង ហើយក៏​មានការ​ព្យាបាល​តាម​វិធី​ច្រើន​ដែរ​។ ចំពោះ​មូល​ហេតុនាំឱ្យ​មាន​ជំងឺ​បាក់​ទឹកចិត្ត​បណ្ដាល​ពី​កត្តា​សង្គម ហេតុដូចនេះ​អ្នកជំងឺ​ត្រូវ​ចេះ​ដោះស្រាយ​បញ្ហា​សង្គម​ឱ្យបាន​ត្រឹមត្រូវ​។ ​តែ​មុននឹង​គ្រូពេទ្យ​ទៅ​ជួយ លុះ​ត្រាតែ​អ្នកជំងឺរ​ត់រក​គ្រូពេទ្យ​ដែរ តែបើ​គាត់​មិន​ទៅរក​គ្រូពេទ្យ តើន​រណា​ដែល​អាចជួយ​គាត់​បាន​?

​លោក​ យឹម សុ​បុត្រា បានឱ្យដឹងថា ការព្យាបាល​គឺមាន​ករណីខ្លះ​សង្គ្រោះបន្ទាន់ ព្រោះ​ការធ្វើអត្តឃាត អាហ្នឹង​ត្រូវការ​សង្គ្រោះបន្ទាន់​។ ប្រសិនបើ​យើង​មើល​ដោយ​ធ្វេសប្រហែស​នោះ គឺ​អ្នកជំងឺ​ហ្នឹង​អាចធ្វើ​អត្តឃាត​លើក​ក្រោយ​ទៀត​។

​ជុំវិញ​បញ្ហា​នេះ លោក សេក​ សុជាតិ អ្នក​ប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ​បានឱ្យ​ ភ្នំពេញ​ ប៉ុស្តិ៍​ ដឹងថា បញ្ហា​មនុស្ស​សម្លាប់ខ្លួន ឬ​ធ្វើអត្តឃាត​នៅ​កម្ពុជា គឺ​យើង​បានដឹងហើយថា វា​អាច​កើតឡើង​បាន​រៀងរាល់​ពេល​។ ការធ្វើអត្តឃាត​ប្រៀបបាន​នឹង​អាវុធ​ ១​ បែប​ដែល​បំផ្លាញ​ធនធានមនុស្ស​ដោយ​លាក់​មុខ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​មូលហេតុ​ដែលនាំឱ្យ​មនុស្ស​មាន​វិបត្តិ​ផ្លូវចិត្ត គឺ​បណ្តាលមកពី​កត្តា​មួយចំនួន ទី១- ​គឺ​កត្តា​អប់រំ​ប្រសិនបើ​ការអប់រំ​ធ្លាក់ចុះ​,​ កត្តា​ទី២- ​គឺ​ទាក់ទង​នឹង​កត្តាសេដ្ឋកិច្ច​សង្គម​,​ កត្តា​ទី៣- ​កត្តា​អ​យុ​ត្តិ​​ធម៌​សង្គម និង​កត្តា​ទី៤- ​លោក​មើលឃើញ​ទាក់ទង​សន្តិសុខ​​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ដែល​ជំពាក់​បំណុល​ធនាគារ​មីក្រូហិរញ្ញវត្ថុ​ឯកជន ដែល​វា​សុទ្ធសឹង​ជា​បន្ទុក​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាពលរដ្ឋ​»​។​

​លោក​បាន​បញ្ជាក់ថា ការបាក់​ទឹកចិត្ត​ក៏​បង្កើត​ឱ្យ​មនុស្ស​គ្រប់​​គ្រង​ខ្លួន​មិនបាន ហើយ​ងាក​មក​សេព​គ្រឿងញៀន ឬ​គ្រឿង​ស្រវឹង​ជាហេតុ​ធ្វើឱ្យប៉ះពាល់​ខួរក្បាល​ហើយ​គិត​ខ្លី​នាំឱ្យ​កើតមាន​បញ្ហា​ធ្វើអត្តឃាត​។ ការធ្វើអត្តឃាត​បច្ចុប្បន្ន គឺជា​រឿង​ស្មុគស្មាញ​ក្នុងការ​ដោះស្រាយ ក្នុងស្ថានភាព​នយោបាយ សង្គម​សេដ្ឋ​កិច្ច វប្បធម៌ សុជីវធម៌ និង​គុណ​ធម៌ ដែល​ហាក់​កំពុង​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​។​

​ជុំវិញ​បញ្ហា​នេះ សម្តេចព្រះ​ពុទ្ធ​ជ័យ​មុនី ឃឹម សន ព្រះ​មេ​គណ​រាជធានី​ភ្នំពេញ​បានផ្ដល់​ឱវាទ​ថា ការដែល​ទទួលបាន​អំពើ​ល្អ​ត្រូវតែ​សេពគប់​ជាមួយ​សប្បុរសជន ​(​អ្នក​មិន​ធ្វើអំពើ​អាក្រក់​)​។ ការសេព​គប់​នេះ​មាន​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ជាដើម និង​មនុស្ស​ទូទៅ​ក្នុងសង្គម​ដែលជា​អ្នកសិក្សា​ក្តី និង​អ្នក​និយាយ​រឿង​ល្អៗ​ក្តី​។ យើង​ត្រូវ​យកចិត្តទុកដាក់​លើ​ពាក្យ​ប្រៀនប្រដៅ​ទាំងអស់នោះ​ហើយ​សេពគប់​ជាមួយ​សប្បុរសជន​។​

​សម្តេច​បាន​មាន​ព្រះបន្ទូល​ថា​៖ «​បើ​យើង​មាន​បញ្ហាលំបាក​រឿង​អ្វី​ ១ ​នៅក្នុង​ជីវិត កុំទៅ​សម្ងំ​ម្នាក់​ឯង​ក្នុង​ទី​ស្ងាត់កំបាំង​។ តែបើ​សម្ងំ​ម្នាក់ឯង​នឹង​ជួប​បញ្ហា​ធ្ងន់​ធ្ង​រហើយ​ប្រាកដជា​ធ្វើ​រឿង​អកុសល​រឿង​ទុច្ចរិត​ផ្សេងៗ​មិន​ខាន​។ បើ​យើង​មិន​សប្បាយ​ចិត្តនឹង​អ្វី​ ១ ត្រូវ​រក​ទីប្រឹក្សា ក្នុងនោះ​មាន​ម្តាយ​-​ឪពុក យើង​មាន​បង​ប្អូន​យើង និង​មនុស្ស​នៅ​ជុំវិញខ្លួន​យើង​ដែល​គេ​ស្រឡាញ់​សេចក្តី​ល្អ​ក្នុងសង្គម​»៕