ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​នៅ​ថ្ងៃទី​​ ២០ ខែវិច្ឆិកា​ថា នៅ​ឆ្នាំ​ ២០២៤​ ខាងមុខ រាជរដ្ឋាភិបាល​នឹងដាក់​គោលដៅ​ក្នុងការ​ធ្វើកំណែទម្រង់​​រដ្ឋបាល​សាធារណៈ​ដល់​គ្រប់​​ក្រសួង​ទាំងអស់​ដោយ​ត្រូវធ្វើ​ការពិនិត្យ​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ​ផ្ទៃក្នុង តួនាទី និង​ភារកិច្ច​របស់​ក្រសួង​សា្ថ​ប័ន​មួយចំនួន ព្រោះ​ក្រសួង ឬ​ស្ថាប័ន​ខ្លះ អាចជា​ន់ភារ​កិច្ចការ​ងារ​គ្នា​។​


​លោក​ ហ៊ុន ម៉ា​ណែ​ត​ បាន​ថ្លែង​បែបនេះ នា​ពិធី​ប្រកាស​ដាក់ឱ្យអនុវត្ត​នូវ​កម្មវិធី​គោ​លន​យោ​បាយ​អាទិភាព​ទី៥​ និង​ទី៦ ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី ​៧ នៃ​រដ្ឋសភា ដែលជា​កម្មវិធី​គោល​​នយោបាយ​អាទិភាព​ក្នុងចំណោម​កម្មវិធី​គោលនយោបាយ​អាទិភាព​ទាំង ៦ របស់​រាជរដ្ឋាភិបាល​។​

​លោក​បញ្ជាក់ថា​៖ «​ចាប់ពី​ឆ្នាំ​ ២០២៤​ ខ្ញុំ​ដាក់​គោលដៅ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័នរដ្ឋ​ដែល​គ្រប់​ក្រសួង​ទាំងអស់​ត្រូវ​ពិនិត្យ​រចនាសម្ព័ន្ធ​ផ្ទៃក្នុង​ដែល​ត្រូវ​ពិនិត្យ​តួនាទី​និង​ភារកិច្ច​តាម​ផ្នែក​រៀងៗ​ខ្លួន ដើម្បី​ចៀសវាង​ការជាន់​ការងារ​គ្នា​ទាំង​ក្នុង​ផ្ទៃក្នុង​ក្រសួង​នីមួយៗ និង​ជាន់​ការងារ​ឆ្លង​ក្រសួង​-​ស្ថាប័ន​»​។​


​លោក ​ហ៊ុន ម៉ា​ណែ​ត បន្តថា៖ «​យើង​ត្រូវ​ពិចារណា​ថា ត្រូវ​ពង្រឹង​មួយណា​ទុក​មួយណា ឬក៏​យ៉ាងម៉េច​។ ឧទាហរណ៍​ថា តើ​ក្រសួង​ធនធានទឹក និង​ក្រសួង​អភិវឌ្ឍន៍ជនបទ ជាន់គ្នា​យ៉ាង​ម៉េច​? ក្រសួង​រ៉ែ និង​ថាមពល ជាមួយ​ក្រសួង​ធនធានទឹក តើ​ពី​ណា​គេ​គ្រប់គ្រង​ខ្សាច់ ពី​ណា​គេ​គ្រប់គ្រង​អី​? ពេលខ្លះ​ត្រូវ​ពិនិត្យមើល​កន្លែង​ហ្នឹង​វិញ​កន្លងមក យើង​បានធ្វើ​ខ្លះ​ហើយ​»​។ លោក​សង្កត់ធ្ងន់ថា ការងារ​ត្រួតពិនិត្យ និង​ការវាយតម្លៃ គឺជា​ការងារ​សំខាន់​ណាស់​។​

​លោក យង់ ពៅ អគ្គលេខា​ធិ​ការ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកជំនាញ​វិទ្យាសាស្ត្រ​ន​យោ​បាយ បាន​គាំទ្រ​ទៅលើ​គម្រោង​នៃ​ការធ្វើកំណែទម្រង់​នេះ ប៉ុន្តែ​លោក​ថា លុះត្រាតែ​ថ្នាក់ដឹកនាំ​មាន​ឆន្ទៈ​ពិតប្រាកដ និង​ហ៊ាន​ធ្វើ ទើប​កំណែទម្រង់​នេះ​អាចធ្វើ​ទៅបាន​ជោគជ័យ​។


លោក​លើកឡើងថា ជាការ​ពិតណាស់​ស្ថាប័នរដ្ឋ​កុំថាឡើយ ពី​ស្ថាប័ន​ ១ ទៅ​ស្ថាប័ន​ ១ សូម្បីតែ​ក្រសួង​ដែលជា​សេនាធិការ​របស់​រដ្ឋាភិបាល ក៏​ជាន់​សមត្ថកិច្ច​គ្នា​ដែរ ហើយ​ក្នុងនោះ​អ្នកសារព័ត៌មាន​ក៏​ដឹង សាធារណជន​ក៏​ដឹង អ្នក​ន​យោ​​បាយ​ខ្លួនឯង​ក៏​ដឹង​គឺ​បង្កើត​ក្រសួង​ថ្មី ឬ​ក្រសួង​ចាស់​ក៏ដោយ គឺមាន​ការជាន់​សមត្ថ​កិច្ច​គ្នា​ហើយ​។

​លោក យង់ ពៅ បាន​ប្រាប់ថា​៖ «​នៅពេលដែល​ជាន់​សមត្ថ​កិច្ច​គ្នា​នៅពេលដែល​ធ្វើការ​កន្លែង​ដែលមាន​ផលប្រយោជន៍​គឺ​នាំគ្នា​ដណ្តើម​គ្នា ធ្វើ​កន្លែង​ដែល​មិនមាន​ផលប្រយោជន៍​គឺ​មើលបំណាំ​គ្នា​។ អ៊ីចឹង​នេះហើយ ដែល​ធ្វើឱ្យមាន​ភាព​អសកម្ម ការ​ចំណាយលុយ​ច្រើន ការងារ​គ្មាន​ប្រសិទ្ធភាព​ដោយសារ​ការ​មើលបំណាំ​គ្នា​។ នេះ​គឺជា​អ្វីដែល​កើតមាន​ពិតប្រាកដ​»​។​

​ទន្ទឹមនឹងនេះ លោក​ យ៉ង់ ពៅ ក៏បាន​បញ្ជាក់ដែរថា ប្រសិនបើ​មានការ​កែទម្រង់ វៀរលែងតែ​ថា​តើ​រដ្ឋាភិបាល​ហ៊ាន​បញ្ចូល​ក្រសួង​ដែល​ជាន់​សមត្ថកិច្ច​គ្នា​នោះ បង្រួម​មកវិញ​ដែរ​ឬ​អត់​? ប្រសិន​​បើ​មានការ​ធ្វើដូចនេះបាន​មែន​នោះ​មហាជន​នឹង​សាទរ និង​ចំណេញ​ថវិកាជាតិ មិន​ជាន់​សមត្ថកិច្ច​គ្នា​ទៀតឡើយ​។​

​លោក យង់ ពៅ បញ្ជាក់ថា៖ «​ក្នុងការ​ដោះស្រាយ​កិច្ចការងារ​នេះ​ដើម្បី​ឱ្យមាន​តម្លាភាព​នោះ​គឺ​អាស្រ័យ​លើ​ឆន្ទៈ​របស់​អ្នក​ន​យោ​បាយ ឆន្ទៈ​គណបក្សកាន់អំណាច និង​ឆន្ទៈ​អ្នកដឹកនាំ​រដ្ឋាភិបាល នោះ​គឺអាច​ដោះស្រាយបាន​ហើយ តែបើ​មិនមាន​ឆន្ទៈ​ពិតប្រាកដ​នឹងធ្វើ​កំណែទម្រង់​ទេ​គឺ​មិនអាច​ធ្វើទៅ​បានឡើយ​»​។​

​ស្រដៀង​គ្នា​នេះដែរ លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ក៏បាន​លើកឡើង​ដែរ​ថា ការកែទម្រង់​កុំឱ្យ​មានការ​ងារ​ជាន់គ្នា ត្រួតគ្នា​នេះ​ជា​រឿង​សំខាន់​មួយ ប៉ុន្តែ​យ៉ាងណា​ក៏​មិន​ងាយ​នឹង​រុញ​ស្ថាប័នរដ្ឋ​បញ្ចូល​គ្នា​ឱ្យបាន​លឿន​ដែរ ព្រោះ​មន្ត្រី​ន​យោ​បាយ​មាន​ច្រើនសន្ធឹក​សន្ធាប់​ពេក​ដូចជា ទីប្រឹក្សា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​រាប់​ពាន់​នាក់ ដែល​នេះ​ធ្វើឱ្យមាន​ការខាតបង់​ថវិកាជាតិ​ច្រើន​មែនទែន​។

​លោក​ យង់ គិ​ម​អេង ថ្លែងថា៖ «​បើ​យើង​មិន​កែទម្រង់​នៅ​ថ្នាក់​នយោបាយ​ទេ យើង​កែទម្រង់​តែ​ថ្នាក់ក្រោម នោះ​វា​អត់​សូវ​ដើរទៅ​មុខ​បាន​លឿន​នោះទេ តែ​ខ្ញុំ​គិតថា ដំណើរការ​នេះ គឺ​មិន​ងាយ​​ស្រួល​ក្នុងការ​ដោះស្រាយ ក្នុង​ការកែទម្រង់​បាន​ដោយ​ងាយ​ស្រួល​ឡើយ​»៕