ភ្នំពេញៈ លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ថ្ងៃទី​ ​២០ ខែវិច្ឆិកា ឆ្នាំ ​២០២៣ បានប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​គោលនយោបាយ​អាទិ​ភាព​ទី​៥ និង​ទី​៦ របស់​រាជ​រដ្ឋា​ភិ​បាល​ ដើម្បី​លើកស្ទួយ​ផលិតកម្ម​កសិកម្ម រក​ទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​កសិផល​តាមរយៈ​កម្មវិធី​ហិរញ្ញប្បទាន ការដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ​សង្កាត់ និង​ការ​​អភិវឌ្ឍ​សហគមន៍​ កសិកម្ម​ទំនើប​។​


​លោក​ ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ក្នុង​ពិធី​ឱកាស​នោះ​ថា​៖«​គោល​​នយោបាយ​អាទិភាព​ទី៥ និង​ទី​៦ ​គឺ​សំដៅ​ពង្រឹង​និង​ជំរុញ​បន្ថែម​លើ​ការជួយ​ទាញ​នូវ​សក្តានុពល​កសិកម្ម​រប​ស់​យើង ដោយ​យើង​មិន​ត្រឹមតែ​មិន​ដើរចេញ​ឬ​ដើរ​ចោល​កសិកម្ម​នោះទេ ប៉ុន្តែ​ថែមទាំង​ដាក់​គោលនយោបាយ​ដើម្បី​ពង្រឹង​និង​ទាញ​សក្តានុពល​បន្ថែម​ទៀត​ដោយ​ធ្វើយ៉ាងណា​ឱ្យបាន​ផល​កាន់តែច្រើន​ដល់​កសិករ​របស់​យើង​»​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​បន្តថា ទីផ្សារ​ផលិតផល​កសិកម្ម មិន​ខុសពី​ទីផ្សារ​ដទៃទៀត​នោះទេ គឺមាន​ភាព​ប្រកួតប្រជែង​ច្រើន ដូច្នេះ​បច្ចេកទេស​កសិកម្ម​ត្រូវតែ​ធ្វើ​ទំនើបកម្ម​ជាប្រចាំ​ ដើម្បី​បង្កើន​ផលិតភាព កាត់បន្ថយ​តម្លៃ និង​ធានា​ទីផ្សារ​។​


​លោក​ ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា​៖ «​ពេលដែល​យើង​និយាយ​ពី​កសិកម្ម យើង​តែងតែ​និយាយ​ពី​តុល្យភាព​រវាង​អ្នក​​ប្រើប្រាស់​និង​អ្នក​ផលិត​។​អ៊ីចឹង​តុល្យភាព​នេះ​ គឺជា​អ្វីដែល​រាជរដ្ឋាភិបាល​បាន​គិតគូរ​ដើម្បី​ធានា​ឱ្យ​ប្រយោជន៍​ច្រើន​ដល់​កសិករ និង​រក្សា​លំនឹង​ថ្លៃ​នៅលើ​ទីផ្សារ​ផងដែរ ដោយ​ត្រូវតែ​គិតដល់​អ្នក​ផលិត​និង​អ្នកប្រើប្រាស់​ដូចគ្នា​»​។​

​លោក​បន្តថា នៅក្នុង​បរិការណ៍​ភូមិសាស្ត្រ​នយោបាយ​កាន់តែ​ស្មុគស្មាញ សេដ្ឋកិច្ច​ពិភព​លោក​ពិបាក​ព្យាករ កម្ពុជា​កាន់តែ​មិនអាច​បោះបង់​ឬ​ព្រងើយ​កន្តើយ​ចំពោះ​ការអភិវឌ្ឍ​កសិកម្ម ដែលជា​ឆ្នាំងបាយ​របស់ខ្លួន​នោះឡើយ​។


ជាក់ស្តែង​ទន្ទឹមនឹង​ការ​ព្យាយាម​ធ្វើ​ទំនើប​ក្នុង​វិស័យ​ឧស្សាហកម្ម​ពី​ឧស្សាហកម្ម​អតិ​ពលកម្ម​ទៅជា​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ​បច្ចេកវិទ្យា រាជរដ្ឋាភិបាល​ក៏មាន​កាតព្វកិច្ច​ក្នុងការ​​ធ្វើ​ទំនើបកម្ម​ដូចគ្នា​ពី​កសិកម្ម​ដែល​ពឹងផ្អែក​ដោយ​ពលកម្ម តាមបែប​ប្រពៃណី​ទៅជា​កសិកម្ម​ពឹងផ្អែក​លើ​ជំនាញ បច្ចេកវិទ្យា និង​មានតម្លៃ​បន្ថែម​ខ្ពស់​។​

​ជាមួយគ្នានេះដែរ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏បាន​ថ្លែង​ក្នុង​ពិធី​នោះដែរ​ថា ការរក្សា​លំនឹង​ថ្លៃ​កសិផល​គន្លឹះ គឺជា​ការងារ​អាទិភាព​មួយ​របស់​ក្រសួងកសិកម្ម ដើម្បី​ជួយ​អន្តរាគមន៍​តម្លៃនៅលើទីផ្សារ​ឱ្យបាន​ទាន់ពេល​វេលា និង​ជួយ​ដល់​កសិករ​ក្នុងពេលដែល​ការផ្គត់ផ្គង់​ជន់​ជោរ ប្រឈម​នឹង​ការធ្លាក់​គំហុក​ថ្លៃ​ក្នុង​រយៈពេល​ខ្លី​។​

​ចំពោះ​គោលនយោបាយ​ដាក់ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ សង្កាត់ លោក​ឌិ​ត ទីណា បាន​បញ្ជាក់ថា សម្រាប់​ឆ្នាំ​ ២០២៣ នេះ  ​ក្រសួង​កសិកម្ម នឹង​រួមសហការ​ជាមួយ​ក្រសួង​មុខងារសាធារណៈ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រៀបចំ​ការប្រឡង​ប្រកបដោយ​តម្លាភាព​ដែល​គ្រោង​ប្រព្រឹត្តទៅ​នៅ​សប្តាហ៍​ទី​ ២ ​នៃ​ខែធ្នូ​ខាងមុខ​ដើម្បី​ជ្រើសរើស​មន្ត្រី​កសិកម្ម​ចំនួន ២៥០ ​នាក់​សម្រាប់​ដាក់ពង្រាយ​នៅតាម​ឃុំ​-​សង្កាត់ ក្នុង​ខេត្ត​ចំនួន​ ១៧​។​

​លោក​បានឱ្យដឹងថា ខេត្ត​ទាំង​នេះ មាន​សក្តានុពល​ផ្នែក​ដំណាំ​កសិកម្ម ដូចជា ខេត្តតាកែវ កំពង់ស្ពឺ កំពង់ធំ សៀមរាប បន្ទាយ​មាន​ជ័យ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង កំពត ពោធិ៍សាត់ ព្រៃវែង ព្រះវិហារ ត្បូងឃ្មុំ ស្វាយរៀង ឧ​ត្ត​រ​មានជ័យ កណ្តាល និង​ខេត្ត​មណ្ឌលគិរី ដោយ​ផ្តល់​អាទិភាព​ដល់​បេក្ខជន​មាន​លំនៅ​ក្នុង​បណ្តា​ខេត្ត​គោលដៅ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​មន្ត្រី​ទាំងអស់​នឹង​ស្នាក់នៅ​ជា​អចិ​ន្រៃ្ដ​យ៍​នៅ​មូលដ្ឋាន ផ្សារភ្ជាប់​ការ​ងារ និង​ជីវភាព​ដោយផ្ទាល់​ជា​​មួយ​ប្រជាកសិករ ប្រមូល​ព័​ត៌​​មាន​អំពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម​នៅ​មូលដ្ឋាន​ព្រមទាំង​ផ្តល់ព័ត៌មាន និង​សំណូមពរ​របស់​ប្រជាកសិករ​មក​ក្រសួង​ដើម្បី​ពិនិត្យ និង​ស្វែ​ករក​ដំណោះ​​ស្រាយ​បាន​ទាន់ពេលវេលា​»​។​

​ចំពោះ ការអភិវឌ្ឍ​សហគមន៍​កសិកម្ម​ទំនើប​វិញ លោក​រដ្ឋមន្ត្រី​កសិកម្ម បានឱ្យដឹងថា  មកទល់​បច្ចុប្បន្ន កម្ពុ​ជាមាន​សហគមន៍​កសិកម្ម​ចំនួន​ ១ ២៥១ ដែលមាន​សមាជិក​សរុប​ជាង​ ១៧ ​ម៉ឺន​នាក់ ក្នុងនោះ​សហគមន៍​រឹងមាំ​មានតែ​ ២១៧ ​ប៉ុណ្ណោះ​។ សហ​គម​ន៍​ទាំងអស់​មាន​ដើមទុន​សរុប​ជាង​ ២៦​ លាន​ដុល្លារ ឬ​ប្រមាណ​ ២​ ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ ១ ​សហ​គម​ន៍​។ សហគមន៍​កសិកម្ម​បច្ចុប្បន្ន​ជួប​បញ្ហា​ប្រឈម​ជាច្រើន​តាំងពី​ដើមទុន ការដឹកនាំ​គ្រប់គ្រង ឥណទាន​ខ្សែ​ច្រវាក់​ផលិតកម្ម​ទំហំ​ផលិតកម្ម​ថ្លៃដើម​ផលិតកម្ម​ខ្ពស់ និង​ទីផ្សារ​។​ល​។​

លោករដ្ឋ​មន្ត្រីកសិកម្ម ឌិត ទីណា ថ្លែង​នៅ​ក្នុងពិធី​ កាលពីថ្ងៃម្សិលមិញ​។ រូបថត STPM

​លោក ឌិ​ត ទីណា បាន​ថ្លែងថា​៖ «​ក្រសួង​មាន​ទស្សនទាន​ជំរុញឱ្យមាន​ការបង្កើត​សហគមន៍​កសិកម្ម​ទំនើប​ដែលមាន​កម្រិត​សមាហរណកម្ម​ខ្ពស់​ប្រមូលផ្តុំ​ប្រជាកសិករ​ឱ្យនៅ​ក្រោម​យន្ត​​ការផលិត​កម្ម​តែ​ ១ ដើរតួនាទី​ជា​សហគ្រាស​សេដ្ឋកិច្ច​កសិកម្ម​រឹងមាំ មាន​សមត្ថភាព​ប្រកួតប្រជែង​ទាំង​លើ​បរិមាណ គុណភាព និង​តម្លៃ និង​មាន​សមត្ថភាព​ឆ្លើយ​​តប​ទៅនឹង​តម្រូវការ​ទីផ្សារ​ប្រកបដោយ​និរន្តរភាព​»​។​

​បើតាម​លោក ឌិ​ត ទីណា សហគមន៍​កសិកម្ម​ទំនើប នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាកសិករ​ជា​សមាជិក ដូចជា ការទទួលបាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ​ផលិតកម្ម​ទំនើប ការប្រឹក្សា​យោបល់ ការគ្រប់គ្រង​មុខ​ជំនួញ ឥណទាន ការប្រាក់​ទាប កិច្ចសន្យា​ផលិតកម្ម ការ​កាត់​បន្ថយ​ហានិភ័យ ដោយសារ​ការប្រែប្រួល​អាកាសធាតុ និង​ការលើកកម្ពស់​អំណាច​ចរចា​ទីផ្សារ ជាពិសេស​ការកាត់បន្ថយ​ថ្លៃដើម​ផលិត និង​បង្កើន​ប្រាក់​ចំណេញ​តាមរយៈ​ការអនុវត្ត​សេដ្ឋកិច្ច​មាត្រដ្ឋាន ​(Economies of Scale)​។​

​លោក​ថា ដំណាក់កាល​ដំបូង ក្រសួង​គ្រោង​ដាក់ឱ្យ​ដំណើរការ​សហគម​ន៍ក​សិ​កម្ម​ទំនើប​នេះ​សម្រាប់​ដំណាំ​យុទ្ធសាស្ត្រ​មួយចំនួន​ដូចជា បន្លែ ស្រូវ ស្វាយ​​ចន្ទី និង​ម្រេច​ជាដើម​។ ជុំវិញ​ការជ្រើសរើស​មន្ដ្រី​កសិកម្ម​ឃុំ សង្កាត់​នេះ​ផងដែរ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ណែនាំ​ឱ្យ​ក្រសួងកសិកម្ម និង​ក្រសួង​ពាក់ព័ន្ធ ត្រូវ​ឱ្យមាន​តម្លាភាព សុក្រឹត​​ភាព ខណៈ​បច្ចុប្បន្ន​មាន​និស្សិត​ប្រមាណ​ ១​ ម៉ឺន​នាក់​បានដាក់​ពាក្យ​រួច​ដែល​តម្រូវការ​មានតែ ​២៥០​ នាក់​ប៉ុណ្ណោះ​។​

​លោក​បាន​លើកឡើងថា​៖«​យើង​ត្រូវ​ធ្វើឱ្យ​ការប្រកួត​ប្រ​ជែង​នេះ​ឱ្យបាន​ត្រឹមត្រូវ តម្លាភាព និង​ធានា​អ្នកមាន​សមត្ថភាព​ចេះ​ជាប់​។ បើជា​ប់ ជាប់​ដោយ​មោទនភាព បើ​ធ្លាក់ ធ្លាក់​ឱ្យអស់​ចិត្ត ដែល​នេះ​ជាគោលការណ៍​របស់​យើង​។ មន្ត្រី​កសិកម្ម គឺ​ភ្នាក់ងារ​ដ៏​មាន​ប្រសិទ្ធភាព​របស់​ក្រសួង​ដែល​ក្តាប់បាន​បញ្ហា​មូលដ្ឋាន​ចំ​តែម្តង​»​។​

​ជាមួយគ្នា​នោះដែរ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏បាន​អំពាវ​នាវ​ឱ្យ​យុវជន ដែល​បានដាក់​ប្រឡង​ធ្វើជា​មន្ត្រី​កសិកម្ម​ ឃុំ​-សង្កាត់ ពេល​ប្រឡង​ជាប់​រួចរាល់​ហើយ សូម​បំពេញភារកិច្ច​ដោយ​បេះដូង​ទាំងមូល ដើម្បី​ជួយ​ដល់​ប្រជាកសិករ ព្រោះ​[​យើង​]​មិនមែន​យក​ដើម្បី​បាន​ក្របខ័ណ្ឌ ដើម្បី​បាន​ប្រាក់ខែ​ទេ តែ​[​យើង​]​ធ្វើ​ដើម្បី​បានធ្វើ​បុណ្យ​ជាមួយ​ប្រជាជន​ជាមួយ​ប្រទេសជាតិ​។​

​ទាក់ទង​នឹង​ការដាក់ឱ្យ​អនុវត្ត​កម្មវិធី​គោលនយោបាយ​អាទិ​ភាព​ទី​ ៥ និង​ទី ៦​ នេះដែរ លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ថ្លែងថា ការប្រកាស​ដាក់ឱ្យអនុវត្ត​ចាប់ពីពេលនេះ​នឹង​កែទម្រង់​ប្រព័ន្ធ​ផលិតកម្ម​កសិកម្ម​កម្ពុ​ជា​ឱ្យ​កាន់តែ​ទំនើប​។​

​លោក​បាន​ប្រាប់ថា​៖ «​គោល​នយោបាយ​ទាំងនេះ​ក៏​ដើម្បី​ធានា​សន្តិសុខ​ស្បៀង បង្កើន​ប្រសិទ្ធភាព​សេដ្ឋកិច្ច បញ្ចៀស​ហានិភ័យ​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ទីផ្សារ បង្កើន​ប្រាក់ចំណេញ​សម្រាប់​ប្រជាកសិករ និង​ជួយ​សន្សំសំចៃ​ចំណាយ​សម្រាប់​អ្នក​ទទួលទាន​ទូទាំងប្រទេស​តាមរយៈ​យន្តការ​រក្សា​ស្ថិរ​​ភាព​ថ្លៃ ចូលរួម​កាត់បន្ថយ​ភាព​​ក្រីក្រ និង​ជួយ​ទ្រទ្រង់​សេដ្ឋ​កិច្ច​ជាតិ​ថែម​ទៀតផង​»​។​

​លោក ហ៊ុន ឡាក់ អ្នកនាំពាក្យ​សមាគម​ឧកញ៉ា​កម្ពុជា និង​ជា​អ្នកជំនួញ​ក្នុង​វិស័យ​កសិកម្ម បាន​ថ្លែង​ដែរ​ថា តាម​ការពិនិត្យ​មើ​លក​ម្ម​វិធី​គោលនយោបាយ​ទាំង​ ២​ សុទ្ធ​តែមាន​សារៈសំខាន់​ទាំងអស់​ពាក់ព័ន្ធ​នឹង​ខ្សែ​ច្រវាក់​ផលិត​​កម្ម​កសិកម្ម និង​ជំរុញ​ការនាំចេញ ដោយសារ​គោលនយោបាយ​នេះ​បាន​ដាក់ចេញ​វិធានការ​ចំៗ ជាពិសេស​ពាក់ព័ន្ធ​នឹង​ធន​​ធាន​មនុស្ស និង​ថវិកា​។​

​លោក​បាន​បញ្ជាក់ថា ៖ «​ធន​ធាន​មនុស្ស និង​ថវិកា​នេះ មាន​សារៈសំខាន់​ខ្លាំងណាស់ ព្រោះថា​ប្រសិនបើ​យើង​មានតែ​គោល​នយោបាយ តែ​ខ្វះ​ធនធានមនុស្ស និង​ថវិកា នោះ​ការអនុវត្ត​គោល​នយោបាយ​ក៏​មិនអាច​ជំរុញ​ទៅមុខ​បានដែរ​»​។​

​លោក​ ហ៊ុន ឡាក់ បាន​បន្តថា ៖«​ខ្ញុំ​ចាប់អារម្មណ៍​ចំណុច ១ ​ទៀត គឺ​ទាក់ទង​នឹង​ការជំរុញ​ការធ្វើ​កសិកម្ម ការរក​ទីផ្សារ និង​ការរក្សា​លំនឹង​តម្លៃ​ក៏​សំខាន់​ផងដែរ ពិសេស​មួយទៀត​នោះ គឺ​កម្មវិធី​ហិរញ្ញប្បទាន​ដែល​សុទ្ធសឹងតែ​ជា​គោលនយោបាយ​ទាក់ទាញ​សម្រាប់​អ្នក​នៅក្នុង​វិស័យ​កសិកម្ម​»​។​

​សូមជម្រាបថា កម្មវិធី​គោល​នយោបាយ​អាទិភាព​ទី ​៥ និង​ទី​ ៦ ​របស់​រាជរដ្ឋាភិបាល​សម្រាប់​ចាប់ផ្តើម​អនុវត្ត​ភ្លាម​ក្នុង​ឆ្នាំ​ ២០២៣ ​នេះ រួមមាន កម្មវិធី​ទី​ ៥ ការដាក់ចេញ​យន្តការ​សម្រប​សម្រួល និង​កម្មវិធី​ហិរញ្ញប្បទាន សំដៅ​លើកស្ទួយ​ផលិតកម្ម រក​ទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​កសិផល​សំខាន់ៗ​ក្នុង​កម្រិត​សមរម្យ​។​

​តាមរយៈ​ការដាក់ចេញ​កញ្ចប់​ថវិកា​ជាក់លាក់​ដោយ​ចាប់ផ្តើម​ពី​ចំនួន ​១០០​ លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​វិភា​ជ​ថវិកា​បន្ថែម ប្រសិនបើ​មាន​តម្រូវការ​ចាំបាច់​ដើម្បី​ធ្វើ​អន្តរាគមន៍​ឱ្យបាន​ទាន់ពេល​ ក្នុង​ការទិញ​កសិផល​ពី​ប្រជាកសិករ​ជាមួយនឹង​គោល​ដៅ​រក្សា​ស្ថិរភាព​ថ្លៃ​នៅ​រាល់​រដូវ​ប្រមូល​ផល ជាពិសេស​លើ​ផលិតផល​កសិកម្ម​មួយចំនួន ជាអាទិ៍ ស្រូវ ស្វាយកែវ​រមៀត មៀន​ប៉ៃលិន ស្វាយចន្ទី ដំឡូង ពោត និង​ផលិតផល​ផ្សេងទៀត​តាម​ការចាំបាច់​។​

​ចំណែក​កម្មវិធី​ទី​ ៦ គឺ​ការដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម​ទៅគ្រប់​ឃុំ​សង្កាត់​ដែលមាន​សកម្មភាព​កសិក​ម្ម​នៅ​ទូទាំងប្រទេស ដើម្បី​ជំរុញ​ការលើក​កម្ពស់​ផលិតភាព​កសិកម្ម និង​ជួយ​ដល់​គ្រួសារ​កសិករ ក្នុងការ​លើកស្ទួយ​ផលិតផល​កសិកម្ម​រប​ស់​ខ្លួន​។ រាជរដ្ឋាភិបាល​នីតិ​កាល​ទី​ ៧ នឹង​យកចិត្តទុកដាក់​ផងដែរ​ទៅលើ​ការរៀបចំ​ឱ្យមាន​សមាគម​កសិករ​នៅតាម​ទីជនបទ​ដើម្បី​រក្សា​កម្លាំង​របស់​ក​សិ​ករ​ក្នុង​ការផលិត ក៏ដូចជា ការ​តថ្លៃ​ជាមួយ​អ្នកទទួល​ទិញ​៕