ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ ២០២៣ ការនាំផលិតផលកសិកម្មកម្ពុជាទៅទីផ្សារអន្តរជាតិមានបរិមាណសរុបជាង ៦,២ លានតោន គិតជាប្រាក់ជាង ៣ ៥០០ លានដុល្លារ ទៅទិសដៅ ៧៤ ប្រទេស។
នេះបើតាមលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧» កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣។
លោក ឌិត ទីណា បានលើកឡើងថា មកដល់ពេលនេះការដាំដុះស្រូវសម្រេចបានជាង ៣,៦ លានហិកតា និងទទួលបានផល ៦,២ លានតោន ជាមួយនឹងការរំពឹងទុកនឹងទទួលបានផលជាង ៦,៣ លានតោនបន្ថែមទៀតនៅខែវិច្ឆិកា និងខែធ្នូ ឆ្នាំនេះ។
លោកបន្តថា ក្នុងចំណោមការនាំចេញខាងលើ គឺការនាំចេញអង្ករ មានជាង ៥២ ម៉ឺនតោន គិតជាប្រាក់ជាង ៤៥៨ លានដុល្លារ (រួមទាំងនាំទៅឥណ្ឌូនេស៊ីដែលជាទីផ្សារថ្មី)។ ដោយឡែកការនាំចេញផលិតផលជ័រកៅស៊ូ សម្រេចបានជាង ២៤២ ពាន់តោន ស្មើនឹងជាង ៣២០ លានដុល្លារ ក្នុងរយៈពេល ៩ ខែនៃឆ្នាំ ២០២៣ នេះ។
លោកថ្លែងថា៖ «ក្រសួងកំពុងជំរុញការអនុវត្តគំនិតផ្តួចផ្តើមប៉ូលសេដ្ឋកិច្ចទី៤ នៅភាគពាយព្យ ក្នុងខេត្តចំនួន ៤ គឺខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដោយផ្សារភ្ជាប់នឹងការបង្កើតច្រកមច្ឆា និងអង្ករ ដែលជាផ្នែកមួយដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសកម្ពុជា និងប្រទេសចិន»។
លោកបន្ថែមថា ជាមួយគ្នានេះក្រុមការងារក្រសួងក៏បានជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាអធិរាជស្វាយចន្ទីនាពេលអនាគត ថែមទាំងជំរុញផលិតកម្មពូជស្រូវសុទ្ធដែលមានភាពសុទ្ធល្អ មានទីផ្សារ និងមានតម្លៃខ្ពស់ ដើម្បីផ្គត់ផ្គង់ដល់កសិករ និងគាំទ្រដល់គោលនយោបាយជំរុញការនាំចេញអង្ករប្រណីតកម្ពុជា និងបង្កើនល្បឿនរៀបចំសេចក្តីព្រាងច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា។
នាពិធីនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ខណៈប្រទេសជាច្រើនកំពុងជួបវិបត្តិ ប្រទេសកម្ពុជាវិញមិនត្រឹមតែអាចធានាបានសន្តិសុខស្បៀងប៉ុណ្ណោះទេ ប៉ុន្តែមានអតិរេកនៃការផលិត និងបាននាំចេញជាង ៦ លានតោនទៀតផង។
លោកថ្លែងថា៖ «នេះមិនមែនគ្រាន់តែជាសក្តានុពលដែលប្រទេសយើងមានធនធានធម្មជាតិ មានដីច្រើន និងដីមានជីជាតិនោះទេ ប៉ុន្តែក៏បញ្ជាក់ពីការដឹកនាំ ការគ្រប់គ្រង និងការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវផងដែរ។ ការបញ្ចប់សង្គ្រាម ការរំដោះដីកសិកម្មចេញពីគ្រាប់មីន ការជំរុញ និងការដាក់ចេញគោលនយោបាយលើកទឹកចិត្តផ្សេងៗក្នុងវិស័យកសិកម្ម គឺបានផល»។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា កន្លងទៅបានខិតខំចរចាដើម្បីបើកទីផ្សារខាងក្រៅបន្ថែមតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ ខណៈបណ្តាប្រទេសដៃគូប្រកួតប្រជែងក៏ខិតខំដូចគ្នា។
លោកថ្លែងថា៖ «មិនមែននៅស្ងៀមៗប្រទេសទាំងអស់មកទិញផលិតផលពីកម្ពុជានោះទេ។ អ៊ីចឹងយើងត្រូវធានាគោលនយោបាយរបស់យើង ការទំនាក់ទំនងគុណភាព និងតម្លៃរបស់យើងផងដែរក្នុងការប្រកួតប្រជែងនេះ»។
ទាក់ទងនឹងដំណាំស្រូវ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា តម្លៃស្រូវឆ្នាំនេះល្អ បើប្រៀបធៀបឆ្នាំមុន ដោយឆ្នាំនេះ ១ គីឡូមានតម្លៃពី ១ ០០០ ទៅ ១ ៣០០ រៀល ខណៈរយៈពេលដូចគ្នាឆ្នាំមុន ស្រូវ ១ គីឡូក្រាមមានតម្លៃត្រឹមចន្លោះពី ៨០០ ទៅ ១ ០០០ រៀល ហើយគួបផ្សំជាមួយនឹងការធ្លាក់ចុះនៃតម្លៃវត្ថុធាតុដើមសម្រាប់ផលិតជី និងថ្នាំកសិកម្មមួយចំនួន។
លោកបញ្ជាក់ថា៖ «ដូចនេះអាចធ្វើឱ្យកសិករយើងរកចំណូលបាន ព្រោះវាមិនសំខាន់រឿងតម្លៃលក់តែ ១ ទេ តែវាសំខាន់ផងដែរលើតម្លៃផលិតមានន័យថាសំខាន់ថាតើកសិករសល់លុយប៉ុន្មាន? បើផលិតផលថ្លៃពេក ការលក់ថ្លៃយ៉ាងម៉េចក៏នៅសល់តិចដែរ។ ដូចនេះហើយបានជារដ្ឋាភិបាលតែងដាក់ចេញគោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តជាច្រើនដោយធ្វើយ៉ាងណាកាត់បន្ថយតម្លៃ ដើម្បីធានាការប្រកួតប្រជែង និងចែកផលលាភនេះដល់ដៃប្រជាពលរដ្ឋ»។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក ចាន់ សុឃាំង បានឱ្យដឹងថា ក្នុងនាមផ្នែកឯកជន លោក និងសមាជិកសហព័ន្ធទាំងអស់មានមោទនភាពដែលមានឱកាសជួយរដ្ឋាភិបាលក្នុងបេសកកម្មស្វែងរកទីផ្សារក្រៅប្រទេស ដោយទទួលបានលទ្ធផលជាទីគាប់ប្រសើរ ជាពិសេសការបើកទីផ្សារអង្ករទៅកាន់ទីផ្សារថ្មីក្នុងឆ្នាំនេះ។
លោកប្រាប់ថា៖ «យើងនឹងនៅតែបន្តកិច្ចការងារនេះ ដោយបច្ចុប្បន្នយើងកំពុងសហការ និងរិះរកវិធីផ្សព្វផ្សាយអង្ករកម្ពុជា ដែលជាយុទ្ធសាស្ត្រទីផ្សារ យើងនឹងបន្តសហការជាមួយដៃគូនៅក្រៅប្រទេស ដើម្បីជំរុញការនាំចេញអង្ករ»៕