ភ្នំពេញៈ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវទាក់ទងនឹងវិធីសាស្ត្រសុខភាពតែមួយ ដែលជាវិធីសាស្ត្រថ្មីបំផុតនៅកម្ពុជា មានសារៈសំខាន់ក្នុងការរករបកគំហើញ ដែលពាក់ព័ន្ធនឹងសុខុមាលភាពទាំងមនុស្ស សត្វ និងបរិស្ថានទាំងមូល។ នេះបើតាម លោក សុខ គឹមឈិន ព្រឹទ្ធបុរសមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ។
លោកបានឱ្យដឹងបែបនេះក្នុងសិក្ខាសាលាបើកគម្រោងស្តីពី «តួនាទីកសិកម្ម និងព្រៃឈើ ទៅលើសុខុមាលភាពប្រជាពលរដ្ឋ និងសុខភាពបរិស្ថាន ក្នុងតំបន់ទេសភាពភាគឦសាននៃប្រទេសកម្ពុជា» ដែលធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកានេះ។
លោក សុខ គឹមឈិន ព្រឹទ្ធបុរសមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ ជាអ្នកដឹកនាំគម្រោងនេះបានឱ្យដឹងថា គម្រោងនេះជាកិច្ចសហការរវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ជាមួយសាកលវិទ្យាល័យជាតិអូស្ត្រាលី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានស្រាវជ្រាវព្រៃឈើ និងផលិតផលព្រៃឈើនៃប្រទេសជប៉ុន និងវិទ្យាស្ថានជាតិស្រាវជ្រាវការសិក្សាបរិស្ថាននៃប្រទេសជប៉ុន។
គម្រោងនេះទទួលជំនួយពីរាជរដ្ឋាភិបាលប្រទេសជប៉ុនតាមរយៈការគាំទ្រពីមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) សម្រាប់អនុវត្តនៅ ក្នុងខេត្តស្ទឹងត្រែង ដែលមានព្រៃឡង់ ដែនជម្រកសត្វព្រៃសៀមប៉ាង តំបន់រ៉ាមសារ និង ខេត្តរតនគិរី មានឧទ្យានជាតិវីរជ័យ ឧទ្យានជាតិវ៉ឺនសៃសៀមប៉ាង និងឧទ្យានជាតិ-អូយ៉ាដាវ មានរយៈពេល ៣ ឆ្នាំចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ មានប្រជាពលរដ្ឋ ១ ៣៩៥ គ្រួសារ និងកុមារ ៥០០ នាក់។
លោកថ្លែងថា៖«ពាក្យថាសុខភាពតែ ១ គឺសុខភាពល្អទាំងអស់គ្នា ហើយបើកាលណាមនុស្សសុខភាពល្អ លុះត្រាតែទទួលបានអាហារពីព្រៃឈើ ជីវចម្រុះ សត្វដែលមានទាំងសត្វស្រុក និងសត្វក្នុងព្រៃ អ៊ីចឹងទាល់តែសុខភាព សត្វ ជីវចម្រុះ បន្លែ អនុផលព្រៃឈើ បរិស្ថានទាំងមូលសុខភាពល្អ ទើបមនុស្សសុខភាពល្អ»។
ថ្លែងក្នុងសិក្ខាសាលានោះ លោក ជូ ផានិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថា ការងារស្រាវជ្រាវនេះនិងកសាងសមត្ថភាពអ្នកស្រាវជ្រាវវ័យក្មេង ៤០ នាក់ ជាមួយគ្នានោះ ប្រជាពលរដ្ឋ ១ ៣៩៥ គ្រួសារ រួមនឹងកុមារ ៥០០ នាក់ នឹងទទួលបានការបណ្តុះបណ្តាលដោយប្រយោល តាមរយៈកម្មវិធីសំណួរដែលសួរពញ្ញាក់ស្មារតីដល់ការហូបចុកដោយរបៀបណាពីសំណាក់ប្រជាពលរដ្ឋ ដោយសួរឡើងវិញពីការហូបចុក ១ សប្តាហ៍មុន និង ២៤ ម៉ោងមុន។
ក្រៅពីនេះលទ្ធផលនៃការស្រាវជ្រាវ និងក្លាយទៅជាមាគ៌ាមួយ ដែលកត់ត្រាទុកសម្រាប់រាជរដ្ឋាភិបាល ពង្រឹងសុវត្ថិភាពស្បៀង ដែលប្រើពាក្យថ្មីថា Agrifood systems មានន័យថាជាប្រព័ន្ធនៃស្បៀង។ លទ្ធផលនៃការស្រាវជ្រាវនេះ ក៏សម្រាប់ធ្វើការចងក្រងព័ត៌មានទាំងអស់ពីអត្ថប្រយោជន៍ នៃបន្លែព្រៃ ផ្លែឈើព្រៃ សត្វល្អិត មុខរបរដែលចេញមកពីព្រៃ ជាដើម ដែលមានប្រយោជន៍ ហើយមិនធ្លាប់មានការចងក្រង។
លោកថ្លែងថា៖«ពេលនេះ យើងនឹងធ្វើការចងក្រងព័ត៌មានទាំងអស់ អំពីមុខរបរ ម្ហូបអាហារដែលបងប្អូនជនជាតិដើមភាគតិច បងប្អូន ដែលរស់នៅអាស្រ័យតំបន់ការពារទាំងអស់ ដែលគាត់ហូបរាល់ថ្ងៃ រស់នៅដោយសុខុមាលភាពល្អ ពេញលេញ ប៉ុន្តែអត់មានអ្នករំលេចអត្ថប្រយោជន៍ទាំងអស់នោះ»។
លោក ជូ ផានិត បន្ថែមថា តំបន់នៃការស្រាវជ្រាវទាំងអស់ក្នុងគម្រោងនេះ ជាតំបន់ស្ថិតក្នុងគម្រោងធំៗរបស់ចក្រភពអង់គ្លេសផង និងអង្គការអន្តរជាតិផ្សេងៗផង។
លោកស្រី Dulce Carandang តំណាងអ្នកស្ម័គ្រចិត្ត នៃមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) បានលើកឡើងថា សុខភាពតែមួយមានសារៈសំខាន់ណាស់ សម្រាប់ទាំងអស់គ្នា មិនថាមនុស្ស សត្វ។ មនុស្សត្រូវការសុខភាពល្អ គ្មានជំងឺ ហើយអាចធ្វើការជូនសង្គមជាតិបានច្រើន៕