ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត​ បាន​លើកឡើងថា រដ្ឋាភិបាល​មិនចេះ​តែ​អាចធ្វើ​អន្តរាគមន៍​បាន​គ្រប់​រឿង​ឡើយ ជាក់ស្តែង​ដូច​បញ្ហា​តម្លៃ​ផលិតផល​ក្នុង​វិស័យ​កសិកម្ម​ជាដើម ដើម្បី​ចៀសវាង​ធ្វើឱ្យ​ប៉ះ​ពាល់​ទៅដល់​ច្បាប់​ប្រកួតប្រជែង និង​ស្មារតី​នៃ​សេដ្ឋកិច្ច​ទីផ្សារសេរី ដែល​ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។​


​លោក​ ហ៊ុន ម៉ា​ណែ​ត លើកឡើង​ដូច្នេះ នៅក្នុង​ពិធី​ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​នយោបាយ​អាទិភាព​ទី​​​៥ និង​ទី៦ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី៧ នៃ​រដ្ឋ​សភា ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម នា​ថ្ងៃទី ​២០ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ដែលជា​កម្មវិធី​នយោបាយ​អាទិភាព​ចុងក្រោយ​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា​៖«​រដ្ឋាភិបាល​ចូលធ្វើ​អន្តរាគមន៍​ទៅលើ​កិច្ច​ការដែល​ចាំបាច់ និង​មាន​កំហិត​លើ​វិស័យ​មួយចំនួន ជាពិសេស​ទៅលើ​ជំនួយ​ផ្នែក​​បច្ចេកទេស កិច្ចការ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ចក្ខុវិស័យ​រយៈពេល​វែង ហើយ​បន្ត​ធ្វើការ​តាមដាន ហើយ​ត្រូវមាន​រូបមន្ត​ចូលរួម​ពី​សមាសភាព ទាំង​រដ្ឋ និង​វិស័យ​ឯកជន​​ផងដែរ​»​។


សម្រាប់​ក្នុង​វិស័យ​កសិកម្ម លោក​ថា រដ្ឋាភិបាល​បាន​ជួយ​អន្តរាគមន៍​ដល់​ការផ្តល់​ឥណទាន តែ​ធានា​មិនឱ្យ​ប៉ះ​ពាល់​ដល់​គោលការណ៍​ទីផ្សារសេរី ហើយ​កម្ពុជា​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​មួយចំនួន ដែល​ការជួយ​អន្តរាគមន៍​មួយ​ចំនួន​អាច​ប៉ះពាល់​ដល់​ច្បាប់​នៃ​ការប្រកួត​ប្រជែង និង​អាច​បាត់បង់​ទីផ្សារ​ផងដែរ​។

​លោក​បាន​មានប្រសាសន៍ថា​៖ «​អ្វីដែល​សំខាន់​គឺ​ការពង្រឹង​ខ្លួន​យើង ហើយ​អាច​ម្ចាស់ការ​ខ្លួនឯង​ជាពិសេស​សម្រាប់​វិស័យ​ឯកជន​។ យើង​មិនអាច​ទៅ​អន្តរាគមន៍​តម្លៃ​រហូត​បានទេ​។ រដ្ឋ​អាចធ្វើ​អន្តរាគមន៍​តម្លៃ​បានតែ​ក្នុង​លក្ខខណ្ឌ​ចាំបាច់ និង​ជា​អាទិភាព​បំផុត​ទេ​។ រដ្ឋធម្មនុញ្ញ​ក៏មាន​ចែង​ពី​ការធានា​សេដ្ឋកិច្ច​ទីផ្សារសេរី​ដែរ ហើយ​ក៏មាន​គោលដៅ​កាត់បន្ថយ​ការ​លូកដៃ​របស់​រដ្ឋ​ផងដែរ​»​។


លោកនាយក​រដ្ឋមន្ត្រី​បន្តថា​៖ «​ជាក់ស្តែង កិច្ច​អន្តរាគមន៍​រដ្ឋ​ធ្វើឡើង​នៅក្នុង​ដំណាក់កាល​មាន​វិបត្តិ​កើតឡើង ប៉ុន្តែ​ជាក់ស្តែង​ក្នុង​បញ្ហា​កសិកម្ម រដ្ឋ​ធ្វើ​អន្តរាគមន៍​ក្នុង​រយៈពេល​ជាក់លាក់ ក្នុង​គោលដៅ​ជួយ​ពង្រឹង​វិស័យ​កសិកម្ម​»​។

​ជាមួយគ្នានេះ​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ដល់​ក្រសួងកសិកម្ម និង​ផ្នែក​ពាក់ព័ន្ធ​ត្រូវ​ធានា​យ៉ាងណា​លុបបំបាត់ចោល​នូវ​សកម្មភាព​ទាំងឡាយណា​ដែល​រារាំង​ទៅដល់​ការប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​ចំពោះ​កសិករ និង​វិស័យ​ឯកជន​។​ជុំវិញ​បញ្ហា​នេះ

លោក ប៉ា ចន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជាយល់ថា ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​ជា​រឿង​ត្រឹមត្រូវ ដោយសារ​របប​គ្រប់គ្រង​ក្នុងប្រទេស​ប្រជាធិបតេយ្យ​ប្រកាន់យក​សេដ្ឋកិច្ច​ទីផ្សារសេរី គឺជា​ទូទៅ​រដ្ឋាភិបាល​មិន​ជ្រៀតជ្រែក​កិច្ចការងារ ឬ​ការជួញដូរ​ពា​ណិ​ជ្ជ​កម្ម​នោះទេ​។​

​ប៉ុន្តែ​ទោះជា​យ៉ាងណា រដ្ឋ​អាចធ្វើ​ការអន្តរាគមន៍​ក្នុងករណី​ចាំបាច់​បំផុត​ដើម្បី​ឱ្យមាន​តុល្យភាព​ក្នុង​ដំណាក់​​កាល​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ​។

លោក​បាន​ថ្លែងថា​៖ «​រដ្ឋ​អន្តរាគមន៍​លុះត្រា​ករណី​ចាំបាច់​ជាក់ស្តែង​ពេល​ដល់​រដូវ​ប្រមូល​ផល​ស្រូវ កសិករ​ពិបាក​រក​ទីផ្សារ​សឹង​មិនបាន មាន​ឈ្មួញកណ្តាល​កូរ​តម្លៃ​ស្រូវ​ឱ្យទាប​មែន​​ទែន​ទៅ រដ្ឋ​ចៀស​មិន​ផុត​ទេ ត្រូវមាន​អន្តរាគមន៍​សម្របសម្រួល​ចូល​ដោះស្រាយ ហើយ​មាន​គោលនយោបាយ​ទិញស្រូវ​ក្នុងតម្លៃ​សមរម្យ​ដើម្បី​ជួយ​ទ្រទ្រង់​កសិករ​»​។​

​យ៉ាងណាមិញ លោក ប៉ា ចន្ទ​រឿន ក៏បាន​ស្នើឱ្យ​រដ្ឋាភិបាល​បង្កើន​ការយកចិត្តទុកដាក់​តា​ម​ដាន​ដំណើរ​សេដ្ឋកិច្ច​ទីផ្សារ ដើម្បី​អាច​មើលឃើញ​ពី​ការរង​គ្រោះ​ពី​វិស័យ​ណាមួយ ឬ​ចន្លោះប្រហោង​ក្នុង​វិស័យ​ណាមួយ​ដែល​រដ្ឋ​អាច​ដាក់ចេញ​វិធានការ ឬ​អាច​ចូលទៅ​អន្តរាគមន៍​ភ្លាមៗ ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​ជាតិ បើទោះបី​រដ្ឋ​ធានា​ការកាត់បន្ថយ​កិច្ច​អន្តរាគមន៍​ក្តី​៕