ភ្នំពេញៈ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​របស់លោក ហ៊ុន ម៉ា​នី បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅ​ទូទាំង​​ ២៥​ រាជធានី​-​ខេត្ត ក្នុងពេល ​១១ ឆ្នាំ​មកនេះ បាន​ជាង​ ១ ៧០០ ​លើក​ជូន​ពលរដ្ឋ​ប្រមាណ​ ១៣​ លាន​នាក់​។​


​យោង​របាយការណ៍​រប​ស់​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ​ហ៊ុន ម៉ា​នី ​ឱ្យដឹង​នៅ​ថ្ងៃទី ​១៩ ខែវិច្ឆិកា​ថា ក្នុង​រយៈពេល​ ១១ ឆ្នាំ គិត​ចាប់ពី​ខែធ្នូ ឆ្នាំ​ ២០១២ ដល់​ខែ​វិច្ឆិកា ឆ្នាំ​ ២០២៣ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​មាន​សមាជិក​-​សមាជិកា​ចំនួន ១២ ០៦៩ ​នាក់ ​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​បង្ការ​ជំងឺ​កូ​វីដ​ ១៩ ​យុទ្ធនា​ការចាក់​វ៉ា​ក់​សាំង​បង្ការ​កូ​វីដ ​១៩ និង​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។​

​សម្រាប់​ការពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នេះ​បើ​គិត​ក្នុង​រយៈពេល ១១ ​ឆ្នាំ នៅ​ទូទាំង​ ២៥ ​រាជធានី​-​ខេត្ត ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ចុះ​បាន​ចំនួន ១ ៧៦១ ​លើក ដែលមាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន ១៣ ១២៧ ១៧៥ ​នាក់ ក្នុងនោះ​ស្ត្រី​មាន​ចំនួន ៦ ៧១៣ ៣៧៣ ​នាក់​។


ប្រភព​ដដែល​បញ្ជាក់ថា​៖ «​បើ​គិត​សេវា​ជា​មធ្យម​ប្រជា​ពលរដ្ឋ​ក្នុង​ម្នាក់ ចំណាយ​ទៅ​ការពិនិត្យ និង​ព្យាបាល​អស់ ៥០​ ដុល្លារ សរុប​ត្រូវ​ចំណាយ​ទាំងអស់​ប្រហែល ៦៥៦ ៣ ៥៨ ៧៥០ ​ដុល្លារ​អាមេរិក​»​។​

​ទាក់ទង​នឹង​ការចុះពិនិត្យ និង​ព្យាបាល​ដោយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក​ ហ៊ុន ម៉ា​នី នេះដែរ​លោក ណុប វុទ្ធី អភិបាល​​រង​ខេត្តព្រះវិហារ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​២០ ខែវិច្ឆិកា​ថា ប្រជាពលរដ្ឋនៅក្នុង​ខេត្តព្រះវិហារ តែងតែ​ទន្ទឹងរង់ចាំ​ការ​ចុះមក​ពិនិត្យ និង​ព្យាបាល​ជំងឺ​របស់​ក្រុម​​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នេះ ខណៈដែល​ថ្មីៗ​នេះ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ទើបតែ​បាន​ចុះ​ផ្ដល់​ថ្នាំ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​។​


​លោក​បន្តថា តាមរយៈ​សារ​របស់​ប្រជា​​ពលរដ្ឋ គឺ​តែងតែ​ចង់ឱ្យ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ហ៊ុន ម៉ា​នី បន្តសកម្មភាព​ចុះ​ពិនិត្យ និង​ព្យាបាល​ដោយ​មិន​គិតថ្លៃ​នេះ​ជា​បន្តបន្ទាប់​ទៀត ជាពិសេស​គឺ​ការចុះទៅ​តំបន់​ដែល​ដាច់ស្រយាល ព្រោះ​នៅ​ខេត្តព្រះវិហារ តំបន់​ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ គឺ​នៅ​ឆ្ងាយៗ​ពី​សេវា​សុខាភិបាល​។​

​លោក​ថ្លែងថា​៖ «​ក្នុងនាម​យើង​ជា​អាជ្ញាធរខេត្ត យើង​ក៏​តែងតែ​សំណូមពរ​ឱ្យ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​នានា ចុះមក​ព្យាបាល និង​ពិ​និត្យនៅ​ជិត​កន្លែង​ប្រជាពលរដ្ឋ ជាពិសេស​តំបន់​ដាច់ស្រយាល ដោយសារ​យើង​នៅ​នេះ បង​​ប្អូន​ប្រជាពលរដ្ឋ​គាត់​មិនសូវ​យល់​ច្រើន​លើ​ការប្រើ​ថ្នាំពេទ្យ ប៉ុន្តែ​បើសិន​គាត់​ចុះមក​ច្រើន គឺ​ដូចជា​បាន​ផ្សព្វផ្សាយ​ឱ្យ​គាត់​ងាក​មក​ព្យាបាល​បែប​សម័យ​វិញ​ដែរ​»​។​

​បើតាម​លោក ណុប វុទ្ធី ការ​ចុះមក​ពិនិត្យ និង​ព្យាបាល​របស់​ក្រុមគ្រូពេទ្យ​​ស្ម័គ្រចិត្ត គឺមាន​សារៈសំខាន់ និង​ផ្ដល់​ប្រយោជន៍​យ៉ាង​ធំធេង​សម្រាប់​ប្រជាពលរដ្ឋ ក៏ដូចជា​រួមចំណែក​ក្នុង​កាត់បន្ថយ​អត្រា​មរណៈ​បាន​មួយផ្នែក កាត់បន្ថយ​បាន​អត្រា​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ទៅលើ​ការចំណាយ​ព្យាបាល​សុខភាព​ជាដើម​។ វា​ក៏​ជាការ​រួមចំណែក​ធ្វើឱ្យ​ប្រជាពលរដ្ឋ​កាត់បន្ថយ​ការព្យាបាល​បែប​បុរាណ ជំនឿ​អរូបី ដោយ​ងាក​មក​ប្រើ​ប្រាស់​សេវា​ព្យាបាល​បែប​សម័យ​មក វិញ​ផងដែរ​។

​ចំណែក លោក យង់ គិ​ម​អេង ប្រធាន​មជ្ឍមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ថ្លែងថា ទោះបីជា​អ្នកនយោបាយ ឬ​សប្បុរសជន​ក៏ដោយ ឱ្យតែ​មានការ​រៀបចំ​ក​ម្ម​វិធី​ចុះ​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ វា​សុទ្ធតែជា​រឿង​ល្អ ព្រោះ​ប្រជាពលរដ្ឋ​កំពុង​បារម្ភ​អំពី​សុខភាព​ដែល​មិនមាន​លទ្ធភាព​ក្នុងការ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​លោក​ថ្លែងថា​៖ «​ដូច្នេះ​នៅពេល​បាន​ក្រុមគ្រូពេទ្យ​ដែល​ចុះជួយ​មើល ពិនិត្យ និង​ព្យាបាល​ជំងឺ​ដែល​មិន​គិតថ្លៃ​អ៊ីចឹង គឺ​ពួកគាត់​សប្បាយ ជាពិសេស​សហ​គ​មន៍​ដែល​ក្រីក្រ​នៅតាម​មូលដ្ឋាន​ពួកគាត់​មិនមាន​លទ្ធភាព​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ទេ​។ ប្រសិនជា​មានការ​ចុះទៅ​ពិនិត្យ ព្យាបាល​កាន់តែច្រើន និង​ធ្វើជា​បន្តទៀត​នោះ​កាន់តែ​ល្អប្រសើរ​»​។​

​លោក យង់ គិ​ម​អេង លើកឡើងថា ទន្ទឹមនឹង​នេះដែរ​ក៏​គួរតែមាន​ការរៀបចំ​ឱ្យ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត បាន​ចែករំលែក​បទពិសោធន៍​ក្នុង​ការចុះពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ទៅដល់​ក្រុមគ្រូពេទ្យ​នៅតាម​មណ្ឌល​សុខ​​ភាព​ដើម្បីឱ្យ​មណ្ឌល​សុខភាព​មាន​សមត្ថភាព​បម្រើសេវា​សុខាភិបាល​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត​៕