ភ្នំពេញៈ​ ក្នុង​រយៈ​ពេល​ជាង​ ២ ​ខែ​នៃ​យុទ្ធនា​ការ​កាត់បន្ថ​យ​ការប្រើ​ប្រាស់​ប្លា​ស្ទិ​ក ក្រោម​ប្រធាន​បទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​»​ មាន​ខេត្ត​ចំនួន​ ១៣ ​និង​ស្ថាប័ន​ចំនួន​ ៥ បាន​ចុះ​អនុ​ស្សរណៈ​យោគយ​ល់​ជាមួយ​ក្រសួង​បរិស្ថាន​ដោយ​មាន​អ្នកចូ​ល​រួម​ក្នុង​យុទ្ធ​នាការ​ផ្ទាល់​ប្រមាណ​៣ លាន​នាក់ ​ខណៈ​យុទ្ធ​នាកា​រ​នេះ​នឹង​បន្ត​ធ្វើ​ទូទាំង​ប្រទេស។​


យុទ្ធ​នាការ​កាត់​បន្ថយ​ការប្រើប្រា​ស់​ប្លា​ស្ទិ​ក ត្រូវបាន​ផ្តួចផ្តើ​មឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​បរិ​ស្ថា​នលោក អ៊ា​ង សុ​ផល្លែត និង​ចាប់​ផ្តើម​អនុ​វត្ត​ឡើង​កាលពី​ថ្ងៃទី​​ ១ ​ខែកញ្ញា ឆ្នាំ​ ២០២៣ ​ដោយ​គិត​ត្រឹម​ថ្ងៃទី ​១៩ ​ខែវិច្ឆិកា ​ឆ្នាំ​២០២៣ ​មាន​រយៈ​ពេល​ជាង​ ២ ​ខែ​មក​ហើយ​ដោយ​មាន​ខេត្ត​ចំនួន ​១៣​ អង្គ​ការ​ចំនួន​២ ​សមា​គម​ចំនួន​ ២ ​ព្រម​ទាំង​កាក​បាទ​ក្រហម​កម្ពុជា​បាន​ចុះ​អ​នុស្ស​រណៈ​យោគ​យល់ ​(MoU)​ ជា​មួយ​គ្នា​ក្រសួង​បរិស្ថាន​។​

យោង​តាម​ក្រសួង​បរិស្ថានស​ម្រាប់​ខេត្ត​ចំនួន​ ១៣ ​ដែល​បាន​ចុះ MoU​ ជា​មួយ​ក្រសួង​បរិស្ថាន​រួម​មាន​ ខេត្តកំពង់​ឆ្នាំង ​ពោធិ៍​សាត់ ក្រចេះ​ កណ្តាល ​ស្ទឹង​ត្រែង ​រតន​គិរី​ មណ្ឌល​គិរី កំព​ត កែប​ ព្រះសី​ហនុ កោះ​កុង ​កំពង់​ស្ពឺ និង​ខេត្ត​តាកែវ​ ជា​ដើម​។


 ចំណែក​អង្គ​ការ​ សមា​គម​ដែល​ចុះ MoU រួម​មាន ​កម្មវិធី​អភិ​វឌ្ឍន៍​អង្គ​ការ​សហ​ប្រជា​ជាតិ (UNDP) និង​អង្គ​ការ​ស្បៀង​និង​កសិ​កម្ម​នៃ​សហ​ប្រជា​ជាតិ (FAO) សមា​គម​កាយ​ឫទ្ធី​នារី​កម្ពុជា ​និង​សហ​ភាព​ស​ហ័​ន្ធ​យុវជន​កម្ពុជា​។​

លោក​ អ៊ាង សុ​ផល្លែត បាន​លើក​ឡើង​នៅក្នុងពិ​ធី​ចុះ​ MoU រវាង​ក្រសួង​បរិស្ថាន និង​រដ្ឋ​បាល​ខេត្ត​ចំនួន ​៦ រួម​នឹង​សមា​គម​កាយ​ឫទ្ធី​នារី​កម្ពុជា ​និង​សហ​ភាព​ស​ហ័​ន្ធ​យុវជន​កម្ពុជា ​កាលពី​ថ្ងៃទី​ ១៩ ​ខែវិ​ច្ឆិកាថា កន្លង​មក​ក្រសួង​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​យុទ្ធនាកា​រ​នេះ​ដែល​បាន​បញ្ជ្រាប​ទៅដ​ល់ព​លរដ្ឋ​ទូទាំ​ងប្រទេ​សតា​មរយៈ​លោក​គ្រូ អ្នក​គ្រូ សិ​ស្សា​នុសិស្ស ​ទៅ​ដល់​សហ​គមន៍ និង​មូល​ដ្ឋាន​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​។ 


លោក​បាន​ថ្លែ​ងថា​៖ «​យុទ្ធនា​ការ​នេះបា​ន​និង​កំពុង​ដោះ​ស្រាយ​បញ្ហា​ប្លា​ស្ទិ​ក​យ៉ាង​សំខាន់​នៅ​កម្ពុជា ​ហើយ​នឹង​ជួយ​ឱ្យ​កម្ពុជា​ស្អាត នាពេ​ល​ដ៏​ខ្លី​ខាង​មុខ​​»​។​

លោក​រដ្ឋ​មន្ត្រី​ក៏បាន​បង្ហាញ​សុទិដ្ឋិនិ​យម​យ៉ាង​​មុត​មាំ​​ថា ស្មារតី​នៃ​យុទ្ធនា​ការ​កាត់​បន្ថយ​ការប្រើប្រា​ស់​ប្លា​ស្ទិ​ក នឹង​នៅ​ចង​ចាំ​ជានិច្ច​ចំពោះ​ការចូលរួ​ម​ក្នុង​ពេល​នេះ និង​បន្ត​ការផ្ស​ព្វ​ផ្សាយ​ទៅ​មិត្ត​ភក្តិ ​បងប្អូ​ន ក្រុ​មគ្រួសារ​ពី​ការមិន​ប្រើ​ប្រាស់​ថង់​ប្លា​ស្ទិ​​កយ៉ា​ងតិច ​១ ​ថ្ងៃ និង​ពង្រីក​ទៅ ​២ ​ថ្ងៃ ​៣ ​ថ្ងៃ ឬ​ ៤ ​ថ្ងៃ ក្នុង​ ១​ សប្តាហ៍ ​ដើម្បីឱ្យ​សាលា​រៀន លំនៅ​ស្ថាន​ និង​ភូមិ​-​ឃុំ ​គ្មាន​សំរាម​ប្លា​ស្ទិ​ក សំដៅ​ធានា​បាន​ការរស់​នៅ​ស្អាត​ បរិស្ថាន​បៃតង ​និង​ការ​អភិវឌ្ឍ​ចីរភាព​ និង​អ​ព្យា​ក្រឹត្យ​កាបូ​ន​។​

អភិ​បា​លរង​ខេត្ត​ព្រះ​សីហនុ​លោក ​ឡុង ឌី​ម៉​ង់ បាន​ថ្លែង​នៅ​ថ្ងៃទី ​១៩​ ខែវិច្ឆិកា​ថា សម្រាប់​ខេត្ត​ព្រះ​សីហនុ​មាន​ឆន្ទៈ​ពិត​ប្រា​កដ​ក្នុង​ការ​អនុវ​ត្ត​គោលកា​រណ៍​ណែនាំ​របស់​ក្រសួងប​រិស្ថានជា​ពិសេស​ក្នុង​កិ​ច្ចកា​រងារ​រួមគ្នា​កាត់​បន្ថយ​ការ​ប្រើប្រា​ស់​ថង់​ប្លា​ស្ទិ​ក​។ 

​លោក​បាន​ថ្លែង​ថា​៖ «​យើង​ដឹងថា​ការ​ប្រើប្រា​ស់​ថង់​ឬ​ផលិត​ផល​ប្លា​ស្ទិ​ក​មិន​អាច​ចៀស​ផុត​បានទេ​ក្នុង​សម័យ​បច្ចុប្បន្ន​ ប៉ុន្តែ​ដើម្បី​ការពារ​ប​រិស្ថាន ​យើង​ចាំ​បាច់​រួមគ្នា​កាត់​បន្ថយ​ប្លា​ស្ទិ​ក​ជា​អតិ​បរិ​មាណ​ដែល​អាច​ធ្វើ​ទៅ​បាន​»​។ 

លោក​​បាន​បន្ត​ថា ខេត្ត​ព្រះសីហ​នុ​ ក្នុងចំ​ណោម​ខេត្ត​ផ្សេងទៀត​​នៅជាប់​​សមុទ្រ​ដែល​កន្លង​មក​ឃើញ​ថា ​សំណល់​ថង់​ប្លា​ស្ទិ​កបាន​បំពុ​លបរិ​ស្ថាន​នៅក្នុង​សមុទ្រ​នេះ​ច្រើនណា​ស់​ដែល​ទាម​ទារ​ឱ្យមា​ន​ការយ​កចិត្ត​ដាក់​ខ្ពស់​ក្នុង​ការ​ថែ​រក្សា​បរិ​ស្ថាន និង​ការ​បន្ថយ​ប្លា​ស្ទិ​ក​។

​លោក ​ឡុង ឌី​ម៉​ង់ បាន​បញ្ជាក់​ថា​៖​​ «​ដើម្បី​ថែរក្សា​បរិ​ស្ថាន ​សុខុមាល​ភាព​របស់​ម​នុស្ស​ជាតិ ​ក៏ដូច​ជា​សត្វ​សមុទ្រ យើង​នឹង​ធ្វើ​យ៉ាង​ណា​ដើម្បី​ផ្សព្វ​ផ្សាយ​អប់រំ​ទៅ​ដល់​គោលដៅ​​មួយ​ចំនួន​ដូច​ជា​យុវ​ជន សិស្សានុសិ​ស្ស អា​ជីវករក៏​ដូច​ជា​សហ​គមន៍​មូល​ដ្ឋាន​ឱ្យ​បាន​យល់​ដឹង​ពី​ផល​ប៉ះ​ពាល់​នៃ​សំណល់​ប្លា​ស្ទិ​ក​»​។​

​បើ​តាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​បរិស្ថាន ​យុទ្ធ​នាការ​នេះបា​ននិង​កំពុង​ទទួល​ការ​គាំទ្រនិ​ង​ការចូល​រួម​អនុវត្ត​ពី​គណៈ​គ្រប់​គ្រង​ សា​លា ​លោក​គ្រូ ​អ្នកគ្រូ ​និង​សិស្សានុ​សិស្ស​ នៅ​តាម​គ្រឹះ​ស្ថាន​សិក្សាក្នុ​ង​រាជធានី​ខេត្ត ​ជា​បន្ត​បន្ទាប់​។ 

ជាក់​ស្តែង​ គិត​ត្រឹម​ថ្ងៃទី​ ១៩ ​ខែវិច្ឆិ​កា ឆ្នាំ​ ២០២៣​ មាន​អ្នកស្ម័គ្រ​ចិត្តចូ​លរួម​ក្នុង​យុទ្ធ​នាការ​នេះ​សរុប​ចំនួន​ជិត​ ៣​ លាន ​អង្គ​/​នាក់ ​ដែល​ក្នុង​នោះ ​លោក​គ្រូ អ្ន​កគ្រូ មាន​ចំនួន​ ជាង ​១១​ ម៉ឺន​នាក់ ​សិស្សានុ​សិស្ស​ សរុប​​ជាង ២​,៨​ លាន​នាក់​នៃ​សា​លារៀ​ន​ចំនួន​ ៦ ​៦១៩​ សាលា និង​កម្មករ​និយោ​ជក​ព្រះស​ង្ឃ​និង​ប្រជា​ពល​រដ្ឋនៅ​តាម​បណ្តា​រោង​ចក្រ ​សហ​គ្រាស វត្ត​អា​រាម និង​សហ​គមន៍​នានា​។​

ចំណែក​អភិ​បាល​ខេត្ត​កំពង់​ស្ពឺ​លោក ​វ៉ី សំណាង ក៏បាន​​ឱ្យដឹ​ងដែរ​ថា តាមរ​យៈ​ការ​អនុវត្ត​យុទ្ធ​នាការ​កាត់​បន្ថយប្លា​ស្ទិ​ក​នេះ​ អា​ជ្ញាធរ​ខេត្ត​បាន​ផ្សព្វ​ផ្សាយ​ទៅ​ដល់​ពលរដ្ឋ​នៅ​តាម​គោល​ដៅ​បាន​ជាង ៣​ម៉ឺន​នាក់​ហើយ​ និង​កំពុង​ធ្វើ​ជា​បន្ត​បន្ទាប់​ដែរ​។ 

លោក​ថា​៖«​គោល​ដៅ​របស់​យើង​ផ្សព្វ​ផ្សាយ​​ទៅ​កាន់​ប្រជា​ពលរ​ដ្ឋ អ្ន​កពាក់​ព័ន្ធ ​រោងច​ក្រ សហ​គ្រាស​ទាំង​អស់ ធ្វើ​យ៉ា​ងណា​ឱ្យ​គាត់​ចូលរួ​ម​កាត់ប​ន្ថយ​ប្រើ​ប្រាស់​ថង់​ប្លា​ស្ទិ​ក​ឱ្យ​បាន​ជា​អតិ​បរមា​»​។​

សូមប​ញ្ជាក់​ថា ការប្រើ​ប្រាស់​សម្ភារ​ប្លា​ស្ទិ​ក​នៅ​លើ​ពិភពលោ​ក បា​ននិងកំពុង​បង្ក​ជា​បញ្ហា​ដល់​បរិស្ថាន​ និង សុខុ​មាល​ភាព មនុស្ស ​សត្វ​លើ​ភព​ផែ​នដី​។ មក​ទល់​ឆ្នាំ ២០២២ ​នៅ​ទូទាំង​ពិភព​លោក​បាន​ផលិត​ និង​ប្រើប្រា​ស់​សម្ភារ​ប្លា​ស្ទិ​ក ជាង ​៩,៥ ពាន់​លាន​តោន ក្នុង​អត្រា​កំណើន​ ៣​ភាគ​រយ ​ជា​រៀង​រាល់​ឆ្នាំ​។ 

​ក្រោ​យពី​ការប្រើ​ប្រាស់​សំណល់​ប្លា​ស្ទិ​ក​ប្រមាណ​៩ភា​គរយ​ នៃ​បរិមាណ​សំណល់​ប្លា​ស្ទិ​ក​សរុប​ ដែល​បាន​យក​មក​កែច្នៃ​ផលិត​ឡើង​វិញ​ រីឯ​សំណល់​ប្លា​ស្ទិ​ក៩១​ភាគរ​យទៀត​ ត្រូវបា​ន​យក​ទៅ​ទីលាន​ទុកដាក់​សំរាម​ ឬ​ដុត​ចោល និង​ចោល​រា​យប៉ាយ​​តាម​ទីវាល ​រួច​បន្ត​ធ្លាក់​ចូល​ទៅក្នុ​ង​ប្រភព ​ទឹក ហូរ​ចាក់​ចូលទៅក្នុង​សមុទ្រ​ប្រមាណ​ជាង​៨លា​ន​តោន​​ក្នុង​១​ឆ្នាំ​។ 

ដោ​យឡែក​នៅ​កម្ពុជា ​កត្តា​រីក​ចម្រើន​នៃ​សេដ្ឋកិ​ច្ច​ជាតិ ​កំណើន​ជីវភាព​របស់​ប្រជា​ពលរ​ដ្ឋ គួបផ្សំ​នឹង​ភាព​ស៊ី​វិ​ល័យ​របស់​សង្គម​និង​ការរ​ស់នៅ​បានធ្វើ​ឱ្យ​ការប្រើ​ប្រាស់​សម្ភារ​ប្លា​ស្ទិ​កមាន​កើនឡើង​ក្នុង​កម្រិត​ខ្ពស់​ ពិសេស​ថង់​ប្លា​ស្ទិ​ក ដោយប្រ​ជាជន​កម្ពុជាម្នាក់​ប្រើ​ថង់​ប្លា​ស្ទិ​ក​ជា​មធ្យម​៤ថង់​ក្នុង​១​ថ្ងៃ គឺ​ប្រមាណ​ជា៥​៥​លាន​ថង់​ប្លា​សិ​កប្រើប្រា​ស់​ក្នុង ​១ ​ថ្ងៃ​នៅ​កម្ពុជា​៕