ស្ទឹងត្រែងៈ​ ក្រុម​អ្នក​អភិរក្សអង្គការ USAID មរតក​បៃ​តង បាន​ប្រទះ​ឃើញ​អណ្ដើក​ភ្នំ ឬ​អណ្ដើក​ព្រិច​ ដែល​ជា​សត្វ​ផុត​ពូជ ​១​ ក្បាល​ នៅ​ក្នុង​ដែនជ​ម្រក​សត្វព្រៃ​សៀម​ប៉ាង ​ខេត្ត​ស្ទឹងត្រែង​ កាលពី​ខែ​កញ្ញា​ ឆ្នាំ​ ២០២៣​ ខណៈ​ពលនេះមន្ត្រី​ជំនាញ ​និង​​អង្គការ​ដៃគូ​កំពុង​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ការពា​រ និង​អភិ​រក្ស​។​


​យោង​តាម​ហ្វេ​ស​ប៊ុ​ក​នៃអង្គ​ការ USAID MorodokBaitang-​មរតក​បៃតង​ នៅ​ថ្ងៃទី​ ១៧​ ខែ​វិច្ឆិកា ​បាន​ផ្សព្វ​ផ្សាយ​ថា ការ​ប្រទះ​ឃើញ​អណ្ដើក​នេះ​ គឺជា​ដំណឹង​ដ៏​ភ្ញាក់​ផ្អើល និង​រំភើប​ដោយ​សារតែ​សត្វ​នេះ ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​។  អណ្ដើក​ភ្នំ ឬ​អណ្ដើក​ព្រិច​ គឺជា​ប្រភេទ​សត្វ​អណ្តើក​ ដែល​រស់​នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​អាស៊ី​អាគ្នេយ៍​។

​អង្គការ​ដដែល​បាន​បន្ត​ថា​៖«​សត្វ​នេះ ​ត្រូវបាន​ចាត់​ថ្នាក់​ជា​សត្វ​ជិត​ផុត​ពូជ​បំផុត​ ដោយ​សារ​កា​រថយ​ចុះ​ចំនួន​របស់​វា​ជា​ច្រើន​ដែល​បណ្តាល​មក​ពី​ការបាត់​បង់​ទី​ជម្រក និង​ការ​ប្រមូល​អណ្ដើក​នេះ​ ធ្វើជា​ឱសថ​បុរាណ​ពាណិជ្ជ​កម្ម​សត្វ​ចិញ្ចឹម​ និង​ជា​អាហារ​ជា​ដើម​»​។  


​បើ​តាម​អង្គ​ការ​ USAID មរតក​បៃតង​អណ្ដើក​ភ្នំ ឬ​អណ្តើក​ព្រិច​ជា​ប្រភេទ​សត្វ​ស៊ី​សាច់​ និង​រុក្ខជាតិ​ជា​អាហារ​។ ដោយ​ឡែក​អាហារ​ចម្បង​របស់​សត្វ​អណ្តើក​នេះ រួម​មាន​ដូចជា​ស្លឹក​ឈើ ​ផ្លែឈើ ផ្សិ​ត និង​សត្វ​ឥត​ឆ្អឹង​ខ្នង​ជា​ដើម​។ អណ្ដើក​ភ្នំ​ឬ​អណ្តើក​ព្រិច​ភាគ​ច្រើន​ចំណាយ​ពេល​សម្រាក​នៅ​ក្នុង​គំនរ​ស្លឹក​ឈើ​ និង​កម្រ​នឹង​ចេញ​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ​ដោយ​ផ្ទាល់​។  

​អណ្តើក​ប្រភេទ​​នេះ​ ភាគ​ច្រើន​ធ្វើ​សកម្ម​ភាព​នៅ​ពេល​ព្រឹក​ព្រលឹម​ឬ​ពេល​ព្រលប់ ​ហើយ​ក្នុង​រដូវ​វស្សា​សត្វ​ប្រភេទ​នេះ​តែង​តែ​សកម្ម​ជាង​ធម្មតា​។​


​ប្រភព​ដដែល​បញ្ជាក់​ថា​៖«​អណ្ដើក​ព្រិច​ត្រូវបាន​ចាត់ថ្នាក់​ជាស​ត្វ​ជិត​ផុត​ពូជ​បំផុត​ដោយសា​រតែ​ការ​ថយចុះ​​ចំនួន​របស់​វា​ជា​ច្រើន​ ដែល​បណ្តាល​មក​ពី​ការ​បាត់​បង់​ទីជ​ម្រក​និង​ការប្រមូល​អណ្ដើក​ព្រិច​ធ្វើ​ឱសថ​បុរាណពាណិជ្ជ​កម្ម​សត្វ​ចិញ្ចឹម​ និង​ជា​អាហារ​»​។

​អង្គការ​ USAID មរតក​បៃតង​បន្ត​ថា៖«​ការ​បង្ហាញ​ខ្លួន​នៃ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​នេះ​តែង​តែ​ធ្វើឱ្យ​យើង​ភ្ញាក់​ផ្អើលនិ​ង​រំភើប​ណាស់​។ ចូល​រួម​​ជាមួយ​យើង​!ការពារ​ជម្រក​របស់​ពួក​វា​និង​បញ្ឈប់​ការ​ជួញ​ដូរ​សត្វព្រៃ​ខុសច្បាប់​!»​។​

​ទាក់​ទិន​នឹង​ការ​ប្រទះ​ឃើញ​អណ្ដើក​ភ្នំឬ​អណ្ដើក​ព្រិច ​១ ​ក្បាល ​ដែលជា​សត្វ​ជិត​ផុត​ពូជ​នេះ លោក​ ស្រេង ​ជា​ហេង ​ប្រធាន​មន្ទីរ​បរិ​ស្ថាន​ខេត្ត​ស្ទឹង​ត្រែង បាន​ប្រាប់​នៅ​ថ្ងៃទី​១៩​ ខែវិច្ឆិកា ឆ្នាំ​២០២៣​ ថា អណ្តើក ​១​ ក្បាល​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​កាល​ពី​យូរហើយ ​តែបច្ចុប្បន្ន​ទាំង​មន្ត្រី និង​អង្គការ​ដៃគូ​កំពុង​យក​ចិត្ត​ទុក​ដាក់​អភិរក្ស និង​ការ​ពារ​ជា​ប្រចាំ ដោយ​ខ្លាច​ក្រែង​មាន​ជន​ល្មើស​ទៅ​បំផ្លិច​បំផ្លាញ​។​

​លោក​ស្រេង ​ជា​ហេង បាន​ប្រាប់​ថា មិន​មែន​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ការ​ពារនិង​អភិរក្ស​លើ​សត្វ​អណ្តើក​ប្រភេទ​នេះ​មួយ​នោះ​ទេគឺ​ក្រុម​មន្ត្រី​និ​អង្គការ​ដៃគូបាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការអ​ភិរក្ស​និង​ការ​ពារ​ជីវ​ចម្រុះ​គ្រប់​ប្រភេទ​ ឱ្យ​តែ​ស្ថិត​នៅ​ក្នុង​តំបន់​ការ​ពារ​របស់​កម្ពុជា​។​

​លោក​បាន​ថ្លែង​ថា​៖ «​រាល់​ថ្ងៃនេះ ​យើង​បាន​យក​ចិត្ត​ទុកដា​ក់​ការពារ​មែន​ទែន ​ទៅលើ​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ ហើយ​អណ្តើក​នេះ​មាន​តែ​នៅ​ក្នុង​តំបន់​ការពារ​ឧទ្យាន​ជាតិ​វីរ​ជ័យ​ហ្នឹង​ទេ ហើយ​មិ​នមែន​មាន​តែ​សត្វ​អណ្តើក​ហ្នឹង​ទេ ​គឺមាន​សត្វ​ផ្សេង​ទៀត​ដូ​ចជា​ពពួក​សត្វ​ឈ្លូសយ​ក្ស និង​សត្វ​ផ្សេងៗ ​កំពុ​ងតែ​បន្ត​ដាក់​កាមេរ៉ា​សុវត្ថិ​ភាព ចាប់​សត្វ​ទាំង​អស់​ហ្នឹង ដើម្បី​ងាយ​ស្រួល​ការ​ពារ និង​អភិ​រក្ស​»​។

​យោង​តាម​ អង្គការ ​Wonders of The Mekong បាន​ពន្យល់​ថា អណ្តើក​ភ្នំ​ឬ​អណ្ដើក​ព្រិច ​ឬ​ត្រូវ​បាន​គេ​ស្គាល់​ម្យ៉ាង​ទៀតថា​ជា​អណ្តើក​ពណ៌​លឿង ​គឺជា​សត្វ​ល្មូ​ន​ដែល​ងាយ ​នឹង​ផុត​ពូជ និង​មាន​ដើម​កំណើត​នៅ​តំបន់​ព្រៃ​អាស៊ី​អាគ្នេយ៍​និង​វាល​ស្មៅ​រួមទាំ​ង​នៅ​ប្រទេស​កម្ពុជា​ ផង​ដែរ​។ សត្វ​គួរឱ្យ​ស្រឡាញ់​ទាំង​នេះ​ ត្រូវ​បាន​គេ​ស្គាល់​តាមរ​យៈ​ស្នូក​ដ៏​ស្រស់​ស្អាត​និង​ពណ៌​របស់​វា ​ដែល​អាច​មាន​ពណ៌​ខ្មៅ​រហូត​ដល់​ត្នោត​ស្រាល​។ 

​សត្វ​ប្រភេទ​នេះអាច​មាន​ទម្ងន់​ដល់ ​៣,៥​ គីឡូ​ក្រាមនិ​ង​ប្រវែង​ ៣០​ ស​.​ម ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សត្វ​អណ្តើក​ដែល​មាន​ទំហំ​មធ្យម​។ នៅ​ពេល​ដល់​រដូវ​កាល​បន្ត​ពូជ​ច្រមុះ​សត្វ​អណ្តើក​ឈ្មោល ​ចា​ប់ផ្ដើម​ប្រែ​ពណ៌​ផ្កា​ឈូក ​ដើម្បី​ទាក់​ទាញ​សត្វ​ញី​។ សត្វ​ញី​អាច​ទម្លាក់​ពង​រហូត​ដល់​ ១០​ ពង​ ក្នុង​ ១​ លើក​៕