ភ្នំពេញៈ​កាយ​សម្ព័ន្ធ ជា​ប្រភេទ​កីឡា​មួយ ​ដែល​ត្រូវ​បាន​នាំ​ចូល​មក​ប្រទេស​កម្ពុជា ​នៅ​ឆ្នាំ​១៩៦៨ ​ប៉ុន្តែ​ត្រូវបាន​បាត់​បង់​ទៅវិញ​ទាំង​ស្រុង​ចាប់​ពី​ឆ្នាំ​១៩៧៥ ដ​ល់​ឆ្នាំ​១៩៧៩ ​ជា​ពិសេស​ក្នុង​របប​កម្ពុជា​ប្រជាធិប​តេយ្យ​ ៣​ ឆ្នាំ​ ៨​ ខែ ​និង​ ២០ ​ថ្ងៃ​ ដែល​ប្រភេទ​កីឡា​ផ្សេងៗ​ទៀត​ ក៏ត្រូវ​បាន​រលាយ​ដូច​ផេះ​ផង់​ផង​ដែរ​។​


​ទោះ​យ៉ាង​នេះ​ក្តី ក្រោយ​ថ្ងៃ​រំដោះ​ ៧​ មករា ឆ្នាំ​១៩៧៩​ ធនធាន​មនុស្ស​ក្នុង​ប្រភេទ​កីឡា​កាយ​សម្ព័ន្ធ​ ដែល​នៅ​មាន​ជីវិត ​បាន​ខិតខំ​បង្កើត​សហ​ព័ន្ធ​កីឡា​មួយ​នេះ រ​ហូត​ដល់​មាន​ការ​ទទួល​ស្គាល់​ពី​គណៈ​កម្មាធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា ​(NOCC) និង​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យធ្វើ​សកម្ម​ភាព​ពី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៥ ​និង​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​សហ​ព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​អន្តរ​ជាតិ​ នៅ​ឆ្នាំ​១៩៩៤​។​


​ជា​មួយ​ការវិវឌ្ឍ​នេះ​ សហ​ព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា ​មាន​ប្រធាន​តែ ​២ ​នាក់​ ប៉ុណ្ណោះ គឺ​ទី​១ លោក​ កែវ ថុន​ ដែល​បាន​ប្រឹង​ប្រែង​កៀរ​គរ និង​បង្កើត​ឱ្យ​មាន​ប្រភេទ​កីឡា​នេះ​ឡើង​វិញ ​ជាមួយ​គ្រូ​បង្វឹក​ចាស់ៗ​មួយ​ចំនួ​នទៀត ​នៅ​ក្នុង​ទស​វត្សរ៍​ឆ្នាំ​៨០ ហើយ​បន្ទាប់​មក​អម្រែក​នេះ ​បាន​ធ្លាក់​មក​លោក​ ថោង ខុន រហូត​មក​ទល់​បច្ចុប្បន្ន​។​


​ជា​គ្រូ​បង្វឹក​ដំបូង​ ដែល​បាន​បង្ហាត់​សិស្ស​រាប់​រយ​នាក់ ​នៅក្នុ​ង​ស្តា​ត​ចាស់ អ្ន​កស្រី ​ពេជ្រ យូ​ បាន​អះអាង​ថា​ កីឡា​កាយ​សម្ព័ន្ធ​ត្រូវ​បាន​បង្កើត​ឱ្យមាន​ឡើង​វិញនៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាត​ដៃ​ទទេ ​និង​បាន​ឆ្លង​កាត់​ការ​លំ​បាក​រាប់​មិន​អស់ ទម្រាំ​ប្រភេទ​កីឡា​នេះ​អាច​បង្កើត​បាន​ប្រវត្តិ​សាស្ត្រ ​ឈ្នះ​មេដាយ ​ក្នុងកា​រ​ប្រកួត​កីឡា​ស៊ី​ហ្គេម ​និង​ព្រឹត្តិ​ការណ៍​ផ្សេងៗ​ទៀត​នៅ​លើ​ឆាក​អន្តរ​ជាតិ​ជូន​ប្រទេស​ជាតិ​ក្រោម​ផែន​ការ​ដឹកនាំ​ដ៏​ត្រឹម​ត្រូវ​របស់​លោក​ទេស​រដ្ឋ​មន្ត្រី ​ថោង ខុន និង​មាន​លោក ណ​យ ផា​ណា ជា​អគ្គ​លេខាធិ​ការ​។​


​អ្នក​ស្រី ​ពេជ្រ យូ​ ដែល​ធ្លាប់​ហាត់​កីឡា​កាយ​សម្ព័ន្ធ ​តាំងពី​ឆ្នាំ​១៩៦៧ ​នោះ បាន​រៀប​រាប់​ថា អ្នក​ស្រី និ​ង​អ្នក​ស្រី ទេព​ ក្រឹ​ត​សា​សនា បាន​ក្លាយ​ជា​គ្រូបង្វឹក​កីឡា​កា​យស​ម្ព័ន្ធ​មុន​គេ ​បន្ទាប់ពី​ប្រភេទ​កីឡា​នេះ​ ត្រូវបាន​បង្កើត​ឱ្យ​មាន​វិញ​ក្នុង​អំឡុង​ឆ្នាំ​១៩៨១​ នៅ​ស្តា​ត​ចាស់ មុន​ពេល​ផ្លាស់​មក​ហាត់​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក។ ​កាល​នោះ មាន​សិស្សានុ​សិស្ស​រាប់​រយ​នាក់ ​បាន​មក​ហ្វឹក​ហាត់ ហើយ​គ្រូ​បង្វឹក​មួយ​ចំនួន​ទៀត ក៏បាន​ចូល​ខ្លួន​មក​ជួយ​បង្ហាត់​ទៅ​តាម​វេនជា​បន្ត​បន្ទាប់ ដោយ​ការ​ស្ម័គ្រ​ចិត្ត​។​

​គ្រូ​បង្វឹក​កីឡា​កាយ​សម្ព័ន្ធ​អេ​រ៉ូ​ប៊ិក​ អ្នក​ស្រី ​ពេជ្រ យូ បាន​បញ្ជាក់​ថា​៖ «​កាល​នោះ ​យើង​បាន​កៀរគរ​ក្មេង​កំព្រា នៅ​តាម​សាលា​ឱ្យមក​ហ្វឹក​ហាត់ ហើយ​បន្ទាប់​មក​មាន​សិស្សានុ​សិស្ស​ជាង​ ១០០​ នាក់ ​បាន​ចាប់​អារម្មណ៍ ​មក​ហ្វឹក​ហាត់​ដែរ ហើ​យ​ទាំង​អ្នក​បង្វឹក​និង​សិស្ស​មក​ហាត់​សុទ្ធ​តែ​ត្រូវបាន​ធ្វើឡើង​ដោយ​ការស្ម័គ្រ​ចិត្ត​និង​ការស្រ​ឡាញ់​។ គ្មាន​អ្នក​ណា​ទទួល​បាន​ចំណូល​ពី​ការ​ហ្វឹក​ហាត់ និង​ការ​បង្វឹក​ដូច​សម័យ​នេះ​ទេ​»​។​

​​ទោះ​បីជា​យ៉ាង​ណា ​ដោយ​សារ​ការហ្វឹក​ហាត់​កីឡា​កាយ​សម្ព័ន្ធ ​មាន​ការ​ពិបាក​ខ្លាំង​ និង​ប្រឈម​ទៅ​នឹង​ការ​មាន​របួស ហើយ​ឪពុក​ម្តាយ ក៏​​មិន​គាំទ្រ​ផង​នោះ ​បាន​ធ្វើឱ្យ​ចំនួន​អ្នក​ហ្វឹក​ហាត់ មាន​ការ​ថម​ថយ​ជា​បន្ត​បន្ទាប់ ​ ពី​ប្រមាណ​១២០​នាក់ មក​សល់​ត្រឹម​ ១៦​ នាក់ និង​ចុង​ក្រោយ​សល់​៦​នាក់ ​បន្ទាប់​ពី​គ្រូ​ជំនាញ​មក​ពី​វៀត​ណាមបា​​ន​មក​បង្វឹក​តាម​លក្ខណៈ​អា​ជីព​នៅ​ចុង​ឆ្នាំ​១៩៨៤ ​និង​ដើម​ឆ្នាំ​១៩៨៥​។​

​អ្នក​ស្រី ​ពេជ្រ យូ បាន​បញ្ជាក់​ថា​៖ «​ការ​ហ្វឹក​ហាត់​កីឡា​កាយ​សម្ព័ន្ធ ​មាន​ការ​ពិបាក​ខ្លាំង​ណាស់ ហើយ​កីឡា​នេះ ត្រូវ​បាន​បង្កើត​ឱ្យ​មាន​នៅ​កម្ពុជា ​ដោយ​ចាប់​ផ្តើម​ពី​បាត​ដៃ​ទទេ ​និង​បាន​ឆ្លង​កាត់​ការ​ពិបាក​រាប់​មិន​អស់​។ មាន​តែ​អ្នក​ហ៊ាន​លះ​បង់​ដោយ​ក្តី​ស្រឡាញ់ ​និង​ស៊ូ​ប៉ុណ្ណោះ ទើប​អាច​ទ្រាំ​បាន​»​។​

 ស្ត្រី​មាន​វ័យ​ ៧០​ ឆ្នាំ​ រូ​បនេះ​ បាន​បន្ថែមថា​៖ «​ឯក​ឧត្ត​ម ណ​យ ផា​ណា ជា​សិស្ស​របស់ខ្ញុំ​តែ​ម្នាក់​គត់ ​ដែល​បាន​ស៊ូទ្រាំ​លើ​ការងារ​នេះ ​រហូត​មក​ទល់​ប​ច្ចប្ប​ន្ន​។ គាត់​មានការ​ប្រឹង​ប្រែង និង​លះបង់​ច្រើន ក្នុង​ការ​ជួយ​អភិវឌ្ឍ​កីឡា​កាយ​សម្ព័ន្ធ​ ក្នុង​នាម​ជា​អគ្គ​លេខាធិកា​រ ហើយ​ខ្ញុំ​ពិត​ជាមាន​មោទន​ភាព ក្នុង​នាម​ព្រឹទ្ធា​ចារ្យ​កីឡា​ម្នាក់​ ដែល​កីឡា​កាយស​ម្ព័ន្ធប​ង្កើត​បាន​សមិទ្ធ​ផល​ថ្មី សម្រាប់​ជា​ប្រយោជន៍​ជាតិ គឺ​ខ្ញុំ​មិន​នឹក​ស្មាន​ថា ប្រភេទ​កីឡា​នេះ​អាច​មាន​ការ​រីក​ចម្រើន​ដូច​ពេល​នេះ​ទេ​»​។​

​ក្នុង​នាម​ជា​អតីត​កីឡា​ករ ដែល​បាន​ចូល​ហាត់​កីឡា​កាយ​សម្ព័ន្ធ ​នៅក្នុង​អំឡុង​ឆ្នាំ​១៩៨១ ​ហើយ​បាន​ឆ្លង​កាត់​តួនាទី​ជា​អគ្គ​លេខាធិ​ការ​សហ​ព័ន្ធ​កីឡា​កាយស​ម្ព័ន្ធ​កម្ពុជា ​តាំងពី​អាណត្តិ​ទី​១ ​រហូតម​កទល់​បច្ចុប្បន្ន​លោក 
ណ​យ ផា​ណា បាន​អះ​អាង​ថា ការហ្វឹក​ហាត់​កីឡា​កាយ​សម្ព័ន្ធ​ពិតជា​មាន​ការ​ពិបាក​ខ្លាំង ​ប៉ុន្តែ​ការ​តស៊ូ​មក​ទល់ពេ​ល​នេះ ​ដោយ​សារ​តែ​ការ​ស្រឡាញ់​។

​លោក​ ណ​យ ផា​ណា បាន​បញ្ជាក់​ថា​៖ «​កា​រទទួល​បាន​ជោគជ័​យ​របស់​យើង​មក​ទល់ពេ​លនេះ ​មាន​ភាព​ល្វីង​ជូរ​ចត់​នៅ​ពី​ក្រោយ​ច្រើន ​ប៉ុន្តែ​ដូច​អ្វី​ដែល​ខ្ញុំ​តែង​តែ​ធ្លាប់​និយាយ គឺ​យើង​ត្រូវ​ប្រែក្លា​យ​ការ​ប្រឈម​មក​ជា​ឱកាស​។ យើង​បាន​ប្រឹង​ប្រែង​ពី​បាត​ដៃ​ទទេ​ទាំង​អស់​គ្នា ហើយ​អ្វីដែល​សំខាន់ ​ក្នុង​អាណត្តិ​ទី​៦ យើង​ទទួល​បាន​ជោគ​ជ័យ​ធំ​បំផុត​សម្រាប់​ប្រទេស​ជាតិ​របស់​យើង​»​។

​លោក​បាន​ឱ្យ​ដឹង​ទៀត​ថា គិត​មក​ទល់​ពេល​នេះ ​សហ​ព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា​ មាន​ក្លិប​ជា​សមា​ជិក​ចំនួន​៨ ក្នុង​នាម​មាន​ក្លិប​៧​មករា​សែន​ជ័យ (​ក្រសួង​មហា​ផ្ទៃ​) ក្លិប​ក្រសួង​ការពារ​ជាតិ ​ក្លិប​ហ្សា​ក់​កឹះ​ម៉ាញ​ខេត្ត​ក្រចេះ ក្លិប​កំពង់​ក្តារ​ខេត្ត​កំពង់​ឆ្នាំង ​ក្លិប​កំពង់​ត្រឡាច​លើ​កំពង់​ឆ្នាំង ​ក្លិប​កៀន​រកា​កំពង់​ឆ្នាំង​ ក្លិប​បឋម​សិក្សា​សាលា​លេខ​៥​កំពង់​ឆ្នាំង ​និង​ក្លិប​សាលា​បាក់​ទូក​ ភ្នំពេញ ​ដែល​មាន​អត្ត​ព​លិ​ក​សរុប​ចន្លោះ​ពី​១៥០​នាក់​ដល់​ជិត​២០០​នាក់​។​

​ជា​មួយ​គ្នា​នេះ ​សហ​ព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា ​ទើបតែ​រៀបចំ​មហា​សន្និ​បាត​បញ្ច​ប់​អាណត្តិ​ទី​៦ (​២០១៩-២០២៣) ​និង​លើក​ទិស​ដៅ​សកម្ម​ភាព​ការងារ​បន្ត​ទៅ​អាណត្តិ​ទី​៧ (២០២៣-​២០២៧) នៅ​ទីស្នាក់​ការ ​NOCC កាលពី​​ថ្ងៃទី​១៤ ​ខែវិច្ឆិកា ​ហើយ​ក្នុង​នោះ អ​ង្គ​មហា​សន្និ​បាត ​បាន​បន្ត​បោះ​ឆ្នោត​គាំទ្រ ​លោក​ ថោ​ង ខុន ​ឱ្យធ្វើជា​ប្រធាន​សហ​ព័ន្ធ​។​

​ចំណែ​ក​លោក​សុខ ​ហុង ជា​អនុ​ប្រធា​ន លោក ណ​យ ផា​ណា ជា​អគ្គ​លេខាធិ​ការ​ លោក ​មាស ​សារ៉េត ជា​អគ្គ​លេខាធិ​ការ​រង លោក ​ខៀវ ចិន្តា ជា​អគ្គ​ហេរ​ញ្ញិក។ រីឯ​លោក ​អៀម វ៉ាង​ឌុល ​លោក​ ជុំ រ៉ា​ទី អ្នក​ស្រី ​ពេជ្រ ​យូ ​និង​អ្នក​ស្រី ដួង សា​មៃ ក៏​បន្ត​ធ្វើជា​សមា​ជិក​ ហើយ​អ្នកស្រី​ ស្រ៊ុន សុខ​អូន និង​លោក​ ឆាយ ​សុភាព ជា​សមា​ជិក​ថ្មី ដែល​ទើប​ត្រូវ​បាន​ដាក់​នៅ​ក្នុង​អាណត្តិ​ទី​៧​នេះ​។​

​ជា​មួយ​ការ​គាំទ្រ​ឱ្យ​បន្ត​ធ្វើជា​ប្រធាន​សហ​ព័ន្ធ​នេះ ​លោក​ទេសរដ្ឋ​មន្ត្រី ​ថោង ខុន បាន​ចាត់​ទុក​អាណត្តិ​ទី​៦ ជា​អាណត្តិ​ដ៏​ជោគ​ជ័យដែ​ល​កាយ​សម្ព័ន្ធប​ង្កើតបា​ន​ស្នាដៃ និ​ង​សមិទ្ធ​ផល​ថ្មីៗ​ជា​ច្រើន ​ជាពិសេស​ការ​ដណ្តើម​បាន​មេដាយ​ប្រាក់​ និង​សំរឹទ្ធ នៅ​ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេម ជា​ប្រវ​ត្តិសាស្ត្រ រួ​មទាំង​ការ​ដណ្តើម​បាន​មេដាយ​មាស​ ប្រាក់ និង​សំរឹទ្ធ ​ជាច្រើន​ទៀត ពី​ការ​ប្រកួត នៅ​លើ​ឆាក​អន្តរ​ជាតិ​។​

​លោក​បាន​ថ្លែង​ថា​៖ «​ក្នុង​នាម​ជា​ប្រធានសហ​ព័ន្ធ​ ខ្ញុំ​មានការ​រីករាយ​ណាស់ ​ដោយសា​រតែ​សហព័ន្ធ​របស់​យើង​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​ខ្លាំង​ណាស់ ទាំង​មន្ត្រី​បច្ចេក​ទេស ​គ្រូប​ង្វឹក និង​ក្មួយៗ​ជា​កីឡា​ករ​ កីឡា​ការិនី​ ដែល​បាន​នាំ​មក​នូវ​ស្នាដៃ​ និង​សមិទ្ធ​ផល​ថ្មីៗ​ជាច្រើន​ជូន​ប្រទេស​ជាតិ ​ហើយ​នេះ​របត់​ថ្មី​មួយ​របស់​សហ​ព័ន្ធ​យើង​»​។
 
​ចំពោះ​សមិទ្ធ​ផល​ដែល​ក្រុម​អត្ត​ព​លិ​ក​កីឡា​កាយ​សម្ព័ន្ធ​ ទទួល​បាន​ក្នុង​អាណត្តិ​ទី​៦​នេះ ​គឺ​ពួក​គេ​ឈ្នះ​បាន​មេដាយ​ប្រាក់​៣ សំរឹទ្ធ​១ ​ពី​ការ​ប្រកួត KOREA OPEN ពី​ឆ្នាំ​២០១៩ ​ដល់​ឆ្នាំ​២០២៣ ​ហើយ​អ្វីដែល​ពិសេស​បំផុត​នោះ ក្រុម​កាយ​សម្ព័ន្ធ ​បាន​ឈ្នះ​មេដាយ​ប្រាក់​៣ និង​សំរឹទ្ធ​១ ពី​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ ​ឆ្នាំ​២០២២ ​នៅ​ប្រទេស​វៀត​ណាម ជា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​។​

​យ៉ាង​ណាមិ​ញ សម្រាប់​ការធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង​ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ​កាល​ពី​ខែ​ឧសភា ​ក្រុម​កីឡា​កាយ​សម្ព័ន្ធ​បាន​ថម​ថយ​ចំនួន​មេ​ដាយ​ប្រាក់​ ដោយ​ពួកគេ​បាន​ត្រឹម​មេដាយប្រា​ក់​១ និង​សំរឹទ្ធ​៣​។ ប៉ុន្តែ​បទ​ពិសោធ​ន៍នៃ​ការ​ប្រកួត​នេះ ​បាន​ជួយ​ឱ្យក្រុម​កាយ​សម្ព័ន្ធ​ ទៅ​ដណ្តើម​បាន​មេដាយ​មាស​១ ​និង​សំរឹទ្ធ​១ ពី​ការ​ប្រកួត​ជើង​ឯក​អា​អេ​រ៉ូ​ប៊ិក​អាស៊ី​លើក​ទី​៨ ឆ្នាំ​២០២៣ នៅ​ម៉ុង​ហ្គោ​លី ខណៈ​ការ​ប្រកួត​ជើង​ឯក​អា​អេ​រ៉ូ​ប៊ិក​អាស៊ី លើក​ទី​៧ ឆ្នាំ​២០២២ នៅ​ថៃ ពួកគេ​បាន​មេ​ដាយ​ប្រាក់​២ និង​សំរឹទ្ធ​១​។​

​ជា​មួយ​លទ្ធ​ផល​នេះ ​លោក ​ថោង ខុន បាន​បញ្ជាក់​ថា​៖ «​បើ​ទោះបីជាយើ​ង​មិន​ដណ្តើម​បាន​មេដាយ​មាស ​ពី​ការ​ប្រកួត​ស៊ី​ហ្គេម ប៉ុន្តែ​វា​ក៏​ជា​មោទន​ភាព​មួយ​ដែល​យើង​បាន​មេដាយ​ប្រាក់ ​និង​សំរឹទ្ធ​ គឺ​យើង​បាន​បង្កើត​នូវ​អ្វី ​ដែល​យើង​មិន​ធ្លាប់​បាន​ទទួល ​ហើយ​នេះ​ជា​មូល​ដ្ឋាន​មួយ​ដែល​បាន​ជួយ​ឱ្យ​ក្រុម​កាយ​សម្ព័ន្ធ​របស់​យើង​ទៅ​ដណ្តើម​បាន​មេដាយ​មាស​ជើង​ឯក​អាស៊ី នៅ​ម៉ុង​ហ្គោ​លី​»​។ 

​ទន្ទឹម​នឹង​នេះ ​លោក ណ​យ ផា​ណា បាន​អះ​អាង​ថា សមិទ្ធ​ផល​ថ្មីៗ​ទាំង​នេះ​វា​បាន​កើត​មាន​ឡើង​ក្រោម​ការ​ខិតខំ​ប្រឹង​ប្រែង​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​គ្នា​ទាំងពី​សម័យ​មុន​ រហូត​មក​ទល់​បច្ចុប្បន្ន ​ជាពិសេស​ក្នុង​អាណត្តិ​ទី​៦ ដោយ​សហព័ន្ធ​បាន​បណ្តុះ​បណ្តាល​មន្ត្រី​បច្ចេក​ទេស ​និង​គ្រូបង្វឹក​ឱ្យ​ក្លាយ​ជា​គ្រូបង្វឹក​និង​ចៅក្រម​អន្តរ​ជាតិ​ដើម្បី​រួមគ្នា​ជំរុញ​ឱ្យ​កីឡា​ករ ​កីឡា​ការិនី ​ដើរ​នៅក្នុង​គន្លង​ផែន​ការ​មេ​ដ៏​ត្រឹម​ត្រូវក្នុង​ការ​ឈាន​ទៅ​ដណ្តើម​បាន​មេដាយ 
ពី​ស៊ី​ហ្គេម និង​ព្រឹត្តិ​ការណ៍​ប្រកួត​ផ្សេងៗ​ទៀត ដែល​ខុសពី​សម័យ​មុន​។​

​លោក​បាន​ធ្វើ​ការប្រៀប​ធៀប​ថា​៖ «​ការ​ចាប់​ផ្តើម​របស់​កា​យស​ម្ព័​ន្ធនិង​ពេល​នេះ គឺមាន​ការខុស​គ្នា​ឆ្ងាយ​ដូច​មេឃ និង​ដី ​ព្រោះ​កាលពី​មុន​សម័យ ​ប៉ុល ពត ​ដែល​យើង​មាន​សហ​ព័ន្ធ​ហើយ​នោះ ក៏​យើង​មិន​ធ្លាប់បា​ន​ដណ្តើម​មេដាយ​ពី​ការ​ប្រកួត​អន្តរ​ជាតិ​អ្វី​ដែរ ​ប៉ុន្តែ​ក្រោម​ការដឹ​កនាំ ​និង​តស៊ូ​របស់​ឯកឧត្តម​ទេស​រដ្ឋម​ន្ត្រី ថោង​ ខុន ​ដែល​ធ្វើ​ការងារ​ជាមួយ​ពួក​យើង​ជិត​ ៤០​ ឆ្នាំ ​មក​នេះ ទើប​យើង​ទទួលបា​ន​លទ្ធផល​ល្អ ​ដើម្បី​រួម​ចំណែក​ក្នុងការ​លើក​កម្ពស់​កិត្តិ​យស ​និង​កឹ​ត្យា​នុ​ភាព​ជាតិ នៅ​លើ​ឆាក​អន្តរ​ជាតិ​»​។​

​យ៉ាង​ណា​ក៏​ដោយ ​លោក ថោង ខុន ដែល​ជា​ប្រធាន ​NOCC ផង​នោះ​បាន​ជំរុញ​និង​លើក​ទឹក​ចិត្ត​ឱ្យ​គណៈ​កម្មាធិ​ការ​អាណត្តិ​ថ្មី​របស់​សហ​ព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា​ត្រូវ​ខំប្រឹង​បំពេញ​ការងារ​ឱ្យបាន​កាន់តែ​ល្អ​ថែម​ទៀត​ដើម្បី​អាច​ឈាន​​ទៅ​បង្កើត​បាន​កំណត់​ត្រា​ថ្មី​មួយទៀ​ត សម្រាប់​ការធ្វើ​ម្ចាស់​ផ្ទះ​ការប្រ​កួត​កីឡា​យុវជន​អាស៊ី ​លើក​ទី​៥ ឆ្នាំ​២០២៩​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ការ​រៀបចំ​ថ្នាល ​យើង​ត្រូវធ្វើ​​ចាប់ពី​ពេល​ឥឡូវ​ទៅ ហើ​យ​យើង​ក៏ត្រូវ​បណ្តុះ​បណ្តាល​ធន​ធាន​មន្ត្រី​បច្ចេក​ទេស​និង​គ្រូ​បង្វឹក​កម្រិត​អន្តរ​ជាតិឱ្យ​បាន​កាន់​តែច្រើន​ផង​ដែរ​។យើង​ត្រូវធ្វើ​ពី​ឥឡូវនេះ​ដល់​ឆ្នាំ​២០២៩​ដើម្បី​ឱ្យ​ទទួល​បាន​ជោគ​ជ័យស​ម្រាប់​ការធ្វើ​ម្ចាស់ផ្ទះ​ការប្រ​កួត​កីឡា​យុវជន​អាស៊ី​ដោយ​មាន​៤៥​ប្រទេស​ចូល​រួម​ គឺ​លើក​នេះ​មិន​ត្រូវ​ឱ្យ​បាត់​មេដាយ​មាស​នោះ​ទេ​!យើង​ត្រូវ​ខំប្រឹង​ដណ្តើម​ឱ្យ​បាន​»៕