ភ្នំពេញ: នៅក្នុងភូមិឋានជនបទមួយនៃខេត្តបាត់ដំបង ទារកម្នាក់បានចាប់កំណើតមក ប៉ុន្តែដំណើរមកកាន់ពិភពលោកនេះហាក់មិនស្រស់ស្អាតសម្រាប់រូបគេឡើយ។ ទារកតូចនេះមកជាមួយបងប្អូនម្នាក់ទៀតដែលខុសប្រក្រតីពីផ្ទៃម្ដាយតែមួយ។
ជាមួយនឹងដៃចំនួន ៤ ជើងចំនួន ៤ និងប្រដាប់ភេទ ២ កូនភ្លោះនេះមានអាការស្រដៀងទៅនឹងកូនភ្លោះប៉ារ៉ាស៊ីត ដោយទារកក៏បានប្រឈមមុខនឹងបញ្ហារន្ធគូទតូចខុសធម្មតាផងដែរ។
អ្នកស្រី សាំង ធីម អាយុ ៣២ ឆ្នាំ រស់នៅភូមិសន្តិភាព ឃុំអូរកណ្តោល ស្រុកសំពៅលូន សម្រាលបានកូនប្រុសទី៥ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៣។
ទោះជាយ៉ាងនេះក្តី ទារកដែលកើតមកជាមួយអាការដ៏កម្រនេះ ត្រូវបានបញ្ជូនពីមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន មកមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងខេត្តសៀមរាប។
ទារកទើបនឹងកើតប្រឈមនឹងបញ្ហាហើមពោះ ដោយសាររន្ធគូទតូច ធ្វើឱ្យពិបាកបត់ជើងតូច។ អំឡុងពេលមានផ្ទៃពោះរបស់អ្នកស្រី ធីម ជាមួយកូនទី៥ អ្នកស្រីបានទៅពិនិត្យអេកូពោះតែម្ដងគត់អំឡុងពេលគភ៌ជិត ៦ ខែនៅគ្លីនិកឯកជន។
អ្នកស្រី ធីម បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «គ្រូពេទ្យ បានប្រាប់ថា ខ្ញុំមានកូនតែ១ក្នុងពោះធម្មតា។ ប៉ុន្ដែដោយសារពោះរបស់ខ្ញុំធំ អ្នកនៅជិតខាងតែងតែនិយាយថា ខ្ញុំមានកូនភ្លោះ»។
ពេលសម្រាលកូនចេញមក អ្នកស្រីបាននិយាយថា អ្នកស្រីមានអារម្មណ៍តក់ស្លុតខ្លាំង ពេលបានឃើញរូបរាងកូនបែបនេះ តែក្រុមគ្រូពេទ្យបានលើកទឹកចិត្ដកុំឱ្យគិតច្រើន។
ស្ដ្រីកូន ៥ នាក់ ដែលប្រកបរបរស៊ីឈ្នួលបោចស្មៅដំឡូងជាថ្នូរកម្រៃ ២៥ ០០០ រៀលក្នុង១ថ្ងៃរូបនេះ បានឱ្យដឹងថា៖ «ដំបូងឡើយ គាត់អត់មានបញ្ហាអីទេ។ គាត់បត់ជើងអាចម៍ព្រៃធម្មតា។ ប៉ុន្ដែដោយសាររន្ធគូទតូចខុសប្រក្រតី វាបានធ្វើឱ្យគាត់ហើមពោះ និងត្រូវបានបញ្ជូនទៅសៀមរាប»។
អ្នកជំនាញផ្នែកវេជ្ជសាស្ដ្រ ១ ក្រុមបានបង្កការភ្ញាក់ផ្អើល និងទទួលបានការកោតសរសើរពីសមត្ថភាពក្រុមគ្រូពេទ្យកម្ពុជាក្នុងការដោះស្រាយករណីកម្រលើកដំបូងនេះ។
លោកសាស្ត្រាចារ្យ កែវ សុខា លោកវេជ្ជបណ្ឌិត ប៉ុន ឡាឌីន និងលោកវេជ្ជបណ្ឌិត អៀន សារិន បានធ្វើការវះកាត់ស្មុគស្មាញចំនួន ៤ ដងជាបន្តបន្ទាប់ ដែលការវះកាត់នីមួយៗត្រូវបានរៀបចំឡើងដើម្បីផ្លាស់ប្តូរដំណើរជីវិតរបស់ទារក។
លោកសាស្ត្រាចារ្យ កែវ សុខា អគ្គវេជ្ជបណ្ឌិតផ្នែកវះកាត់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «នេះជាអាការប្លែកដែលយើងពុំធ្លាប់បានទទួលការវះកាត់នៅមន្ទីរពេទ្យយើងពីមុនមកទេ។ អ៊ីចឹង ការវះកាត់នឹងប្រឈមមុខច្រើនបើយើងមិនមានឧបករណ៍សម្រាប់ថតឆ្លុះទំនើបៗ ដូចជា ម៉ាស៊ីន Echographieម៉ាស៊ីន Scanerម៉ាស៊ីន IRM ជាពិសេសធនធានគ្រូពេទ្យដាក់ថ្នាំសណ្តំ និងធនធានគ្រូពេទ្យសង្គ្រោះទារកក្រោយវះកាត់»។
លោកបាននិយាយថា ក្រុមវះកាត់បានសម្រេចធ្វើប្រតិបត្តិការលើទារកនេះ ដើម្បីដោះស្រាយពិការភាព ដោយបន្តតាមការស្នើសុំ និងការយល់ព្រមពីក្រុមគ្រួសារ។
លោកបន្ដថា៖ «មុនចាប់ផ្តើមធ្វើរការវះកាត់ យើងពិនិត្យមើលឈាម និងថតឆ្លុះ (Echographie, Scaner, IRM) ដើម្បីកំណត់គោលដៅវះកាត់ឱ្យបានច្បាស់លាស់ ជាពិសេស ពន្យល់ឪពុកម្តាយឱ្យយល់ច្បាស់ពីជំងឺកូនគាត់»។
ទារករូបនេះបានឆ្លងការវះកាត់ ៤ លើក ដោយជោគជ័យ។ ការវះកាត់លើកទី១ គឺ ការវះកាត់យកដៃ ១ គូចេញ។ ការវះកាត់លើកទី២ គឺការវះកាត់ដោយចោះពោះវៀនធំដើម្បីឱ្យទារកបន្ទោបង់លាមកតាមចង្កេះ (colostomy)បណ្តោះអាសន្ន។ ការវះកាត់លើកទី៣ គឺការវះកាត់យកជើង ១ គូចេញ។ ការវះកាត់លើកទី៤ ទាក់ទងការយកឆ្អឹងបរិវេណត្រគាកដែលខូចទម្រង់ពីកំណើតចេញ។
ក្រោយការព្យាបាលដោយវះកាត់ទាំង ៤ លើក ទារកមានសុខភាពល្អ មានការលូតលាស់ និងធំធាត់ប្រក្រតី ដោយមានការជួយសង្គ្រោះដ៏ល្អ និងមានប្រសិទ្ធភាពពីក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកសង្គ្រោះទារក (NICU)។
លោក សុខា បាននិយាយថា៖ «ការវះកាត់កុមារភ្លោះចម្លែកនេះបានផ្ដល់នូវការសិក្សា និងវឌ្ឍនភាពជាច្រើនដល់ពួកយើងទៅអនាគតទៀត។ យើងសង្ឃឹមថានឹងមានទម្រង់ផ្សេងៗទៀត ដូចជា ទម្រង់ក្បាលជាប់គ្នា ពោះជាប់គ្នា គូទជាប់គ្នា ទ្រូងជាប់គ្នាជាដើម។ ក្រុមវះកាត់យើងខ្ញុំ មានឯកទេសគ្រប់គ្រាន់ដើម្បីទទួលការវះកាត់នូវទម្រង់ពិបាកៗផ្សេងៗទៀត។ យើងនឹងទទួលបាននូវបទពិសោធន៍ល្អនាពេលអនាគតផ្នែកវេជ្ជសាស្ត្ររបស់យើង។
ក្រោយការវះកាត់ភ្លាមៗ និងរយៈពេលខ្លីទារកមានភាពប្រក្រតីប្រហាក់ប្រហែលកុមារធម្មតា (៦០-៧០ ភាគរយ)។ តែសម្រាប់ទៅមុខយូរទៀត វាកំពុងស្ថិតក្នុងការតាមដានរបស់ក្រុមវះកាត់។
ការវះកាត់ទាំង ៤ ដងនេះបានសម្គាល់ចំណុចរបត់ ១ នៅក្នុងជីវិតរបស់ទារក ដោយជំរុញគាត់ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។
ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ទារកបានត្រឡប់មកផ្ទះវិញជាមួយឪពុកម្តាយជាទីស្រឡាញ់ ដែលជាសក្ខីភាពចំពោះភាពធន់នៃស្មារតីរបស់មនុស្សធម៌ និងការលះបង់របស់ក្រុមគ្រូពេទ្យ។
យ៉ាងណាក៏ដោយ ការធ្វើដំណើរនេះគឺនៅឆ្ងាយទៀត។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ការវះកាត់បន្ថែមចំនួន ២ កំពុងរង់ចាំទារក ដែល ១ ផ្តោតលើការយកចេញនៃឆ្អឹងអាងត្រគាក និងបញ្ហាគោលដៅផ្សេងទៀតដែលទាក់ទងនឹងរន្ធគូទ និងប្រដាប់បន្តពូជ។
អ្នកស្រីបន្ដថា៖ «ចាប់ពីពេលនេះ រហូតដល់ ៣ ខែទៀត ទារកតូចនេះ ត្រូវទទួលការវះកាត់ ១ ទៀត ដើម្បីយកឆ្អឹងត្រគាកដែលលើសចេញ និងម្ដងចុងក្រោយទៀត ជាការវះកាត់សៀរ៉េរន្ធគូទ និងប្រដាប់ភេទ»។
ក្រុមវេជ្ជសាស្ដ្រនៅតែមានការតាំងចិត្តក្នុងការធានានូវសុខុមាលភាព និងគុណភាពជីវិតរបស់កុមារក្នុងរយៈពេលវែង។
លោកវេជ្ជបណ្ឌិត សុខា បាននិយាយថា៖ «ការរស់នៅរបស់ទារកក្នុងដំណាក់កាលនេះនៅមានភាពលំបាកបន្តិចក្នុងការថែរទាំ ដូចការបន្ទោបង់លាមកតាមចង្កេះ (colostomy) និងបត់ជើងតូចមិនចំកន្លែងធម្មជាតិ (យើងនឹងជួសជុលនៅពេល ១ ឆ្នាំ ឬ ២ ឆ្នាំ ក្រោយទៀត)។ តែទោះជាយ៉ាងណាលទ្ធផលប្រសើរជាងមុនវះកាត់ច្រើន»។
ជាការកត់សម្គាល់ រាល់ការព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ផ្តល់ជូនដោយឥតគិតថ្លៃដល់បុគ្គលគ្រប់រូប ជាឧទាហរណ៍ការប្ដេជ្ញាចិត្តឥតងាករេរបស់ស្ថាប័នរដ្ឋ ១ នេះចំពោះការថែទាំសុខភាព និងការលើកកម្ពស់ជីវិតកាន់តែប្រសើរឡើង។
សាស្ដ្រាចារ្យលោក យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ កន្លែងដែលដំណើរផ្លាស់ប្តូរបានកើតឡើងនោះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ស្ថាប័នក្នុងការជួយគ្រួសារពេញមួយដំណើរការ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «មន្ទីរពេទ្យបានផ្ដល់ថវិការាល់ថ្ងៃ ក្នុងពេលសម្រាកពេទ្យរយៈពេល៣ខែដើម្បីជួយដល់ក្រុមគ្រួសារ។ មន្ទីរពេទ្យនឹងបន្តការតាមដាននូវការលូតលាស់របស់កុមារតទៅមុខទៀត»។
លោកបន្ដថា តាងនាមឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យ និងបុគ្គលិកទាំងអស់ លោកធ្វើការកោតសរសើរ និងមានមោទនភាពជាទីបំផុតដល់ក្រុមគ្រូពេទ្យវះកាត់ទាំងអស់ និងបុគ្គលិកដែលពាក់ព័ន្ធទាំងអស់ ដែលតែងតែធ្វើការប្រកបទៅដោយការយកចិត្តទុកដាក់ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ។ រាល់ការព្យាបាល និងវះកាត់ទាំងអស់ មិនគិតថ្លៃសម្រាប់មនុស្សទាំងអស់ដោយគ្មានការរើសអើង។
លោក ចន្ទនា បានបន្ថែមថា លោកអរគុណ ចំពោះការគាំទ្រ និងបរិច្ចាគពីសំណាក់សប្បុរសទាំងអស់ដែលភាគច្រើនជាប្រជាជនស្វ៊ីស និងប្រជាជនកម្ពុជា ក៏ដូចជា មូលនិធិគន្ធបុប្ផា Dr.med.BeatRichnerប្រទេសស្វ៊ីស និងមូលនិធិកម្ពុជាគន្ធបុប្ផា។
អ្នកស្រី ធីម បាននិយាយពេលសម្លឹងទឹកមុខសើចសប្បាយរបស់កូនប្រុសពៅថា៖ «ខ្ញុំមិនដឹងថា មានពេទ្យឯណានៅស្រុកខ្មែរអាចធ្វើការវះកាត់បែបនេះនោះទេ ហើយណាមួយខ្ញុំគ្មានប្រាក់ផង។ បើគ្មាននេះ កូនខ្ញុំមិនដឹងរស់របៀបម៉េចទេ»។
លោក សុខា បានបញ្ជាក់ថា ករណីបែបនេះអាចបង្កើនការយល់ដឹងជាសាធារណៈដែលគ្រប់ស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យ និងតាមដានសុខភាពឱ្យបានទៀងទាត់ក្រោយពេលដែលដឹងថា មានផ្ទៃពោះ ព្រោះអាការនេះអាចដឹងមុនតាមរយៈតាមដានផ្ទៃពោះដោយធ្វើការឆ្លុះពោះ (Echographie ឬ IRM) នៅត្រីមាសទី១៕