ភ្នំពេញៈ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ជប៉ុន ​សម្រាប់​ជំនួយ​ដល់​សកម្មភាព​មីន​នៅ​កម្ពុជា ហើយ​លោក​ក៏បាន​ស្នើ​សុំឱ្យ​ជប៉ុន​បន្ត​ការគាំទ្រ​សកម្មភាព​ទាំងនេះ​បន្តទៀត ជាពិសេស​សុំឱ្យ​ពិចារណា​ជួយ​ខេត្តពោធិ៍សាត់​ឱ្យក្លាយ​ជា​ខេត្ត​អស់​មីន​ផងដែរ​។​


​លោក លី ធុជ បាន​ស្នើឡើង​ដូចនេះ​នា​ជំនួប​ពិភាក្សា​ជាមួយ​លោក​ OGASAWARA Ichiro ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​នៃ​គណៈប្រតិភូ​ជប៉ុន ​ប្រចាំ​សន្និសីទ​ស្តីពី​និ​សព្វាវុធ​កម្ម កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្នុង​ឱកាសលោក​ចូលរួម​កិច្ចប្រជុំ​រដ្ឋ​ភាគី​លើក​ទី​២១ នៃ​អនុសញ្ញា​ស្តីពី​ការហាម​ប្រាម​ការប្រើប្រាស់​គ្រាប់មីន​ប្រឆាំង​មនុស្ស ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស​។​

​លោក លី ធុជ បានលើកឡើង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា​៖ «​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ជប៉ុន​សម្រាប់​ជំនួយ​ដល់​សកម្មភាព​មីន​នៅ​កម្ពុជា​ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​បោសសម្អាត​មីន និង​ការកសាង​សមត្ថភាព​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ត្បូង​-​ត្បូង ហើយ​បានស្នើ​សុំឱ្យ​ជប៉ុន​បន្ត​ការគាំទ្រ​សកម្មភាព​ទាំងនេះ ជាពិសេស​ពិចារណា​ជួយ​ខេត្តពោធិ៍សាត់​ឱ្យ​ក្លាយជា​ខេត្ត​អស់​មីន​»​។​


​លោក​បាន​បន្តថា៖ «​ខ្ញុំ​បាន​លើកឡើងថា​កម្ពុជា​នឹង​ធ្វើជា​ប្រធាន និង​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើក​ទី​៥ នៃ​អនុសញ្ញា​អូ​តា​វ៉ា​ដែល​នឹង​រៀបចំ​ពីថ្ងៃ​ទី​២៥ ​ដល់ ​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្នុង​ខេត្តសៀមរាប ប្រទេស​កម្ពុជា​ផងដែរ​»​។ 
​ក្នុងនាម​ជា​ប្រធាន​កិច្ចប្រជុំ កម្ពុ​ជា មាន​ភារកិច្ច​សំខាន់ៗ​មួយចំនួន ហើយក៏​បានកំណត់​នូវ​អាទិភាព​ចំនួន​ ៣ គឺ​សកលភាវូបនីយកម្ម ការ​បោសសម្អាត​មីន និង​កិច្ចសង្គ្រោះ​ជនរងគ្រោះ​ថ្នាក់​ដោយសារ​មីន​។ លោក​ទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់​បន្ថែម​។​

​តាមរយៈ​លោក លី ធុជ ក្នុងជំនួប​ដដែល​នោះដែរ លោក ​OGASAWARA Ichiro ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​នៃ​គណៈប្រតិភូ​ជប៉ុន​ ប្រចាំ​សន្និសីទ​ស្តីពី​និ​សព្វាវុធ​កម្ម ក៏បាន​លើកឡើង​ដែរ​ថា ជប៉ុន​ កំពុង​ផ្តល់ជំនួយ​បោសសម្អាត​មីន​ក្នុង​ ២២​ ប្រទេស ហើយ​ថ្មីៗ​នេះ​កំពុង​ពង្រីក​សកម្មភាព​ក្នុង​ទ្វីបអាហ្វ្រិក​ផងដែរ​។​


​លោក​ OGASAWARA Ichiro បាន​បញ្ជាក់ថា ៖ «​ជប៉ុន ចូលរួម​យ៉ាងសកម្ម​ក្នុង​អនុសញ្ញា​មនុស្សធម៌​នានា ​រួមទាំង​អនុសញ្ញា​អូ​តា​វ៉ា​នេះ ហើយ​បាន​បញ្ជាក់ថា ​ជប៉ុន ​នឹង​គាំទ្រ​កម្ពុជា​ជា​ប្រធាន និង​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើក​ទី​៥ ​ផងដែរ​»​។​

​សូម​បញ្ជាក់ដែរថា លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ដឹកនាំ​គណ​:​ប្រតិភូ​កម្ពុជា រួមមាន ដៃគូ​អភិវឌ្ឍន៍ និង​ប្រតិបត្តិ​ករ​ជាតិ​-​អន្តរជាតិ ចូលរួម​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋ​ភាគី​លើក​ទី​២១ នៃ​អនុសញ្ញា​ស្តីពី​ការហាម​ប្រាម​ការប្រើប្រាស់​គ្រាប់មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​) ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស ចាប់ពី​ថ្ងៃទី​២០-២៧ ខែវិច្ឆិកា ឆ្នាំ​២០២៣​។

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​សប្តាហ៍​មុន លោក លី ធុជ បានលើកឡើង​ឱ្យដឹង​ដែរ​ថា កម្ពុជា​ ទទួលបាន​ការ​ទុកចិត្ត​ពីរ​ដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ដែលមាន​សមាជិក​ចំនួន​ ១៦៤ ​ប្រទេស ឱ្យធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល និង​ធ្វើជា​ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា​នេះ ពេញ​ ១​ ឆ្នាំ នា​ឆ្នាំ​២០២៤ ​ខាងមុខនេះ ​ដោយ​លោក​នឹង​ទទួលបាន​ញញួរ​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​នេះ នា​ប្រទេស​ស្វ៊ី​ស​ផងដែរ​៕