ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការផ្សព្វផ្សាយប្រកាសស្ដីពីការប្រើប្រាស់ទ្រូងផ្លូវ និងចន្លោះសុវត្ថិភាព ទៅដល់អ្នកពាក់ព័ន្ធវិស័យដឹកជញ្ជូន ដើម្បីរួមចំណែកក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ និងកាត់បន្ថយភាពកកស្ទះចរាចរណ៍ផងដែរ។
ការផ្សព្វផ្សាយនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីនគរបាលជាតិ នគរបាលរាជធានី-ខេត្ត មន្ទីរសាធារណការរាជធានី-ខេត្ត រួមនឹងតំណាងសមាគមដឹកជញ្ជូន ក្រុមហ៊ុនដឹកជញ្ជូន និងតំណាងសាលាបង្រៀនបើកបរជាច្រើននាក់ផងដែរ។
តាមរយៈហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី២០ ខែវិច្ឆិកា បានឱ្យដឹងថា ពិធីផ្សព្វផ្សាយ ប្រកាស ស្តីពីការប្រើប្រាស់ទ្រូងផ្លូវ និងប្រកាសស្តីពីចន្លោះសុវត្ថិភាព ក្នុងការបើកបរយានយន្តនេះ សំដៅបញ្ជ្រាបការយល់ដឹងពីការប្រើប្រាស់ទ្រូងផ្លូវឱ្យបានត្រឹមត្រូវ និងយល់ដឹងអំពីចន្លោះសុវត្ថិភាពក្នុងការបើកបរពីក្រោយយានយន្តផ្សេងទៀត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ ស្របតាមផែនការទសវត្សរ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០។
ក្រសួងបានលើកឡើងថា៖ «ការផ្សព្វផ្សាយនេះ គឺផ្តោតសំខាន់លើការពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាបណ្តុះបណ្តាលចំពោះអ្នកបើកបរ និងអ្នកធ្វើអាជីវកម្មដឹកជញ្ជូននៅលើផ្លូវ ដើម្បីធានាសុវត្ថិភាពក្នុងការបើកបរ លើកកម្ពស់សណ្តាប់ធ្នាប់ចរាចរណ៍ រួមចំណែកទប់ស្កាត់គ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍ផងដែរ»។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកាថា ការ ប្រើប្រាស់ទ្រូងផ្លូវដែលត្រឹមត្រូវ គឺអ្នកបើកបរគ្រប់រូបត្រូវបើកបរតាមគន្លងផ្លូវរបស់ខ្លួន ខណៈដែលការប្រើប្រាស់គន្លងផ្លូវសព្វថ្ងៃនេះអ្នកបើកបរបានប្រើប្រាស់ មានលក្ខណៈមិនត្រឹមត្រូវឡើយ ដោយមានការបំពានគន្លងផ្លូវពីយានយន្តទៅផ្លូវម៉ូតូ ឬម៉ូតូទៅបំពានផ្លូវយានយន្តជាដើម។
លោកបានបន្តថា ចំណែកចន្លោះសុវត្ថិភាពវិញ សំដៅដល់ការធានាសុវត្ថិភាពក្នុងការបើកបរពីក្រោយយានយន្តផ្សេងទៀតនៅពេលយានយន្តខាងមុខជាន់ឬចាប់ហ្វ្រាំងបន្ថយល្បឿន ឬឈប់បន្ទាន់ផងដែរ។
លោក ផន រឹម បានបញ្ជាក់បន្ថែមថា៖ «ការប្រើប្រាស់ទ្រូងផ្លូវឱ្យបានត្រឹមត្រូវ និងមានការយល់ពីចន្លោះសុវត្ថិភាព គឺរួមចំណែកទប់ស្កាត់គ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍ផ្លូវគោក»។
ជាមួយគ្នានេះដែរលោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានប្រាប់ឱ្យដឹងដែរថា ចំពោះការផ្សព្វផ្សាយរបស់ក្រសួងនេះ អាចជាការក្រើនរំឭកទៅដល់អ្នកបើកបរ ឱ្យមានការយល់ដឹងបន្ថែមទៀតពីការប្រើប្រាស់គន្លងផ្លូវ ហើយលោកក៏ជឿថា ចំណេះដឹងទាំងនេះអ្នកបើកបរក៏បានទទួលការបណ្តុះបណ្តាលហើយដែរ ក្នុងអំឡុងពេលពួកគាត់រៀនយកបណ្ណបើកបរ។
លោកបន្តថា ក្រៅពីការផ្សព្វផ្សាយប្រកាសហើយ ក្រសួងគួរតែមានការរៀបចំផលិតជាវីដេអូអប់រំខ្លីៗ ណែនាំនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាបណ្ដាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឱ្យកាន់តែយល់ដឹងទូលំទូលាយទៅដល់បណ្ដាអ្នកបើកបរក្នុងការចូលរួមប្រើប្រាស់ទ្រូងផ្លូវ និងចន្លោះសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដែលជាការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
លោក គឹម បញ្ញា បានបញ្ជាក់ថា៖ «ដូច្នេះការប្រើប្រាស់ទ្រូងផ្លូវ និងចន្លោះសុវត្ថិភាពនេះ មានសារៈសំខាន់ណាស់ ខណៈដែលចន្លោះសុវត្ថិភាព ផ្ដោតជាចម្បងហ្នឹង គឺការកាត់បន្ថយគ្រោះថ្នាក់ ហើយចំណែកការប្រើប្រាស់ទ្រូងផ្លូវ វាក៏ពាក់ព័ន្ធនឹងសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ដែរ ប៉ុន្តែជាចម្បងខ្ញុំមើលឃើញថា វាកាត់បន្ថយការកកស្ទះចរាចរណ៍ ពីព្រោះពេលខ្លះឡានមកផ្លូវម៉ូតូ ម៉ូតូមកផ្លូវឡានជាដើម»។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៣នេះ នៅទូទាំងប្រទេសកម្ពុជា មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ២ ៧១៦ លើក បណ្តាលឱ្យមានអ្នកស្លាប់ចំនួន ១ ២៨៦ នាក់ អ្នករបួសធ្ងន់ចំនួន ២ ២៥៨ នាក់ និងអ្នករបួសស្រាលចំនួន ១ ៣៨២ នាក់។ ក្នុងចំនួនជនរងគ្រោះទាំងនេះ មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ២ ៥២៤ នាក់។
បើប្រៀបធៀបទៅនឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងរយៈពេលដូចគ្នា ១០ ខែ ឆ្នាំ២០២២ ឃើញថា អត្រានៃចំនួនគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង ៩% អ្នកស្លាប់បានថយចុះ ១១% អ្នករបួសធ្ងន់បានកើនឡើង ៣% អ្នករបួសស្រាលបានកើនឡើង ១០% និងអ្នកមិនពាក់មួកសុវត្ថិភាពបានថយចុះ ១០%៕