ភ្នំពេញៈ ធនាគារពិភពលោក​ប្រចាំ​កម្ពុជា ​បាន​រកឃើញថា ទឹកជំនន់​ក្នុង​រដូវវស្សា​ បាន​បង្ក​ហានិភ័យ​ទៅដល់​វិស័យ​អប់រំ និង​សុខាភិបាល​នៅ​ប្រទេស​កម្ពុជា និង​ជា​គ្រោះមហន្តរាយ​ ដែល​ប្រទេស​កម្ពុជា ​ជួបប្រទះ​ជា​ញឹកញាប់​បំផុត ដែល​បណ្តាលឱ្យ​សាលារៀន និង​មណ្ឌល​សុខភាព​មួយចំនួន​ត្រូវបាន​បិទទ្វា​នា​អំឡុង​ពេលនេះ​។


​ការរកឃើញ​នេះ​ត្រូវបាន​បង្ហាញ​នៅក្នុង​របាយការណ៍​រប​ស់​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​ ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា និង​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​ប្រភព​ដដែល​បាន​លើកឡើងថា រៀងរាល់​ ៥​ ឆ្នាំ​ម្តង ប្រទេស​កម្ពុជា​ តែងមាន​ទឹកជំនន់​ធំៗ ​កើតឡើង ដែល​បង្ក​ការបំផ្លិចបំផ្លាញ​ហិនហោច​ខ្លាំង​។ ​ជាក់ស្តែង នៅក្នុង​ឆ្នាំ​២០១១ គ្រោះទឹកជំនន់​បាន​ប៉ះពាល់​ដល់​ប្រជាជន​ជាង ១​ លាន ៧ ​សែន​នាក់ ក្នុងនោះ​មនុស្ស​ចំនួន ២៥០​ នាក់​បាន​ស្លាប់ និង​ ៥​ ម៉ឺន​នាក់​ ផ្សេងទៀត គ្មាន​ផ្ទះសំបែង​។ 


​របាយការណ៍​នេះ​បាន​បន្ថែមថា ៖«​ជារឿយៗ ផល​ប៉ះទង្គិច​ពី​ទឹកជំនន់​ ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​អប់រំ និង​សុខា​ភិបាល ត្រូវបាន​គេ​មើលរំលង នៅពេលដែល​ព្រឹត្តិការណ៍​ទាំងនេះ ​អាចមាន​ផលវិបាក​យូរអង្វែង​យ៉ាងធ្ងន់ធ្ងរ ទៅលើ​ធនធានមនុស្ស និង​ផលិតភាព​របស់​ប្រជាជន​។ ផលវិបាក​ផ្នែក​សុខាភិបាល នៅពេលដែល​មន្ទីរពេទ្យ​ត្រូវ​បិទទ្វារ​បណ្ដោះ​អាសន្ន​ដោយសារ​ទឹកជំនន់ អាច​ជះឥទ្ធិពល​អវិជ្ជមាន​យូរអង្វែង​លើ​កុមារ និង​មូលធន​មនុស្ស នាពេល​អនាគត​»​។

​ធនាគារពិភពលោក ឱ្យដឹងថា ការធ្លាក់ចុះ​នៃ​ម៉ោង​បង្រៀន នៅពេលដែល​សាលារៀន​ត្រូវបាន​បិទ​ ដោយសារ​ទឹកជំនន់ ធ្វើឱ្យ​ប៉ះទង្គិច​ដល់​ការសិក្សា​របស់​សិស្ស​អាច​នាំឱ្យ​អត្រា​បោះបង់​ការសិក្សា​កើនឡើង ហើយ​កុមារ​រៀន​មិនទាន់​កម្មវិធីសិក្សា ដែលជា​ហេតុ​ធ្វើឱ្យ​ពួកគេ​ក្លាយជា​កម្លាំង​ទីផ្សារការងារ​ខ្វះ​គុណភាព នៅពេល​អនាគត​ក្នុង​ជីវិត​របស់​ពួកគេ​។


​លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែង​នៅ​ថ្ងៃទី២១ ខែវិច្ឆិកា ថា បញ្ហា​នេះ គឺជា​គ្រោះធម្មជាតិ ដែល​កម្ពុជា​តែងតែ​ជួបប្រទះ​ជា​ញឹកញាប់ ខណៈ​បញ្ហា​នេះ រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​មិនដែល​មើលរំលង​នោះទេ​។

​លោកស្រី​ថា ជាក់ស្តែង ដើម្បី​រក្សាបាន​នូវ​សុវត្ថិភាព និង​គុណភាព​សិក្សា ក្រសួង​បាន​បង្កើត​គណៈកម្មការ​មួយ ​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​ដើម្បី​តាមដាន​បញ្ហា​ដែល​បាន​កើតឡើង​នៅក្នុង​សាលារៀន​នៃ​ខេត្ត​នីមួយៗ ដើម្បី​អាច​ដោះស្រាយបាន​ទាន់ពេលវេលា​។​

​លោកស្រី​បន្តថា ចំណុច​មួយទៀត គឺ​ក្រសួង​អប់រំ ដែល​បានធ្វើ​នាពេល​កន្លងមក​ គឺ​រំកិល​កាលបរិច្ឆេទ​នៃ​ការបើក​បវេសនកាល​ម​ក​ដល់​ថ្ងៃទី​១ ខែវិច្ឆិកា ជា​រៀងរាល់ឆ្នាំ​ដោយសារ​អំឡុង​ពេលនោះ ជា​ពេលវេលា ​ដែល​រដូវវស្សា​បានបញ្ចប់​ហើយ​ការអនុវត្ត​នេះ បានធ្វើ​ជាង ​១០ ​​ឆ្នាំ ​មកហើយ​ដែរ ប៉ុន្តែ​ទើបតែ​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំ​ងឹ​កូ​វីដ​១៩ ទេ​ដែល​តម្រូវឱ្យ​សាលារៀន​ទូទៅ ឱ្យចូល​កង​វិញ​មុន​កាលកំណត់ ដោយបាន​រំកិល​ឱ្យចូល​រៀន​នៅ​ថ្ងៃទី​១ ខែមករា​។ ជាមួយគ្នានេះ ដោយ​មើលឃើញ​ពី​ស្ថានភាព​ល្អប្រសើរ សម្រាប់​ការសិក្សា​ឆ្នាំ​២០២៣-២០២៤ ក្រសួង​បានសម្រេច​ដាក់ឱ្យចូល​កង​វិញ​នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២៣​។​

​លោកស្រី​ថ្លែងថា​៖ «​ឆ្លើយតប​នឹង​បញ្ហា​នេះផងដែរ ក្រសួង​ក៏បាន​រៀបចំ​ជា​ឯកសារ តាម​ប្រព័ន្ធ​ឌីជីថល មាន​ទាំង​វីដេអូ ក៏ដូចជា​ឯកសារ​ថតចម្លង ដែល​អាចឱ្យ​សាលារៀន​អាច​ទាញយក​ទៅធ្វើជា​ការងារ​ផ្ទះ និង​មួយវិញទៀត​នៅតាម​សាលារៀន​ក៏​យើង​បានរៀបចំ​ឱ្យមាន​ការអនុវត្ត​ក​ម្ម​វិធី​គាំទ្រ​បង្រៀន និង​រៀន​ថែមទៀត​ដែរ ដោយ​លោកគ្រូ អ្នកគ្រូ​ផ្តល់ទៅឱ្យ​សិស្ស នៅពេល​ដែលមាន​សាលារៀន​ត្រូវបាន​បិទទ្វារ​បណ្តោះអាសន្ន​នៅក្នុង​អំឡុងពេល​មាន​ទឹកជំនន់​»​។​

​លោកស្រី ឱ វណ្ឌ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល មិនអាច​ទាក់ទង​បានទេ នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣​។ ទោះជា​យ៉ាងណា ជា​រៀងរាល់​រាល់ពេល​រដូវ​វស្សា និង​ទឹកជំនន់​ចូលមក​ដល់ ក្រសួងសុខាភិបាល ​តែងតែ​ចេញ​សេចក្តីណែនាំ និង​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ រួម​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ ឱ្យមាន​ការការពារ​សុខ​ភាព និង​អាយុជីវិត ព្រមទាំង​រក្សា​ការធ្វើ​អនាម័យ​ល្អជា​ប់​ជាប្រចាំ​ផងដែរ​៕