ភ្នំពេញ : កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លោក សាយ ឈុំ បានជួបពិភាក្សាគ្នាប្រកបដោយផ្លែផ្កាជាមួយលោក សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី នៅវិមានព្រឹទ្ធសភា ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានឱ្យដឹងថា លោក សាយ ឈុំ បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ស៊ីជម្រៅ និងជាប្រវត្តិសាស្ត្រដែលចងភ្ជាប់ប្រជាជាតិទាំង២ ដោយផ្ដោតលើការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ ការកសាងសមត្ថភាព និងកសិកម្ម។
លោក សាយ ឈុំ បានថ្លែងស្វាគមន៍ចំពោះការបន្តទំនាក់ទំនងដ៏កក់ក្តៅក្នុងចំណោមមេដឹកនាំនៃប្រទេសទាំង២ រួមទាំងចំណោមសមាជិកសភា និងសមាជិកព្រឹទ្ធសភាផងដែរ។
លោក ដាម៉ូស៊ូម៉ាតូ បានរំឭកអំពីតួនាទីរបស់ឥណ្ឌូនេស៊ី ក្នុងដំណើរការរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា និងសន្និសីទអាស៊ី-អាហ្វ្រិក ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាអនុស្សាវរីយ៍ទាំងនេះសម្រាប់មនុស្សជំនាន់ក្រោយ។
លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានឱ្យដឹងថា៖ «ការចងចាំនៃសន្និសីទអាស៊ី-អាហ្វ្រិក និងការគាំទ្ររបស់ឥណ្ឌូនេស៊ីសម្រាប់ដំណើរការសន្តិភាពនៅកម្ពុជា រួមទាំងតាមរយៈកិច្ចប្រជុំក្រៅផ្លូវការពីទីក្រុងហ្សាការតា និងការចូលរួមក្នុងអ៊ុនតាក់ ត្រូវបានឆ្លាក់នៅក្នុងចិត្តរបស់ប្រជាជនកម្ពុជាជាច្រើន។ ប៉ុន្តែយើងត្រូវតែធានាថា មនុស្សជំនាន់ក្រោយ នៃប្រទេសទាំង២នៅតែបន្ដទំនាក់ទំនងនេះ»។
លោក ដាម៉ូស៊ូម៉ាតូ ក៏បានបង្ហាញពីក្តីសង្ឃឹមរបស់លោក ក្នុងការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងភាពជាដៃគូសេដ្ឋកិច្ច។
លោកបានបន្ថែមថា៖ «ខណៈពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូនេស៊ីនៅកម្ពុជាអាចនឹងហក់ឡើងដល់លេខ ៦ ក្នុងឆ្នាំនេះ ឱកាសនៅតែមានច្រើនសម្រាប់ការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ»។
យោងតាមហ្វេសប៊ុកផ្លូវការរបស់ព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានបេ្តជ្ញាចិត្តថា នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំង២ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន ៣។
ស្ថានទូតឥណ្ឌូនេស៊ីយកចិត្ដទុកដាក់លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែខ្លាំងក្លាថែមទៀត ក៏ដូចជាការគាំពារប្រជាជនឥណ្ឌូនេស៊ីរស់នៅប្រទេសកម្ពុជា។ ក្រៅពីនេះ លោក ដាម៉ូស៊ូម៉ាតូ នឹងខិតខំបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំង២ផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានបន្តថា៖ «ជាពិសេសប្រជាជនឥណ្ឌូនេស៊ីនៅកម្ពុជានឹងបោះឆ្នោតជ្រើសរើសមេដឹកនាំបន្ទាប់របស់ឥណ្ឌូនេស៊ីក្នុងអំឡុងការបោះឆ្នោតជាតិនៅខែកុម្ភៈ ឆ្នាំ២០២៤»។
ខណៈដែលប្រទេសទាំង២ បានទន្ទឹងរង់ចាំការប្រារឰខួបលើកទី៦៥ នៃទំនាក់ទំនងការទូតទ្វេភាគីនៅឆ្នាំក្រោយនេះ បើតាមសេចក្តីប្រកាសព័ត៌មាន លោក សាយ ឈុំ បានសម្តែងក្តីសង្ឃឹមថា ឥណ្ឌូណេស៊ី និងកម្ពុជា នឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ និងលទ្ធិប្រជាធិបតេយ្យ។ គេរំពឹងថា ព្រឹត្តិការណ៍ពិសេសៗ នឹងត្រូវបានរៀបចំឡើងក្នុងការអបអរសាទរនៃសមិទ្ធផលនេះនៅឆ្នាំ២០២៤។
ហ្វេសប៊ុកផ្លូវការរបស់ព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា៖ «ក្នុងនាមខ្លួនសម្តេចផ្ទាល់ ក៏ដូចជាព្រឹទ្ធសភា បានត្រៀមលក្ខណៈបន្តកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រទេស និងប្រជាជនទាំង២»៕