ភ្នំពេញៈ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា និង​ក្រសួង​ការ​ងារនិង​បណ្តុះប​ណ្តាល​វិជ្ជាជីវៈ នឹង​ធ្វើ​កា​រ​សិក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់​ លើ​បញ្ហា​ការ​រំលោភ​ពល​កម្ម​កុមារ​ នៅ​តាម​សិប្បកម្ម​ឡឥដ្ឋ ​បន្ទាប់​ពី​អង្គកា​រ​​ការ​ពារ​សិទ្ធិ​មនុស្ស​​លីកាដូ ​រក​ឃើញ​ថា ការ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​កុមារ នៅ​តែ​បន្ត​រីក​រាល​ដាល​នៅ​តា​ម​​សិប្បកម្ម​ផលិត​ឥដ្ឋ​​។


លោក ឯម ច័ន្ទមករា អ្នក​​នាំ​​ពាក្យ​ក្រសួង​សង្គម​កិច្ច ​បានប្រាប់​​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​ថា មក​ដល់​ពេ​ល​នេះ ក្រសួង​មិន​ទាន់​ទទួល​បាន​របាយការណ៍​ណា​ជាក់​​លាក់​ពី​អង្គការ​លីកាដូ​នៅ​ឡើយ​ទេ ប៉ុន្តែ​ចំពោះ​ករណី​នេះ ក្រសួង​​នឹង​សិក្សា​មើល និង​ធ្វើ​កិច្ច​ការ​ងា​រនេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​ក្រសួង​ការ​ងារ​។

លោក​​បន្ត​ថា ទោះ​បី​ជា​យ៉ាង​ណា​ទាំ​ង​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង គឺ​មិន​គាំ​ទ្រ និង​មិន​លើក​ទឹក​ចិត្ត​ឱ្យ​មានក​រណី​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម និង​កេង​ប្រវ័ញ្ច​កម្លាំងពលកម្ម​​លើ​​កុមារ​នោះ​ទេ ខណៈ​ដែល​កម្ពុជា ជា​ប្រទេស​រដ្ឋ​ហត្ថលេខី​​នៃ​អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​កុមារ។


លោក ឯម ច័ន្ទមករា បាន​ថ្លែង​ថា​៖ «​ក្រសួង​មិន​មាន​ការ​គាំ​ទ្រ​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​លើ​កុ​មារ​ដែល​មាន​អាយុ​ក្រោម ១៨​ឆ្នាំ​នោះ​ទេ ដូច្នេះ​ការ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​លើ​កុមារក្រោមអាយុនេះ​ គឺ​​ជាការ​ខុស​ទៅនឹ​ង​អ្វី​ដែល​បាន​ចែង​នៅ​ក្នុង​អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​កុមារ​»​។

បើ​តាម​លោក ឯម ច័ន្ទមករា ​កន្លង​មក​នេះ​ក្រសួង​សង្គម​កិច្ច ក៏​ដូច​ជា​នាយក​ដ្ឋាន​ជំនាញ បាន​​​យក​ចិត្ត​ទុកដា​ក់​ណាស់​ទៅ​លើ​ការ​អនុវត្តលើក​កម្ពស់​សិទ្ធិ​កុមារ ក៏​ប៉ុន្តែ​នៅ​តែ​មាន​កន្លែង​ខ្លះ បាន​លួច​ប្រើ​ប្រាស់​កម្លាំ​ង​ពលកម្ម​កុមារ នៅ​តាម​សិប្បកម្ម​ផលិត​ឥដ្ឋ និង​ការ​ងារ​តាម​ផ្ទះ ឬ​​ក៏​ការ​លក់​ផ្កា​ជា​ដើម​។ ​


ចំណែក​ លោក កត្តា អ៊ន អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ងារ ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា រាជ​រដ្ឋាភិបាល​ តា​ម​រយៈ​ក្រសួង​ការ​ងារ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​ចំពោះ​ការ​អនុវត្តច្បាប់​ការ​ងារ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​នៅ​គ្រ​ប់​រោង​ចក្រ សហគ្រាស ក្រុមហ៊ុន សិប្បកម្ម និង​ស្ថាប័ន​សាធារណៈ និង​ឯកជន ​ដែល​ស្ថិត​ក្រោម​ច្បាប់​ស្ដី​ពី​ការ​ងារ​។ 

លោក​បាន​បន្ត​ថា ​​គិត​ចាប់​ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៣​នេះ ​ក្រសួង​ការ​ងារ បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​​​លុប​បំបាត់​ពលកម្ម​កុមារ និង​ទម្រង់​ធ្ងន់​ធ្ងរ​បំផុត ​នៃ​ពលកម្ម​កុមារ​ដូច​ជា ការ​ចុះ​ធ្វើ​អធិការ​កិច្ច​ការ​ងារ​នៅ​តា​ម​រោង​ចក្រ សហគ្រាស និង​សិប្បកម្ម​ជា​ប្រចាំ និង​ការ​ចុះ​ធ្វើ​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ទប់​ស្កាត់​ពី​ការ​ប្រើ​ប្រាស់​ក​ម្លាំង​ពលកម្ម​កុមារ​នៅ​តាម​សិប្បកម្ម​ផលិត​ឥដ្ឋ និង​ឧស្សាហកម្ម​ផ្សេងៗ​ទៀត​ផង​ដែរ​។

លោក កត្តា អ៊ន ​​បញ្ជាក់​ថា​៖ «​ក្រសួង​នឹង​ធ្វើការ​​ស៊ើប​អង្កេត ក្នុង​ករណី​សង្ស័យ​រក​ឃើញ​ម្ចាស់​រោង​ចក្រ សហ​គ្រាស និង​សិប្បកម្ម​ណា​ដែល​មាន​ការ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​កុមារ ​ឬ​ទម្រង់​ធ្ងន់​ធ្ងរ​បំផុត​នៃ​ពល​កម្ម​កុមារ​ដែល​ល្មើស​ច្បាប់​ស្ដី​ពី​ការ​ងារ នឹង​ត្រូវ​ទទួល​រង​ការ​ផាក​ពិន័យ ឬ​ក៏​អាច​ឈាន​ដល់​ការ​បិទ​អាជីវកម្មឬ​អាច​ប្រឈម​នឹង​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ផងដែរ​»​។

ទន្ទឹម​នេះ លោក​ក៏​បាន​​អំពាវ​នាវ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​នា​នា និង​សាធារណ​ជន ចូល​រួម​រាយ​ការណ៍​ពី​ករ​ណី​មាន​ការ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​កុមារ ដើម្បី​ឱ្យ​ក្រសួង​ចាត់​វិធាន និង​ផ្ដល់​កិច្ច​អន្តរាគមន៍​បាន​ទាន់​ពេ​ល​វេលា​។

​យោង​តាម​របាយ​ការណ៍​របស់​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លី​កាដូ ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដែល​មាន​ចំណង​ជើង​ថា «​ចំណង​ក្នុង​ឡ​ឥដ្ឋ​៖ ​ឱកាស​ដើម្បី​បញ្ចប់​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល និង​ពលកម្ម​កុមារ​នៅ​សិប្បកម្ម​ឡឥដ្ឋ​នៅ​កម្ពុជា​» បានរក​ឃើញថា ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ និង​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​កុមារ នៅ​តែ​បន្ត​រីករាល​ដាល​នៅ​តាម​សិប្បកម្ម​ផលិត​ឥដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។

របាយការណ៍បន្តថា ការ​រក​ឃើញ​បែប​នេះ ផ្អែក​​តាម​ការ​សិក្សា​ចាប់​ពី​ចន្លោះ​ខែ​មេសា ដល់​ខែ​កញ្ញា ឆ្នាំ២០២៣ និង​​បាន​​​ធ្វើ​ឡើង​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​ចំនួន ២១​ទីតាំង ដែល​ស្ថិត​ក្នុង​ខេត្ត​កណ្តាល និង​រាជ​ធានីភ្នំពេញ​។

របាយ​ការណ៍បន្ត​ថា​៖ «​ការ​សន្ទនា​ជា​ច្រើន​បូក​រួម​​នឹង​បទ​សម្ភាសន៍​​ស៊ី​ជម្រៅ​ជា​មួយ​កម្មករ​ចំនួន ១០​​នាក់ បាន​បញ្ជាក់​ថា ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល នៅ​តែ​មាន​ការ​រីក​រាល​ដាល​ក្នុង​ឧស្សាហកម្ម​នេះ ហើយ​កា​រ​ទូ​ទាត់​ប្រាក់​ឈ្មួ​ល​ទាប​តាម​ចំនួន​ឥដ្ឋ នៅ​តែ​បន្ត​ជំរុញ​ឱ្យ​ក្មេង​ដែល​មាន​អាយុ​តិ​ច រហូត​ត្រឹម ៩​ឆ្នាំ​ធ្វើ​ការ​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​»​។

លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅនៃ​អង្គការ​លីកាដូ បាន​ឱ្យ​ដឹង​​​ថា ការ​ជំពាក់​បំណុល​របស់​ក​ម្មករ​សិប្បកម្ម​ឡឥដ្ឋ​ជាមួ​យ​ម្ចាស់​សិប្បកម្ម គឺ​ជា​ឧទាហរណ៍​ទូទៅ នៃ​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ដែល​ជា​អំពើ​ខុស​ច្បាប់ ដូច្នេះ​ហើយ​​បំណុល​ទាំង​អស់​នោះ ត្រូវ​ធ្វើ​ការ​លុប​ចោល​ជា​បន្ទាន់​។ 

ក្មេង​អាយុ​ក្រោម ១៨​ឆ្នាំ មិន​គួរ​ធ្វើ​ការ​ផ្លូវ​ការ ឬ​មិន​ផ្លូវ​ការ នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ ដែល​ប្រ​កប​ដោយ​គ្រោះ​ថ្នាក់​នោះ​ទេ​។ 

លោក អំ សំអាត ​​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​ស្នើ​សុំ​សា​ជា​ថ្មី​ដល់​តួអង្គ​ទាំង​អស់ ឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​អនុវត្ត​​​អ​វិជ្ជ​មានទាំង​នេះ កម្មករ​ត្រូវ​រួច​ផុត​ពីកា​រ​ផ្តល់​កម្លាំង​ពលកម្ម​ដើម្បី​តែ​ដោះ​បំណុល ហើយ​ច្បាប់​ទាក់​ទង​​ពលកម្ម​កុមារ​ត្រូវ​តែ​ពង្រឹង និង​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវផងដែរ​​»​៕