ភ្នំពេញៈ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) សហការជាមួយរដ្ឋបាលជលផលបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលពីគោលការណ៍សំខាន់ៗនៃកិច្ចព្រមព្រៀងវិធានការរដ្ឋម្ចាស់កំពង់ផែ (PSMA) ដែលជួយពង្រឹងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU ) ក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នៅថ្ងៃទី២១ ខែវិច្ឆិកា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ ជួយពង្រឹងសមត្ថភាពដល់មន្ត្រីជលផលលើផ្នែកអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាការរាយការណ៍ និងការធ្វើអធិការកិច្ច (SOP for PSM)សម្រាប់នាវានេសាទបរទេសដែលមានបំណងសុំចូលចតនិងឡើងផលនេសាទនៅកំពង់ផែកម្ពុជា។
ការអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិដ៏សំខាន់នេះ នឹងគាំទ្រដល់មន្ត្រីរដ្ឋបាលជលផល (FiA) រួមទាំងខណ្ឌរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត(PDAFF)ក្នុងការទប់ស្កាត់និងលុបបំបាត់ការនេសាទ IUU នៅទូទាំងខេត្តតំបន់ឆ្នេរ។
វគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីប្រតិបត្តិស្តង់ដាអនុវត្ត PSMAនេះ ធ្វើឡើងនៅខេត្តកោះកុងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ដោយមានតំណាងពាក់ព័ន្ធចូលរួមប្រមាណ២០នាក់។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដើម្បីជួយពង្រឹងសមត្ថភាពមន្ត្រីរដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ ខណ្ឌរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានយល់ដឹងបន្ថែមអំពីនីតិវិធីប្រតិបត្តិស្តង់ដានិងអធិការកិច្ចនាវានេសាទ សម្រាប់ការអនុវត្ត PSMA ដើម្បីកម្ពុជាអាចដកកាតក្រហមពីការនេសាទ IUU។
តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកស្រី ជិន លក្ខណា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម បានលើកឡើងថា PSMA គឺជាកិច្ចព្រមព្រៀងអន្តរជាតិដែលចងភ្ជាប់ជាលើកដំបូងដើម្បីកំណត់គោលដៅជាពិសេសទៅលើការនេសាទ IUU ដោយរារាំងនាវានេសាទដែលចូលរួមក្នុងការនេសាទ IUU ពីការប្រើប្រាស់កំពង់ផែ PSMA និងការឡើងផលនេសាទរបស់ពួកគេ។
លោកស្រីបានថ្លែងថា ៖ «យើងកាត់បន្ថយការលើកទឹកចិត្តដល់នាវានេសាទខុសច្បាប់ទាំងនោះពីការចូលរួមក្នុងសកម្មភាពល្មើសនេសាទនានា ខណៈដែលកិច្ចព្រមព្រៀងនេះក៏រារាំងពីការឡើងផលនេសាទដែលបានមកពីការនេសាទIUU មិនឱ្យចូលមកកាន់ទីផ្សារជាតិ និងទៅទីផ្សារអន្តរជាតិ»។
លោកស្រី ជិន លក្ខណា បានបន្ថែមថា ៖ «កម្ពុជាត្រូវបានវាយតម្លៃថាមិនទាន់អនុលោមតាមច្បាប់ជលផលអន្តរជាតិ និងបទប្បញ្ញត្តិ IUU របស់សហភាពអឺរ៉ុបដោយសំដៅទៅលើប្រព័ន្ធផ្តល់កាតរបស់សហភាពអឺរ៉ុបដល់ប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុប»។
ប្រទេសដែលទទួលបានកាតក្រហមគឺមិនអាចនាំផលនេសាទសមុទ្រចូលសហភាពអឺរ៉ុបបានឡើយ ដោយសារមិនទាន់មានវិធានការគ្រប់គ្រាន់ដើម្បីរារាំងការនេសាទIUU។នេះបើតាមការបញ្ជាក់បន្ថែមពីលោក ស្រី ជិន លក្ខណា។
សូមរំឭកដែរថា ការអនុវត្តPSMA ប្រកបដោយប្រសិទ្ធភាពនេះជាការរួមចំណែកដល់ការគ្រប់គ្រង អភិរក្ស និងការប្រើប្រាស់ធនធានជលផលប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីសមុទ្រទៀតផង។ កម្ពុជាបានក្លាយជាភាគីនៃកិច្ចព្រមព្រៀងស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែក្នុងការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទ IUU នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។
ជាមួយគ្នានោះដែរ អនុប្រធានរដ្ឋបាលជលផលលោក បួយ រតនា ក៏បានលើកឡើងដែរថា រដ្ឋបាលជលផលដែលជាសេនាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជ្រើសរើសកំពង់ផែនេសាទ លោក លី យ៉ុងផាត់ ក្នុងខេត្តកោះកុងជាកំពង់ផែទី១ ក្នុងការអនុវត្តវិធានការរដ្ឋម្ចាស់កំពង់ផែសម្រាប់នាវានេសាទបរទេស ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ FAO ក៏ដូចជាការណែនាំជាសកល និងក្នុងតំបន់ស្តីពីការប្រយុទ្ធប្រឆាំងការនេសាទ IUU។
លោកបានថ្លែងថា ៖ «យើងកំពុងដំណើរការធ្វើឱ្យកាន់តែប្រសើរឡើងដើម្បីឱ្យកម្ពុជាត្រូវបានដកកាតក្រហម IUU ចេញដោយតម្រូវឱ្យយើងអនុវត្តតាមបទដ្ឋាននេសាទអន្តរជាតិ ដើម្បីឱ្យប្រទេសកម្ពុជាយើងអាចនាំផលនេសាទចូលទីផ្សារអន្តរជាតិ»។
ជាមួយគ្នានោះដែរ អ្នកជំនាញជលផលមកពីអង្គការ FAO លោក Marcel Kroese បានថ្លែងថា ៖ «បទប្បញ្ញត្តិរបស់ PSMA អនុវត្តចំពោះនាវានេសាទមិនមែនរបស់កម្ពុជាដែលចង់ចូលចតនៅកំពង់ផែកម្ពុជាដើម្បីដឹកជញ្ជូន ឬផ្ទេរផលនេសាទពីនាវានេសាទមួយទៅនាវានេសាទមួយទៀត»។
លោកបានបន្តថា PSMA នេះមានសារៈសំខាន់ណាស់ក្នុងការកសាងសមត្ថភាពមន្ត្រីរដ្ឋាភិបាលក្នុងការពង្រឹងការត្រួតពិនិត្យនិងតាមដាន។ដូច្នេះកម្ពុជាអាចអនុវត្តនីតិវិធីប្រតិបត្តិការស្តង់ដាPSMA អន្តរជាតិក៏ដូចជារួម
ចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីកាត់បន្ថយការនេសាទ IUU ផងដែរ៕