ភ្នំពេញ: អង្គការ​សិល្បៈ​ខ្មែរ​អមតៈ (CLA) ជា​អង្គការ​លើកស្ទួយ​សិល្បៈ​ប្រពៃណី​ខ្មែរ ត្រៀម​បើកសម្ពោធ​ម​ហោ​​ស្រព «៧​ពណ៌​» ដែល​ធ្វើឡើង​នៅ​ថ្ងៃទី ៨ ដល់​ថ្ងៃទី​ ​១០ ខែធ្នូ ឆ្នាំ​ ២០២៣ នៅ Coconut Park កោះ​ពេជ្រ​។​

មហោស្រព​នេះ​បង្ហាញ​ពី​ការផ្លាស់ប្តូរ​ដ៏​សំខាន់​របស់ CLA ដោយបាន​ដំណើរ​ការ​បេសកកម្ម​របស់​ខ្លួន​ជិត ​៣ ​ទសវត្សរ៍​ក្នុងការ​ថែរក្សា​ទម្រង់​សិល្បៈ ការផ្តល់អំណាច​ដល់​យុវជន​តាមរយៈ​ការបញ្ចេញមតិ​ប្រកបដោយ​ការច្នៃប្រឌិត និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សិល្បៈ​ដ៏​រឹងមាំ​។​

កញ្ញា យ៉ុ​ន សុខ​ខន នាយិកា​កម្មវិធី​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បានឱ្យដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​រៀបចំឡើង​នៅ Factory Phnom Penh កាលពី​ថ្ងៃទី ១៧ ខែវិច្ឆិកា​ថា​៖ «​យើង​បាន​វិ​វ​ឌ្ឍ​ការងារ​យើង​តាម​ដំណាក់កាល​ផ្សេងៗ ហើយ​ពេល​បច្ចុប្បន្ននេះ អាទិភាព​របស់​យើង គឺ​ផ្ដោតទៅលើ​គំនិត​ច្នៃប្រឌិត ការ​បង្កើត​ថ្មី ការកសាង​សមត្ថភាព ក៏ដូចជា ភាពជា​អ្នកដឹកនាំ​នៃ​ទេពកោសល្យ​ថ្មី អ្នកដឹកនាំ​ជំនាន់​ថ្មី តាមរយៈ​ការផ្ដល់​មូលនិធិ​នានា​ទៅដល់​ពួកគាត់​»​។​


អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​ ១៩៩៨ ដោយ​លោក​អាន ច​ន​ផន ដែលជា​តន្ត្រីករ​រស់​​រាន​ពី​សម័យ​ខ្មែរក្រហម​។ បច្ចុប្បន្ន អង្គ​ការ​នេះ​មាន​បេសកកម្ម ដើរតួ​ជា​កត្តា​ជំរុញ​នៅក្នុង​វិស័យ​សិល្បៈ​ដ៏​រស់​រវើក ញ៉ាំង​ចិត្ត​អ្នក​ជំនាន់​ថ្មី​។​


កញ្ញា​សុខ​ខន​និយាយថា ឆ្នាំនេះ​ជា​ឆ្នាំ​ពិសេស​នៃ​ការ​រំឭក​ខួប ២៥ ​ឆ្នាំ​នៃ​ការ​បង្កើត​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ការងារ​ស្នូល​បច្ចុប្បន្ន​ផ្ដោតលើ​ការផ្ដល់​មូលនិធិ​ដល់​គម្រោង​ផ្សេងៗ​។ ការរៀបចំម​ហោ​​ស្រព​នេះ​គឺជា​វេទិកា​មួយ​សម្រាប់​ផ្ដល់ឱ្យ​យុវជន​ទាំងនោះ​បង្ហាញ​សមត្ថភាព​របស់​ពួកគេ​ក្រោយ​ទទួលបាន​មូលនិធិ​ដំណើរការ​គម្រោង​។ វា​ជាការ​ផ្សារភ្ជាប់​យុវជន​ទៅនឹង​សង្គម តាមរយៈ​ការបង្ហាញ​ស្នាដៃ​សិល្បៈ កិច្ចពិភាក្សា ការចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ទៅកាន់​យុវជន ក្នុង​គោលបំណង​លើកកម្ពស់​ភាព​ចម្រុះ និង​បរិ​យាប​ន្ន​សង្គម​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​។​


នេះ​ជា​លើក​ទី​ ១ ​ហើយ​ដែល​សិល្បៈ​​ខ្មែរ​អមតៈ បើកឱកាស​ឱ្យ​យុវជន​ដែល​ធ្លាប់​ស្ម័គ្រចិត្ត​បម្រើ​ការងារ​សង្គម និង​ពុំ​ធ្លាប់មាន​បទពិសោធន៍​ក្នុង​សិល្បៈ អាច​ទទួលបាន​បទពិសោធ​ន៍​ដោយផ្ទាល់​ដោយ​ប្រើប្រាស់​ភាព​ច្នៃប្រឌិត​របស់ខ្លួន​ក្នុងការ​រចនា​កម្មវិធី​មហោស្រព​សិល្បៈ​មួយ ដែល​រំលេច​ពី​ចំណង់​ចំណូលចិត្ត និង​ចក្ខុវិស័យ​របស់​ពួកគេ​ចំពោះ​សង្គម​។​


លោក​សុង សេង ជា​អ្នកសម្របសម្រួល​កម្មវិធី​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​កត់សម្គាល់​ឃើញថា អ្នក​រចនា​មហោស្រព​យើង​បាន​រចនា​កម្មវិធី​ដ៏​គួរឱ្យ​ចាប់ចិត្ត ព្រោះ​មានកម្ម​វិធី​សិល្បៈ​ដ៏​សម្បូរបែប​ដែល​រំលេច​ពី​ស្ថានភាព​យុវជន​បច្ចុប្បន្ន និង​អ្វីដែល​យុវជន​សម្លឹង​ចង់ឃើញ​នាពេល​អនាគត​»​។​

លោក​បន្ដថា​៖ «​ខ្ញុំ​យល់ថា នេះ​ជា​មូល​ហេតុដែល​ធ្វើឱ្យ​មហោស្រព​នេះ​មាន​លក្ខណៈ​សមស្រប​សម្រាប់​យុវជន ក៏ដូចជា​សាធារណជន​មក​ចូលរួម ព្រោះ​ពួកគេ​នឹងមិន​ត្រឹមតែ​ទទួលបាន​ការកម្សាន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​ឈ្វេងយល់​អំពី​វឌ្ឍនភាព និង​ទំនាក់ទំនង​ដែល​មិនអាច​ខ្វះ​បាន​រវាង​សិល្បៈ និង​សង្គម​ផងដែរ​»​។​

លោក សេង រំពឹងថា នៅពេលដែល​មហោស្រព​មួយ​នេះ​បាន​បញ្ចប់ទៅ យុវ​ជន​ដែល​មក​ចូលរួម​មហោស្រព​អាច​ទទួល​ចំណេះដឹង​បន្ថែម​អំពី​តួនាទី​របស់ខ្លួន​ដើម្បី​ចូលរួម​ជ្រោមជ្រែង​វិស័យ​សិល្បៈ​ទៅតាម​សក្តានុពល​របស់ខ្លួន​។​

​លោក ឃឿន កំសត់ ជា​យុវជន​ហាត់​​ការ​មកពី​ខេត្តរតនគិរី​បាន​លើកឡើងថា ការ​រចនា​កម្មវិធី​មហោស្រព​សិល្បៈ​ជា​បទពិសោធន៍​លើក​ទី​ ១ សម្រាប់​លោក ហើយ​បានធ្វើឱ្យ​លោក​មាន​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​សិល្បៈ​ជាច្រើន​ទម្រង់ ដូចជា​បុរាណ សម័យ និង​សហ​សម័យ ដែល​លោក​មិន​ធ្លាប់​ស្គាល់ ឬ​ឃើញ​ពីមុនមក​។

លោក​បញ្ជាក់ថា​៖ «​ក្រុម​ហាត់​ការ​យើង​បាន​ច្របាច់​គំនិត​ផ្សេងៗ​បញ្ចូល​គ្នា​ដោយ​ផ្អែកលើ​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់ខ្លួន​ទាក់ទង​នឹង​បញ្ហា​បរិស្ថាន សិទ្ធិមនុស្ស ផ្លូវចិត្ត​យុវជន ជនជាតិដើម​​ភាគតិច និង​រឿង​ផ្សេងៗ​ទៀត រួច​យើង​ជជែក​រក​ចំណុច​ស្នូល​មួយ ដើម្បី​បង្ហាញ​នូវ​ផ្ទាំងទស្សនីយភាព​សម្រាប់​យុវជន​ផ្សេងទៀត ឱ្យ​ងាក​មក​ចាប់អារម្មណ៍​ប្រើប្រាស់​សិល្បៈ​ដើម្បី​ភ្ជាប់​ខ្លួន​ទៅនឹង​សង្គម​របស់​យើង​។

លោក​បន្ដថា​៖ «​ដូច្នេះ ខ្ញុំ​គិតថា យុវជន​គួរ​ចាប់យក​ឱកាស​នេះ​ដើម្បី​ពិសោធ​ខ្លួន​ជាមួយ​សិល្បៈ​ចម្រុះ និង​ក្រេប​យកចំណេះ​ដឹង​ពី​សិក្ខាសាលា ក៏ដូចជា​រីករាយ​នឹង​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ទៀត​ដែលមាន​នៅក្នុង​មហោស្រព​»​។​

លោក កំសត់ បានបង្ហាញ​ពី​កម្មវិធី​មហោស្រព​ថា នៅ​ថ្ងៃ​សុក្រ​ទី​ ៨ ខែធ្នូ មាន​ការដាក់​បញ្ចាំងភាពយន្ដ ពិព័រណ៍​រូបថត ស្ដង់​អាហារ និង​ផលិតផល​សិល្បៈ កម្មវិធី​បើក​មហោស្រព ក៏ដូចជា​ការ​រាំ​កម្សាន្ដ​ជាមួយនឹង​ស្គរ​ថូន​។ នៅ​កម្មវិធី​ថ្ងៃ​សៅរ៍ ទី​ ៩ ខែធ្នូ មាន​ពិព័រណ៍​រូបថត ស្ដង់​អាហារ និង​ផលិតផល​សិល្បៈ សិក្ខា​​សាលា ​«​ការថែទាំ​សុខភាព​ផ្លូវ​ចិ​ត្ដ​» ការ​បញ្ចាំងភាពយន្ដ អំ​ណាន​យុវជន រួម​​ទាំង​របាំ​ប្រពៃណី​ល្ខោននិយាយ ​«​ថៅកែ​ចិ​ត្ដ​ចោរ​» របាំ​សហ​សម័យ «​សេរីភាព​» ស្គរ​ស្ដ្រី​សម្ដែង​ដោយ មេធា និង​ជំនួប​សិល្បករ​។​

នៅ​ថ្ងៃ​ចុងក្រោយ ថ្ងៃអាទិត្យ ទី​ ១០ មានកម្ម​វិធី ពិព័រណ៍​រូបថត ស្ដង់​អាហារ និង​ផលិតផល​សិល្បៈ វេទិកា​ពិភាក្សា «​តើ​យុវជន​មាន​តួនាទី​យ៉ាង​ណា​ក្នុង​ការចូលរួម​អភិវឌ្ឍ​សង្គម​តាម​​រយៈ​សិល្បៈ​?» ការសម្ដែង​បទ SDGs សារ​បំណង សិក្ខាសាលា​សិល្បៈ ដូចជា សូន​រូប​ពី​ដីឥដ្ឋ និពន្ធ​កំណាព្យ ឬ​ចម្រៀង ផាត់​ពណ៌ ការបង្ហាញ​ទេពកោសល្យ​ចម្រុះ ការប្រកាស​លទ្ធផល​អ្ន​ក​ឈ្នះ​រូប​ថត ការសម្ដែង អត្ដ​សញ្ញាណ «Drag Show» សរុប​លទ្ធផល​មហោស្រព ការប្រគំ​តន្ដ្រី​ខ្នាតតូច និង​ការ​រាំ​កម្សាន្ដ​មុនពេល​បិទ​កម្មវិធី​។​

កញ្ញា​អ៊ុក លី​គួ​យ​យូ យុវនារី​ហាត់​ការ​ម្នាក់ទៀត​ដែលមាន​បទពិសោធន៍​តិចតួច​លើ​ការរៀបចំ​កម្មវិធី​សិល្បៈ​បាន​រំឭក​ឡើង​ថា កញ្ញា​មាន​ចំណាប់អារម្មណ៍​ច្រើនជាង​មុន​ទៅលើ​សិល្បៈ ជាពិសេស​ភាព​យន្ត​ឯកសារ និង​ទម្រង់​សិល្បៈ​បុរាណ ក៏ដូចជា​ការគ្រប់គ្រង​កម្មវិធី ដែល​សុទ្ធតែជា​បទពិសោធន៍​ថ្មី​សន្លាង​សម្រាប់​នាង​។

«​នេះ​ជា​ឱកាស​ដ៏​ពិ​សេសមួយ​សម្រាប់​យុវជន​ក្នុងការ​ទទួលបាន​បទ​ពិសោធន៍​ថ្មី និង​ជា​ឱកាស ដើម្បី​ឈ្វេង​យល់​អំពី​ស្នាដៃ​សិល្បៈ​ដ៏​រស់​រវើក​របស់​សិល្ប​ករ​កម្ពុជា​តាមរយៈ​ការ​ទស្សនា​ការសម្តែង​សិល្បៈ​ចម្រុះ ការជួប​ជាមួយ​សិល្បករ និង​តន្ត្រីករ​មាន​ទេពកោសល្យ​»​។​

កញ្ញា​លី​គួ​យ​យូ​ឱ្យដឹងថា​៖ «​ខ្ញុំ​យល់ថា យុវជន​អាច​ប្រើប្រាស់​សិល្បៈ ដើម្បី​បង្កើត​ការផ្លាស់ប្តូរ​វិជ្ជមាន​នៅ​ក្នុងសង្គម និង​សហគមន៍​ដែល​ពួកគេ​រស់នៅ​ក៏​ដូច​ជា​ប្រើប្រាស់​សិល្បៈ​ជា​មធ្យោបាយ​ផ្សះ​​ផ្សា​ផ្លូវចិត្ត​ពួកគេ​ផងដែ​»​។

មហោស្រព «៧​ពណ៌​» គឺជា​កន្លែង​ដ៏​ពិ​សេសមួយ​សម្រាប់​យុវជន​ចូលរួម​ក្នុងការ​ផ្សព្វផ្សាយ​និង​លើកស្ទួយ​វិស័យ​សិល្បៈ​ខ្លួន​ថែមទាំង​មានឱកាស​ប្រើ​សិទ្ធិសេរីភាព​ដើម្បី​បង្ហាញ​អំពី​ខ្លួន​ពួកគេ​ដោយ​បើកចំហ​។​

លោក​សុង សេង​មាន​ក្ដី​រំពឹងថា ម​ហោ​ស្រព​សិល្បៈ​ឆ្នាំនេះ នឹងមាន​មនុស្ស​ជាច្រើន​រយ​នាក់​ចូលរួម​ក្នុង​មហោស្រព «៧​ពណ៌​» នេះ​។​

កញ្ញា​សុខ​ខន​ថា ឆ្នាំ​ ២០២២ កម្មវិធី «​ជយលាភី​អមតៈ​» ត្រូវបាន​រៀបចំ​ឡើងជា​លើកដំបូង ដើម្បី​អបអរ​ដល់​ភាព​ច្នៃប្រឌិត​សហគមន៍​សិល្បៈ​ដ៏​រឹងមាំ ភាព​ចម្រុះ​នៃ​វប្បធម៌ ជាពិសេស អបអរ​សមិទ្ធផល​ម្ចាស់​ជយលាភី​ទាំងអស់​។ កម្មវិធី ​«​ជយលាភី​អមតៈ ឆ្នាំ​២០២៣» និង​សន្និសីទ​សារព័ត៌មាន​មហោស្រព «៧​ពណ៌​» អាច​ដំណើរការ​ទៅបាន​ដោយបាន​ការគាំទ្រ​ពី​ភ្នាក់ងារ​សហ​ប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​អន្តរជាតិ​ស៊ុយ​អ៊ែត (SIDA)​ និង Eric & Debra៕