ភ្នំពេញៈ ខេត្តស្វាយរៀង នឹង​ទទួល​​បាន​គម្រោង​ផ្គត់ផ្គង់​ទឹក និង​កាត់​បន្ថយ​ទឹកជំនន់​អាងទឹក​ព្រែក​នាល ជំហាន​ទី​​ ១ នា​ចុងឆ្នាំ​ ២០២៣ ​ខាងមុខនេះ ខណៈ​ក្រសួង​ធនធានទឹក និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​​កូរ៉េ (KOICA)​ ប្រចាំ​កម្ពុជា កំពុង​រួមគ្នា​ព​ន្លឿ​ន​ការសិក្សា​សមិទ្ធ​លទ្ធ​ភាព​របស់​គម្រោង​នេះ​។​


​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ទី​ភ្នា​ក់​​ងារ KOICA​ ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា ភាគី​ពាក់ព័ន្ធ រួមមាន​៖​តំណាង​ក្រសួង​ធនធានទឹក តំណាង KOICA តំណាង​ក្រុមហ៊ុន​សាងសង់ និង​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​របាយការណ៍​បញ្ច​ប់ ស្តីពី​ការសិក្សា​សមិទ្ធ​លទ្ធភាព​របស់​គម្រោង​វិធានការ​ផ្គត់ផ្គង់​ទឹក និង​កាត់​បន្ថយ​ទឹកជំនន់​អាងទឹក​ព្រែក​នាល ជំហាន​ទី​ ១ ក្នុង​ខេត្តស្វាយរៀង កាល​ពីថ្ងៃ​ទី​ ២០ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។​

​លោក ប៉ុ​ញ សច្ចៈ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ថ្លែងថា ការប្រជុំ​ពិភាក្សា​នេះ ក្នុង​គោលបំណង​ប្រមូល​ធាតុ​ចូល ដើម្បី​យកមក​ធ្វើការ​កែលម្អ​លើ​របាយ​ការ​ណ៍​ឱ្យ​កាន់តែ​ប្រសើរ ជាពិសេស​ធ្វើឱ្យ​គម្រោង​មាន​ប្រសិទ្ធភាព និង​មាន​និរន្តរភាព​យូរអង្វែង​ថែមទៀត ពិសេស​ឈានទៅ​ដំណើរការបាន​ឆាប់​។​


​លោក​បាន​បន្តថា​៖«​គម្រោង​វិធាន​ការផ្គត់ផ្គង់​ទឹក និង​កាត់បន្ថយ​ទឹក​ជំនន់​អាងទឹក​ព្រែក​នាល ជំហាន​ទី​ ១ ក្នុង​ខេត្តស្វាយរៀង គឺជា​ផ្នែក​មួយ​នៃ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៅ​តំបន់​ដីសណ្ត​ភាគ​ខាងកើត​ទន្លេមេគង្គ​»​។​

​ក្នុងឱកាស​នោះ  ​លោក​ប៉ុ​ញ សច្ចៈ​ក៏បាន​ថ្លែងអំណរគុណ​ដល់ដៃ​គូ​អភិ​​វឌ្ឍន៍​ជាពិសេស​ទីភ្នាក់ងារ KOICA ​ដែល​បានផ្តល់​កិច្ច​សហប្រតិបត្តិ​ការ​ដ៏​ល្អ ខណៈ​លោក​ក៏បាន​ស្នើសុំ​ភាគី​កូរ៉េ​ជួយ​វិទ្យាស្ថាន​អង្កេត​ទឹក​​កម្ពុជា ​(Cambodia Institute of Hydrological Survey) ដែល​គ្រោង​ធ្វើ​នៅលើ​ដីសណ្ត​ស្ទឹង​ព្រែក​ត្នោត ហើយ​ដែល​ចំណុច​នេះ​ត្រូវបាន​ដៃគូ​អភិវឌ្ឍន៍​កូរ៉េ​ទទួល​យកទៅ​ពិចារណា​ផងដែរ​។​


​លោកស្រី Moon Jung Choi នាយិកា​ប្រតិបត្តិ​ទីភ្នាក់ងារ KOICA​ បាន​ចាត់ទុកថា កិច្ចប្រជុំ​នេះ​ពិត​ជាមាន​សារៈសំខាន់ និង​បាន​ប្រមូលផ្តុំ​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ និង​ចែករំលែក​ចំណេះដឹង បទពិសោធន៍ និង​ទស្សន​​វិស័យ​លើ​ការគ្រប់គ្រង​ទឹក​កសិកម្ម​។

​លោកស្រី ថ្លែងថា​៖«​របាយការណ៍​សិក្សា​លទ្ធភាព​នឹង​បម្រើ​ជា​មគ្គុទ្ទេសក៍​សម្រាប់​ទិសដៅ​នៃ​គម្រោង​ផ្សេងៗ​នាពេល​អនាគត និង​ផ្តល់​ការយល់​​ដឹង​ដ៏​មានតម្លៃ​ចំពោះ​លទ្ធភាព​ជោគ​​ជ័យ ហានិភ័យ និង​បញ្ហា​ប្រឈម​ដែល​អាច​កើតមាន​ទាក់ទង​នឹង​ការ​អនុវត្ត​គម្រោង​នានា​ក្នុង​វិស័យ​ទឹក​កសិកម្ម​ក្នុង​តំបន់​ព្រែក​នាល នៃ​ខេត្ត​ស្វាយរៀង​»​។​

​បើតាម​ទីភ្នាក់ងារ​ KOICA ការ​សិក្សា​សមិទ្ធ​លទ្ធភាព​របស់​គម្រោង​វិធានការ​ផ្គត់ផ្គង់​ទឹក និង​កាត់បន្ថយ​ទឹកជំនន់​អាងទឹក​ព្រែក​នាល ក្នុង​ខេត្ត​ស្វាយរៀង​នេះ គឺជា​ការគាំទ្រ​ដោយ​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​ទីភ្នាក់ងារ KOICA​ ដែលមាន​ថវិកា​ជំនួយ​សរុប ២​ លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​រយៈពេល ២ ​ឆ្នាំ ចាប់ពី​ឆ្នាំ​ ២០២១​ ដល់​ឆ្នាំ​ ២០២៣​។ គម្រោង​នេះ​មាន​គោលបំណង​កាត់បន្ថយ​ទឹកជំនន់ និង​គ្រោះរាំងស្ងួត ផ្គត់ផ្គង់​ប្រព័ន្ធ​ធា​រា​សាស្ត្រ ការផ្គត់ផ្គង់​ទឹក​ក្នុង​គ្រួសារ ឧស្សាហកម្ម និង​បង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​កសិកម្ម ក្នុង​ខេត្ត​ស្វាយរៀង​។​

​តាម​ការរំពឹងទុក ការ​សិក្សា​សមិទ្ធ​លទ្ធភាព​របស់​គម្រោង​នេះ គ្រោង​បញ្ចប់​របាយការណ៍​ជា​ស្ថាពរ​នា​ចុងឆ្នាំ​ ២០២៣ ​នេះ​។ គម្រោង​នេះ​មាន​ថវិកា​ជំនួយ​ចំនួន ២​លាន​ដុល្លារ សម្រាប់​អនុវត្ត​ឆ្នាំ ​២០២១ ដល់​ ២០២៣ ខណៈ​តម្លៃ​សាងសង់​ប្រមាណ ១០០ ​លាន​ដុល្លារ​។ គម្រោង​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់​នៅ​ឆ្នាំ ​២០២៥ គ្របដណ្តប់​លើ​ស្រុក​​កំពង់រោទិ៍ ស្វាយជ្រុំ ស្វាយទាប និង​ក្រុង​ស្វាយរៀង ហើយ​ប្រជាជន​ដែល​ទទួលផល​មាន​ចំនួន ៥ ៣៦០ ​គ្រួសារ​។​

​គម្រោង​នេះ នឹង​ស្រោចស្រព​លើ​ផ្ទៃដី ២៦ ៩៥០ ​ហិកតា ក្នុងនោះ​ខែប្រាំង​មាន​ទំហំ ៥ ៣៤៣​ ហិកតា ហើយ​ខែវស្សា​មាន​ទំហំ ២១ ៦០១ ​ហិកតា​៕