​ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ឈាង រ៉ា បាន​ជំរុញ និង​លើក​​ទឹកចិត្ត​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​យក​ចិត្ត​ទុកដាក់​លើ​របប​អាហារ​ប្រចាំថ្ងៃ ដើម្បី​បង្ការ​ជំងឺ​ទឹកនោមផ្អែម ខណៈ​ជំងឺ​នេះ​កំពុង​ក្លាយជា​បញ្ហា​ប្រឈម​ផ្នែក​សុខភាព​ដ៏​ចម្បង​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។​


​លោក​បានលើកឡើង​ដូចនេះ នៅក្នុង​ពិធី​ប្រារព្ធ​ទិវា​ជំងឺ​ទឹកនោមផ្អែម​ពិភពលោក ក្រោម​ប្រធានបទ «​ការ​ទទួលបាន​ការថែទាំ​ជំងឺ​ទឹកនោម​​ផ្អែម​» ដែល​រៀបចំឡើង​ដោយ​ក្រសួង​សុខាភិបាល សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា ​(WHO) កាល​ថ្ងៃទី​​ ២០ ខែវិច្ឆិកា ឆ្នាំ ​​២០២៣​។​

​នៅក្នុង​ពិធី​នេះដែរ លោក ឈាង រ៉ា បាន​ថ្លែងថា ជំងឺ​ទឹកនោមផ្អែម​នៅ​កម្ពុជា គឺជា​ជំងឺ​រ៉ាំរ៉ៃ​មួយ និង​ជា​បញ្ហា​ប្រឈម​ផ្នែក​សុខភាព​ដ៏​ចម្បង​មួយ​ចំពោះ​បុគ្គល គ្រួសារ និង​ប្រព័ន្ធ​សុខាភិបាល​។ លោក​បាន​បន្តថា ជំងឺ​ទឹកនោមផ្អែម​អាច​បង្ក​ផលវិបាក​ដូចជា ជំងឺ​គាំងបេះដូង គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល ពិការភ្នែក ខ្សោយតម្រងនោម និង​ពិការ​អវយវៈ​ជាដើម​។​


​លោក​មានប្រសាសន៍ថា​៖ «​កត្តា​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ចម្បង គឺ​បណ្តាលមកពី​ទម្លាប់​នៃ​ការទទួល​ទាន​អាហារ​មិនល្អ​សម្រាប់​ការ​ទ្រទ្រង់​សុខភាព និង​ទម្លាប់​មិនបាន​បញ្ចេញ​ពលកម្ម​ឬ​ធ្វើ​លំ​ហាត់ប្រាណ​គ្រប់គ្រាន់​ជាប់​ជាប្រចាំ​»​។​

​ចំពោះ​ការព្យាបាល​ជំងឺ​ទឹកនោមផ្អែម​វិញ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ដែរថា ជំងឺ​នេះ​ត្រូវ​ព្យាបាល​អស់​ ១ ​ជីវិត ក៏ប៉ុន្តែ​ជំងឺ​នេះដែរ អាច​បង្ការ​បាន​តាមរ​យៈ​ការយក ចិត្តទុកដាក់​លើ​របប​អាហារ ដោយ​ត្រូវ​ផ្លាស់ប្តូរ​ឥរិយាបថ​នៃ​ការរស់នៅ​ប្រកបដោយ​សុខភាព​ដូចជា ការបរិភោគ​អាហារ​ដែលមាន​សុខភាព​ល្អ (​កាត់បន្ថយ​អាហារ​ផ្អែម ប្រៃ និង​សម្បូរ​កាឡូរី​លើសពី​តម្រូវការ​)​ ព្រម​​ទាំង​ការហាត់​ប្រាណ​ត្រឹមត្រូវ​ទៀងទាត់ រក្សា​ទម្ងន់​ក្នុង​កម្រិត​ល្អ ការកាត់បន្ថយ​ការទទួល​ទាន​គ្រឿង​ស្រវឹង​ប្រកបដោយ​គ្រោះថ្នាក់ និង​ឈប់​ពិសា​បារី​ជាដើម​។​


​ក្រៅពីនេះ លោក​រដ្ឋមន្ត្រីក៏បានផ្តល់​អនុសាសន៍​ដល់​មន្ត្រី​សុខាភិបាល​និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ត្រូវ​ជំរុញ​លើកទឹកចិត្ត និង​អប់រំ​ដល់​អ្នកជំងឺ​ទឹក​​នោម​ផ្អែម ហើយ​លោក​ក៏​ជំរុញ​ដល់​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​ ៤០ ​ឆ្នាំ​ឡើង ត្រូវ​ប្រញាប់​ទៅពិនិត្យ​មើល​ជាតិ​ស្ករ​នៅក្នុង​ឈាម ដើម្បី​ទទួល​ការ​ព្យា​បាល​បាន​ទាន់ពេលវេលា​ផងដែរ​។​

​ជុំវិញ​រឿងនេះ លោក​ ហ៊ូ ក្រើន នាយក​អង្គការ​ហេ​ឡេ​ន​ខេ​ល័​រ ​(Helen Keller) ប្រចាំ​កម្ពុជា បានបង្ហាញ​ការ​​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​ជំងឺ​ទឹកនោមផ្អែម​នៅ​កម្ពុជា ក៏ដូចជា​ពិភព​លោក ដោយសារ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​នៅ​មិនទាន់បាន​យល់ដឹង​ពីរ​បប​​អាហារ​ត្រឹមត្រូវ និង​ចាប់អារម្មណ៍​ពី​គ្រោះ​ថា្នក់​នៃ​ជំងឺ​នេះ​នៅឡើយ​។​

​លោក​បាន​ប្រាប់​ឱ្យដឹងថា​៖ «​បញ្ហា​ជំងឺមិនឆ្លង ពិសេស​ជំងឺ​ទឹកនោមផ្អែម មិន​ត្រឹមតែ​ធ្វើឱ្យ​ជួប​ផល​លំបាក​សុខ​​ភាព​ប៉ុណ្ណោះ​ទេ តែ​បញ្ហា​នេះ​ក៏​កំពុង​ជះឥទ្ធិពល​ខ្លាំង​ដល់​និរន្តរភាព​សេដ្ឋកិច្ចកម្ពុជា​ផងដែរ ហើយ​ជំងឺ​ទឹកនោម​​ផ្អែម​នេះ អាច​បង្កឡើង​តាមរយៈ​ការ​មាន​របប​អាហារ​មិនល្អ​ចំពោះ​សុខ​​ភាព ធាត់​លើស​ទម្ងន់ និង​ការ​មិនសូវ​បញ្ចេញ​កម្លាំង​ពលកម្ម​ជាដើម​»​។​

​អ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ​រូបនេះ ក៏បាន​ជំរុញ​ដល់​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​ឱ្យ​យកចិត្តទុកដាក់​លើ​សុខភាព​ផ្ទាល់ខ្លួន ពិសេស​លើ​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ដែល​បង្កឱ្យមាន​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺមិនឆ្លង​ផ្សេងៗ​ទៀត​។​

​យោងតាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹងថា នៅ​ទូទាំង​ពិភពលោក​ជំងឺ​ទឹកនោមផ្អែម​ គឺជា​មូលហេតុ​ផ្ទាល់​មួយ​នៃ​ការស្លាប់​ដែលមាន​ចំនួន ១,៥ ​លាន​នាក់ ក្នុងនោះ​ចំពោះ​អ្នក​ដែលមាន​អាយុ​ក្រោម ​៧០ ​ឆ្នាំ​ក្នុង​អត្រា​ស្លាប់​ចំនួន ៤៨ ​ភាគរយ នៅ​ឆ្នាំ ២០១៩​។​

​បើ​ផ្អែក​តាម​ការអង្កេត​ពី​កត្តា​ហានិភ័យ​នៃ​ជំងឺមិនឆ្លង​នៅ​ប្រទេស​កម្ពុជា​ឆ្នាំ ​២០១៦ ដែល​បង្ហាញ​ដោយ​ក្រសួង​​សុខាភិបាល​បានឱ្យដឹងថា នៅ​ប្រទេស​កម្ពុជា ជំងឺ​ទឹកនោមផ្អែម​មាន​អត្រា​​មរណភាព​ ២ ​ភាគរយ​ក្នុងចំណោម​ករណី​ស្លាប់​ទាំងអស់​។​

​ចំណែក​អ្នកស្លាប់​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​នៅ​កម្ពុជា​វិញ សហព័ន្ធ​ជំងឺ​ទឹកនោមផ្អែម​អន្តរជាតិ​បាន​រកឃើញថា អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ​២២​ នាក់​ស្លាប់​ក្នុង ​១ ​ថ្ងៃ គិត​នៅក្នុង​ឆ្នាំ​ ២០១៩​។​

​បើ​និយាយ​ដល់​ការចំណាយ​លើ​ថ្លៃ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​វិញ​ស្ថាប័ន​អន្តរជាតិ​នេះ បាន​រកឃើញថា​អ្នកជំងឺ​ម្នាក់​ចំណាយ​ប្រហែល​ ២៣៨​ ដុល្លារ​ក្នុង ​១​ ឆ្នាំ ឬ​បើ​និយាយ​ពី​ការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​របស់​អ្នកជំងឺ​ទឹកនោមផ្អែម​ទាំងអស់​ជា​សរុប​ក្នុង​ឆ្នាំ ២០១៩ មាន​ប្រហែល​ ១០២ ​លាន​ដុល្លារ​អាមេរិក​។

ស្ថាប័ន​មួយ​នេះ ក៏បាន​ប៉ាន់ប្រមាណ​ដែរ​ថា ក្នុង​ឆ្នាំ​ ២០៣០ ការចំណាយ​លើ​ថ្លៃ​ព្យាបាល​លើ​ជំងឺ​ទឹកនោមផ្អែម​នៅ​កម្ពុជា អាច​ឡើងដល់​ ១៤៥,៩ ​លាន​ដុល្លារ​អាមេរិក​៕