ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានស្នើ​ឱ្យ​សហជីព អង្គការ​វិជ្ជាជីវៈ​ដើរតួនាទី​ជំនាញ​តាម​អាជីព​របស់ខ្លួន​ជា​តំណាង​របស់​កម្មករ កម្មការិនី ដោយ​កុំ​យកឈ្មោះ​ជា​សហជីព​តែ​ប្រមូល​កម្មករ​-​កម្មការិនី​ទៅធ្វើ​ការងារ​ផ្សេង ជាពិសេស​ការងារ​នយោបាយ ដែល​វា​អត់​ចំណេញ​ដល់ក​ម្មករ​។​


​នៅក្នុង​ជំនួប​សំណេះសំណាល​លើក​ទី​​១០​ ជាមួយ​កម្មករ​និ​យោ​ជិតជិត​ ២ ​ម៉ឺន​នាក់ មកពី​តាម​បណ្តា​រោងចក្រ​សហគ្រាស​នានា  ក្នុង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​ ២១ ខែវិច្ឆិកា លោក ​ហ៊ុន ម៉ា​ណែ​ត​ មានប្រសាសន៍ថា​៖ «​បើ​ធ្វើ​ការងារ​តំណាង​សិទ្ធិ​របស់​កម្មករ​-​កម្មការិនី គឺ​ត្រូវ​ដោះស្រាយ​បញ្ហា​កម្មករ កម្មការិនី កុំ​ជ្រក​ក្រោមរូបភាព​សហជីព តែ​យក​បងប្អូន​ទៅធ្វើ​ការងារ​ផ្សេង​ខុស​ដែល​នាំឱ្យមាន​បញ្ហា​។ បើ​ចង់​ធ្វើ​ការងារ​តំណាង​លើ​ប្រធានបទ​អី រៀបចំ​ឱ្យចំ​ទៅ ដូចជា​បើ​ចង់ការ​ពារ​សិទ្ធិមនុស្ស ឬ​បរិស្ថាន រៀបចំ​ជា NGO ដើរតួនាទី​សម្រាប់​ការ​​ងារ​សិទ្ធិមនុស្ស ឬ​អ្នកការពារ​បរិស្ថាន​ទៅ​»​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត បន្តថា​៖ «​កុំ​ជ្រក​ក្រោមរូបភាព​អង្គ​​ការ​សហជីព វិជ្ជាជីវៈ​ដោយ​យកដៃ​បងប្អូន​កម្មករ កម្មការិនី​ទៅធ្វើជា​ការងារ​អី​ផ្សេង​ខុស​ជំនាញ​។ សិទ្ធិសេរីភាព​បងប្អូន​យើង​រាប់​ពាន់​នាក់ ហើយ​ខ្ញុំ​អរគុណ​ណាស់​ដល់​បងប្អូន​សហជីព​ទាំងអស់​ដែល​ធ្វើ​ការងារ​បំពេញ​ជា​តំណាង​របស់​កម្មករនិយោជិត​ក្នុងការ​ដោះស្រាយ និង​ការចរចា​អត្ថ​​ប្រយោជន៍​ដល់​ពួកគេ ដែល​នេះ​ជា​ប្រពៃណី​នៃ​ការធ្វើការ​របស់​យើង​»​។​


​លោក​ក៏​ណែនាំ​ផងដែរ​ថា បើ​ភាគី​ណា​ដែលមាន​បញ្ហា​ត្រូវ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដោយ​ខិតខំ​ធ្វើយ៉ាងណា​កុំឱ្យ​ឈានទៅដល់​ការ​ប្តឹងផ្តល់​ដល់​តុលាការ​។

​ជាមួយគ្នានេះ​លោក ​ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អះអាងថា រាជរដ្ឋាភិបាល និង​ក្រសួង​ការងារ ត្រូវតែ​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​កម្ម​ករ​និយោជិត ដោយ​មិនឱ្យ​បុគ្គល​ណាមួយ​ទាំង​និយោជក និង​ទាំង​បុគ្គល​ដែល​តាំងខ្លួន​ជា​តំណាង​កម្មករ​និ​យោ​ជិត យក​កម្មករ​ធ្វើជា​ចំណាប់ខ្មាំង​ឡើយ​។ 


លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​កាលពី​ថ្ងៃទី​ ២០ ខែ​​វិច្ឆិកា​ នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ការរៀបចំ​កម្មវិធី​ការងារ​សមរម្យ ប្រចាំ​ប្រ​ទេស​កម្ពុជា​ឆ្នាំ ​២០២៤-២០២៨ ដែលមាន​ការចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​,​សភា​ពា​ណិ​ជ្ជ​កម្ម​កម្ពុជា​, តំណាង​អង្គការ​អន្តរជាតិ​ខាង​ការងារ ​(ILO)​និង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​លោក​ ហេង សួរ​ ថ្លែងថា​៖ «​ក្រសួង​មិន​លើកលែង ហើយក៏​មិនមាន​ការយោគយល់​ដែរ​ដែល​រំលង​យន្តការ​ក្រសួង ហើយ​ធ្វើ​អន្តរ​ជាតូបនីយកម្ម​បញ្ហា ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​ការងារ​នៅ​កម្ពុជា​។ ខ្ញុំ​ជឿថា វា​ជា​ប្រយោជន៍​រួម​របស់​បងប្អូន​កម្មក​រ​និយោជិត​។ ខ្ញុំ​សុខ​ចិត្ត​ប្រឈម​នឹង​បុគ្គល​មួយចំនួន ដែល​តាំងខ្លួន​ជា​តំណាង​កម្មករ​និយោជិត ប៉ុន្តែ​ធាតុពិត ជា​អ្នក​បំផ្លាញ​ប្រយោជន៍​របស់​កម្មករនិយោជិត ដោយសារ​ផល​ប្រ​យោជន៍​ផ្ទាល់ខ្លួន​»​។​

​លោក​ថា​៖ «​ដូច្នេះ​ក្រសួង​ការងារ​ក៏ដូចជា​រាជ​រដ្ឋាភិបាល ត្រូវការពារ​សិទ្ធិ និង​ផលប្រយោជន៍​កម្មករនិយោជិត​ជាទូទៅ​តែម្តង ដោយ​មិនឱ្យ​បុគ្គល​ណា​រួមទាំង​និយោជក និង​បុគ្គល​ដែល​តាំងខ្លួន​ថា ជា​តំណាង​កម្មករ​-​និយោជិត​យក​កម្មករ​និយោជិត​ជា​ចំណាប់ខ្មាំង​ឡើយ​»​។​

​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា​បាន​គាំទ្រ​ចំពោះ​ការលើក​ឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​ការងារ ដែល​​រដ្ឋមន្ត្រី​ការងារ​អះអាង​ពី​ការ​ការ​​ពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​កម្ម​ករ​។ ប៉ុន្តែ​លោក​យល់ថា ការ​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​កម្មករ​ពិតប្រាកដ​ត្រូវ​ផ្អែកលើ​​កត្តា​ ៤​ យ៉ាង​។

លោក​បញ្ជាក់ថា​៖ «​ទី​១ ធានាបាន​នូវ​ការងារ​ធ្វើ​,​ ទី​២ ការគិតគូរ​សុខភាព និង​សុវត្ថិភាព​របស់​កម្មក​រ​,​ ទី​៣ ជីវ​​ភាព​របស់​កម្មករ និង​ទី​៤ លើក​កម្ពស់​សិទ្ធិសេរីភាពរ​បស់​កម្មករនិយោជិត​។ ទាំងអស់នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់ ព្រោះ​ជា​អ្វីដែល​ត្រូវបាន​ធានា​ដោយ​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​យើង​»​។​

​យ៉ាងណាក្តី​លោក​ ប៉ាវ ស៊ីណា យល់ឃើញថា បច្ចុប្បន្នកម្មករ​-​និយោជិត បាននិងកំពុង​ប្រទះ​បញ្ហា​មួយចំនួន​ជាពិសេស​ទាក់​ទង​នឹង​ការធ្វើ​កិច្ចសន្យាការងារ​​រយៈពេល​ខ្លី ពី​ ៣ ទៅ ​៦​ ខែ ដែល​បានធ្វើឱ្យ​កម្មករ​មានការ​ព្រួយ​បារម្ភ ពី​ស្ថិរភាព​ប្រាក់ចំណូល​រប​ស់​ពួកគេ ហើយ​នេះ​ជា​អ្វីដែល​លោក​ស្នើឱ្យ​ក្រសួង​ការងារ​ជួយ​គិតគូរ​ដោះស្រាយ​៕