​ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(CDC)​ នៅ​ថ្ងៃទី ​២១ ខែវិច្ឆិកា​ បានសម្រេច​អនុម័ត​ជា​ផ្លូវ​ការ នូវ​គម្រោង​វិនិយោគ​សាង​សង់វា​រី​អគ្គិសនី​ចំនួន ​២ ដែលមាន​តម្លៃ​ជាង ៤៤៧​ លាន​ដុល្លារអា​មេ​រិ​ក នៅក្នុង​ស្រុក​មណ្ឌលសីមា និង​ស្រុក​ថ្មបាំង​ខេត្តកោះកុង​។​

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញា​ប​នប​ត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ជូន​ដល់​ក្រុមហ៊ុន​“KHMER ELECTRICAL POWER CO., LTD” ក្នុង​គម្រោង​សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រំ​កណ្តាល ដែលមាន​អានុភាព​ ៧០ ​មេ​ហ្គា​វាត់​នៅ​ស្រុក​មណ្ឌលសីមា និង​គម្រោង​សាងសង់​វា​រី​អគ្គិសនី​វាល​ថ្ម​កំបុត អានុភាព ១០០​ មេ​ហ្គា​វាត់ នៅ​ស្រុក​ថ្មបាំង ខេត្តកោះកុង តាម​រូបភាព​សាងសង់ អាជីវកម្ម និង​ផ្ទេរ ​(BOT)​ ក្នុង​ទុនវិនិយោគ​ប្រមាណ​ ៤៤៧,៥​ លាន​ដុល្លារ​អាម៉េរិក​។ នេះ​បើ​យោងតាម CDC ។ គម្រោង​នេះ​អាចបង្កើត​ការងារ​បាន​ចំនួន ២៣០ ​កន្លែង​ផងដែរ​។​


​ក្រៅពី​គម្រោង​ខាងលើនេះ  CDC ក៏បាន​សម្រេច​ផ្តល់​សិទ្ធិ វិនិយោគ​ដល់​ក្រុមហ៊ុន​ចំនួន​ ៦ ​ទៀត​។ ក្នុងនោះ​រួមមាន​ក្រុមហ៊ុន JUSTIN ALLEN (CAMBODIA) GARMENT MANUFACTURING CO., LTD” ក្នុង​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ក្នុង​ទុនវិនិយោគ​ប្រមាណ ៦,២ ​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២ ៣៣៥ ​កន្លែង​។

ក្រុមហ៊ុន KANGFA (CAMBODIA) GARMENT TECHNOLOGY CO., LTD” ក្នុង​គម្រោង​បង្កើត​រោងចក្រ​កាត់​​ដេរ​សម្លៀកបំពាក់​នៅក្នុង​ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ក្នុង​ទុនវិនិយោគ​ប្រមាណ ​៥,៦ ​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២ ៣៣៥ ​កន្លែង​ផងដែរ​។


​ក្រៅពីនោះ​រួមមាន​ក្រុមហ៊ុន SKY BEST FASHION CO., LTD” ក្នុង​គម្រោង បង្កើត​រោង​ចក្រ​កាត់ដេរ​សម្លៀកបំពាក់ ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​ក្នុង​ទុនវិនិយោគ​ប្រមាណ​ ៥,២ លាន​ដុល្លារ​អាមេរិក​ និង​អាចបង្កើត​ការងារ​បាន​ចំនួន​ ៩២៥​ កន្លែង​។

ក្រុមហ៊ុន​YF SINOSKY INDUSTRIAL (CAMBODIA) CO., LTD.” ក្នុង​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​មួក​ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,១ ​លាន​ដុល្លារ​ដែល អាចបង្កើត​ការងារ​បាន​ចំនួន​ ១ ២៤៨ ​កន្លែង​។​

​ចំណែកឯ​ក្រុមហ៊ុន​ ២ ​ចុងក្រោយ គឺ​ក្រុមហ៊ុន SVZ PRINTING & PACKAGING CO., LTD.” ក្នុង​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​សម្លៀកបំពាក់ ក្នុងស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,១ ​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៥៨ ​កន្លែង និង​ក្រុមហ៊ុន​“XIN SUNN LONG (CAMBODIA) GARMENT CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​មួក ក្នុង​ខណ្ឌ​​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ​ ៥,០៦ លាន​ដុល្លារ​អាមេរិក ដែល​អាចបង្កើត​ការងារ​បាន​ចំនួន ១ ១៨៣ ​កន្លែង​៕