ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រដ្ឋា​ភិ​បាល​អាណត្តិ​ទី​៧ ​​នេះ បន្ត​ប្តេជ្ញាចិត្ត​ឱ្យបាន​ជាដាច់ខាត​ដោយ​រក្សា​នូវ​សមិទ្ធផល ដែល​បានសម្រេច​នាពេល​កន្លងមក ជាពិសេស​សុខសន្តិភាព ស្ថិរភាព និង​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​។​


​លោក​ ហ៊ុន ម៉ា​ណែ​ត ​បាន​ថ្លែង​ដូច្នេះ​ក្នុងឱកាស​ចុះ​ជួប​សំណេះ​សំ​ណា​ល​ជាមួយ​កម្មករ និ​យោ​​ជិតជិត ២ ​ម៉ឺន​នាក់​មកពី​រោងចក្រ​សហគ្រាស​ចំនួន​ ១៣ ​ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ដែលជា​ជំនួប​លើក​ទី ​១០ ​បន្ទាប់ពី​លោក​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​។​

​លោក​មានប្រសាសន៍ថា៖ «​រាជរដ្ឋាភិបាល​សូមបញ្ជាក់​ម្តង​ទៀតថា ជាមួយនឹង​ការ​ថ្លែង​អំ​ណរ​គុណ​ចំពោះ​ការទុកចិត្តរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ តាមរយៈ​ការបោះឆ្នោត​កន្លងមកនេះ រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​ ៧​ នឹង​បន្ត​ប្តេជ្ញាចិត្ត​ឱ្យបាន​ជាដាច់ខាត​នូវ​ការថែរក្សា​សមិទ្ធ​ផល​ ដែល​បានធ្វើ​ពីមុនមក ជា​ពិ​សេស​សុខសន្តិភាព ស្ថិរភាព​និង​ពង្រីក​នូវ​សមិទ្ធផល និង​ការអភិវឌ្ឍ​ប្រទេស ហើយ​ជួយ លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ប្រទេស​​របស់​យើង​»​។ 


​លោក ហ៊ុន ម៉ា​ណែ​ត​ ក៏បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ ឱ្យ​បន្ត​ជឿទុកចិត្ត​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ថា ដរាបណា​មាន​រដ្ឋា​ភិ​បាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​បទពិសោធន៍​និង​មាន​គោលនយោបាយ​បម្រើ​ប្រជាពលរដ្ឋ​ហើយ​មិន​រត់ចោល​ប្រជាពលរដ្ឋនៅក្នុង​គ្រប់​កាលៈទេសៈ​ណា​ក៏​ដោយ សុំឱ្យ​ប្រជាពលរដ្ឋ​ជឿទុកចិត្ត​និង​បន្ត​ចូលរួម​ជាមួយនឹង រដ្ឋាភិបាល​កសាង​ប្រទេស​។​

​លោក​បាន​មានប្រសាសន៍ថា​៖ «​មិនតិច​ទេ អ្នក​ដែល​ចង់​ដុត​ប្រទេស​។ ម៉្ងៃៗ​អំពាវនាវ​ឱ្យតែ​ប្រជាពលរដ្ឋ​ងើប​បះបោរ​, ម៉្ងៃៗ​អំពាវនាវ​ឱ្យតែ​កងកម្លាំងប្រដាប់អាវុធ​ងើបឡើង ហើយ​អ្នកខ្លះ​ជេរ​ថ្នាក់ដឹកនាំ​រហូតដល់​ប្រមាថ​ព្រះមហាក្សត្រ​ទៀត​»​។


​លោក​បន្តថា​៖ «​មិន​ខ្វះ​ទេ​អ្នក​ដែល​ខិតខំ​បំពុល​តែ​ជា​សិទ្ធិ​របស់គេ​ចុះ តែ​កុំ​នាំ​ប្រជាពលរដ្ឋ​ខុសច្បាប់ កុំ​ធ្វើ​អី​មួយ​ដែល​បំផ្លាញ​សុខសន្តិភាព ស្ថិរភាព និង​សិទ្ធិសេរីភាព​បញ្ចេញមតិ​ប៉ុន្តែ​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​របស់​យើង​ទេ ជាពិសេស​ក្មេងៗ​ឥឡូវ​មាន​ម្ចាស់​​ការ​ខ្លួនឯង​ដោយសារ​ពួកគាត់​ដឹង​ច្រើនជាង​ជំនាន់​កាល​ខ្ញុំ​នៅ​ក្មេង​»​។ 

​ប្រជាពលរដ្ឋ យុវជន​ក្មេងៗ​អាចមាន​សមត្ថភាព​ស​ម្រេច វិនិច្ឆ័យ​បាន​ថា​តើ​អ្វី​ល្អ ឬ​អាក្រក់ អ្វី​ដែលមាន​ផលប្រយោជន៍​សម្រាប់​ខ្លួនឯង​។

លោក ​ហ៊ុន​​ ​ម៉ា​ណែ​ត បញ្ជាក់ទៀតថា​៖ «​ខ្ញុំ​ឃើញ​នៅពេល​បោះឆ្នោត ដែលមាន​ជាង​៨​លាន​នាក់ បាន​ទៅ​បោះឆ្នោត​ទោះបីជា​មានការ​អំពាវនាវ​មិនឱ្យ​មានការ​ទៅ​បោះ​​ឆ្នោត​ក៏ដោយ​»​។​

​លោក ​ហ៊ុន ម៉ា​ណែ​ត លើកឡើងថា ការបោះឆ្នោត​ដូចជា​ការចុះ​​កុងត្រា រវាង​ប្រជាពលរដ្ឋ និង​បក្សនយោបាយ​ដែរ​ហើយ​ការ​​សម្រេច​របស់​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ជូន​បក្ស​ប្រជាជន​កម្ពុជា គឺ​ផ្តល់​ការវិនិច្ឆ័យ​មួយ​ដ៏​ច្បាស់​លាស់ គឺ​មិន​រត់ចោល​ប្រជាពលរដ្ឋ មិនមែនជា​ទន្សាយ​នោះទេ​ជាពិសេស​នៅពេលដែល​មានការ​លំបាក​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ជាមួយ​ប្រ​ជា​ពលរដ្ឋ​រហូត​។​

​លោក​សង្កត់ធ្ងន់ថា​៖ «​គណ​បក្ស​ប្រជាជន​កម្ពុជា មិនដែល​ហែក​កុងត្រា​ចោល មិនដែល​ក្បត់​កុងត្រា​ខ្លួនឯង​នោះទេ​»​។​

​លោក ស៊ឺន សម អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​រាជបណ្ឌិត្យសភាកម្ពុជាបាន​ថ្លែងថា ចំពោះ​ការលើកឡើង​របស់លោក ហ៊ុន ម៉ា​ណែ​ត គឺជា​រឿង​មួយ​សាមញ្ញ និង​ជាទូទៅ​ដូច​អ្នកកាន់អំណាច​ដទៃ​ទៀត​នៅលើ​ពិភពលោក​ដែរ ព្រោះ​គាត់​គឺជា​នាយករដ្ឋមន្ត្រី ដែលមាន​តួ​នាទី និង​ភារកិច្ច​ចាំបាច់​ក្នុងការ​ថែរក្សា​សុខសន្តិភាព​និង​ស្ថិរភាព​ដែលជា​ស្នាដៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ 

​លោក​បញ្ជាក់ថា​៖ «​ជាធម្មតា អ្នក​នៅក្នុង​អំ​ណា​ច តែងតែ​និយាយ​អ្វីដែល​ល្អៗ និង​ជា​ផ្លែផ្កា ព្រមទាំង​អ្វីដែល​ខ្លួន​ធ្វើ​បានជា​រឿង​សំខាន់  ពីព្រោះថា ជា​ទិដ្ឋភាព​ន​យោ​បាយ​នៅក្នុង​ពិភពលោក​ជាធម្មតា អ្នក​ដែល​កាន់អំណាច​តែងតែ​និយាយ​ពី​ចំណុច​ល្អ​និង​ជា​ស្នា​​ដៃ​ដែល​ខ្លួន​សម្រេចបាន​»​។​

​លោក ស៊ឺន សម បន្ថែមទៀតថា ការលើកឡើង​ពី​បញ្ហា​សន្តិ​ភាព និង​ស្ថិរភាព គឺមាន​ភាព​ចាំ​បាច់​និង​មានតម្លៃ​សម្រាប់​មនុស្ស​ទូទៅ ព្រមទាំង​បង្ហាញ​ពីសារ​នយោបាយ និង​ស្នាដៃ​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​នាពេល​កន្លងមក ព្រោះ​បើ​ក្រឡេក​មើលទៅ​ប្រទេស​មួយចំនួន ដែលមាន​សង្គ្រាម ដូចជា​ប្រទេស​ភូមា រុស្សី​-​អ៊ុយ​ក្រែ​ន និង​ថ្មីៗ​នេះ ប្រទេស​អ៊ី​ស្រា​អែល និង​ប៉ា​ឡេ​ស្ទី​ន ដែលមាន​វិបត្តិ​សង្គ្រាម​នាំឱ្យមានផលវិបាក​ដល់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​។​

​ស្រដៀង​គ្នា​នេះដែរ​លោក​ជ័យ​​តិច​អ្នកស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​បានលើកឡើង​ដែរ​ថា ការ​ថែ​ក​រក្សាសុខ​សន្តិភាព គឺជា​មូលដ្ឋានគ្រឹះ​និង​ជា​រឿង​ចាំបាច់ សម្រាប់​បន្ត​ទៅមុខទៀត​របស់​កម្ពុជា ព្រោះថា ការកសាង​ប្រទេស​នាពេល​កន្លងមកនេះ គឺ​ចំណាយពេល​ច្រើន​រហូតដល់​ជាង ៤០ ឆ្នាំ បន្ទាប់ពី​ការ​ដួល​រំលំ​នៃ​របប​ខ្មែរក្រហម ហើយ​នាំមក​នូវ​សន្តិភាព ស្ថិរ​ភាព និង​ការឯកភាព​ជាតិ​របស់​ប្រទេស​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​នេះ​គឺជា​សមិទ្ធផល​ដ៏​ថ្លៃថ្លា​របស់​កម្ពុជា បើ​យើង​គ្មាន​សន្តិ​ភាព​ទេ​ក៏​គ្មាន​ការអភិវឌ្ឍ​ដែរ​។ ឧទាហរណ៍​នៅតាម​ប្រទេស​ផ្សេងៗ និង​សង្គ្រាម​បច្ចុប្បន្ន និង​អតីត​កាល ធ្វើឱ្យ​ប្រទេសជាតិ រលំ​រលាយ ទាំង​រចនាសម្ព័ន្ធ និង​ជីវិត​មនុស្ស ព្រមទាំង​ទ្រព្យសម្បត្តិ​ផ្សេងៗ​ផងដែរ​»​។​

​ជាមួយគ្នានេះ លោក ជ័យ តិច ក៏​ទទួលស្គាល់​ដែរ​ថា ការរក្សាបាន​នូវ​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​ប្រទេស គឺជា​មូលដ្ឋានគ្រឹះ​នាំមក​នូវ​ការអភិវឌ្ឍ​ទាំង  ​សង្គម សេដ្ឋកិច្ច និង​ឈានទៅរក​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៣០ និង​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។​

​ឆ្លៀត​ក្នុងជំនួប​នោះដែរ​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែង​ចំអក​ទៅដល់​អ្នក​តែងតែ​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា​ចេញ​នូវ​សូចនា​ការ ឬ​យុទ្ធសាស្ត្រ​នានា​ទាំ ង​ការ​ដេក​ស្រមើស្រមៃ ដោយ​លោក​ឆ្លើយតប​ទៅវិញ​ថា វា​ទាមទារ​នូវ​ការ​ស្រមៃ ការដាក់​ទិសដៅ ដើម្បី​ការ​ខំប្រឹងប្រែង​សម្រេច​ឱ្យបាន​ដើម្បី​ប្រជា​ពល​​រដ្ឋ​។ 

​លោក​ថ្លែងថា ៖ «​ដូចនេះ អ្វីដែល​រដ្ឋាភិបាល​ត្រូវធ្វើ​គឺ​នឹងមិន​ឈប់ឈរ​ទេ ហើយ​ការធ្វើ​នេះ ក៏​មិនមែន​ត្រឹមតែ​ ៩០ ​ថ្ងៃ​ទេ តែ​រយៈពេល ​៥ ​ឆ្នាំនេះ គឺ​នឹងមិន​ឈប់ឈរ​ហើយ​កាន់តែ​បន្ថែម​សម្ទុះ ហើយ​ដរាបណា​ប្រជាពលរដ្ឋ​មាន​ជំនឿ​ជឿជាក់​នៅ​ឆ្នាំ ​២០២៨ ផ្តល់​ការទុកចិត្ត​ដើម្បី បន្ត​បម្រើ​តទៅទៀត យើង​នឹងធ្វើ​រហូត​»៕