ភ្នំពេញៈ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ដល់​កងកម្លាំង និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ត្រូវធ្វើ​យ៉ាងណា​ធានា​ឱ្យបាន​នូវ​សន្ដិសុខ សុវត្ថិភាព​​សម្រាប់​ប្រជាពលរដ្ឋ​អ្នកទេសចរ​​ជាតិ និង​អន្តរជាតិ​ឱ្យ​បានល្អ​ក្នុងឱកាស​នៃ​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ដែល​ នឹង​​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​​ ២៦-២៧ ​និង ​២៨ ខែវិច្ឆិកា​។​


​លោក​ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​បែបនេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ជិត​ ២ ​ម៉ឺន​នាក់ កាលពី​ថ្ងៃទី​ ២១ ខែវិច្ឆិកា ​នៅ​តំបន់​ព្រៃ​ស្ពឺ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​លោក​ថ្លែងថា​៖ «​នៅសល់ ៥ ​ថ្ងៃ​ទៀត យើង​ឈានដល់​ថ្ងៃបុណ្យ​អុំទូក​ហើយ​។ យើង​មាន​រៀបចំ​ពិធី​ប្រគំ​តន្ដ្រី និង​កម្មវិធី​ជា​ច្រើន​ទៀត​សម្រាប់​ទទួល​បងប្អូន​ប្រជាពលរដ្ឋ ទេសចរ​ជាតិ អន្តរ​ជាតិ មកលេង​កម្សាន្ត​។ ទោះជា​យ៉ាងណា​សន្តិសុខ និង​សុវត្ថិភាព​ត្រូវតែ​ធានា​»​។


លោកនាយក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​ការពង្រីក​ទីតាំង​សប្បាយរីករាយ ទៅដល់​កោះនរា ដែលជា​ទីតាំង​តំបន់​អភិវឌ្ឍន៍៍​ថ្មី សម្រាប់​ប្រជាពលរដ្ឋ​សប្បាយរីករាយ​ផងដែរ ដោយមាន​ការរៀបចំ​ទៅជា​កន្លែង​ប្រគំ​តន្ត្រី និង​កម្សាន្ត​ផ្សេងៗ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទីតាំង​នោះ​។​

​បើតាម​លោក​ ហ៊ុន ម៉ា​ណែ​ត សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​មាន​ទូក​ «​ង​» ចូលរួម​ប្រណាំង​ជាង​ ៣០០​ ទូក ដោយ​ក្នុងនោះ លោក​ក៏បាន​ប្រកាស​ជួយឧបត្ថម្ភ​ទូក​ចំនួន ២០ ​ទូក និង​លោក ​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ជួយឧបត្ថម្ភ​ចំនួន ២០ ​ទូក​ផងដែរ ខណៈ​លោក ហ៊ុន សែន បានជ្រើសរើស​ទូក​ចំនួន ៣​ គូ ជា​គូ​ពិសេស សម្រាប់ធ្វើ​ការប្រកួតប្រជែង​នៅ​ថ្ងៃ​ចុងក្រោយ​។​


​លោក សំ វិច្ឆិកា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​​ភ្នំពេញ​ថ្លែងថា លោក​មិនទាន់​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ឱ្យ​ស៊ីជម្រៅ​ចំពោះ​ការងារ​ទាក់ទង​នឹង​ការ​​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​នា​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​នៅឡើយ​ទេ​ដោយ​លោក​បញ្ជាក់ថា លោក​រង់ចាំ​ការបើក​កិច្ចប្រជុំ​ពិភាក្សា​លើ​ការ​ផែនការ​ការពារ​សុវត្ថិភាព និង​សន្តិសុខ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ សម្រាប់​បែងចែក​ភារកិច្ច​របស់​កងកម្លាំង​សិន​។

ទោះជា​យ៉ាង​ណា​លោក សំ វិច្ឆិកា បញ្ជាក់ថា សម្រាប់​កងកម្លាំង​ការពារ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​រួចរាល់​ហើយ សម្រាប់​ការពារ​សុវត្ថិភាព​រៀបចំ​សណ្តាប់ធ្នាប់ និង​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ដើម្បី​ធ្វើយ៉ាងណា ឱ្យ​ដំណើរការ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​ឆ្នាំនេះ ប្រព្រឹត្ត​ទៅដោយ​រលូន និង​មាន​សន្តិសុខ សុវត្ថិភាព និង​មាន​សណ្តាប់ធ្នាប់​រៀបរយ​ល្អ​។

​ជាមួយគ្នានេះ​លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​ថ្ងៃទី​ ២១ ខែវិច្ឆិកា​ បាន​ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​សេចក្តី​​ព្រាង​អនុក្រឹត្យ​ស្តីពី​ការប្រើប្រាស់​កងកម្លាំង​ដើម្បី​ការពារ​ព្រឹត្តិការ​ណ៍​ជាតិ អន្តរជាតិ និង​បុណ្យ​ប្រពៃណីជាតិ​នានា និង​ការប្រើ​ប្រាស់​ក្បួន​យានយន្ត​ហែ​អម ភ្លើង​សញ្ញា​ពិសេស សូរស័ព្ទ​ពិសេស និង​សិទ្ធិ​អាទិភាព​ក្នុង​ការធ្វើ​ច​រា​ចរណ៍​ផងដែរ​។

យោងតាម​ការ​​ផ្សព្វផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា កាលពី​ថ្ងៃទី​ ១៥ វិច្ឆិកា​បានឱ្យដឹងថា ព្រះករុណា ព្រះ​បាទ​សម្តេច​ព្រះបរមនាថ នរោត្តម​ សីហមុនី នឹង​យាង​ជា​ព្រះរាជា​ធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ព្រះរាជ​ពិធី​បើក​ការប្រណាំង​ទូក នៅ​ថ្ងៃទី​ ២៦ ខែវិច្ឆិកា និង​ស្តេចយាង​ក្នុង​ព្រះរាជ​ពិធី​កាត់​ព្រ័ត្រ​នៅ​រសៀល​ថ្ងៃទី​ ២៨ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។​

​យោងតាម​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្ដរជាតិ​បានឱ្យដឹងថា នៅ​ឆ្នាំនេះ​ទូក​ដែល​នឹងត្រូវ​ចូលរួម​ប្រណាំង​សរុប​មាន​ចំនួន ៣៣៨ ​ទូក ក្នុងនោះ​មាន​ទូក​អុំ​ចំនួន ១៥៨​ ទូក​, ទូក​ចែវ​បុរស​ចំនួន​ ៤២​ ទូក​, ទូក​ចែវ​នារី​ ១​ ទូក​, ​ទូក​ខ្នាត​អន្តរជាតិ​បុរស​ ១៣៥ ​ទូក និង​នារី ២​ ទូក ដែល​មកពី​ក្រសួង ស្ថាប័ន អង្គភាព និង​រដ្ឋបាល​រាជធានី​ខេត្ត​ទូទាំងប្រទេស​។

​ចំណែក​ប្រទីប​មាន​ចំនួន ៣០ ដែល​ក្នុងនោះ​មកពី​ក្រសួង និង​ស្ថាប័នរដ្ឋ​ចំនួន​ ២៨ និង​ប្រទីប​វិស័យ​ឯកជន​ចំនួន​ ២ ដែល​នឹង​បណ្តែត​តាម​ដង​ទន្លេសាប មុខ​ព្រះបរមរាជវាំង ក្នុង​ព្រះ​រាជពិធី​​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​៕​