ភ្នំពេញៈ ​រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​លោក កែវ រតនៈ បាន​អះអាងថា រដ្ឋ​បាន​ត្រៀម​ថវិកា​សម្រាប់​ការ​ខាត​ទៅលើ​ការប្រើ​ប្រាស់​អគ្គិសនី​នៅក្នុង​ឆ្នាំនេះ ប្រមាណ ១៣០​​ លាន​ដុល្លារ​អាមេរិក​ ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ដើម្បី​ជួយ​ដល់​វិស័យ​សំខាន់ៗ​មួយ​​ចំនួន​ផងដែរ​។​


​លោក កែវ រតនៈ បាន​ថ្លែង​បែបនេះ​នៅក្នុង​វេទិកា​ពិភាក្សា​ស្តីពី​គោលនយោបាយ​រ៉ែ និង​ថាមពល​នៅ​កម្ពុជា​នៅ​ថ្ងៃទី​ ២១ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដោយ​លោក​បាន​ថ្លែងថា កន្លងទៅ​រាជ​រដ្ឋា​ភិ​បាល​បានប្រកាស​ពី​ការ​ចុះថ្លៃ​ពិសេស​ដល់​វិស័យ​កសិកម្ម ការ​​ចិញ្ចឹមសត្វ ការកែច្នៃ​ផលិតផល​កសិកម្ម​ជាពិសេស​ការបូមទឹក​នៅ​ពេលយប់​ដែលមាន​តម្លៃ​ក្នុង​អត្រា​ ៤៨០​ រៀល ​ក្នុង​ ១ ​គីឡូវ៉ាត់ម៉ោង​។​

​លោក​បាន​បន្ថែមថា សម្រាប់​វិស័យ​ឧស្សាហកម្ម រដ្ឋ​បាន​ចាប់​​ផ្តើម​បញ្ចុះ​ថ្លៃ​អគ្គិសនី​ហើយ​ចាប់ពី​ខែតុលា​ដល់​ខែធ្នូ ឆ្នាំ ​២០២៣ ខណៈដែល​វិស័យ​ទេសចរណ៍​វិញ​នឹងត្រូវ​អនុវត្ត​ការបញ្ចុះ​ថ្លៃ​អគ្គិ​ស​នី​ ៣ ​ខែ​ដូចគ្នា​គឺ​ខែធ្នូ ឆ្នាំ​ ២០២៣ ដល់​ខែកុម្ភៈ ឆ្នាំ ​២០២៤​។​


​លោក កែវ រតនៈ បាន​បញ្ជាក់ថា​៖ «​ការបញ្ចុះ​ថ្លៃ​អគ្គិសនី​សម្រាប់​វិស័យ​ទេសចរណ៍​នេះ ​គឺ​អនុវត្ត​នៅ​ទូទាំងប្រទេស​សម្រាប់​ស​ណ្ឋា​​គារ ផ្ទះសំណាក់ រមណីយដ្ឋាន​ទេសចរណ៍​និង​ភោជនីយដ្ឋាន​ជាដើម​ដែល​បម្រើឱ្យ​វិស័យ​ទេស​​ចរណ៍​»​។​

​ទោះជា​យ៉ាងណាក៏ដោយ ការ​អនុវត្ត​នេះ​បានត្រឹមតែ​រយៈពេល​ ៣​ ខែ​ប៉ុណ្ណោះ ដោយ​លោក​កែវ​រតនៈ បាន​អះអាងថា មិនអាច​បញ្ចុះតម្លៃ​រហូត​បានទេ ព្រោះ​វា​អាច​នាំឱ្យ​អគ្គិសនី​ដួលរលំ​បាន​។​


​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមថា​៖ «​ឆ្នាំនេះ​អគ្គិសនី​កម្ពុជា​ត្រៀម​ខាត​ ១៣០​ លាន​ដុល្លារ ​(​ត្រៀម​ធ្វើការ​ឧបត្ថម្ភ​ធន​)​ ដើម្បី​ជួយ​ទប់​។ ឧទាហរណ៍​ថា បើ​យើង​ធ្វើ​លើសពីនេះ EDC​ រលាយ​តែម្តង​។ ដូច្នេះ​យើង​នៅតែ​បន្ត​ចុះថ្លៃ ប៉ុន្តែ​ចុះ​ដោយ​ទទួលខុស​ត្រូវ​ដើម្បី​ធានាថា ការចុះ​ថ្លៃ​នេះ​វា​មិនឱ្យ​យើង​រលាយ​»​។​

​ចំពោះ​ការបញ្ចុះ​តម្លៃ​អគ្គិសនី​ដល់​វិស័យ​ទេសចរណ៍​នេះដែរ លោក​ ហូ វណ្ឌី ទីប្រឹក្សា​សមាគម​​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជាបាន​ថ្លែងថា វា​បាន​ជួយ​លើកទឹកចិត្ត​បន្ថែម​ដល់​អ្នកផ្គត់ផ្គង់​សេវា​ទេសចរណ៍​ដែល​អាចឱ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​គិតគូរ​ដល់​ការបញ្ចុះ​តម្លៃ​សេវាកម្ម​របស់ខ្លួន​ដែលជា​ផ្នែក​មួយ​នៃ​ការទាក់ទាញ​ទេសចរ​មក​កម្សាន្ត​។​

​យ៉ាងណាក្ដី លោក ​ហូ វណ្ឌី បានបង្ហាញ​ការយល់ឃើញថា រាជរដ្ឋាភិបាល​បាន​ជួយ​គាំទ្រ​និង​លើកទឹកចិត្ត​ដល់​វិស័យ​ទេសចរណ៍​ដូចជា ការទម្លាក់​ថវិកា​សម្រាប់​ហិរញ្ញប្បទាន​,​ការ​អនុ​​គ្រោះ​ពន្ធ​មួយចំនួន រួម​នឹង​ការ​បញ្ចុះ​ថ្លៃ​អគ្គិសនី​នេះ​ជាដើម វា​នឹង​គ្មាន​ប្រសិទ្ធភាព​ក្នុងការ​ឆ្លើយតប​នឹង​បញ្ហា​ទេ ប្រសិនបើ​វិស័យ​ឯកជន​នៅតែ​ព្រងើយកន្តើយ ចំពោះ​ការពង្រឹង​ខ្លួនឯង​ឡើងវិញ​ក្រោយ​វិបត្តិ​នានា​នោះ​។​

​លោក​បាន​ថ្លែងថា​៖ «​ខាង​វិស័យ​ឯកជន​យើង សូមមេត្តា​គិតគូរ​រៀបចំ​ផែនការ និង​យុទ្ធ​​សាស្ត្រ​ក្នុងការ​ស្តារ និង​អភិវឌ្ឍ​អាជីវកម្ម​របស់ខ្លួន​ឡើងវិញ​កុំ​លង់លក់​នឹង​វិបត្តិ​ដែល​បានកើត​មាន​និង​ត្រូវ​រិះរក​មធ្យោបាយ​ធ្វើ​យ៉ាង​ណា​ឱ្យ​អាជីវកម្ម​របស់ខ្លួន​មាន​ភាពល្អប្រសើរ​ឡើងវិញ​»​។​

​ចំណែក លោកស្រី កែវ មុំ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ក៏បាន​ប្រាប់​ដែរ​ថា សហគ្រាស​​ធុន​តូច និង​មធ្យម ពិតជា​ត្រូវការ​ការជួយជ្រោមជ្រែង​បន្ថែម​ពី​រាជ​រដ្ឋាភិបាល​លើ​ការអន្តរាគមន៍​តម្លៃ​អគ្គិសនី​នេះ​។​

​លោកស្រី​បាន​ថ្លែងថា​៖ «​យើង​ជឿជាក់ថា រាជរដ្ឋាភិបាល​បាន​គិតគូរ​ច្បាស់លាស់​ហើយ ចំពោះ​ការបញ្ចុះ​តម្លៃ​អគ្គិសនី​នេះ​។ ជាធម្មតា SME តែងតែ​ចង់បាន​តម្លៃ​អគ្គិសនី​ថោក ប៉ុន្តែ​យើង​ក៏​គិតគូរ​ដែរ​ដល់​ស្ថិរភាព​នៃ​ចំណូល​របស់​រដ្ឋ ព្រោះថា ឯកជន និង​រដ្ឋ​ជា​ដៃគូ​ដែល​មិនអាច​ខ្វះ​បាន​»​។​

​បើតាម លោក កែវ រតនៈ នៅក្នុង​រយៈពេល​ជិត​ ៣ ​ខែ​ នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​ នេះ នៅក្នុង​វិស័យ​រ៉ែ និង​ថាមពល កំពុងតែបន្ត​បំពេញ​តាម​ការសន្យា​មុន​ការបោះឆ្នោត គឺ​ផ្គត់ផ្គង់​អគ្គិសនី​ឱ្យបាន​គ្រប់គ្រាន់​,​ប្តេជ្ញា​មិន​ដំឡើងថ្លៃ​អគ្គិសនី និង​បន្ត​បញ្ចុះ​ថ្លៃ​អគ្គិ​​ស​នី នៅ​កម្រិត​មួយ​ដែល​ពលរដ្ឋ វិស័យ​ឯកជន និង​រដ្ឋ​ព្រមព្រៀងគ្នា​ទទួលយកបាន​។​

​ទោះជា​យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​អគ្គិសនី​ដោយ​សន្សំសំចៃ ហើយ​នៅ​ពេលខាងមុខ ក្រសួង​នឹងធ្វើ​ការ​ជាមួយ​អ្នកពាក់ព័ន្ធ​ដោយ​មិន​អនុញ្ញាតឱ្យ​នាំចូល​សម្ភារ​អគ្គិ​ស​នី​ណា​ដែល​ត្រូវ​ប្រើ​ថាមពល​អគ្គិសនី​ច្រើន​ទេ ពោលគឺ​នឹង​អនុញ្ញាតឱ្យ​នាំចូល​តែ​សម្ភារ​អគ្គិសនី​ណា​ដែលមាន​មុខងារ​សន្សំសំចៃ​អគ្គិសនី​បាន​ច្រើន​បំផុត​តែប៉ុណ្ណោះ​។​

​សូមជម្រាបថា កាលពី​ឆ្នាំ​ ២០២២ រដ្ឋាភិបាល​អាណត្តិ​ទី​៦ ​បាន​ជួយ​ចេញ​ការខាតបង់​ជា​លើកដំបូង​របស់ ​EDC ​ក្នុង​ទំហំ​ទឹកប្រាក់​ ១០០ ​លាន​ដុល្លារ​ដែល​ការអន្តរាគមន៍​នេះ​ត្រូវបាន​រដ្ឋាភិបាល​បញ្ជាក់​ថា​គឺ​ផ្តើមចេញពី​វិបត្តិ​សកល និង​វិបត្តិ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន រួមទាំង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​មហាអំណាច​ពិភពលោក​លើ​ប្រទេស​រុស្ស៊ី​ផងដែរ​៕