ភ្នំពេញៈ​ក្រសួង​មហា​ផ្ទៃ​បាន​បើក​កិច្ច​ប្រជុំ​ពិនិត្យ ​និង​ពិភាក្សា​លើ​សេចក្ដី​ព្រាង​អនុ​ក្រឹត្យ​ស្តីពី​ការ​គ្រប់​គ្រង​សន្តិ​សុខ និង​អ្នក​ស្នាក់​នៅ​ទីតាំង​ប្រមូល​ផ្តុំ​ ដែល​សេចក្ដី​ព្រាង​អនុ​ក្រឹត្យ​នេះ​ បង្កើត​ឡើង​​ដើម្បី​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់សា​ធារណៈ ​និង​សុវត្ថិ​ភាព​របស់​ប្រជា​ពលរដ្ឋ​នៅ​កម្ពុជា​។​


​កិច្ច​ប្រជុំ​ពិភាក្សា​នេះ​រៀបចំ​ឡើង​ក្រោម​វត្ត​មាន​លោក ​ប៊ុន​ ហុន រដ្ឋលេ​ខាធិ​ការ​ក្រសួង​មហា​ផ្ទៃ និង​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​ជា​ច្រើន​រូប​ កាល​ពី​ថ្ងៃទី​២០ ខែវិច្ឆិកា ​ឆ្នាំ​២០២៣​។​

​យោង​តាម​ហ្វេស​ប៊ុ​ក​របស់​ក្រសួង​មហាផ្ទៃ​ បាន​លើក​ឡើង​ថា សេចក្ដី​ព្រាង​អនុ​ក្រឹត្យ​ស្តីពី​ការគ្រប់​គ្រង​សន្តិ​សុខ និង​អ្នក​ស្នាក់​នៅ​ទីតាំង​ប្រមូល​ផ្តុំ​នេះ​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​រក្សា​សន្តិ​សុខ ​សណ្តាប់​​ធ្នាប់សាធារ​ណៈ និ​ង​សុវត្ថិ​ភាព​របស់​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​


​ប្រភ​ពដ​ដែលបា​នឱ្យដឹង​ថា ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ​លោក ប៊ុន ហុន បាន​ស្នើឱ្យ​​មន្ត្រី​ពាក់ព័​ន្ធផ្ដល់​យោបល់​ និង​ធាតុ​ចូល​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ដើម្បីឱ្យ​​សេចក្តី​ព្រាង​អនុ​ក្រឹត្យ​នេះ​កាន់​តែ​ល្អប្រសើរ​ស្រប​តាម​ការវិវឌ្ឍ​នៃ​ស្ថានភា​ព​សង្គម​នា​ពេល​បច្ចុប្បន្ន​ ដោយ​ធ្វើ​យ៉ាង​ណា​អាច​បម្រើ​ដល់​ការ​អនុវត្ត​របស់​មន្ត្រី​ មាន​សមត្ថ​កិច្ច​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​បន្ថែម​ទៀត​។​

​យ៉ាង​ណាក្ដី ​ទាក់​ទង​នឹង​ខ្លឹម​សារ​លម្អិត​នៃ​សេចក្ដី​ព្រាង​អនុក្រឹ​ត្យ​នេះ កា​លពី​ថ្ងៃទី​២១ ខែវិច្ឆិកា ​លោកប៊ុ​ន ហុន បា​នបដិ​សេធ​ផ្តល់​ការ​អត្ថាធិ​ប្បាយ​​ ដោយ​លោក​បាន​បង្វែរ​ឱ្យ​សួរ​អ្នក​នាំពា​ក្យ​ក្រសួងម​ហាផ្ទៃ​វិញ ខ​ណៈដែល​លោក ​ខៀវ សុ​ភ័គ អ្ន​កនាំ​ពាក្យ​ក្រសួង​នេះ ​មិន​អាច​ទាក់​ទង​បាន​ ​។​


​ជុំវិញ​ ការ​បង្កើត​សេចក្ដី​ព្រាង​អនុ​ក្រឹត្យ​នេះ លោក ស៊ឹង​ សែន​ករុណា អ្នក​នាំពា​ក្យ​សមា​គម​ការពា​រ​សិទ្ធិ​មនុស្ស​អាដ​ហុកបា​ន​ថ្លែ​ងថា ទោះបី​លោក​មិន​ទាន់​បាន​ដឹង​ពី​ខ្លឹម​សារ​នៃ​សេចក្ដី​ព្រាង​អនុក្រឹ​ត្យ​នេះ​ក៏ដោយ ប៉ុ​ន្តែ​កម្ពុ​ជា​មាន​អ​នុក្រឹត្យ​ក៏​ដូចជា​ច្បាប់​ដែល​ចូល​ជាធរ​មាន​កន្លង​មក​ច្រើន​ហើយ​ពា​ក់ព័ន្ធ​សុវត្ថិ​ភាព​ និង​សណ្ដាប់​ធ្នាប់​សា​ធា​រណៈ​​។ 

​លោក​បាន​ប​ន្តថា អាជ្ញា​ធរ​គួរតែ​ពង្រឹង​និង​ជំរុញ​តួនាទី​នៃ​អ្នក​អនុ​វត្ត​ច្បាប់​ទាំង​ឡាយ​ ដែល​មាន​នៅក្នុ​ង​ស្ថា​ប័ន​ពាក់​ព័ន្ធ​ទាំង​អស់​​ឱ្យ​អនុវត្ត​ច្បាប់ ​និង​អនុ​ក្រឹត្យ​ដែល​កំពុ​ងមាន​ឱ្យបាន​ត្រឹម​ត្រូវ គឺ​ជា​រឿង​ដែល​ទទួល​ខុស​ត្រូវ​បាន​ហើយ​ពាក់​ព័ន្ធ​នឹង​សន្តិ​សុខ សណ្ដាប់​ធ្នាប់​សា​ធា​រណៈ​នេះ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ខ្ញុំ​គិតថា កា​រប​ង្កើត​ហើយ​បង្កើត​ទៀត​នៃ​អនុ​ក្រឹត្យ​ទាំង​អស់​នេះ ខ​ណៈដែល​មិនមា​ន​យន្តការ​ណាមួ​យ​ពិនិត្យ​ឱ្យមាន​ការ​អនុ​វត្តស​ម្រ​ច​បាន​ប្រសិទ្ធ​ភាពល្អ​ទេ វា​អាច​ធ្វើ​ច្របូក​ច្របល់​ដល់​អ្នក​អនុវត្ត​ទៅ​វិញ​នោះ​ទេ​។អ៊ីចឹង​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ដែល​ជា​អ្នក​អនុវ​ត្តគួរតែ​មាន​ការ​ពង្រឹង​អ្វី​ដែល​មាន​ស្រាប់​ហ្នឹង​ឱ្យ​ល្អប្រសើរ  នោះ​អាច​មាន​ភាព​ច្បាស់​លាស់ និង​ប្រសិទ្ធ​ភាព​នៃ​ការអ​នុវត្ត​ច្រើន​ជាង​»៕